ច័ន្ទ 04 មិថុនា 2012
ដោយ ប៊ូរី
ទស្សនាវដ្តីសារព័ត៌មានសេរី
ប៉ោយប៉ែត៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ម្សិលមិញ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសបេក្ខភាពក្រុមប្រឹក្សា ឃុំ សង្កាត់ សម្រាប់អាណត្តិទីបី តែគេសង្កេតឃើញថា មានប្រជាពលរដ្ឋតិចតួចបំផុតបានចូលរួមបោះឆ្នោតនេះ។ ដោយឡែកនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមមណ្ឌលនីមួយៗមានសភាពស្ងាត់ជ្រងំ ខុសប្លែកពីការបោះឆ្នោតកាលពីអាណត្តិមុនៗ។
តាមការរៀបរាប់ពីបេក្ខភាពក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតលោក លន់ ណូក បានឲ្យដឹងថា មូលហេតុដែលមិនសូវមានប្រជាពលរដ្ឋចូលរួមក្នុងការបោះឆ្នោតនេះ គឺបណ្តាលមកពីប្រជាពលរដ្ឋ ធ្វើការចំណាកស្រុកទៅប្រទេសថៃស្ទើតែអស់ព្រោះតែបញ្ហាក្រពះ។ ចំណែកអ្នកដែល នៅសេសសល់ក្នុងស្រុកមួយចំនួនក៏បានទៅបោះឆ្នោត និងមួយចំនួនទៀតមានឈ្មោះបោះឆ្នោត ដែរតែទៅបោះមិនបាន ដោយសារខាងអាជ្ញាធរបង្កការលំបាក និងភាពស្មុគស្មាញ ដល់ពួកគាត់ ដូចជាមានការគំរាមគំហែងតាមរយៈផ្លូវចិត្តសាស្រ្តពីសំណាក់មេក្រុម មេភូមិ រួមផ្សំនឹងការតម្រូវឲ្យ ប្រជាពលរដ្ឋធ្វើប័ណ្ណព័ត៌មាន កន្ទុយសន្លឹក និងបញ្ជីឈ្មោះផ្សេងៗ ជាច្រើនទៀតនោះ។
ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ រស់នៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត បានឲ្យដឹងថា គាត់ចំណាយលុយអស់ជាង១ម៉ឺនរៀលដើម្បីជិះម៉ូតូឌុប ដើររកឈ្មោះបោះឆ្នោត ប៉ុន្តែរកមិនឃើញ។ ពលរដ្ឋរូបនោះបានដាក់ការសង្ស័យថា ប្រហែលជាគាត់មាននិន្នាការលំអៀង មិនគំទ្រគណបក្សកាន់អំណាចហើយមើលទៅ ទើបគាត់គ្មានឈ្មោះបោះឆ្នោតដូច្នេះ ។
ជាមួយគ្នានេះគាត់ក៏បានសំណូមពរដល់គណៈកម្មាការជាតិរៀបចំការបោះឆ្នោត នៅអាណត្តិក្រោយៗ សូមប្តូរប្រព័ន្ឋបោះឆ្នោតដែលមានភាពស្មុគស្មាញនេះចោលទៅ ដើម្បី សម្រួលប្រជាពលរដ្ឋឲ្យមានឱកាសបានចូលរួមបោះឆ្នោតគ្រប់គ្នាៗ។
តាមរបាយការណ៍ របស់ គ.ជ.ប នៅល្ងាចថ្ងៃទី០៣ មិថុនា ម្សិលមិញ លទ្ឋផលជាបណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជាទទួលបាននាំមុខក្នុងការបោះឆ្នោតឃុំសង្កាត់នេះ ហើយគណបក្សប្រឆាំងសមរង្ស៊ីស្ថិតក្នុងលំបាប់លេខពីរ៕
