ច័ន្ទ 04 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
ដូចការរំពឹងទុករបស់គណបក្សប្រជាជនកម្ពុជាមុនការបោះឆ្នោតមែន លទ្ធផលបណ្តោះអាសន្នដែលត្រូវបានផ្សព្វផ្សាយកាលពីមិញបានបង្ហាញថា គណបក្សកាន់អំណាចមួយនេះបានឈ្នះអាសនៈលើសលប់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣។

នាយករដ្ឋមន្រ្តី ហ៊ុន សែន បោះឆ្នោតកាលពីថ្ងៃម្សិលមិញ។ លទ្ធផល បណ្តោះអាសន្នបង្ហាញថា គណបក្សប្រជាជនកាន់អំណាចបាននាំមុខ ក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៣ (រូប៖REUTERS)
តាមបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកនានាបានឲ្យដឹងថា លទ្ធផលបោះឆ្នោតឃុំសង្កាត់កាលពីម្សិលមិញគណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងតំណែងមេឃុំ-ចៅសង្កាត់រហូតដល់ចំនួន ១៥៩១ឃុំសង្កាត់ ក្នុងចំណោម១៦៣៣ទូទាំងប្រទេស។ ចំណែកគណបក្សប្រឆាំងសមរង្ស៊ីវិញទទួលបានត្រឹមតែ២២ឃុំសង្កាត់ប៉ុណ្ណោះ ដោយត្រូវបាត់បង់ចំនួន៦ បើធៀបនឹងឆ្នាំ២០០៧ ដែលគណបក្សមួយនេះទទួលបានតំណែងឃុំសង្កាត់ទូទាំងប្រទេសចំនួន២៨។ ដោយឡែកគណបក្សសិទ្ធិមនុស្សវិញត្រូវសង្ឃឹមថា នឹងទទួលបានតំណែងជាមេឃុំចៅសង្កាត់ចំនួន២០។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីបាននិយាយប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា គណបក្សប្រឆាំងមួយនេះនឹងចេញសេចក្តីប្រកាសព័ត៌មានច្រានចោលលទ្ធផលនៃការបោះឆ្នោតនេះ ព្រោះគណបក្សសមរង្ស៊ីមិនអាចទទួលស្គាល់ភាពមិនប្រក្រតី និងចលាចល ដែលបានជួបប្រទះក្នុងថ្ងៃបោះឆ្នោតនៅតាមបណ្តាការិយាល័យបោះឆ្នោតក្នុងប្រទេសកម្ពុជាបានទេ៕
