សូដា នីតា ចូលជម្រះមន្ទិលរឿងមានផ្ទៃពោះ និង ជំពាក់ប្រាក់ ១០ ម៉ឺនដុល្លារ

Written by ភ្នំពេញដេលីញូវ
Sunday, 03 June 2012

សូដា នីតា បានចូលធ្វើជា ពិធីការិនី នៅស្ថានីយ ទូរទស្សន៍ CTN កាលពីដើម ខែឧសភា ដែលទស្សនិកជន បានឃើញ រូបនាង ជាលើកដំបូង នៅក្នុងកម្មវិធី “សំណើចតាមភូមិ” ។

ការវិលរក តំណែងចាស់ បង្ហាញខ្លួននៅ ទ្រនំថ្មីរបស់ សូដា នីតា នាពេលនេះ គឺជាការជម្រះ នូវមន្ទិលសង្ស័យ ទាំងឡាយ ដែលបានកើត មានឡើង កាលពីពេល កន្លងមក ដូចជា ព័ត៌មាន ថានាង ជំពាក់ប្រាក់គេ ១០ ម៉ឺនដុល្លារ និង ថានាងមាន ផ្ទៃពោះ ជាដើម ។

បន្ទាប់ពីអាក់ខាន ធ្វើជាពិធីការិនី អស់រយៈពេល ជាងបីឆ្នាំមក ហើយនោះ សូដា នីតា ត្រូវបានគេ មើលឃើញថា ប្រជាប្រិយភាព នៅក្នុងប្រទេស របស់នាង ក៏បានធ្លាក់ចុះ ផងដែរ ហើយកាន់តែ លែងសូវ ចេញមុខ និង ឃ្លាតឆ្ងាយ ពីសិល្បៈផងនោះ គឺនៅពេល ដែលនាង ភ្ជាប់ញក្យ ជាមួយគូដណ្តឹង ដែលជាបុរសខ្មែរ រស់នៅប្រទេស បារាំង ។

បច្ចុប្បន្ននាងបាន ស្រវាស្រទេញ មករកអាជីព សិល្បៈ ក្នុងនាមជា ពិធីការិនីវិញ ដើម្បីធ្វើឱ្យមាន ការទាក់ទាញ កេរ្តិ៍ឈ្មោះ ដូចកាលពីមុន នៅទ្រនំថ្មី គឺស្ថានីយ ទូរទស្សន៍ CTN ។

នៅក្នុងកម្មវិធី “សំណើច តាមភូមិ” របស់ស្ថានីយ ទូរទស្សន៍ CTN កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១២ កន្លងមកនេះ ទស្សនិកជន បានឃើញ ស្រីស្អាត សូដា នីតា បង្ហាញមុខ ជា លើកដំបូង ចាប់តាំងពីនាង ឈប់ធ្វើជា ពិធីការិនី រួចមក ជាមួយ ស្នាមញញ្ញឹម នៃកម្មវិធី សំណើចនេះ ព្រមទាំងរូប សម្រស់ របស់នាង នៅតែ ស្រស់ស្អាត ។

សូដា នីតា បានប្រាប់ឱ្យ ដឹងថា “ក្នុងកម្មវិធី “សំណើច តាមភូមិ” នេះ ខ្ញុំមិនដឹងថា អ្នករៀបចំ កម្មវិធីតម្រូវឱ្យ កាន់រហូត ឬ គ្រាន់តែ ជំនួសគេពីរ ឬ បី Show យ៉ាងណា នៅឡើយទេ តែខ្ញុំចូលចិត្ត ព្រោះវាជា កម្មវិធី សប្បាយៗ ” ។

នាងបានបន្ត ទៀតថា “ក្រៅពីកម្មវិធី “សំណើច តាមភូមិ” នេះ ខ្ញុំនឹង មានកម្មវិធី សិល្បៈថ្មី មួយផ្សេងទៀត គ្រោងនឹង ដំណើរការ ក្នុងពេល ខាងមុខនេះ ដែលអ្នក រៀបចំកម្មវិធី កំពុងតែរៀបចំ និង ធ្វើឆាកថ្មី ។ ជាងនេះទៀត ខ្ញុំក៏គ្រោងនឹង សម្តែងរឿងភាគ បែបមនោ សញ្ចេតនា កំប្លែងឱ្យ ទូរទស្សន៍ CTN នាពេល ខាងមុខនេះ ផងដែរ” ។

អ្នកនាង សូដា នីតា បានបញ្ជាក់ ប្រាប់ឱ្យដឹងថា “ការវិលចូល សិល្បៈ វិញ នាពេលនេះ គឺដោយសារខ្ញុំ ចង់ធ្វើការងារវិញ ហើយក៏ជាការ ចង់បញ្ជាក់ ផងដែរ អំពីព័ត៌មាន នានា ដែលប៉ុន្មាន ខែមុននេះថា ខ្ញុំជំពាក់ប្រាក់គេ ជាងដប់ម៉ឺន ដុល្លារ និង ក្រោយមកទៀតថា ខ្ញុំមាន ផ្ទៃពោះជាដើម ។ ការបង្ហាញមុខ នាពេលនេះ គឺបញ្ជាក់ថា ខ្ញុំអត់មានកើត រឿងទាំង នោះទេ !!!” ។

សូមរំឭកថា ការអះអាង របស់ សូដា នីតា បែបនេះ ដោយសារតែ កន្លងមកក្នុងអំឡុង ពេលនាង ទៅប្រទេស បារាំង ជាមួយគូដណ្តឹង របស់នាងនោះ ស្រាប់តែមាន ព័ត៌មានថា នាងបាន ជំពាក់ប្រាក់គេ ជាង ដប់ម៉ឺនដុល្លារ ឯណោះ រហូតមាន ព័ត៌មានទៀតថា នាងលែង ហ៊ានមកស្រុកខ្មែរ ទៀតផង ។ ក្រោយមកទៀត ក៏មានព័ត៌មាន ចចាមអារ៉ាម ទៀតថា នាងមានផ្ទៃពោះ ហើយបែកបាក់ពី គូដណ្តឹងថែម ទៀត ។

ទោះជារឿងរ៉ាវ នៃព័ត៌មាន ចចាមអារ៉ាម យ៉ាងណា ក៏ដោយ តែពេលនេះ សូដា នីតា បានសម្តែង នូវក្តីរីករាយ ក្នុងឱកាសដែល នាងធ្វើជា ពិធីការិនីនៅ ស្ថានីយ ទូរទស្សន៍ CTN ដែលជាទ្រនំថ្មី របស់នាង ។ នាងបាន និយាយថា “នេះជាការ ផ្តល់ កិត្តិយស សាជាថ្មីក្នុងការ បម្រើអារម្មណ៍ ទស្សនិកជន បន្ទាប់ពីអាក់ខាន ជាច្រើនឆ្នាំ ព្រមទាំង សន្យាថានឹង ប្រឹងប្រែងធ្វើ ការងារនេះ ឱ្យល្អ និង មានការចាប់ អារម្មណ៍ទាំងការ និយាយស្តី ទាំងការ តុបតែងខ្លួន តាមបែប សម័យទំនើប ប្លែកៗ” ។

តាមរយៈការងារ ក្នុងទ្រនំថ្មីជាមួយ ឆន្ទៈដ៏មោះមុតនេះ គេរំពឹងថា សូដា នីតា អាចនឹងទទួល បាន ប្រជាប្រិយភាព ក្នុងនាមជាពិធី ការិនីឡើង វិញ ដោយមិនចាំបាច់ ប្រើរយៈពេល យូរប៉ុន្មាន នោះទេ ព្រោះនេះវាជា បទពិសោធ និង ជាការងារដែល នាង ធ្លាប់បានធ្វើរួច មកហើយ ហើយ នាងនៅតែ អាចច្រៀង និង សម្តែងក្នុង ឬ ក្រៅប្រទេស បានជាធម្មតា ។

សូដា នីតា បានចាប់អាជីពសិល្បៈចម្រុះតាំងពីអំឡុងឆ្នាំ ២០០១ មកម៉្លេះ ហើយនាងក៏ត្រូវបានគេចាត់ទុក ជាស្រីស្អាតមួយ រូបដែរ ។ នាងបានផ្អាកពីសិល្បៈរយៈពេលជាង ៣ ឆ្នាំ ហើយកាន់តែបាត់មុខមែនទែនគឺរយៈពេលប្រមាណ ជា ២ ឆ្នាំចុងក្រោយ នេះ ។ ប៉ុន្តែអំឡុង នៃការ អវត្តមាននៅក្នុងប្រទេសនេះមិនមានន័យថា នាងផ្តាច់មនោសញ្ចេតនាពីសិល្បៈទាំងស្រុង នោះទេ គឺនាងបានលេចមុខសម្តែងនៅ ក្រៅប្រទេសជាញឹកញាប់ ព្រោះអ្នកចម្រៀងមួយរូបនេះត្រូវបងប្អូនខ្មែរនៅ ក្រៅប្រទេស ក៏ចូល ចិត្តច្រើនដែរ ។

ដំបូងឡើយក្រៅពីចេះច្រៀង និង សម្តែង ហើយនោះ សូដា នីតា ថែមទាំងបានក្លាយជា ពិធីការិនីដែល មានមុខមាត់ផងដែរនៅស្ថានីយ ទូរទស្សន៍បាយ័ន ហើយក្រោយមកទៀតធ្វើនៅ ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ មួយរយៈពេលខ្លី ក្រោយ មកនាង បានភ្ជាប់ពាក្យ ជា មួយលោក ជា វិសាល (បុល)ជាខ្មែររស់នៅប្រទេសបារាំង ។

ការងាកចូលសិល្បៈនេះក៏មានពាក្យចចាមអារ៉ាមដែរថា ដោយសារស្នេហារបស់នាងបែកផ្លូវគ្នា ប៉ុន្តែ សូដា នីតា បញ្ជាក់ថា ស្នេហារបស់នាងនៅតែផ្អែមល្ហែមដូចដើមគ្មានអ្វីប្រែប្រួលនោះទេ ហើយគូដណ្តឹង របស់នាងក៏មិនហាមឃាត់ អំពីការវិល ចូល សិល្បៈនេះដែរ ៕

What Next?

Recent Articles

One Response to "សូដា នីតា ចូលជម្រះមន្ទិលរឿងមានផ្ទៃពោះ និង ជំពាក់ប្រាក់ ១០ ម៉ឺនដុល្លារ"

  1. ព្រាននារី says:

    កំុភ៍យចាំបងចេញសងជួស។