ព្រះគោដែលទឹមច្រត់ព្រះនង្គ័ល គេដាក់ឲ្យបរិភោគដើម្បីផ្សងនូវអាហារ ៧មុខ មានដូចជាសណ្ដែក ស្រូវ ពោត ល្ង ស្មៅស្រស់ ទឹក និងស្រា។ ឆ្នាំនេះព្រះគោមិនសោយស្រូវឡើយ ដែលទំនាយថា ទិន្នផលស្រូវឆ្នាំនេះនឹងមិនសូវកាក់កប ជាហេតុបណ្ដាលឲ្យពលរដ្ឋមួយចំនួនមិនត្រេកអរឡើយ។
គោឧសភរាជ មួយនឹម បានបរិភោគពោត សណ្តែក និងស្មៅ ក្នុងចំណោមអាហារ ៧ មុខ ដែលត្រូវបានតម្កល់លើជើងពាននៅកណ្តាលទីលានព្រះសែ វាលព្រះមេរុ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២។
នៅព្រឹកព្រលឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២ ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានប្រារព្ធឡើងយ៉ាងឱឡារិក នៅទីលានព្រះស្រែ វាលព្រះមេរុ ខាងជើងជាប់ព្រះបរមរាជវាំង។
នៅថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារពង្រឹងមូលដ្ឋានគណបក្សប្រជាជន ស្រុកពញាឮ ខេត្ដកណ្ដាល បានជួបធ្វើការ សំណេះ សំណាលជាមួយនឹងសមាជិកា សមាគមនារី គណបកប្រជាជនកម្ពុជា ស្រុកពញាឮ ចំនួនប្រមាណជា ១.២៥០ នាក់។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១២ បានចេញសេចក្ដីថ្លែងការណ៍ថា ក្រុមការងារសហគមន៍ នឹងចុះទៅល្បាតតំបន់ព្រៃក្នុងខេត្តកោះកុង ដើម្បីស្វែងរកភស្ដុតាងការកាប់ព្រៃខុសច្បាប់ បន្ទាប់ពីមរណភាពរបស់លោក ឈុត វុទ្ធី។
ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលនឹងមិនឲ្យពលរដ្ឋណាមួយត្រូវស្លាប់ដោយអត់បាននោះទេក្នុងអាណត្តិរបស់លោក។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១២ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២
គិតមកដល់ថ្ងៃ៩ ខែឧសភា ឆ្នាំ២០១២ គ.ជ.ប. បានប្រកាសថា ការចែកប័ណ្ណព័ត៌មានបោះឆ្នោត ជូនអ្នកបោះឆ្នោតឆ្នាំ២០១២ បានចំនួន ៦.៩៤៤.៩៩៣ នាក់ ក្នុងចំណោមអ្នកបោះឆ្នោតសរុបចំនួន ៩.២០៣.៤៩៣ នាក់។
ក្រុមអ្នកតំណាងប្រជាពលរដ្ឋសហគមន៏បឹងកក់ជាង៥០នាក់ នា ព្រឹក ថ្ងៃទី ៩ឧសភា នេះ បានស្កាត់ជួបលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី ដល់បុរីកីឡា ដើម្បីផ្ដល់ញាតិ ដែលរៀបរាប់ពីក្ដីកង្វល់ចំពោះបញ្ហាដីធ្លីរបស់ពួកគេ ខណៈដែលអ្នករាយការណ៏ពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ទៅទីនោះ ដើម្បីពិនិត្យមើលដោយផ្ទាល់ចំពោះស្ថានភាពរស់នៅ ដ៏លំបាករបស់អ្នកភូមិបុរីកីឡា ។
ការប្រគល់ញត្តិរបស់អ្នកភូមិបឹងកក់ នៅពេលដែលលោក សូរិយា ស៊ូប៊ែឌី មកសួរសុខទុកប្រជាពលរដ្ឋនៅបុរីកីឡា នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២។
អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី នឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង ៣ រសៀល នៅបន្ទប់ប្រជុំ នៃការិយាល័យ OHCHR អគារលេខ១០ ផ្លូវ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។
ពលករកម្ពុជាចំនួន ១.០៥០នាក់ ដែលកំពុងធ្វើការនៅរោងចក្រប៉ាតាណាស៊ីហ្វូត (PATANASEAFOOD) ដែលបញ្ជូនដោយភ្នាក់ងារស្របច្បាប់ គឺក្រុមហ៊ុន (CDM) ទទួលបានការការពារសិទ្ធិស្របច្បាប់ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា ហៅកាត់ថា “សមាគម ACRA”។
ភាពក្រីក្រ និងកង្វះខាតក្នុងជីវភាពប្រចាំថ្ងៃ គឺជាកត្តាចម្បងដែលបណ្ដាលឲ្យប្រជាពលរដ្ឋនៅតំបន់ជនបទជាច្រើនបានបង្ខំចិត្តធ្វើចំណាកស្រុកទៅរកការងារធ្វើ ដើម្បីជួយដោះស្រាយជីវភាពគ្រួសារ។
លោក ខាំ ភឿន ចៅហ្វាយខេត្តក្រចេះត្រូវគេរាយការណ៍ថា បានស្លាប់កាលពីយប់មិញដោយគ្រោះថ្នាក់ចរាចរណ៍ ពេលលោកវិលត្រឡប់ពីចូលរួមខួបកាកបាទក្រហម និងកិច្ចប្រជុំនៅក្រសួងមហាផ្ទៃឯទីក្រុងភ្នំពេញ។
អភិបាលខេត្តក្រចេះ លោក ខាំ ភឿន បានស្លាប់កាលពីម៉ោងជាង ៩ យប់ថ្ងៃអង្គារ ទី ៨ ខែឧសភា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្នុងគ្រាដែលលោកធ្វើដំណើរទាំងយប់ត្រឡប់មកពីប្រជុំនៅរាជធានីភ្នំពេញ។
លោក អ៊ិន ស៊ីថា បងប្រុសបង្កើតរបស់លោក អ៊ិន រតនា មន្ត្រីកងរាជអាវុធហត្ថដែលត្រូវបានបាញ់សម្លាប់ជាមួយនឹងលោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើកាលពីថ្ងៃទី២៦ កន្លងទៅនេះ បានអះអាងថា លោកមិនជឿទៅលើការស៊ើបអង្គេតរបស់រដ្ឋាភិបាលទេ ដោយលោកទាមទារឲ្យរកយុត្តិធម៌ឲ្យប្អូនប្រុសរបស់លោកដែលត្រូវបានស្លាប់បាត់បង់ជីវិត។
ជាមួយការប្រកាសជាសាធារណៈកាលពីម្សិលមិញ ចំពោះរបស់ដែលហៅថា យុទ្ធនាការប្រឆាំងអំពើពុករលួយផ្ដើមពីថ្នាក់មូលដ្ឋាន ឃុំ- សង្កាត់ គណៈកម្មាធិការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលក៏បានដាក់ការជម្រុញផងដែរ ឲ្យក្រសួងព័ត៌មានចាត់ចែង ធ្វើការផ្សព្វផ្សាយ ពីគោលការប្រឆាំងអំពើពុករលួយរបស់ខ្លួន ឲ្យបានទូលំទូលាយ ។
អង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើលិខិតមួយច្បាប់ ជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សុំកិច្ចសហការផ្សព្វផ្សាយ “សារអប់រំប្រឆាំងអំពើពុករលួយ” នៅតាមបណ្ដាញឃោសនាព័ត៌មានរដ្ឋ និងឯកជននានា ក្នុងទូទាំងប្រទេស ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពការងារ ក្នុងការអនុវត្តតាមផែនការសកម្មភាពប្រឆាំងនឹងអំពើពុករលួយ។
តាមសេចក្ដីរាយការណ៏ពីខេត្ត បន្ទាយមានជ័យឲ្យដឹងថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរ ១២នាក់ ទៀតហើយត្រូវបានទាហានថៃចាប់ខ្លួន កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ក្រោមបទថា បានឆ្លងដែនចូលកាប់ឈើក្នុងទឹកដីថៃខុសច្បាប់ ។
ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យកាលពីថ្ងៃទី០៨ ឧសភា ម្សិលមិញ បានធ្វើការច្រានចោលទាំងស្រុងចំពោះពាក្យសំដីរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃ ថានី ថោងភក្តី ដែលត្រូវចុះផ្សាយក្នុងកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី០៧ ឧសភា ឆ្នាំ២០១២ ដែលថា «ដើម្បីរក្សាចំណងទាក់ទងទ្វេភាគីឲ្យបានល្អ រដ្ឋាភិបាលកម្ពុជាគួរតែទទួលស្គាល់ថា ប្រជាជនខ្លួនទៅកាប់ឈើគ្រញូងនៅតំបន់ព្រំដែន»។
មតិអ្នកអាន