newspaper
យុវជននិងពលករនៅប្រទេសកូរ៉េខាងត្បូងមួយចំនួននៅតែបន្តរក្សាគម្រោងធ្វើបាតុកម្មដដែល គឺនៅថ្ងៃអាទិត្យទី១៩ ឧសភា បើទោះបីពុំមាន វត្តមាន លោក ហ៊ុន ម៉ាណែត នៅទីនោះក្ដី។ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ព្រមានថា ពលករដែលគាំទ្ររដ្ឋាភិបាលក៏នឹងធ្វើបាតុកម្មប្រឆាំងនឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃអាទិត្យនេះដែរ។
សកម្មជនបរិស្ថាន និងអ្នកឃ្លាំមើលធនធានធម្មជាតិថា រដ្ឋាភិបាលត្រូវឈប់បណ្ដែតបណ្ដោយ និងអនុញ្ញាតឲ្យក្រុមឈ្មួញបំផ្លិចបំផ្លាញធនធានធម្មជាតិ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការចំណាយថវិកាជាតិ ក្នុងការបន្សាំ និងការបម្រែបម្រួលអាកាសធាតុ។ការលើកឡើងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រកាសថា កម្ពុជាត្រូវការលុយជាង ៧ពាន់លានដុល្លារ ដើម្បីបន្សាំនិងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។
ជនភៀសខ្លួនខ្មែរចំនួន ៦ នាក់ ដែលត្រូវបានអាជ្ញាធរថៃ ចាប់់ឃុំខ្លួនប្រទេសនៅថៃ កាលពីខែធ្នូ ឆ្នាំ២០២៣ កំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងមិនមានអាហារបរិភោគគ្រប់គ្រាន់។ មន្ត្រីសង្គមស៊ីវិលស្នើទៅរដ្ឋាភិបាលថៃឱ្យគោរពគោលការណ៍សិទ្ធិមនុស្សលើអ្នកជាប់ឃុំ។ ជនភៀសខ្លួនខ្មែរទាំង ៦នាក់ ក្នុងនោះ កញ្ញា អេង ម៉ាឡៃ ហៅសូ មេត្ដា និងប្អូនៗរបស់កញ្ញា ២នាក់ទៀត ហើយខ្មែរក្រោម ២នាក់ និងសកម្មជនបក្សប្រឆាំងម្នាក់ គឺលោក ថន ចន្ថា។ ពួកគាត់ត្រូវអាជ្ញាធរថៃចាប់ខ្លួន កាលពីចុងខែធ្នូឆ្នាំ២០២៣ អំឡុងពេលពួកគាត់ចូលរួមវគ្គបណ្តុះបណ្តាល ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសនៅទីក្រុងបាងកក។
លោក ហ៊ុន ម៉ាណែត បានជួបពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ដោយលោកលើកសរសើររដ្ឋាភិបាលរបស់លោកថា តែងតែគិតគូរដល់ពលករ ដែលធ្វើការនៅក្រៅប្រទេស។ អ្នកឃ្លាំមើល លើកឡើងថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត គឺជាការធ្វើនយោបាយប្រជាភិថុតិ ដើម្បីប្រយោជន៍បក្ស ជាជាងប្រយោជន៍សង្គមជាតិ។ មិនខុសពីប្រពៃណីការទូតរបស់ លោក ហ៊ុន សែន ជាឪពុកឡើយ ដំណើរទស្សនកិច្ចទៅប្រទេសកូរ៉េខាងត្បូង របស់លោក ហ៊ុន ម៉ាណែត លើកនេះ ក្រៅតែពីថតរូបជាមួយថ្នាក់ដឹកនាំរដ្ឋ និងតំណាងក្រុមហ៊ុនបរទេស ដើម្បីយកទៅឡង់សេប្រាប់ពលរដ្ឋ អំពីនយោបាយទាក់ម៉ូយហើយនោះ លោក ហ៊ុន ម៉ាណែត មិនភ្លេចនោះទេ ក្នុងការសណ្ដោងក្រុមមន្ត្រី និងគណៈប្រតិភូទាំងហ្វូងទៅជួបក្រុមពលករ។
យ៉ាងហោចណាស់ មានបេក្ខជនដែលឈរឈ្មោះសម្រាប់បក្សប្រឆាំងជាង១០រូប ដែលមកពីគណបក្សឆន្ទៈខ្មែរ គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ត្រូវបានចាប់ខ្លួន នៅមុនការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ។ សម្រាប់បណ្តាបក្សប្រឆាំង យល់ឃើញថា នេះជាការបំភិតបំភ័យ និងគំរាមកំហែងផ្នែកនយោបាយ ដែលជះឥទ្ធិពលមិនល្អសម្រាប់ការបោះឆ្នោតអសកលនៅថ្ងៃទី២៦ខែឧសភាខាងមុខនេះ។
លោក ស៊ុន ចន្ធី ធ្លាប់ចេញមុខតវ៉ាជាមួយលោក សម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ លោកបានចូលរួមជាមួយអតីតគណបក្ស សម រង្ស៊ី តាំងពីអំឡុងចុងទសវត្សរ៍ ១៩៩០។ លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៩ ខែឧសភា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយត្រឡប់ពីបំពេញបេសកកម្មនៅប្រទេសជប៉ុន ទីដែលលោកជួបសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្សកម្លាំងជាតិ ដែលលោកបានបង្កើតកាលពីឆ្នាំមុន។
ពលរដ្ឋចាញ់បោកក្រុមហ៊ុនប្រ៊ីលានស៊ីធី (Brilliant City) របស់អ្នកស្រី ឡេង ចាន់ណា ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យចេញបញ្ជាផ្ទាល់មាត់ទៅតុលាការ និងក្រុមហ៊ុនទើបពួកគាត់មានទំនុកចិត្ត និងជឿជាក់ ថា នឹងទទួលបានដំណោះស្រាយ។ ប្រជាពលរដ្ឋរងគ្រោះ លើកឡើងថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រាន់តែដាក់មេធាវីឱ្យជួយការពារក្ដី ហើយមិនជំរុញទៅតុលាការនិងក្រុមហ៊ុនឱ្យពន្លឿននីតិវិធីនោះទេ ពួកគាត់ក៏មិនងាយនឹងទទួលបានដំណោះស្រាយដែរ។
បុរសវ័យចំណាស់ម្នាក់មានដើមកំណើតជាអ្នកស្រុកអង្គរ ខេត្តសៀមរាបបានប្រើពេលស្ទើរពេញមួយជីវិត ប្រកបការងារជាអ្នកជួសជុលប្រាង្គប្រាសាទបុរាណនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ ថ្វីត្បិតតែការងារនេះ មិនអាចរកប្រាក់កម្រៃក្លាយជាអ្នកមានក្តី ក៏ប៉ុន្តែបុរសដែលមានវ័យជិត ៨០ ឆ្នាំរូបនេះរីករាយនឹងធ្វើវាដើម្បីរក្សាកេរដំណែលស្នាដៃបុព្វបុរសខ្មែរ និងរក្សាលំនឹងប្រាសាទឱ្យគង់វង្សយូរដល់កូនចៅជំនាន់ក្រោយៗ។
មិនខុសពីឪពុកលោកទេ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅពេលធ្វើទស្សនកិច្ចនៅក្រៅប្រទេសម្ដងៗ តែងតែមានពលរដ្ឋខ្មែររស់នៅក្នុងប្រទេសនោះ ធ្វើបាតុកម្មប្រឆាំង។ ឥឡូវនេះ ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង ក៏នឹងមានពលករនៅប្រទេសកូរ៉េចាំទទួលស្វាគមន៍ធ្វើបាតុកម្មប្រឆាំងនឹងវត្តមាន លោក ហ៊ុន ម៉ាណែត ដែរ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា នៅថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុក និងខណ្ឌ ឬហៅថា ក្រុមប្រឹក្សាអាណត្តិទី៤ កាលពីថ្ងៃទី១៧ ខែឧសភា បានដំណើរការយ៉ាងរលូន ដូចជាការហែក្បួនឃោសនា ជួបប្រជុំនៅទីស្នាក់ការគណបក្ស ចែកខិត្តប័ណ្ណ និងបង្ហាញពីលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោតជាដើម នៅតាមខេត្តមួយចំនួន។
ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ព្រមានពលរដ្ឋឥណ្ឌាទាំងអស់ ឲ្យប្រុងប្រយ័ត្នខ្ពស់ក្នុងការស្វែងរកការងារធ្វើនៅប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនបោកប្រាស់នៅប្រទេសថៃ និងឡាវ។ ស្ថានទូតឥណ្ឌា បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៧ ខែឧសភា ថា ការដាក់ពាក្យសុំធ្វើការនៅកម្ពុជា ត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុន ដែលទទួលស្គាល់ត្រឹមត្រូវ ដោយក្រសួងការបរទេសឥណ្ឌា និងត្រូវទាក់ទងស្ថានទូតនៅភ្នំពេញ ដើម្បីកំណត់មុខសញ្ញាការងារច្បាស់លាស់។
គណបក្សប្រជាជនកម្ពុជា និងគណបក្សមួយចំនួនទៀត បើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ស្របពេលករណីអាជ្ញាធរគំរាមកំហែង រឹតត្បិតលើសិទ្ធិសេរីភាពសមាជិកបក្សជំទាស់ ជាពិសេស អង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ បានកើតឡើងជាបន្តបន្ទាប់។ គណបក្សប្រឆាំងទាមទាររដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់ទម្រង់ ហើយទាមទារដោះលែងជនជាប់ឃុំដោយសារការអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន។
ពលរដ្ឋមានជម្លោះដីធ្លីបឹងតាមោក២នាក់ឪពុកកូន ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា ក្រោមបទចោទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រឆាំងនឹងរាជការសាធារណៈ ពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកគាត់ដែលរារាំងមិនឱ្យអាជ្ញាធររុះរើផ្ទះ និងតូបលក់ដូរអីវ៉ាន់។ មន្ត្រីឃ្លាំសិទ្ធិមនុស្សយល់ឃើញថា អាជ្ញាធរគួរតែដោះស្រាយវិវាទដីធ្លីឱ្យពលរដ្ឋដោយសន្តិវិធីជាជាងប្ដឹងពលរដ្ឋទៅតុលាការដែលនាំឱ្យមានការរិះគន់ពីមហាជន។
សមត្ថកិច្ចបានឃាត់ខ្លួនជំទប់ទី២នៅឃុំស្ពឺ ស្រុកចំការលើ គឺលោក ឆេង សារិន ក្រោយពីលោកចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាក់ទង រឿងជីកដីទប់ប្រឡាយយកទឹកសម្រាប់ស្រោចដំណាំនៅក្នុងចម្ការ។
ក្រុមគ្រួសារមន្ត្រីគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ រិះគន់រដ្ឋាភិបាលថា ស្នើការលើកលែងទោស ចំពោះអ្នកជាប់ឃុំ គ្មានតម្លាភាព ដោយរំលងអ្នកទោសមនសិការ និងអ្នកទោសនយោបាយ។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទូលថ្វាយព្រះមហាក្សត្រ លើកលែងទោសឱ្យទណ្ឌិតចំនួន ១៤នាក់ ប៉ុន្តែក្នុងចំណោមនោះ ពុំមានឈ្មោះអ្នកទោសមនសិការឡើយ។
ពលរដ្ឋមួយចំនួនរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បាននាំគ្នាចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ ដើម្បីរកប្រាក់សងបំណុលធនាគារ ដោយសារពួកគេមិនអាចរកការងារធ្វើបាននៅក្នុងស្រុក និងដាំដំណាំកសិកម្មរងការខាតបង់ធ្ងន់ធ្ងរ។ មន្ត្រីសង្គមស៊ីវិលបារម្ភខ្លាចពលរដ្ឋទាំងនោះទៅធ្វើការងារឆ្លងដែន ដោយចាញ់បោកមេខ្យល់ និងប្រឈមនឹងការឃាត់ខ្លួនពីអាជ្ញាធរប្រទេសនោះ។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមចលនាមាតាធម្មជាតិបានផ្សព្វផ្សាយវីដេអូមួយលើបណ្ដាញសង្គមដែលបង្ហាញឲ្យឃើញថា រោងចក្រឱសថចិន «Phonex Industrial» នៅមិនទាន់រុះរើតាមបទបញ្ជារបស់ក្រសួងបរិស្ថាន។ រោងចក្រឱសថចិន «Phonex Industrial» ត្រូវក្រសួងបរិស្ថានបញ្ជាឱ្យរុះរើកាលពីខែសីហា ឆ្នាំ២០២៣ ដោយសារការបង្ហូរសារធាតុគីមីចូលស្ទឹងសង្កែ។ បើតាមក្រុមចលនាមាតាធម្មជាតិ រោងចក្រឱសថចិននេះមិនត្រឹមតែមិនរុះរើចេញតាមបញ្ជាក្រសួងបរិស្ថានទេ តែថែមទាំងហ៊ានពង្រីករោងចក្រទៀតផង។
នៅថ្ងៃទី១៦ ឧសភា អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលាតត្រដាងថា រដ្ឋាភិបាលថៃកំពុងជួយប្រទេសជិតខាង ដូចយ៉ាងកម្ពុជាក្នុងការបង្ក្រាបជនភៀសខ្លួន និងអ្នកប្រឆាំងដែលរត់ទៅជ្រកកោនលើទឹកដីថៃ។ ជាការដោះដូរជាមួយថៃ រដ្ឋាភិបាលកម្ពុជាត្រូវចាត់ការលើជនស្វែងរកសិទ្ធិជ្រកកោននយោបាយថៃដែលរត់ចូលប្រទេសកម្ពុជាវិញ។ នេះបើតាម Human Rights Watch។ កិច្ចសហការដូរដៃបង្ក្រាបសំឡេងប្រឆាំងឆ្លងប្រទេសនេះត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកជាទង្វើបំពានច្បាប់អន្តរជាតិដែលបានកើតឡើងជិត១០ឆ្នាំមកហើយ។
ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅកម្ពុជា និងប្រទេសមួយចំនួននឹងប្រារព្ធទិវាលើកទី ៧៥ឆ្នាំ នៃថ្ងៃអាណានិគមបារាំងកាត់ទឹកដីកម្ពុជាក្រោមទាំងខុសច្បាប់ឲ្យវៀតណាមត្រួតត្រា។ ពួកគេលើកឡើងថា ការរំលឹកព្រឹត្តិការណ៍នេះដើម្បីឲ្យកូនខ្មែរគ្រប់ជំនាន់ចងចាំនូវប្រវត្តិសាស្ត្រដ៏ជូរចត់នេះ និងដើម្បីសំដែងការដឹងគុណដល់វីរភាព និងពលីកម្មរបស់បុព្វបុរសខ្មែរដែលបានតស៊ូថែរក្សាពូជសាសន៍ខ្មែរសាសនាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ឲ្យបានគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។
ក្រុមយុវជនចលនាមាតាធម្មជាតិចាប់ផ្ដើមលក់សៀវភៅ មានចំណងជើងថា «មនុស្សដែលគេយកទៅកែប្រែ» ដើម្បីលើកទឹកចិត្តឱ្យយុវជនចូលរួមសកម្មភាពការងារការពារបរិស្ថាននៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីស្វែងយល់ពីគុណតម្លៃការងាររបស់សកម្មជនបរិស្ថាន និងបទពិសោធន៍ធ្វើការងារប្រឈមជាមួយអាជ្ញាធរ យុវជន និងពលរដ្ឋគួរតែអានសៀវភៅ «មនុស្សដែលគេយកទៅកែប្រែ» ឱ្យបានគ្រប់ៗគ្នា។
មតិអ្នកអាន