Thursday, 03 May 2012
ម៉ៃ ទិត្យថារ៉ា-David Boyle
ភ្នំពេញ ប៉ុស្តិ៍
កោះកុងៈ ក្រុមហ៊ុនដែលកងរាជអាវុធហត្ថ បដិសេធមិនផ្តល់អត្តសញ្ញាណ តែបាននិយាយថា បានបញ្ជូនបុគ្គលិករបស់ខ្លួនទៅប្រឈមមុខនឹងសកម្មជន ការពារព្រៃឈើ លោក ឈុត វុទ្ធី មុនពេលគាត់ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គឺក្រុមហ៊ុន ធីមប៊ើរហ្គ្រីន (Timber Green) ជាក្រុមហ៊ុន ដែលសកម្មជនព្រៃឈើបាត់បង់ជីវិតរូបនោះប៉ុនប៉ងលាតត្រដាង អំពីសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់។
ឯកសារដែលភ្នំពេញ ប៉ុស្តិ៍ទទួលបាន កាលពីថ្ងៃពុធម្សិលមិញ និងប្រភពនានា បានបញ្ជាក់ថា ក្រុមហ៊ុន Timber Green ជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ កាប់រានអាងស្តុកទឹក នៃគម្រោងទំនប់វារីអគ្គិសនីឫស្សីជ្រំក្រោម ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង មិនឆ្ងាយប៉ុន្មាន ពីទីកន្លែងដែលលោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់។

សពលោក ឈុត វុទ្ធី ពេលលើកចេញពីរថយន្ត បន្ទាប់ពីគេទុកឲ្យហូរឈាមរហូតដល់ស្លាប់។ (រូបថត សហការី)
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីកងរាជអាវុធហត្ថមួយចំនួនបានថ្លែងថា បុគ្គលិកមកពីក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណកាប់រានព្រៃកន្លែងទំនប់នោះ បានប៉ុនប៉ងរារាំងលោក ឈុត វុទ្ធី មិនឲ្យថតរូបគំនរឈើ។
សន្តិសុខក្រុមហ៊ុន Timber Green ម្នាក់ ឈ្មោះ រ៉ាន់ បូរដ្ឋ ក៏ត្រូវបានគេអះអាងថា ត្រូវបានចាប់ខ្លួន ក្នុងនាមជាជនសង្ស័យម្នាក់ នៅក្នុងការបាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ដែលក៏បានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុនោះ និងក៏ត្រូវបានគេចោទជាទូទៅថា បានបាញ់សម្លាប់លោក ឈុត វុទ្ធីដែរ។
អ្នកស្រី ខៀវ សស៊ីលាភ ដែលត្រូវបានចុះបញ្ជី ជាភាគហ៊ុនធំ នៃក្រុមហ៊ុន Timber Green ក្នុងខែសីហា ឆ្នាំ ២០១០ បានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា ក្រុមហ៊ុន មានអាជ្ញាប័ណ្ណ ឲ្យកាប់រានព្រៃ សម្រាប់អាងស្តុកទឹកមែន ប៉ុន្តែបានបដិសេធ មិនធ្វើអធិប្បាយបន្ថែមទៀតទេលើករណីនេះទេ។
អ្នកស្រី បានថ្លែងថា៖«ខ្ញុំសោកស្តាយ ចំពោះបញ្ហានោះ ខ្ញុំលែងពាក់ព័ន្ធជាមួយក្រុមហ៊ុន Timber Green ហើយ»។ អ្នកស្រីបានបន្ថែមថា អ្នកស្រីបានចេញពីគម្រោងនោះ ជាងមួយឆ្នាំមកហើយ។
ប៉ុន្តែ អ្នកស្រី នៅតែមានឈ្មោះ ក្នុងអាជ្ញាប័ណ្ណ អនុញ្ញាតឲ្យមានការកាប់រានព្រៃតំបន់នោះ ដែលចុះ កាលពីថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១០ ដែលនឹងអស់សុពលភាពនាថ្ងៃដដែលនៅខែក្រោយ។
ក្នុងអំឡុងពេលចុះទៅជួរភ្នំក្រវាញ លោក ឈុត វុទ្ធី បានព្យាយាមបញ្ជាក់ភស្តុតាងថា ក្រុមហ៊ុន Timber Green កំពុងប្រតិបតិ្តការកាប់ឈើខុសច្បាប់ ទំហំធំមួយ ក្នុងខេត្តកោះកុង ហើយត្រូវបានកងរាជអាវុធហត្ថចាប់ម្តងហើយម្តងទៀត ដោយសារតែការព្យាយាមរបស់គាត់នោះ។
លោកបានឈប់ ជាមួយនឹងអ្នកយកព័ត៌មានពីរនាក់ នៅចំណុចវាលបី ក្នុងស្រុកមណ្ឌលសីមា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយបានចាប់ផ្តើមថតរូបឈើហ៊ុប។ ប៉ុន្តែស្ថានការណ៍នោះ កាន់តែអាក្រក់ បន្ទាប់ពីបុរសជាច្រើននាក់ ដែលក្នុងនោះមានកងរាជអាវុធហត្ថ បានមកដល់កន្លែងកើតហេតុ ហើយបានទាមទារឲ្យគាត់លុបរូបភាពនោះចោល បន្ទាប់មក លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា ត្រូវបានបាញ់សម្លាប់ដោយសារគ្រាប់កាំភ្លើង។
លោក ហ៊ុន រ៉ាន់ អតីតប្រធានរដ្ឋបាលព្រៃឈើខេត្តកោះកុង បានថ្លែងថា កងរាជអាវុធហត្ថ បានចាប់ខ្លួនកូនប្រុសរបស់លោក គឺ រ៉ាន់ បូរតន៍ បុគ្គលិកសន្តិសុខ នៃក្រុមហ៊ុន Timber Green ជាជនសង្ស័យ កាលពី ៥ ថ្ងៃមុន។
លោកបានបញ្ជាក់បន្ថែមទៀតថា៖ «ខ្ញុំបានជួយកូនប្រុសហើយ តែគាត់មិនបាននិយាយអ្វីប្រាប់ខ្ញុំទេ ដូច្នេះ ខ្ញុំត្រូវរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរបស់គណៈកម្មការ»។
លោកបានបន្តថា កងរាជអាវុធហត្ថ គួររង់ចាំគណៈកម្មការស៊ើបអង្កេតចម្រុះ ដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានយល់ព្រមបង្កើត កាលពីម្សិលម្ង៉ៃ មុនពេលធ្វើការចាប់ខ្លួនជនណាម្នាក់ ហើយលោកបានរិះគន់របាយការណ៍ពីព្រឹត្តការណ៍នោះ ដែលកងរាជអាវុធហត្ថបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ជារបាយការណ៍មិនអាចជឿជាក់បាន។
របាយការណ៍នោះ បានលើកឡើងថា លោក អ៊ិន រតនា បានបាញ់ខ្លួនឯង ដោយសារកើតទុក្ខ និងសោកស្តាយ បន្ទាប់ពីបានបាញ់លោក ឈុត វុទ្ធី រួច ហើយវាផ្ទុយនឹងការបំភ្លឺដំបូងឡើយ ដែលមន្រ្តីកងរាជអាវុធហត្ថបានថ្លែងឲ្យដឹង។
កាលពីខែធ្នូ ក្នុងអំឡុងដំណើរមួយ ចុះទៅតំបន់កណ្តាលភ្នំក្រវាញនៃតំបន់ព្រៃការពារ លោក ឈុត វុទ្ធី ត្រូវបានចាប់ខ្លួន ដោយមន្រ្តីយោធា ជាមួយអ្នកកាសែតភ្នំពេញប៉ុស្តិ៍ ពីរនាក់ បន្ទាប់ពីអ្នកថតរូបម្នាក់បញ្ចាំងភ្លើងពិលទៅរថយន្តមួយ ដែលដឹកឈើប្រណីតនៅពេលយប់។
ក្រុមបុរសប្រដាប់ដោយកាំភ្លើង បានតម្រូវឲ្យលោក ឈុត វុទ្ធី និយាយទៅកាន់មេបញ្ជាការពួកគេតាមទូរស័ព្ទ ហើយបន្ទាប់ពីការនិយាយឆ្លើយឆ្លងគ្នាខ្លាំងៗនោះមក គាត់បានកំណត់អត្តសញ្ញាណរបស់មេម្នាក់នោះថា ជាប្រធានសន្តិសុខនៅក្រុមហ៊ុន Timber Green។
ក្រុមហ៊ុន Timber Green ទទួលបានអាជ្ញាប័ណ្ណ ធ្វើការឈូសឆាយលើផ្ទៃដីទំហំជិត ២ពាន់ហិកតានៃទំនប់ស្ទឹងតាតៃ ក្នុងស្រុកថ្មបាំង ហើយលោក ឈុត វុទ្ធី បានសង្ស័យថា ក្រុមហ៊ុននេះកំពុងកាប់ឈើច្រើនហួសហេតុពីក្នុងតំបន់ដែល គេទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា។
កាលពីខែសីហា ឆ្នាំ ២០១០ វិនិយោគិនពីរនាក់ទៀតរបស់ក្រុមហ៊ុន Timber Green គឺមាន លោក ហួរ ហាប់ (មានហ៊ុន ២៧,៥ ភាគរយ) និង ហ៊ុយ ថេរ៉ា (មានហ៊ុន ១៥ ភាគរយ) នោះបើយោងតាមការចុះបញ្ជីរបស់ក្រុមហ៊ុន នៅក្រសួងពាណិជ្ជកម្ម។
លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា ត្រូវបានបាញ់សម្លាប់ នៅក្នុងតំបន់មួយដែលគ្រប់គ្រងដោយអង្គការ ការពារសត្វព្រៃ Wildlife Alliance ដែលបានអំពាវនាវឲ្យមានកម្មវិធីការពារនៅតំបន់ព្រៃការពារ ភ្នំក្រវាញ។
លោកស្រី Suwanna Gauntlett ប្រធានប្រតិបត្តិអង្គការ Wildlife Alliance បានថ្លែងថា ការបាញ់សម្លាប់នេះ ពិតជាមានផលប៉ះពាល់យ៉ាងខ្លាំង និងមានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សាយទូទាំងពិភពលោក ហើយការនេះអាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណជន បញ្ហាសន្តិសុខ កេរ្តិ៍ឈ្មោះរបស់ប្រទេស ហើយនឹងប៉ះពាល់ផងដែរដល់វិស័យអេកូទេសចរណ៍។
លោកស្រីបានថ្លែងបន្តថា៖ «រាល់អ្វីដែលបានកើតឡើងនៅកន្លែងឧក្រិដ្ឋកម្មនេះ គឺជាការរំលោភបំពានទៅលើច្បាប់ ដូចជាការឃាត់ខ្លួនជនស៊ីវិលនៅលើផ្លូវសាធារណៈ …ការឃាត់ឡានមិនឲ្យចេញពីតំបន់នោះ ការលួចម៉ាស៊ីនថតពីក្នុងឡាន ការបិទសោពន្លត់ឡាន និងការសម្លាប់»។ «វាជាបញ្ហាមួយនៃការអភិវឌ្ឍសេដ្ឋកិច្ច កេរ្តិ៍ឈ្មោះរបស់កម្ពុជា និងសន្តិសុខ សុវត្ថិភាពសាធារណៈ បញ្ហានេះពិតជាហួសហេតុ និងមិនត្រឹមត្រូវទាំងស្រុងនោះទេ»៕ CR/TK/PS

លោកស្រី Suwanna Gauntlett ប្រធានប្រតិបត្តិអង្គការ Wildlife Alliance បានថ្លែងថា ការបាញ់សម្លាប់នេះ ពិតជាមានផលប៉ះពាល់យ៉ាងខ្លាំង និងមានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សាយទូទាំងពិភពលោក ហើយការនេះអាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណជន បញ្ហាសន្តិសុខ កេរ្តិ៍ឈ្មោះរបស់ប្រទេស ហើយនឹងប៉ះពាល់ផងដែរដល់វិស័យអេកូទេសចរណ៍។
លោកស្រីបានថ្លែងបន្តថា៖ «រាល់អ្វីដែលបានកើតឡើងនៅកន្លែងឧក្រិដ្ឋកម្មនេះ គឺជាការរំលោភបំពានទៅលើច្បាប់ ដូចជាការឃាត់ខ្លួនជនស៊ីវិលនៅលើផ្លូវសាធារណៈ …ការឃាត់ឡានមិនឲ្យចេញពីតំបន់នោះ ការលួចម៉ាស៊ីនថតពីក្នុងឡាន ការបិទសោពន្លត់ឡាន និងការសម្លាប់»។ «វាជាបញ្ហាមួយនៃការអភិវឌ្ឍសេដ្ឋកិច្ច កេរ្តិ៍ឈ្មោះរបស់កម្ពុជា និងសន្តិសុខ សុវត្ថិភាពសាធារណៈ បញ្ហានេះពិតជាហួសហេតុ និងមិនត្រឹមត្រូវទាំងស្រុងនោះទេ»៕
ហេតុអ្វីបានជារដ្ឋាភិបាលអោយពួកអាឈ្មួញបំផ្លាញព្រែឈើជាតិច្ចឹង ខ្ញុំមានការព្រួយបារម្មណជាខ្លាំង
សូមសម្តេចមេត្តាគិតគូអោយមែនទែនចំពោះបពា្ហនេះ។
ខ្ញុំព្រួបារម្មណ៍ ខ្លាំងណាស់ ខ្លាចស្រុកខ្មែរយើងត្រូវរលាយនៅថ្ងៃណាមួមិនខាន
ព្រៃឈើប្រទេសកម្ពុជាយើងឥឡូវមិនកើនឡើងទេ មានតែអស់ទៅៗ ។ ហេតុអ្វី? សូមជួយពិចារណាផង ។
កុំខ្លាចសម័យឥលូវមិនងាយរលាយប្រទេសមួយៗស្រួលទេ