អាជ្ញាធរ​កម្ពុជា និង​ថៃ បើក​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​ទប់ស្កាត់​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់

ថ្ងៃទី 4 ឧសភា 2012
ដោយ: សូផុន
CEN

សព​ពលករ​ខ្មែរ ៥ នាក់​ទៀត ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរ កាលពី​រសៀល​ថ្ងៃទី​២​ឧសភា ឆ្នាំ​២០១២ នៅ​ខេត្ត​នគរ​នាយក ប្រទេស​ថៃ ត្រូវបាន​បញ្ជូន​ត្រឡប់​មកដល់​ស្រុកកំណើត​វិញ​ហើយ

សព ពលករ ខ្មែរ ៥ នាក់ ទៀត ដែល បាន ស្លាប់ ក្នុង គ្រោះថ្នាក់ ចរាចរ កាលពី រសៀល ថ្ងៃទី ២ ឧសភា ឆ្នាំ ២០១២ នៅ ខេត្ត នគរ នាយក ប្រទេស ថៃ ត្រូវបាន បញ្ជូន ត្រឡប់ មកដល់ ស្រុកកំណើត វិញ ហើយ

​ព្រំដែន​កម្ពុជា​-​ថៃ: ​ទាក់ទង​នឹង​ករណី​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ទៅរក​ការងារ​នៅ​ប្រទេស​ថៃ នឹងត្រូវ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​ថៃ បើក​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ល្ងាច​ថ្ងៃទី​៤ ឧសភា ឆ្នាំ​២០១២​។ កិច្ចប្រជុំ​នោះ នឹង​ដឹកនាំ​ដោយ​លោក ទ្រី ណារិន អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​លោក ឆា​ត់ គិ​តិ​ណុប​ផា​ដុន អភិបាលរង​ខេត្ត​ស្រះកែវ របស់​ថៃ​។​

​កិច្ចប្រជុំ​បន្ទាន់ ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​កុំ​ឲ្យពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ នឹងត្រូវ​ធ្វើឡើងតាម​ការស្នើសុំ​របស់​ភា​គី​កម្ពុជា​។ ករណីនេះ ភាគី​ថៃ​បាន​យល់ព្រម ហើយនឹង​បើក​កិច្ចប្រជុំ​នៅលើ​ទឹកដី​ថៃ ស្ថិតនៅ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ​។​
ភាគី​កម្ពុជាដែល​នឹងចូលរួម​កិច្ចប្រជុំ​នា​រសៀល​នេះ មាន​មន្ត្រី​កងរាជអាវុធហត្ថ នគរបាល និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត ដែល​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខេត្ត​បន្ទាយ​ជ័យ ជួប​ជា​សម​ភាគី​ថៃ​។

Photo by CEN

​មន្ត្រី​ដែល​ធ្វើ​កិច្ចការ​នេះ បានឲ្យដឹងថា ពង្រាង​ស្មារតីសម្រាប់​កិច្ចប្រជុំ​នេះ ដូចជា សុំ​ឲ្យ​ភាគី​ថៃសហការ​ជាមួយ​កម្ពុជា ជួយ​ទប់ស្កាត់​ពលករ​ខ្មែរនៅតាម​ព្រំដែន កុំ​ឲ្យ​ឆ្លងដែន​ចូល​ប្រទេស​ថៃ​។ ទី​២ បើសិន​ពលករ​ខ្មែរចូលទៅ​ថៃ​ដោយ​ខុសច្បាប់ សូម​ឲ្យ​ថៃ ផ្តល់ដំណឹង​ភាគី​កម្ពុជា ហើយ​ភាគី​ដែល​ពាក់ព័ន្ធចាប់បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់មកវិញ​។ ទី​៣ ផ្តល់ព័ត៌មាន​មេខ្យល់​ថៃ និង​ខ្មែរឲ្យ​ភាគី​ទាំងសងខាង​បានដឹង​។ ទី​៤ ជៀសវាង​ដាច់ខាត​ការប្រើ​អំពើ​ហិង្សា ការ​បំពារបំពាន​លើ​សិទ្ធិ និង​សូម​ឲ្យ​គោរព​ច្បាប់​ប្រទេស​ថៃ និង​អនុសញ្ញា​ផ្សេងៗ​ទៀត​របស់​អន្តរជាតិ​។

Photo by CEN

​គេ​បាន​ប៉ាន់ប្រមាណ​ថា ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ចូលទៅក្នុង​ប្រទេស​ថៃ នឹងមាន​ចំនួន​កើនឡើង​ថែមទៀត បន្ទាប់ពី​រដ្ឋាភិបាល​ថៃ របស់លោក​ស្រី​យី​ង ឡាក់ ស៊ីណា​វ៉ា​ត់ បាន​ដំឡើង​ប្រាក់​ឈ្នួល​ដល់​និយោជិត ក្នុង​មួយថ្ងៃ​ចំនួន ៣០០ បាត ដើម្បី​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា​។ ជាមួយគ្នា​នោះ ពលករ​ខ្មែរ​ដែល​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ក៏បាន​ប្រឈម​នឹង​គ្រោះថ្នាក់ច្រើនជាង​ទទួល​លាភ​សំណាង​។​

​សព​ពលករ​ខ្មែរ ៥ នាក់​ទៀត ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរ កាលពី​រសៀល​ថ្ងៃទី​២​ឧសភា ឆ្នាំ​២០១២ នៅ​ខេត្ត​នគរ​នាយក ប្រទេស​ថៃ ត្រូវបាន​បញ្ជូន​ត្រឡប់​មកដល់​ស្រុកកំណើត​វិញ​ហើយ កាលពី​យប់​ថ្ងៃទី​៣​ឧសភា នៅ​ខេត្តបន្ទាយមានជ័យ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។​

​សាកសព​ទាំងនោះ មានឈ្មោះ ម៉ៅ ភី ភេទ​ប្រុស ២៦​ឆ្នាំ ឈ្មោះ​ហៅ សីហា ភេទ​ប្រុស ២២​ឆ្នាំ ឈ្មោះ ឃីម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ឈ្មោះ អោក អាត ភេទ​ស្រី អាយុ ២៦​ឆ្នាំ និង​កូនប្រុស​ឈ្មោះ អោក អាត អាយុ ៦​ខែ​។ ពួកគេ​មាន​ទីលំនៅ​ភូមិ​សូ​ភី​កណ្តាល ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

ពាក់ព័ន្ធ​នឹង​ករណី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១​ឧសភា ទិវា​ពលកម្ម​អន្តរជាតិ សម្តេច​បានប្រកាស​អំពា​វនា​វ​ឲ្យ​ពលរដ្ឋ​កម្ពុជា បញ្ឈប់​ការឆ្លង​ដែនដោយ​ខុសច្បាប់ចូលទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ព្រោះថា ក្នុងប្រទេស​កម្ពុជា​សព្វ​ថ្ងៃ កំពុងតែ​ខ្វះខាត​កម្លាំង​ពលកម្ម ទាំង​ក្នុង​វិស័យ​កាត់ដេរ សំណង់ វិស័យ​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម ជាដើម​។ ក្រៅពីនោះ ការ​ឆ្លងដែន​ខុសច្បាប់ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ក៏​ប្រឈម​នឹង​គ្រោះថ្នាក់ រហូតដល់​ត្រូវ​ថៃ​បាញ់សម្លាប់​ថែមទៀត​៕​ S

What Next?

Recent Articles

5 Responses to "អាជ្ញាធរ​កម្ពុជា និង​ថៃ បើក​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​ទប់ស្កាត់​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់"

  1. អ្នកផ្តល់អនុសាសន៍ says:

    មិនមែនមនុស្សសាមញ្ញធម្មតាដែលគ្មានខ្សែបណ្តាញអាចរត់ការនាំចេញ
    លួចនាំពលករចេញទៅរកការងារនៅប្រទេសថៃបានដោយងាយស្រួល
    នោះទេ ទាល់តែអ្នកមានបណ្តាញសិ្នទ្ធជាមួយសមត្ថកិច្ចតាម
    ព្រុំដែនខ្លះដោយបង់ភាគរយជូនគេទើបអាចអាចឆ្លងរួច ។
    ការតាមដានស៊ើបអង្កេតស្វែងរកចាប់មេខ្យល់ដែលប្រមូលលុយ
    ពីប្រជាពលរដ្ឋហើយធានានាំទៅរកការងារធ្វើដោយខុសច្បាប់
    គួរប្រកាសដាក់ទណ្ឌកម្ម និង កំណត់ប្រាក់វិន័យអោយខ្ពស់
    ទើបអាចទប់ស្កាត់បាន ហើយកអាចរកប្រាក់ចំណូលពីការងារនេះដែរ។
    ជីវិតប្រជាជនលួចទៅរកការងារធ្វើប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់
    បើស្រលាញ់ជីវិត គួរព្យាយាមស្វែងរកការងារណាដែលស្របច្បាប់
    មានក្រុមហ៊ុននាំចេញត្រឹមត្រូវ ពីព្រោះបើស្លាប់ហើយមិនកើតមកវិញទេ ។
    បើមានេជីវិតត្រូវតែមានសង្ឃឹម ជីវិតមនុស្សមិនអាចកាត់ថ្លៃបាន។
    ការងារនេះអ្នកដឹកនាំមានចំណែកក្នុងការទទួលខុសត្រូវនិងជួយដោះស្រាយ ! ។

  2. Lay sovichea says:

    If passport costs only 15 dollars like Vietnam and easy to do it, it will help a lot of Khmer to deal with this problem. Hope Gov’t wil take this matter into account!

  3. nara says:

    ការដោះស្រាយបញ្ហារឿងនេះគឺឲ្យលោក ហ៊ុន សែន ចាត់វិធានការតាមចាប់ខ្លួនមេខ្យល់ខុសច្បាប់នាំពលករ
    ខ្មែរយើងលួចចូលប្រទេសគេមកផ្តន្ទាទោស៕

  4. Rottanak says:

    ខ្ញុំមិនបន្ទោសពួកពលករដែលខិតខំព្យាយាមរកការងាធ្វើនៅស្រុកថៃទាំងនោះទេព្រោះពាក្សចាស់ពោល ថា ទឹកត្រជាក់ត្រីកុំ មាន័យថាទីណាមានទឹកត្រជាក់ច្បាស់ជាមានត្រីច្រើនកកកុញ​នៅទីនោះ​ហើយ។ យាងណាមិញរឿងរ៉ាវពលករចំណាកស្រុកខ្មែរទៅស្វែងរកការងារធ្វើនៅស្រុកថៃក៍ដូចគ្នាដែរ បើតាមខ្ញុំដឹងនៅតាមបណ្តាសហគ្រសរោងចក្រភាគច្រើននៅស្រុកថៃលោកថៅកែគេគោរពច្បាប់ខ្លាំងណាស់ ព្រោះតែពួកគេទាំងនោះខ្លាចរដ្ឋាភិបាលដាក់ពិន័យ។ ក្រឡេកមកមើលលោក​ថៅកែរក​សីុស្រុក​ ខ្មែរវិញហាក់ដូចជាមិនបានគោរពច្បាប់ឲ្យបានពេញលេញទេ ខ្លះឈ្លៀតឪកាសធ្វើបាប​និងកេងប្រវញ្ច័កម្មករដោយមិនខ្លាចញញើតច្បាប់អីនោះទេ។ រឿងមួយដែលរដ្ឋាភិបាល​ត្រូវធ្វើនោះ​គឺទប់ស្កាត់ការយកលុយកាក់ក្រៅផ្លូវការរបស់អាជ្ញាធរពីថៅកែររកសីុទាំងនោះទើបថៅកែគោរព ច្បាប់និងផ្តល់ប្រាក់ខែខ្ពស់ដល់កម្មករ។ សូមចងចាំថានណាក៍ដោយមិនចូលចិត្តធ្វើការងារក្រោម សង្កត់សង្កិនពីថៅកែនិងបរិយាកាសអាប់អួរនោះទេ។

  5. សៀងផ្អាប់ says:

    ជូនលោកមាំងRottanak បើថាភ្លើងថាភ្លើ បើថៅកែសៀមគោរពច្បាប់ ចឹងចាំបាច់យកកម្មករខ្មែរខុសច្បាប់ធ្វើអ្វី ?
    ខ្ញុំក៍មានចំការហើយឲ្យប្រាក់ខែមិនចាញ់ពួកសៀមដែរ តែពួកនេះវារឹងណាស់មិនចង់ស៊ីឈ្នួល ខ្មែរគ្នាឯងទេចង់ស៊ីឈ្នួលបរទេស