ក្បួន​ធម្មយា​ត្រា ក្នុង​ពិធីបុណ្យ​វិសាខ​បូជា នៅ​ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះ​រាជទ្រព្យ

ថ្ងៃទី 5 ឧសភា 2012
ដោយ: សុខ ភក្តី
CEN

ក្បួនធម្មយាត្រា នៅថ្ងៃបុណ្យវិសាខបូជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)

ក្បួនធម្មយាត្រា នៅថ្ងៃបុណ្យវិសាខបូជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)

ភ្នំឧត្តុង្គ: ព្រះសង្ឃ តា​អាចា​រ្យ យាយជី និង​ពុទ្ធបរិស័ទ​រាប់ពាន់នាក់ បាន​ជួបជុំ ដើរ​ហែ​ក្បួន​ធម្ម​យាត្រា ក្នុង​ពិធីបុណ្យ​វិសាខ​បូជា នៅ​ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះ​រាជទ្រព្យ ឬ​ភ្នំ​ឧដុង្គ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១២​។​

Photo by CEN

ក្បួនធម្មយាត្រា នៅថ្ងៃបុណ្យវិសាខបូជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ២០១២

​ពិធី​ជួបជុំ ប្រារព្ធ​បុណ្យ​វិសាខ​បូជា រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ សហការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ចាម​។ ពិធីបុណ្យ​វិសាខបូជា ជា​ផ្លូវការ នៅ​ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះ​រាជទ្រព្យ ( ឧដុង្គ ) ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៥ ខែ​ឧសភា ឆ្នាំ​២០១២ មានការ​និមន្ត​ចូលរួម​ដោយ​សម្តេច​ព្រះសង្ឃរាជ ទេព វង្ស សម្តេចព្រះសង្ឃរាជ ប៊ូ គ្រី សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយករ​ង លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ លោក ឯក សំអុល ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា មន្ត្រីរាជការ និង​អាជ្ញាធរ​ដែនដី រួម​ទាំង​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ​។​

Photo by CEN

ក្បួនធម្មយាត្រា នៅថ្ងៃបុណ្យវិសាខបូជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ២០១២

​ក្បួន​ធម្មយា​ត្រា នៅ​ភ្នំ​ឧដុង្គ នា​ព្រឹក​មិញ នាំមុខដោយ​ឡាន​បុស្ស​បុក តម្កល់​រូប​បដិមា តំណាង​ឲ្យ​ព្រះសម្មាសម្ពុទ្ធ ពេល​ប្រសូត ត្រាស់ដឹង និង​ចូល​បរិនិព្វាន​។ ក្បួន​ធម្មយា​ត្រា ក៏​មាន​ឆៃយ៉ាំ របាំ​ត្រុដិ ការ​ទូងស្គរ ភ្លេងពិណពាទ្យ ព្រមទាំង​ព្រះសង្ឃ តាអាចារ្យ យាយជី និង​ពលរដ្ឋ​ខ្មែរ​ក្មេង​ចាស់ ចូលរួម​ដើរ​ដង្ហែ អម​ឡាន​បុស្ស​បុក ជុំវិញ​ព្រះមហា​សក្យមុនីចេតិយ​។​

Photo by CEN

ក្បួនធម្មយាត្រា នៅថ្ងៃបុណ្យវិសាខបូជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)

​បុណ្យ​វិសាខបូជា នៅ​ថ្ងៃ​១៥​កើត ត្រូវបាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​ឧទ្ទិស​ចំពោះ​ថ្ងៃ​ជា​មង្គល​ទាំងបី គឺ​ថ្ងៃ​ប្រសូត​ចាក​ឧទរ​ព្រះ​មាតា ថ្ងៃ​ត្រាស់ដឹង​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ និង​ថ្ងៃ​រំលត់​ខន្ធ​ចូលកាន់​ព្រះ​និព្វាន នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​។​

Photo by CEN

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងលោករដ្ឋមន្ត្រី មិន ឃិន ព្រមទាំងភរិយា ក្នុងពិធីបុណ្យវិសាខបូជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)

​ពិធីបុណ្យ​នៅ​ថ្ងៃ​សៅរ៍ ​១៥ កើត ខែ​ពិសាខ ព​.​ស​. ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១២ មាន​ពិធី​ដង្ហែ​ប្រទក្សិណ​ជុំវិញ​ភ្នំ​ព្រះ​រាជទ្រព្យ ជាទី​តាំង​ព្រះមហា​សក្យមុនីចេតិយ ថ្វាយ​គ្រឿង​សក្ការ​បូជា សូត្រ​បទសរភញ្ញ នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល ប្រកាស​វិសាខបូជា នៅមុខ​ជណ្តើរ​ធំ ឡើង​ទៅកាន់​កំពូលភ្នំ និង​ដាក់​បាត្រ​ប្រគេន​ព្រះសង្ឃ ៣០០ អង្គ​។

​ពេល​រសៀល ចាប់ពី​ម៉ោង ២ តទៅ នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល សូ​ត្រនម​ស្ការ​គា​ថា និង​សម្ដែង​ធម្ម​ទេសនា​។​

​តាម​កម្មវិធី នៅ​ថ្ងៃ​អាទិត្យ ១ រោច ខែ​ពិសាខ ព​.​ស​. ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១២ ចាប់ពី​ម៉ោង ៨ ព្រឹក តទៅ ទុក​ឱកាស​ប្រគេន​ព្រះសង្ឃ និង​ជូន​ពុទ្ធបរិស័ទ​បំពេញ​កុសល ដោយ​សទ្ធា​ជ្រះថ្លា តាម​ប្រពៃណី​។​

​ពេល​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា នៅ​ភ្នំ​ឧដុង្គ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី និង​ពុទ្ធបរិស័ទ​ទាំងអស់ បាន​ចូលរួម​បំពេញ​មហាកុសល តាម​សទ្ធា​ជ្រះថ្លា ដើម្បី​ជា​គុណប្រយោជន៍​ដល់​ការថែរក្សា​នូវ​អត្តសញ្ញាណ​ជាតិ ប្រពៃណី​ព្រះពុទ្ធសាសនា​ផង និង​អនុមោទនា​យក​ផលានិសង្ស ដោយ​រីករាយ​។​

​ចង្ហាន់ ម្ហូប​ខ្ចប់ ទឹកបរិសុទ្ធ និង​មី​កញ្ចប់ ជាដើម ត្រូវបាន​ពុទ្ធបរិស័ទ ដាក់​បាត្រ ប្រគេន​ព្រះសង្ឃ ៣០០ អង្គ និង​គ្រឿង​សក្ការបូជា មាន​ទៀនធូប​ ផ្កា​ភ្ញី សម្រាប់​ថ្វាយ​ព្រះមហា​សក្យមុនីចេតិយ និង​ព្រះ​បរម​សារីរិកធាតុ នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​ជា​ម្ចាស់ នៅ​ព្រឹក​ថ្ងៃ ១៥ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១២៕​ S

What Next?

Recent Articles

2 Responses to "ក្បួន​ធម្មយា​ត្រា ក្នុង​ពិធីបុណ្យ​វិសាខ​បូជា នៅ​ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះ​រាជទ្រព្យ"

  1. សូម​ផ្សព្វផ្សាយ​ ពីព័ត៌មាន​អំពី ថាតើ​អ្នក​ណា​ស្ថិត​នៅក្នុង​ក្រុម​អព្យាក្រឹត និង​អ្នក​ជា​អ្នក​នយោបាយ។ តើ​អ្នក​ណា​មាន​តួនាទី​ធ្វើ​អ្វី និង តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​ពលរដ្ឋខ្មែរ​ទទួល​បាន​ប្រជាធិបតេយ្យ​ពេញលេញ?

  2. ណេងណុងៗៗៗៗៗ អនុមោទនាលោកអើយ!!!! គឹល!ៗៗ