ថ្ងៃទី 5 ឧសភា 2012
ដោយ: សូផុន
CEN
បន្ទាយមានជ័យ: សាកលវិទ្យាល័យមានជ័យ (MCU) របស់រដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ និងមជ្ឈមណ្ឌល អារ៉ាវ៉ា អន្តរជាតិ បណ្ដុះបណ្ដាលកសិកម្ម (ARAVA International Center for Agriculture Tranining ICAP) របស់ប្រទេស អ៊ីស្រាអែល នៅថ្ងៃទី៥ ឧសភា ២០១២ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ស្ដីពី កិច្ចសហប្រតិបត្តិការ។ ក្នុងនោះ អ៊ីស្រាអែល បានសន្យាថា នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាផ្នែកអនុបណ្ឌិត។
លោក សំ ង៉ា សាកលវិទ្យាធិការសាកលវិទ្យាល័យមានជ័យ និងអ្នកស្រីបណ្ឌិតហាន់នីអាម៉ុន (Mrs. Dr Hanni Amon) នាយិកាមជ្ឈមណ្ឌល (ARAVA ICAP) បានចុះ MOU ដោយមានលោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ, សាកលវិទ្យាធិការរង, សាស្ត្រាចារ្យ និស្សិតរាប់រយនាក់ជាសាក្សី។

អ៊ីស្រាអែល នឹងផ្ដល់អាហារូបករណ៍ ដល់និស្សិត នៅខេត្តបន្ទាយមានជ័យ សិក្សាថ្នាក់ អនុបណ្ឌិត
កិច្ចសហប្រតិបត្តិការនេះ ICAP នឹងទទួលនិស្សិតកម្ពុជាពី MCU នៅឆ្នាំដំបូង (២០១២-២០១៣) នេះ ៥៥ នាក់ ទៅបណ្ដុះបណ្ដាលជំនាញកសិកម្ម។ បើរីកចំរើន ឆ្នាំបន្ទាប់ នឹងទទួលនិស្សិតគ្រឹះស្ថាននេះ ១១០នាក់ ទៅ ១៦០នាក់ ឲ្យសិក្សាទៀត។
លក្ខខណ្ឌនៃការជ្រើសរើស និស្សិតត្រូវមានជំនាញកសិកម្ម ចេះភាសាអង់គ្លេស និងកុំព្យូទ័រស្ទាត់ជំនាញ ហើយតាំងចិត្តកាយទៅធ្វើការសិក្សានៅ ICAP តំបន់ ARAVA ជាវាលខ្សាច់ហួតហែងខ្វះទឹក តែបានកែច្នៃដោយបច្ចេកវិទ្យាខ្ពស់ ក្លាយជាតំបន់កសិកម្មដ៏ខ្លាំង និងក្លាយជាឋានសួគ៌។
និស្សិតកម្ពុជា និងរួមជាមួយនិស្សិតបរទេស ប្រមាណ ៧០០ នាក់ទៀត នឹងហ្វឹកហ្វឺន នៅអ៊ីស្រាអែល រួចវិលមកធ្វើកម្មសិក្សាជាក់ស្ដែង និងសរសេរនិក្ខេបបទនៅប្រទេសដើមវិញ (កន្លែងធ្វើកម្មសិក្សា) រួចយក ទៅការពារចំពោះមុខគ្រូ នៅអ៊ីស្រាអែល៕

Great Israel!!!!