របាយការណ៍​ខុម​ហ្វ្រែល​៖ ការបំភិតបំភ័យ ភាពមិនប្រក្រតី និង​ការរារាំង​សកម្មភាព​ឃោសនា ថយ​ចុះ​បើ​ធៀប​នឹង​ការបោះឆ្នោត​លើក​មុន​

ថ្ងៃទី 1 មិថុនា 2012
ដោយ: សុខ ភក្តី
CEN

សន្និសីទកាសែត របស់អង្គការខុមហ្វ្រែល នាព្រឹកថ្ងៃទី១មិថុនា ឆ្នាំ២០១២

សន្និសីទកាសែត របស់អង្គការខុមហ្វ្រែល នាព្រឹកថ្ងៃទី១មិថុនា ឆ្នាំ២០១២

ភ្នំពេញ: អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុម​ហ្វ្រែល បាន​រកឃើញថា ក្នុងពេល​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់​ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ មកដល់​ថ្ងៃ​បញ្ចប់​យុទ្ធនាការនា​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១២ គឺ​ការបំភិតបំភ័យ ភាពមិនប្រក្រតី និង​ការរារាំង​សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ​នានា ដែល​កើត​ឡើង​ទៅលើ​សកម្មជន​គណបក្សនយោបាយ និង​ប្រជាពលរដ្ឋ បើ​គិត​ជា​ចំនួន​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​ការថយចុះ បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​មុនៗ​។​

​របាយការណ៍ ដែល​បាន​ផ្សព្វផ្សាយនា​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១២ នៅក្នុង​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ​កណ្តាល​របស់ ខុម​ហ្វ្រែល លើកឡើងថា ក្នុងពេល​ឃោសនាបោះឆ្នោត ឃុំ​សង្កាត់ ឆ្នាំ​២០០២ កើត​ឡើង​ជាង ១០ ករណី ក្នុង​មួយ​ថ្ងៃ​។ រីឯ​ការបោះឆ្នោត ឆ្នាំ​២០០៧ កើតឡើង​ប្រមាណ ៨ ករណី ក្នុង​មួយ​ថ្ងៃ និង​ឆ្នាំ​២០១២ កើតឡើងប្រមាណ ៦ ករណី ក្នុង​មួយ​ថ្ងៃ​។​

​ខុម​ហ្វ្រែល លើកឡើងថា ករណី​ទាំង​នោះ មានដូចជា ការ​ហែក​ខិត្តប័ណ្ណ ការទិញ​សន្លឹកឆ្នោត ការរំខាន​ក្នុង​ពេល​ឃោសនា ការ​ទម្លាក់​ស្លាក​គណបក្សនយោបាយ ដែល​សរុប​ប្រមាណ​ជិត ១០០ ករណី​។ ខុម​ហ្វ្រែល ក៏​សង្កេតឃើញ​មាន​អំពើ​ហិង្សា ២ ករណី ដែល​ក្នុងនោះ ១ ករណី ក្រុមក្មេងស្ទាវវាយ​លើ​ស្ត្រី​ម្នាក់ ជា​សកម្មជន​គណបក្ស​សមរង្ស៊ី នៅ​ខេត្ត​បាត់ដំបង និង ១ ករណី​ទៀត ស្ត្រី​ជា​ភរិយា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយដំ​លើ​សកម្មជន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិចនៅ​ខេត្ត​បាត់ដំបង​។​

​ក្រៅពីនោះ ខុម​ហ្វ្រែល ក៏​បាន​សង្កេត​រកឃើញ​ថា ភាព​មិន​ប្រក្រតី​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់​គណបក្ស​នយោបាយ​នានា ដែល​បាន​កើតឡើង ករណី​នេះ​ភាគច្រើនគឺ​នៅ​ខេត្ត​កំពង់ចាម ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ បាត់ដំបង ភ្នំពេញ កំពង់ធំ កំពង់ឆ្នាំង សៀមរាប កំពត កោះកុង បន្ទាយមានជ័យ ស្ទឹងត្រែង ក្រចេះ កណ្តាល ពោធិ៍សាត់ រតនគិរី និង​តាកែវ​។ ភាគច្រើន​នៃ​អ្នកប្រព្រឹត្ត ក្នុង​ករណី​ខាងលើ គឺ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​នយោបាយ ដែល​រងគ្រោះ ច្រើន​ពី​អំពើ​ទាំងនេះ គឺ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។​

​លោក ធន សារាយ ប្រធាន​គណៈកម្មការ​នា​យក ខុម​ហ្វ្រែល បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថា គណបក្សនយោបាយ ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់នាពេលនេះ មាន​ចរិត​ចាស់ទុំ​ច្រើនក្នុង​ការដោះស្រាយ​បញ្ហា​។ រីឯ​ភាពមិនប្រក្រតី និង​ការបំភិតបំភ័យ រួម​ទាំង​អំពើ​ហិង្សា បាន​ថយចុះ​។ ក្នុងនោះ ការសម្លាប់​សកម្មជន​គណបក្សនយោបាយ មិន​កើត​មាន​ឡើយ​។​

​យ៉ាងណាក៏ដោយ ខុម​ហ្វ្រែល រកឃើញថា បើទោះបី​ករណី​ទិញ​សន្លឹកឆ្នោត ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត បាន​រកឃើញ​ចំនួន​ប្រមាណ ១០ ករណី ក៏ពិតមែន ប៉ុន្តែ​ករណី​ឲ្យ​លុយ និង​ចែក​អំណោយ​មុន​ថ្ងៃ​ឃោសនាបោះឆ្នោត គឺ​កើតឡើង​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​។​

​យោងតាម​របាយការណ៍​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គិត​ត្រឹម​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១២ គ​.​ជ​.​ប​. បាន​ទទួល​ពាក្យបណ្តឹង​ជិត ៦០ ករណី​។ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០០៧ ពាក្យបណ្តឹង​បាន​កើតឡើង​នៅ​ថ្នាក់​ឃុំ​សង្កាត់ និង​ថយចុះ​នៅ​ថ្នាក់​ខេត្ត​។ បណ្តឹង​ភាគច្រើន គឺ​ទាក់ទង​ទៅ​នឹង​ការ​ហែក​ខិត្តប័ណ្ណ ការរំខាន​សកម្មភាព​ឃោសនាបោះឆ្នោត និង​ការ​ទម្លាក់​ស្លាក​គណបក្សនយោបាយ ហើយ​បណ្តឹង​ទាំងនេះច្រើន​ធ្វើឡើង​ដោយ​គណបក្ស​ប្រឆាំង​សមរង្ស៊ី​។ ការដោះស្រាយ បណ្តឹង​ភាគច្រើន គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ពុំ​ពេញចិត្តនឹង​ការដោះស្រាយ​របស់​មន្ត្រី​ដោះស្រាយ​បណ្តឹង ដោយ​មូលហេតុ​មកពី​មន្ត្រី​នោះសុទ្ធ​តែ​មក​ពី​គណបក្សកាន់អំណាច​។​

​មិនទាន់​មាន​ប្រតិកម្ម​បែបណា​ពី គ​.​ជ​.​ប​. និង​គណបក្ស​នយោបាយ ជុំវិញ​របាយ​ការណ៍​រ​បស់​ខុមហ្វ្រែល​ខាងលើ​នៅ​ឡើយ​ទេ​៕​ S

What Next?

Recent Articles

One Response to "របាយការណ៍​ខុម​ហ្វ្រែល​៖ ការបំភិតបំភ័យ ភាពមិនប្រក្រតី និង​ការរារាំង​សកម្មភាព​ឃោសនា ថយ​ចុះ​បើ​ធៀប​នឹង​ការបោះឆ្នោត​លើក​មុន​"

  1. Vichet says:

    ការបោះឆ្នោតឃុំសង្កាត់នាពេលនេះ មានចរិតចាស់ទុំច្រើន?