សន្តិសុខ ពេល​ផ្តើម​បោះឆ្នោត ល្អ ជាមួយនឹង​ការពង្រាយ​កម្លាំង​ប៉ូលិស​ជាង ៥ ម៉ឺន​នាក់

ថ្ងៃទី 3 មិថុនា 2012
ដោយ: សុខ ភក្តី
CEN

ភ្នំពេញ: ចាប់តាំងពី​បើក​ការិយាល័យ​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ទូទាំង​ប្រទេស កាលពី​ម៉ោង ៧ ព្រឹក មក​ដល់​ម៉ោង ១០ ព្រឹក ថ្ងៃអាទិត្យ ទី​៣​មិថុនា ឆ្នាំ​២០១២ ដែល​ជា​ព្រឹត្តិការណ៍​បោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ គឺ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ ជាទូទៅ នៅ​ទូទាំង​ប្រទេស ប្រព្រឹត្តទៅ​បាន​ល្អ​។ ប៉ូលិស​បាន​ដាក់ពង្រាយ​កម្លាំង​ជាង ៥០.០០០ នាក់ ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ​នៅ​ថ្ងៃ​បោះឆ្នោត​នេះ​។​

​លោក​ឧត្តមសេនីយ៍ឯក គៀត ចន្ទ​ថា​រិទ្ធ អ្នកនាំពាក្យ​ប៉ូលិស​ជាតិ បាន​មានប្រសាសន៍​ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃទី​៣​មិថុនា ឆ្នាំ​២០១២ ថា មក​ដល់​ម៉ោង ១០ ព្រឹក​នេះ សន្តិសុខ​នៅ​ពេល​ចាប់ផ្តើម​ថ្ងៃ​បោះឆ្នោត ថ្ងៃនេះ នៅ​ទូទាំង​ប្រទេស ប្រព្រឹត្ត​ទៅ​ល្អ មិនមាន​អ្វី​ជា​ការកត់សម្គាល់​ទេ​។ ក្នុងនោះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ប្រើប្រាស់​កម្លាំង​ប៉ូលិស​ដាក់​ពង្រាង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ នៅ​ទូទាំង​ប្រទេស ជាង ៥០.០០០ នាក់​។​

​ទោះជា​យ៉ាងណា​ក៏ដោយ លោក​ឧត្តមសេនីយ៍ឯក គៀត ចន្ទ​ថា​រិទ្ធ បាន​លើកឡើង​ថា កាល​ពី​យប់មិញ មាន​ជន​ស្រវឹង​ម្នាក់ បាន​បាញ់បោះ ឡើង​លើ​ពីរ​បី​គ្រាប់ តែ​ខាង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​ណែនាំ កុំឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ទៀត​។​

​តាំងពី​ពេល​វេលា​ម៉ោង ៧ ព្រឹក នៅពេល​ការិយាល័យ​បោះឆ្នោត​បើកទ្វារ គេ​ឃើញ​អ្នកបោះឆ្នោត នៅ​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា នាំគ្នា​ទៅ​បោះឆ្នោត ដើម្បី​ជ្រើសរើស​តំណាង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅតាម​ឃុំ​សង្កាត់ ១៦៣៣ ទូទាំង​ប្រទេស​។

​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ទេព នីថា បាន​ពិពណ៌នា​ថា ដំណើរការ​បោះឆ្នោត នៅ​ទូទាំង​ប្រទេស ពេល​ចាប់​ផ្តើមដំបូង​នេះ ដំណើរការ​បាន​ល្អ​។​

​រីឯ​របាយការណ៍​របស់​ភ្នាក់ងារ CEN ក៏​បាន​រាយការណ៍​មក​ថា នៅ​គ្រប់​ខេត្ត​រាជធានី ការិយាល័យ​បោះឆ្នោត បាន​ប្រព្រឹត្តិ​ទៅ​តាម​ការគ្រោងទុក​។ ការិយាល័យ​បោះឆ្នោត ចាប់ផ្តើម​បើក​ទ្វារ​នៅ​ម៉ោង ៧ ព្រឹក និង​បិទ​នៅ​ម៉ោង ៣ រសៀល​៕​

What Next?

Recent Articles

2 Responses to "សន្តិសុខ ពេល​ផ្តើម​បោះឆ្នោត ល្អ ជាមួយនឹង​ការពង្រាយ​កម្លាំង​ប៉ូលិស​ជាង ៥ ម៉ឺន​នាក់"

  1. Vichet says:

    ជាទូទៅ ការបោះឆ្នោតឃុំសង្កាត់ នៅទូទាំងប្រទេស ប្រព្រឹត្តទៅបានល្អ។ ខេត្តសៀមរាប មានជនជាតិយួនជាច្រើនបានទៅចូលរួមបោះឆ្នោត ចំណែកនៅទីក្រុងភ្នំពេញវិញ មានពលរដ្ឋជាច្រើននាក់បានបាត់ឈ្មោះ និង រកឈ្មោះរបស់ខ្លួនមិនឃើញ។

  2. khmer007 says:

    -មានប្រជាជាជនជាច្រើនរស់នៅក្នុងខេត្តសៀមកំពុងមមាញឹកក្នុងការជួសជុលផ្ទះសំបែងទាំងយប់
    ថ្ងៃ។
    -នៅទី៤ខែ៦ឆ្នាំ២០១២ប្រជាជនមួយចំនួនកំពុងមានការព្រួយបារម្មជាខ្លាំងខ្លាចខាងអប្សារាអោយ
    រុះរើផ្ទះវិញលទ្ឋផលក្រោយពីការបោះឆ្នោតមិនជាយ៉ាងណាប្រជាជន
    -នៅទី៤ខែ៦ឆ្នាំ២០១២មានក្រុមប៉ូលីសមួយចំនួនកំពុងល្បាតតាមផ្ទះប្រជាជនដែលកំពុងជួសជុល
    មិនហើយ