Written by ភ្នំពេញដេលីញូវ
Wednesday, 13 June 2012
អ្នកកំប្លែងស្រី សុខ ចាន់ធីតា ហៅ កាតុ បានសម្តែង ការព្រួយបារម្ភ ដោយសារតែ នាងអត់មាន កូនដូចគេ ។
នាងបានរៀបការ ជាមួយលោក គង់ សុគន្ធា ដែលជាអ្នក វាយស្គរ រយៈពេល ប្រមាណជា ៥ ឆ្នាំមកហើយ ហើយនាងអត់មាន កូនតាំងពី នាងរស់នៅ ជាមួយ អតីតប្តីមុន លោក សាន ម៉ៅ មកម៉្លេះ ។
សុខ ចាន់ធីតា មានបំណងថា នឹងទៅជួប គ្រូពេទ្យ ក្នុងពេលឆាប់ៗ ខាងមុខនេះ ដើម្បីរក ដំណោះស្រាយ ពី វិបត្តិនេះថា តើត្រូវធ្វើ យ៉ាងណា ដើម្បីឱ្យ មានកូននឹងគេ ។
អ្នកកំប្លែងស្ងួត និង សិចស៊ី នាង កាតុ ដែលធ្លាប់ជា អតីត ប្រពន្ធ អ្នកកំប្លែង សាន ម៉ៅ ដែលកាលណោះ នៅក្នុង ក្រុមកំប្លែង ជាមួយគ្នា ហើយក្រោយមក រៀបការជាមួយ តន្ត្រីករវាយស្គរ ដែលកំពុង រស់នៅ ជាមួយគ្នា រហូតមកដល់ ពេលនេះ នាងនៅ តែ អត់ទាន់ មាន កូន មួយគ្រាប់ នៅឡើយទេ ។
នាង កាតុ បានរៀបរាប់ អំពីមូលហេតុ ដែលនាំឱ្យនាង អត់មានកូន ឱ្យដឹងថា “ខ្ញុំបានការពារ ដោយដាក់កងរយៈ ពេលប្រមាណជា ៨ ឆ្នាំមកហើយ ហើយប្រហែល ដោយសារខ្ញុំ ការពារយូរពេក ទើបពេលចង់ បានកូនបែរជា អត់ទៅវិញ” ។ នាងបន្តថា “ខ្ញុំមានបំណង ចង់បានកូន ហើយបាន ដកកងចេញ ឈប់ការពារ រយៈពេល មួយឆ្នាំកន្លះ មកហើយ តែរហូតមកដល់ ពេលនេះ នៅតែអត់មាន កូនដដែល ។ កាលពីមុនខ្ញុំ គិតថា ចង់បានកូន តាមកាលវេលា ឬ ពេលទំនេរ ពីការរកស៊ី តែឥឡូវ អត់គិត ទេ ចំពេលណា ក៏បានដែរ តែនៅ តែ អត់” ។
ឆ្នាំនេះ កាតុ ហើយនិងស្វាមី មានអាយុ ៣២ ឆ្នាំដូចគ្នា ហើយការអត់ទាន់ មានកូនក៏ជា មូលហេតុមួយ នាំឱ្យអ្នក ទាំងពីរ មានក្តីបារម្ភ ផងដែរ ហើយស្វាមី របស់នាងធ្លាប់ សំណូមពរឱ្យនាង ទៅជួបគ្រូពេទ្យ ផងដែរ ។
វ័យកាន់តែច្រើន ហើយនៅពេល ចង់បានកូននឹងគេ តែបែរជា អត់អ៊ីចឹង កាតុ បានប្រាប់ ឱ្យដឹងថា “ខ្ញុំមាន អារម្មណ៍ថា ភ័យដែរតើ …! ព្រោះថាប្តីប្រពន្ធ មានសុភមង្គល ជាមួយគ្នាហើយ មានប្រាក់ក៏ដោយ បើអត់មានកូន ក៏អត់សូវ មានភាព រីករាយ សប្បាយ នៅក្នុង គ្រួសារដែរ ប៉ុន្តែខ្ញុំសង្ឃឹមថា ខ្ញុំនឹងមាន កូនដូច គេឯង ហើយខ្ញុំនឹង ទៅជួបពេទ្យ ឆាប់ៗនេះ ។ ពីមុនខ្ញុំ គិតថា ចង់បានកូនស្រី … ឥឡូវនេះឱ្យតែ មានប្រុសក៏ដោយ ស្រីក៏ដោយ” ។
ទោះជាមាន កង្វល់ទាក់ទិន នឹងបញ្ហា អត់មានកូន ក៏ដោយ តែកង្វល់នេះ មិនបានធ្វើឱ្យ ជីវិតប្តីប្រពន្ធ មួយគូនេះ អាក់អន់ ស្រពន់ចិត្តអ្វី នឹងគ្នានោះទេ ដោយអ្នកកំប្លែង កាតុ អះអាងថា “ប្តីប្រពន្ធខ្ញុំ គឺធម្មតា … អត់មានចោទ អ្នកណាថា អត់មានកូន នោះ ទេ… យើងនៅ តែស្រឡាញ់គ្នា យ៉ាងល្អូកល្អិន ដដែល ពួកយើងមិន អស់សង្ឃឹម ឡើយ ព្រោះមិនទាន់ បានទៅជួប គ្រូពេទ្យ ។
ពីរនាក់ប្តីប្រពន្ធ មិនបានដាក់ការ ស្តីបន្ទោសថា មូលហេតុដែល នាំឱ្យពួកគេអត់ មានកូននោះ ដោយសារតែ ប្រើវិធីការពារ យូរពេក ឬ ក៏នរណាម្នាក់ អសមត្ថភាព ផ្លូវភេទនោះទេ គ្រាន់តែក្រោយពី ដកកងចេញហើយ ពួកគេរវល់ ការងារច្រើន មិនទាន់ បាន ទៅជួបគ្រូ ពេទ្យ ដើម្បីពិគ្រោះ អំពីបញ្ហានេះ តែប៉ុណ្ណោះ ហើយ កាតុ សង្ឃឹមថា ក្រោយពី ជួបគ្រូពេទ្យ នាងអាចនឹង មានកូន ។
ក្រៅពីមិនបន្ទោស ទៅលើការ អសមត្ថភាព នរណាម្នាក់ ហើយនោះ កាតុ បានបន្តឱ្យ ដឹងទៀតថា “បើថ្ងៃក្រោយ ទៅពួកខ្ញុំ អត់មានកូន ក៏មិនដឹងជា ធ្វើយ៉ាងម៉េច … យើងមិនអាច ទៅឈ្លោះ ទាស់ទែងគ្នា ដោយសារ រឿងអត់ កូននោះដែរ …! គឺទៅ តាម កម្មវេរា យើងទៅ … បើគេមិនចង់ មកចាប់ជាតិ ជាមួយយើង ទៅហើយនោះ … ពេលចាស់ទៅ រស់នៅ តែពីរនាក់តា ហើយនិងយាយ កាន់ស្រាក់ទៅ វត្តក៏បានដែរ” ។
បន្ទាប់ពីមាន ក្តីបារម្ភខ្លួនឯង ហើយនោះ កាតុ ក៏បានផ្តែផ្តាំដល់ ស្ត្រីមួយចំនួន ផងដែរថា“ បើមានឱកាសគួរ តែយកកូន ជាមុនសិន មុននឹងធ្វើការ ការពារកុំឱ្យ ខកពេល ព្រោះថា មិនមែនតែខ្ញុំទេ …! ខ្ញុំធ្លាប់ឮ ច្រើនហើយ អ្នកដែល ការពារមុន គឺភាគច្រើន ពេលចង់ មាន កូនវិញច្រើន តែអត់មាន …!” ។
ទោះជាមានការ ភ័យព្រួយរឿង អត់មានកូន ឬ មានក៏ដោយ ឥឡូវនេះ កាតុ មានរាងស្វែល ស្អាតជាងមុន ដោយសារតែ នាងស្រក សាច់បន្តិច ព្រោះដោយសារ តែរវល់ ការងារច្រើន ញ្ញ៉ាំមិនសូវបាន ។ ចំពោះការងារ សិល្បៈវិញ គឺក្រៅពីកំប្លែង ហើយ នោះ កាតុ ក៏ជា ពិធីការិនីផងដែរ ដែលក្នុងនោះ គឺពិធីការិនីនៅ ក្នុងកម្មវិធី “អាហារ ស្រុកយើង” នៅប៉ុស្តិ៍លេខ ៥ និង កម្មវិធី “ឋានមនុស្សលោក” នៅទូរទស្សន៍ បាយ័ន ។ ក្រោយពី បែកចេញពី ក្រុមកំប្លែងរបស់ នាយ ក្រឹម នាង កាតុ បានបង្កើតក្រុម កំប្លែងខ្លួន ឯងដែលមាន សមាជិក ៦ នាក់ ហើយសព្វថ្ងៃ ក្រុមនេះបានលេង ប្រចាំនៅក្នុង កម្មវិធី “វិមានសុបិន” របស់ទូរទស្សន៍ ហង្សមាស ទៀតផង ។ ជាងនេះ ទៅទៀតនោះ គឺនៅដើមខែ សីហា ខាងមុខនេះ នាង និង ប្តីនឹងចេញទៅ សម្តែងជាមួយ គ្នា នៅប្រទេស ជប៉ុន រយៈពេល កន្លះខែ នៅទីនោះ ទៀតផង ៕

គេចង់មានកូនខ្ញុំវិញ អោយតែភ្លេចម្តង ដឹងតែមកនៅហើយ ពិតជាយ៉ាប់មែន
Concratulation