ថ្ងៃទី 1 កក្កដា 2012
ដោយ: ខឿន សាឃាង
CEN

ទិដ្ឋភាពពិធីថ្វាយបង្គំព្រះ នៅវិហារជីវិតថ្មីមួយ នៅភ្នំពេញ ដោយមានការប្រគំតន្ត្រី និងរាំច្រៀង។
ភ្នំពេញ: នៅលើភូមិសាស្ត្រមួយ ដែលមានសាសនាមួយបានតាំងនៅជាយូរអង្វែងមកហើយ នៅពេលមានសាសនាមួយទៀតចូលមកចែករំលែក រមែងមានភាពមិនសូវស្រួលក្នុងចិត្តខ្លះ ប៉ុន្តែវានឹងទៅជាធម្មតា បន្ទាប់ពីមនុស្សស៊ាំនឹងវា។ តាមលទ្ធភាពដែលអ្នកនិពន្ធរកបាន អត្ថបទនេះផ្តោតតែលើមូលហេតុនាំឱ្យមនុស្សនៅកម្ពុជា ចូលខ្លួនទៅកាន់សាសនាគ្រិស្តតែប៉ុណ្ណោះ គឺវាមិនតំណាងឱ្យទិដ្ឋភាពរួម នៃគ្រិស្តសាសនា និងសាសនាដទៃទៀតនៅក្នុងប្រទេសកម្ពុជាឡើយ។
“ខ្ញុំមានជំងឺជាច្រើនឆ្នាំ ថ្ងៃមួយគ្រូគង្វាលម្នាក់បានមកដល់ផ្ទះខ្ញុំ បង្រៀនពីវិធីអធិដ្ឋានដល់ព្រះយេហ៊ូវ៉ា ក្រោយមក ខ្ញុំក៏បានធូរស្រាលរហូតជាសះស្បើយ”។ នេះជាសម្តីរបស់អ្នកស្រី ឌួង ពៅ កសិកររស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រាប់ពីមូលហេតុដែលនាំឱ្យគាត់មានជំនឿលើគ្រិស្តសាសនា។
រីឯអ្នកស្រី ម៉ៅ សុផានី បុគ្គលិកក្រុមហ៊ុនឯកជនមួយ នៅភ្នំពេញ បាននិយាយថា “ជិតដប់ឆ្នាំមុន មិត្តរួមថ្នាក់ម្នាក់បាននាំខ្ញុំទៅព្រះវិហារមួយ នៅម្តុំអូឡាំពិក។ បន្តិចម្តងៗ ខ្ញុំចាប់ផ្តើមស្រឡាញ់ព្រះបន្ទូលយ៉ាងជាប់ចិត្ត”។
លោក លី ប៊ុនដែន សាស្ត្រាចារ្យនៅសាកលវិទ្យាល័យឯកជនមួយ នៅភ្នំពេញ ដំណាលថា “កាលសិក្សានៅមហាវិទ្យាល័យ ខ្ញុំតាមស្រឡាញ់នារីម្នាក់ ប៉ុន្តែនាងមិនដែលអើពើនឹងខ្ញុំសោះ។ ថ្ងៃអាទិត្យមួយ នាងបបួលខ្ញុំទៅវិហារ។ ដើម្បីបាននៅក្បែរនាង ខ្ញុំបានទៅវិហាររាល់ចុងសប្តាហ៍ ហើយក៏បានក្លាយជាគ្រិស្តបរិស័ទម្នាក់”។ នារីម្នាក់នោះ បច្ចុប្បន្នជាភរិយារបស់គាត់ នោះគឺអ្នកស្រី ម៉ៅ សុផានី ហើយកូនរបស់គាត់ទាំងពីរ ដែលទើបមានវ័យប្រាំ និងប្រាំបីឆ្នាំ តែងតែបង្ហាញវត្តមាននៅវិហារជាមួយពួកគាត់ជាទៀងទាត់ដែរ។
លោក សាន កុសល និងលោក សេន ចន្ថា អតីតជាបព្វជិត និងសិក្សាជ្រៅជ្រះក្នុងពុទ្ធសាសនា (បច្ចុប្បន្នជាអ្នកបម្រើព្រះគ្រិស្ត) និយាយដោយឥតលាក់លៀមស្រដៀងគ្នាថា “ខ្ញុំមិនពេញចិត្តមន្ត្រីសង្ឃខ្លះ ដែលរណបអ្នកនយោបាយ អ្នកមានអំណាច និងអ្នកមានលុយ”។
កញ្ញា ជួន ដាណែត និស្សិតសាកលវិទ្យាល័យជាតិគ្រង់គ្រង បានប្រាប់ថា “ព្រោះខ្ញុំគិតថាសាសនាគ្រិស្តជាសាសនាថ្មីមួយ”។
លោក ប៉ាន់ រង្សី ជាគ្រូបង្រៀនភាសាអង់គ្លេស នៅសហគមន៍មួយក្នុងខេត្តកំពង់ស្ពឺ និយាយថា “ដើម្បីបានសិក្សា និងការងារធ្វើ”។
អ្នកស្រី ឌី សុភ័ណ គ្រូង្រៀននៅសហគមន៍មួយ នៅជាយរាជធានីភ្នំពេញ អះអាងថា “ព្រះយេហ៊ូវ៉ា គឺជាព្រះពិតប្រាកដ”។
ទាំងនេះជាករណីខ្លះៗ ដែលនាំឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួនប្រគល់ខ្លួនឱ្យទៅជាគ្រិស្តសាសនិក។ ភាពក្រីក្រ ការមិនយល់ពីទស្សនវិជ្ជា ឬអត្ថន័យនៃពាក្យថា “សាសនា” ឱ្យបានគ្រប់គ្រាន់ ជាមូលហេតុសំខាន់ផ្សេងទៀត។ ជាទូទៅ អ្នកដែលអាចក្លាយជាគ្រិស្តសាសនិក គឺជាអ្នកដែលមានជំនឿយ៉ាងស៊ប់ថា មាន “ព្រះ” ហើយព្រះយេហ៊ូវ៉ា ឬព្រះគ្រិស្ត គឺជាព្រះដ៏ពិត។ ការសាបព្រោះទៅលើកុមារ ការបង្កភាពងាយស្រួល ដូចជាការដឹកជញ្ជូន ក៏ជាមូលហេតុផ្សេងទៀត នាំឱ្យមនុស្សចូលខ្លួនទៅក្នុងគ្រិស្តសាសនា។
ស្ត្រី អ៊ុន ទូច អាយុ ៦៤ឆ្នាំ រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននិយាយថា “ខ្ញុំក្រ មានគេមកជួយ ហើយបបួលទៅវិហារ ដោយមានឡានដឹកទៅមកដល់ផ្ទះ ខ្ញុំក៏បានក្លាយជាអ្នកដើរតាមព្រះគ្រិស្តរហូតមក”។
ប្រហាក់ប្រហែលគ្នានេះដែរ អ្នកស្រី ឌៀប សេង នៅស្រុកលើកដែក ខេត្តកណ្តាល ដែលមានកូនក្លាយជាអ្នកបម្រើព្រះគ្រិស្តទាំង ៥នាក់ បាននិយាយទាំងមិនអើពើថា “សំខាន់ឱ្យតែមានបាយហូបទៅ គឺវាគ្រប់គ្រាន់ហើយ”។
ការកម្សាន្តសប្បាយ ច្រៀងរាំ ដោយមានការប្រគំតន្ត្រី គឺជាមូលហេតុសំខាន់មួយទៀត ដូចករណីលោក ប៉ុន វិទូ ជាដើម។ យុវជនវ័យ ២៥ឆ្នាំ រូបនេះ បានទទួលស្គាល់ថា “កាលណោះ នៅចុងសប្តាហ៍ ខ្ញុំអផ្សុករសាប់រសល់ ក៏ទៅព្រះវិហារ ព្រោះមានការប្រគំតន្ត្រី ច្រៀងរាំ យ៉ាងសប្បាយ”។
នៅក្នុងគ្រិស្តសាសនា “ការរាំ និងច្រៀង គឺជាវិធីមួយក្នុងចំណោមវិធីជាច្រើន នៃការថ្វាយបង្គំព្រះ”។ អ្នកទៅវិហារ មិនមែនដើម្បីច្រៀងរាំទេ ប៉ុន្តែបុគ្គលិកម្នាក់បម្រើការនៅក្នុងវិហារជីវិតថ្មីមួយ នៅភ្នំពេញ ដែលអះអាងថា បានបម្រើការនៅទីនោះជិតដប់ឆ្នាំមកហើយ បានឱ្យដឹងថា ក្នុងមួយថ្ងៃ វិហារនេះផ្តល់សេវាកម្មថ្វាយបង្គំព្រះប្រាំលើក ហើយក្នុងមួយលើកៗ ជាមធ្យមមានមនុស្សចូលរួមប្រមាណជាពីររយនាក់។
នារីវ័យ ២៧ឆ្នាំ រូបនេះ បង្ហើបប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា “ខ្ញុំគិតថា បើគ្មានតន្ត្រីទេ ប្រហែលជាទិដ្ឋភាពនៅក្នុងវិហារនេះនឹងប្រែប្រួលខ្លះ”។
យ៉សងណាមិញ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានបើកសិទ្ធិសេរីភាពពេញលេញដល់ជំនឿសាសនា ប៉ុន្តែធម្មនុញ្ញក៏បានចែងផងដែរថា “ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ”។
របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២ ដោយក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា គ្រិស្តបរិស័ទទាំងកាតូលិក និងប្រូតេស្តង់ នៅកម្ពុជាមាន ៩៣.៦៨៨ នាក់ ស្មើនឹង ០.៧ %។ ប៉ុន្តែអ្នកខ្លះយល់ថា ចំនួនពិតប្រាកដអាចនឹងលើសនេះបន្តិច។
តាមទិន្នន័យនេះ គ្រិស្តបរិស័ទនៅតែមានចំនួនតិចតួចនៅឡើយ ប៉ុន្តែប៉ុន្មានឆ្នាំជាប់ៗគ្នាចុងក្រោយនេះ ចរន្តនៃការចូលទៅកាន់គ្រិស្តសាសនា មានភាពសកម្មគួរឱ្យកត់សម្គាល់ បង្កឱ្យមានភាពមិនសូវកក់ក្តៅដល់អារម្មណ៍មនុស្សមួយចំនួន។
ភិក្ខុ ឃី សុវណ្ណរតនា សាកលវិទ្យាធិការរង នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ក៏ដូចជាមនុស្សជាច្រើន ដែលអ្នកនិពន្ធបាននិយាយជាមួយដែរ បានទទួលស្គាល់ថា ព្រះអង្គបារម្ភចំពោះចរន្តនេះ ប៉ុន្តែព្រះអង្គពន្យល់ថា “យើងអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយព្រះពុទ្ធោវាទ ឱ្យមនុស្សមានបញ្ញា យល់ត្រឹមត្រូវតាមសភាវពិត និងធ្វើកិច្ចានុកិច្ចជាប្រយោជន៍ដល់សង្គម ឱ្យអស់ពីលទ្ធភាព ឯការជ្រើសរើសជំនឿសាសនាណាមួយ ជាសិទ្ធិស្របច្បាប់របស់មនុស្សគ្រប់រូប”។
ចំណែកអ្នកឯកទេសផ្នែកសាសនាម្នាក់ បានជំទាស់អំពីភាពមានព្រះថា “ព្រះ គ្រាន់តែជាសំនួនវោហាស័ព្ទប៉ុណ្ណោះ”។ បញ្ញវន្តដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានបន្ថែមថា “ជំនឿដែលថាមានព្រះ ជាគំនិតហួសសម័យច្រើនរយឆ្នាំហើយ ព្រោះការមានព្រះដែរឬអត់នោះ ពួកអ្នកប្រាជ្ញដូចជាលោក សូក្រាត ជាដើម បានពិសោធ បង្ហាញ និងស្រាយបំភ្លឺច្បាស់លាស់អស់ហើយ។ បើមានព្រះ ពិភពលោកនេះវិនាសសាបសូន្យយូរហើយ”។
សូមបញ្ជាក់ថា សាសនាសំខាន់ៗនៅប្រទេសកម្ពុជា មាន ព្រហ្មញ្ញសាសនា, ព្រះពុទ្ធសាសនា ថេរវាទ ឬហីនយាន (មហានិកាយ និងធម្មយុត្តិកនិកាយ) និងមហាយាន (ជប៉ុន, វៀតណាម, គង់ស៊ីអ៊ីម, ខុងមីង, មីឡឹ, បាហៃ, កាវដាយ), គ្រិស្ត និងអ៊ីស្លាមសាសនា៕ K
សាសនាណាល្អនិងយើង គួរទៅសាសនានោះចុះ
Yes sure but I think all religions are good.
“សាសនា” និង “នយោបាយ” គឺដូចគ្នា។ គ្មានទីបញ្ចប់ បើភាគីនិមួយៗ មានជំនឿផ្កាប់មុខ និងការពារតែ មនោគមន៏វិជ្ចា ដែលខ្លួនពេញចិត្តពេញថ្លើម។
All are good but only one is super.
Religion has its own doctrine.
ប្រសិនបើមនុស្សខ្លះគិតថាគ្មានព្រះ តើអ្វីៗដែលនៅលើលោកនេះ រួមទាំងមនុស្សផង កើតមកពីណា? ពីធម្មជាតិឬ ? បើទាំងអស់នេះកើតពីធម្មជាតិ ចុះតើធម្មជាតិនោះកើតមកពីណា ?
Yes, The religion have many, but among them, it has only one that is the best.
We have to thank to whom that made the earth for us, care and stay with us every second, and love us so much.
He is the only one son of the God.
សំណួរមិនសួរថា អ្នកកាន់សាសនាអ្វីទេ! សំនួរសួថាតើអ្នកដឹងច្បាស់ទេ ថាបើអ្នកស្លាប់យប់នេះព្រលឺងអ្នកនិងទៅស្ថានសួគ័ ? សំណួរទី២ -តើហេតុអ្វី បានជាព្រះជាម្ចាស់អនុញាតិឱយអ្នកចូលឋានសួគ័ ?
សាសនាណាក៏អប់រំមនុស្សអោយប្រព្រឹត្តល្អដែល,…៕ ប៉ុន្តែជាតិជាខ្មែរដែររស់នៅក្នុងបរិបទពេល
បច្ចុប្បន្ននេះដែលរងសំពាធនូវមនោគមន៏វិជ្ជាពីបរទេសនោះ រាប់ទាំងការមើលងាយពីសំណាក់
បរទេសទ្បើងទៅជាពិសេសអ្នកជិតខាងយើង គួរតែរាស្រ្តខ្មែរទាំងអស់គោរពនូវសាសនាណាដែល
ដូនតាខ្លួនបានបន្សល់ទុកអោយ ប្រយោជន៏រក្សាអត្តសញ្ញាពជាតិសាសន៏ខ្លួនដើម្បីទប់ទល់
ហ្នឹងសំពាធនូវមនោគមន៏វិជ្ជាពីបរទេសទាំងនោះ នេះមិនខុសពីបុរាណលោកពោលថា៖
សាសនាឬអក្សរសាសន៏រលត់ជាតិរលាយ សាសនាឬអក្សរសាសន៏ពណ្ណរាយជាតិថ្កើនថ្កាន!
សាសនាមួយណា ក៏នាំមនុស្សឱយដើរផ្លូវល្អដែរ មិនដែលបង្រៀនមនុស្សលោក ឱយកាប់សម្លាប់គ្នាឡើយ គឺអ្នកដែលងប់ងល់នឹងសាសនាទេ ដែលប្រព្រឹត្តិអំពើរអាក្រក់ ប្រកាន់បក្សពួក យកសាសនាមកធ្វើជាមុខរបរផ្ទាល់ខ្លួន ដែលនាំឱយអាប់ឱនដល់សាសនានុះ។
គ្មានសាសនាណាដែលអាក្រក់ទេ ល្អទាំងអស់ហ្នឹង មុនហ្នឹងបែងចែកថាសាសនាណាល្អឫអាក្រក់ សំខាន់កុំមើលរំលង វប្បប្រពៃណីខ្លួន នឹងសង្គមផងរបស់ខ្លួនផង (បត់បែនតាមកាលទេស ជាមនុសឆ្លាត)។
សាសនាគ្រឹះ ធ្វើអ្វីៗតាមចំណង់ចំណូលចិត្តរបស់នុស្សភាគច្រើន ជាពិសេសគឺស្រទាប់យុវវ័យ ដើម្បីទាក់ទាញប្រមូលកម្លាំងអោយបានច្រើន និងមានការផ្តល់អត្ថប្រយោជន៍នានា ដល់គ្រឹស្តបរិស័ទ ម្យ៉ាង អ្នកដឹកនាំសាសនាគ្រឹះ សុទ្ធសឹងជាអ្នកចេះដឹង ដែលផ្ទុយគ្នាពីអ្នកដឹងនាំ ក្នុងព្រះពុទ្ធសាសនាខ្មែរបច្ចុប្បន្ន ហាក់មិនសូវគិតគូរពីប្រយោជន៍របស់ប្រជាពលរដ្ឋឡើយ តែផ្ទុយមកវិញ គិតតែគៀងគរ រកលុយពីពុទ្ធបរិស័ទទៅវិញ ប៉ុន្តែនៅពេលដែលរាស្ត្រមានទុក្ខ គ្មានឃើញអ្នកតំណាងវត្តណាម្នាក់ ឈឺឆ្អាលឡើយ។
ពេលខ្ឡះខ្ញុំយល់ថាព្រះសង្ឃ កាន់បក្ស ពេញទីហើយ ព្រះសង្ខបំរើបក្ខ ទង្វើរបស់ព្រះសង្ឃមានសព្វគ្រប់ហើយ ព្រះសង្ឃខ្ឡះក្លាយជាសកម្មជនរបស់បក្ស ប ជ ជទៀត
ឆ្ងល់ណាស់!!!ហេតុអីបានជាគ្រិស្តសាសនិក ចូលចិត្តបញ្ចុះបញ្ចូលគេអែងឲ្យចូលសាសនារបស់ខ្លួនម៉្លេះ?
ជំនឿនិងការប្រតិបត្តិន៍គឺមានភាពផ្ទុយគ្នា
អ្នកដែលមានជំនឿមោះមុតលើសាសនា តែងមានជំនឿថាបើខ្លួនស្លាប់ទៅ នឹងត្រូវបានទៅសោយសុខក្នុងសួ៏គា ប៉ុន្តែពេលរស់នៅជាមនុស្សលោក ចង់មានអាយុវែង…..
ប្រហែលភាពសោយសុខនៅសួគ៏ានោះទាក់ទងនឹងការសន្សំបុណ្យកុសល… ដូចសន្សំលុយដាក់កូនជ្រូកដែរមើលទៅ ?