ថ្ងៃទី 5 កក្កដា 2012
ដោយ: សុខ ភក្តី
CEN

កម្មកររោងចក្រកាត់ដេរ ត្រូវប៉ូលិសប៉េអឹម រារាំង មិនឲ្យដើរហែក្បួនបាតុកម្ម នៅចំណុចថ្លឹងឡាន នៅកំបូល តាមផ្លូវជាតិលេខ៤ កាលពីព្រឹកថ្ងៃទី៥កក្កដា ឆ្នាំ២០១២
(រូបថត៖ ស៊ីវ ចាន់ណា)
ភ្នំពេញ: កិច្ចប្រជុំ ចរចារវាងលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងរដ្ឋមន្ត្រីក្រសួងការងារ លោក វង សូត ចាប់ពីម៉ោង ២ និង ៣០ នាទី ដល់ម៉ោង ៥ ល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ លើបញ្ហាតវ៉ារបស់កម្មករកាត់ដេររោងចក្រ តៃណាន មិនទាន់សម្រេចលទ្ធផលអ្វីទេ។ កិច្ចប្រជុំនោះ នឹងធ្វើនៅព្រឹកថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១២ បន្តទៀត។
លោក រ៉ុង ឈុន ដែលទើបតែចេញកិច្ចប្រជុំ បានឲ្យដឹងថា កិច្ចពិភាក្សាបិទទ្វារ ដែលមានតំណាងសហជីពកម្មករ ភាគីថៅកែរោងចក្រ មេធាវី និងអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា ក្រោមអធិបតីភាពរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជជែកតែលើចំណុចទី១ ក្នុងចំណោមលក្ខខណ្ឌ ៥ ចំណុច ដែលកម្មកររោងចក្រកាត់ដេរ តៃណាន បានទាមទារ សម្រាប់ការតវ៉ាជាង ១០ ថ្ងៃមកហើយ។ រីឯ ៤ ចំណុចទៀត ត្រូវបានយកទៅដាក់លើតុចរចារួម នៅថ្ងៃទី១១កក្កដា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការងារ ដែលជាយន្តការត្រីភាគី រវាងសហជីពតំណាងកម្មករ ភាគីរោងចក្រកាត់ដេរ និងមន្ត្រីរដ្ឋាភិបាល។
លោក រ៉ុង ឈុន បានបញ្ជាក់ថា “បើយើងនិយាយពីលទ្ធផល គឺមិនមានផ្លែផ្កាអ្វីទេ។ ការជជែកនោះ ចំណុចក្តៅ គឺលើចំណុចទី១ ដែលនិយាយពីអត្តប្រយោជន៍ផ្សេងៗ ឲ្យគិតទៅតាមច្បាប់ការងារ ដោយសារតែក្រុមហ៊ុនដូរឈ្មោះនឹង។ ក្រុមកម្មករទាមទារប្រាក់ចំនួន ១៣៥ ដុល្លារ ក្នុងមួយឆ្នាំ។ តែក្រុមហ៊ុនព្រមព្រៀងផ្តល់ឲ្យត្រឹមតែ ៧០ ដុល្លារប៉ុណ្ណោះ។ ចំណុចនេះ មិនបានជាផ្លែផ្លា ប៉ុន្តែត្រូវបានឯកភាពថា នឹងជជែកបន្តនៅថ្ងៃស្អែក (ថ្ងៃទី៦កក្កដា ) ចែកជាបីវគ្គ។ ទី១-តំណាងក្រសួងការងារ ជួបជាមួយភាគីនិយោជក។ ទី២-តំណាងក្រសួងការងារ ជួបជាមួយភាគីកម្មករ។ ទី៣-ប្រជុំរួម ក្រោមអធិបតីឯកឧត្តម វង សូត”។
លោក រ៉ុង ឈុន បានបន្តថា “ចំពោះការទាមទាររបស់កម្មករ លើចំណុចទី២ ទី៣ ទី៤ និងទី៥ យើងបានឯកភាពគ្នា យកទៅជជែក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ ដោយសារតែថ្ងៃនោះ គណៈកម្មការក្រុមប្រឹក្សាការងារ នឹងជួបប្រជុំគ្នា ដើម្បីជជែកពីប្រាក់អត្ថប្រយោជន៍កម្មករទូទាំងប្រទេស ដូចជា ប្រាក់រង្វាន់ ថ្លៃធ្វើដំណើរ និងថ្លៃស្នាក់នៅ ជាដើម”។
សូមរម្លឹកថា លោក រ៉ុង ឈុន នៅព្រឹកថ្ងៃទី៥កក្កដា ឆ្នាំ២០១២ បានដឹកនាំកម្មករកាត់ដេរ ជាង ១០០០ នាក់ ដើរហែក្បួនតវ៉ា ពីរោងចក្រកាត់ដេរ តៃណាន ដែលបានប្តូរឈ្មោះ មកពីរោងចក្រ ៣ គឺតៃយ៉ាងទី១ តៃយ៉ាងទី២ និងរោងចក្រ ខាំវេល នៅម្តុំផ្សារបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដើរតាមផ្លូវជាតិលេខ ៤ សំដៅចូលក្រុងភ្នំពេញ។
ក៏ប៉ុន្តែក្បួនបាតុកម្មនោះ នៅម៉ោងជាង ៩ ព្រឹកនេះ ត្រូវបានប៉ូលិស និងប៉េអឹម រារាំង ត្រឹមកន្លែងថ្លឹងឡាន នៅកំបូល។ ក្រុមកម្មករ ដែលភាគច្រើនជាស្ត្រី បានអង្គុយ នៅកន្លែងថ្លឹងឡាន ដើម្បីរង់ចាំលទ្ធផលនៃការចរចារវាងលោករ៉ុងឈុន និងលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ នារសៀលនេះ។ ការរារាំងនោះ មិនមានអំពើហិង្សាធ្ងន់ធ្ងរ កើតឡើងទេ។
លោក រ៉ុងឈុន អះអាងថា លោកត្រូវនាំដំណឹងនៃលទ្ធផលពីកិច្ចចរចានេះ ទៅកាន់ក្រុមកម្មករ នៅកន្លែងថ្លឹងឡាន ដើម្បីឲ្យកម្មកររំសាយ ទៅកាន់ផ្ទះស្នាក់នៅ ក្បែររោងចក្រកាត់ដេរ នៅបែកចានវិញ។ ប៉ុន្តែលោកបានព្រមានថា នៅថ្ងៃស្អែក ថ្ងៃទី៦កក្កដា ឆ្នាំ២០១២ កម្មកររោងចក្រកាត់ដេរប្រមាណ ៤.០០០ នាក់ នឹងបន្តធ្វើកូដកម្ម ឈរនៅមុខរោងចក្រកាត់ដេរ តៃណាន រហូតដល់ការចរចា មានដំណោះស្រាយ។
ជាការកត់សម្គាល់ កាលពីព្រឹកព្រលឹមថ្ងៃទី៥កក្កដា ឆ្នាំ២០១២នេះ ក្រុមកម្មករដឹកនាំដោយលោក រ៉ុង ឈុន បានដើរហែក្បួនចេញពីមុខរោងចក្រ នៅជិតផ្សារបែកចាន ដើរសំដៅចូលរាជធានីភ្នំពេញ។ តែនៅព្រឹកមិញ ប៉ូលិស បានព្យាយាមរាំងខ្ទប់ក្រុមកម្មករម្តងហើយ តែមិនបានសម្រេច។
សូមជម្រាបថា កាលពីថ្ងៃពុធ ទី៤ កក្កដា ឆ្នាំ២០១២ ក្រុមកម្មករកាត់ដេរ ដែលដឹកនាំដោយលោក រ៉ុងឈុន បានតវ៉ាឈរបិទផ្លូវជាតិលេខ៤ អស់ពេលជាង ៥ម៉ោង ចាប់ពីម៉ោងជាង ៨ ព្រឹក។ ការតវ៉ាបិទកំណាត់ផ្លូវពីភ្នំពេញទៅខេត្តព្រះសីហនុ នៅម្តុំផ្សារបែកចាន ក្នុងស្រុកអង្គស្នួល ដើម្បីទាមទារឲ្យរោងចក្រកាត់ដេរ យីហោ តៃណាន ផ្តល់ដំណោះស្រាយលើការតវ៉ារបស់កម្មករ ៥ ចំណុច រួមមាន៖១-សុំឱ្យក្រុមហ៊ុនធ្វើការទូទាត់នូវអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ ស្ដីពីការងារ ដោយក្រុមហ៊ុនបានប្ដូរឈ្មោះរោងចក្រ ចំនួន ១៣៥ ដុល្លារ ក្នុងមួយឆ្នាំ។ ២-សុំឱ្យក្រុមហ៊ុនផ្ដល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ។ ៣-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់ថ្លៃទឹកដោះគោឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ។ ៤-សុំឱ្យក្រុមហ៊ុនឡើងប្រាក់រង្វាន់ទៀងទាត់ ឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ និងទី៥-សុំឱ្យក្រុមហ៊ុនកុំយកប្រាក់មុខតំណែង និងបច្ចេកទេសយកមកកាត់ទូទាត់ នៅពេលកម្មករ-កម្មការិនី និងថ្នាក់ដឹកនាំសុំច្បាប់ចាប់ពីបីថ្ងៃឡើងទៅ៕
បិទរោងចក្រចោល ឲក្រទាំងអស់គ្នាហ្ម៎ងទៅ!
គាបក ចិន លៀនអណ្ដាតខ្មែរ គេជាចៅកែ គេមិនដែលចាញ់កម្មករទេ អត់ពីស្រុកខ្មែរ ក៍គេអាចទៅប្រទេសក្រីក្រដទៃដែរ។ សូមតវ៉ាតាមច្បាប់កំណត់។ កុំជឿតាមលោក រន្ធ ឆុង (រ៉ុង ឈុន) គេបានលុយពីកម្មករ និងពីថៅកែ ពេលជិតបោះឆ្នោតគេយកកម្មករជាឈ្នាន់ជួយបក្សប្រឆាំង។