ប៉ូលិស​រារាំង​កម្មករ​មិន​ឲ្យ​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​ជាតិ​លេខ​៤​ចូល​ទី​ក្រុង​ភ្នំពេញ​

ថ្ងៃ ព្រហស្បតិ៍ 05 កក្កដា 2012
ដោយ លី ម៉េងហួរ
RFI

ដូច​ការ​​គ្រោង​ទុក​ នា​ព្រឹក​​ព្រលឹម​​ថ្ងៃ​​ព្រហស្បតិ៍​ ទី​​៥​​កក្កដា​​នេះ ​លោក​ រ៉ុង ឈុន ​បាន​​ដឹកនាំ​​កម្មករ​​កាត់ដេរ​​ជាង​ ១០០០​ នាក់​ដើរ​​ហែ​​ក្បួន​​តវ៉ា​ពី​​រោងចក្រ​​កាត់ដេរ​ តៃ​ណាន​ដែល​​បាន​​ប្តូរ​​ឈ្មោះ​ មក​ពី​​រោងចក្រ​៣ ​គឺ​​តៃ​​យៀ​ន​ទី​​១ ​តៃ​យៀ​ន​ទី​​២​និង​​រោងចក្រ​ ខាំ​វេល​នៅ​​ម្តុំ​​ផ្សារ​​បែក​ចាន​ ក្នុង​​ស្រុក​​អង្គស្នួល​ខេត្ត​​កណ្តាល ​ដើរ​​តាម​​ផ្លូវជាតិ​​លេខ​​៤ ​សំដៅ​​ចូល​​ក្រុងភ្នំពេញ​។​ ក៏​ប៉ុន្តែ​​ក្បួន​​បាតុកម្ម​​នោះ ​ត្រូវ​បាន​ប៉ូលិស​និង​​ប៉េអឹម ​រារាំង​នៅ​​ម៉ោង​​ជាង​ ៩​ ព្រឹក​​នេះ​ នៅ​​កន្លែង​​ថ្លឹង​​ឡាន​កំបូល​។​ ក្រុម​កម្មករ​ ដែល​​ភាគ​ច្រើន​​ជា​​ស្ត្រី​ បាន​​អង្គុយ​រង់​ចាំ​​លទ្ធផល​នៃ​​ការ​ចរចា​​រវាង​​លោក​​រ៉ុង​ឈុន​និង​​លោក ​វង សូ​ត​រដ្ឋ​មន្ត្រី​ក្រសួង​​ការងារ​នា​​រសៀល​​នេះ​។​ ប៉ុន្តែ​​កិច្ច​ចរចា ​មិន​​បាន​​ចេញ​​លទ្ធផល​​ផ្លែផ្កា​​អ្វី​​ទេ​ ហើយ​​និង​​បន្ត​​ពិភាក្សា​​នៅ​​ថ្ងៃ​​សុក្រ​ស្អែក​​បន្ត​ទៀត​។

ក្រុម​នគរបាល ធ្វើអន្តរាគមន៍រារាំង​មិន​ឲ្យ​កម្មករ​រោងចក្រ​ដើរហែក្បួន​តាមផ្លូវជាតិលេខ៤​ចូលទីក្រុង​ភ្នំពេញ

ក្រុម​នគរបាល ធ្វើអន្តរាគមន៍រារាំង​មិន​ឲ្យ​កម្មករ​រោងចក្រ​ដើរហែក្បួន​តាមផ្លូវជាតិលេខ៤​ចូលទីក្រុង​ភ្នំពេញ
RFI/Ly Meng Hour

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ

(02:28)

លោ ក​រ៉ុង ឈុន  បាន​នាំ​យក​លទ្ធផល​នៃ​កិច្ចចរចា​រវាង​លោកតំណាង​កម្មករភាគី​ថៅកែ​រោង​ចក្រ​​ តំណាង​សមាគម​រោងចក្រ​កាត់ដេរ និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ ទៅ​ប្រាប់​ក្រុម​កម្មករ នៅ​កន្លែង​ថ្លឹង​ឡាន តាម​ផ្លូវជាតិ​លេខ ៤ ព្រំប្រទល់​ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ​។ កិច្ចប្រជុំ ចរចា ចាប់ពី​ម៉ោង ២ និង ៣០ នាទី រសៀល ដល់​ម៉ោង ៥ ល្ងាច​នេះ មិន​មាន​លទ្ធផល​ជា​ផ្លែផ្កា​អ្វី​ទេ​។ កិច្ចប្រជុំ​នោះ នឹង​ធ្វើ​បន្ត​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ ខែកក្កដា ឆ្នាំ​២០១២​។


​លោករ៉ុង ឈុន បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា កិច្ចប្រជុំ​ចរចាបាន​ជជែក​តែ​លើ​ចំណុច​ទី​១ ក្នុង​​ចំណោម​លក្ខខណ្ឌ៥ ចំណុចដែល​កម្មករ​រោងចក្រ​កាត់ដេរតៃ​ណាន បានទាមទារ សម្រាប់​​ការតវ៉ា​ជាង ១០ ថ្ងៃ​មក​ហើយ​។ រីឯ ៤ ចំណុច​ទៀត នឹង​ត្រូវ​យកទៅ​ដាក់​លើ​តុ​ចរចា​រួម នៅ​ថ្ងៃ​ទី​១១​កក្កដា ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ការងារ ដែល​ជា​យន្តការ​ត្រីភាគី រវាង​សហជីព​តំណាង​កម្មករ ភាគី​រោងចក្រ​កាត់ដេរ និង​មន្ត្រី​រដ្ឋាភិបាល​។​

ប្រធាន​សហជីព​តំណាង​កម្មករ បានបញ្ជាក់​ថា ការជជែក​ចរចា​លើ​ចំណុច​ទី​១ដែល​ជា​ចំណុច​ក្តៅ​និយាយ​ពី​អត្ត​ប្រយោជន៍​ផ្សេងៗ​សម្រាប់​កម្មករ ពេល​រោងចក្រ​ដូរ​ឈ្មោះ គឺ​កម្មករ​ទាមទារ​ឲ្យ​គិត​ទៅ​តាម​ច្បាប់​ការងា​រ​។ ក្រុមកម្មករ​ទាមទារ​ប្រាក់​ចំនួន ១៣៥ ដុល្លារ ក្នុង​មួយ​ឆ្នាំ​។ តែ​ក្រុមហ៊ុន ព្រមព្រៀង​ផ្តល់​ឲ្យ​ត្រឹមតែ ៧០ ដុល្លារ​ប៉ុណ្ណោះ​។ ចំណុច​នេះ មិន​ត្រូវរ៉ូវ​គ្នា ដោយ​នឹង​ជជែក​​បន្ត​នៅ​ថ្ងៃស្អែក (​ថ្ងៃទី​៦​កក្កដា ) ក្នុង​កិច្ចប្រជុំ​នៅ​ក្រសួង​ការងារ​។

ចំណែក​ការទាមទារ​របស់​កម្ម​ក​រ លើ​ចំណុច​ទី​២ ទី​៣ ទី​៤ និង​ទី​៥ នឹង​ត្រូវ​យក​ទៅ​ជជែក នៅ​ថ្ងៃ​​ទី​១១ខែកក្កដាឆ្នាំ​២០១២ ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ក្រុមប្រឹក្សា​ការងារ ដែល​ត្រូវ​ជជែក​ពី​ប្រាក់​​​អត្ថប្រយោជន៍​កម្មករ​ទូ​ទាំង​ប្រទេស ដូចជា ប្រាក់រង្វាន់ ថ្លៃ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់នៅ ជា​ដើម​។​

កិច្ចប្រជុំ​ចរចា​រវាង​លោក​រ៉ុង​ឈុន និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ ព្រមទាំង​ភាគី​រោងចក្រ​កាត់ដេរ នៅ​រសៀល​ថ្ងៃ​នេះ បាន​ធ្វើឡើង​ភ្លាមៗក្រោយពី​ក្រុម​កម្មករ​កាត់ដេរ​ជាង១.០០០ នាក់ បានដើរ​ហែ​ក្បួន ពី​មុខ​រោងចក្រ តៃ​ណាន នៅ​ជិត​ផ្សារ​បែក​ចាន ដើរ​តាម​ផ្លូវជាតិ​លេខ​៤ ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​៥​កក្កដា​នេះ​។ ប៉ុន្តែ​ក្បួន​បាតុកម្ម ត្រូវ​ប៉ូលិស និង​ប៉េអឹម រារាំង ត្រង់​ចំណុច​ថ្លឹង​ឡាន កំបូល​។ ហេតុការណ៍​នោះ មិន​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ វាយ​លើ​ស្ត្រី​កម្មករ ឬ​ក៏​ចាប់​ខ្លួន​បាតុករ​ឡើយ​៕

———————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

One Response to "ប៉ូលិស​រារាំង​កម្មករ​មិន​ឲ្យ​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​ជាតិ​លេខ​៤​ចូល​ទី​ក្រុង​ភ្នំពេញ​"

  1. អ្នកធំ គេកំពុងប្រជុំ មិនត្រូវមករញ៉ីរញ៉ៃនៅភ្នំពេញឡើយ! កុំជឿគេញ៉ុះញ៉ុងអោយសោះ ប្រយត្នស្ដាយក្រោយ!!!