ថ្ងៃ សៅរ៍ 07 កក្កដា 2012
ដោយ ប៉ែន បូណា
RFI
ថ្ងៃទី៧កក្កដានេះជាខួបគម្រប់៤ឆ្នាំនៃការចុះឈ្មោះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧កក្កដា ២០០៨- ៧ កក្កដា ២០១២ )។ ប៉ុន្តែ ថ្ងៃនេះ កម្ពុជាមិនបានប្រារព្ធពិធីរម្លឹកខួបដូចរាល់ឆ្នាំនោះទេ ដោយសារតែគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោកជាប់រវល់។ ពិធីនេះនឹងត្រូវលើកទៅធ្វើនៅថ្ងៃទី១៨កក្កដាខាងមុខ។ ស្របពេលជាមួយគ្នានេះដែរ សន្និសីទ និងពិព័រណ៍ដែលមានឈ្មោះថា «មិត្តរបស់ប្រាសាទព្រះវិហារ» ក៏ត្រូវគេគ្រោងបើកធ្វើនៅពាក់កណ្តាលខែកក្កដានេះផងដែរនៅទីក្រុងភ្នំពេញ។
គ្មានពិធីគគ្រឹកគគ្រេងដូចឆ្នាំមុនៗទេនៅថ្ងៃទី៧កក្កដានេះ ដែលជាថ្ងៃគម្រប់ខួបទី៤ឆ្នាំនៃការចុះប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ កម្មវិធីនេះនឹងត្រូវគេលើកពេលទៅធ្វើនៅថ្ងៃទី១៨កក្កដាខាងមុខនេះវិញ។ លោក ហង់ សុទ្ធ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា ការខកខានមិនបានប្រារព្ធពិធីនៅថ្ងៃនេះ គឺបណ្តាលមកពីថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោកជាប់រវល់ការងារ។ យ៉ាងណាក៏ដោយ ពិធីនេះនឹងមិនត្រូវបានលុបចោលទេដោយគ្រាន់តែលើកពេលប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះដែរ សន្និសីទ និងពិព័រណ៍ឈ្មោះថា «មិត្តរបស់ប្រាសាទព្រះវិហារ» ក៏ត្រូវគេគ្រោងនឹងបើកធ្វើរយៈពេល៣ថ្ងៃពីថ្ងៃទី១៤ដល់១៦កក្កដាខាងមុខនេះដែរនៅទីក្រុងភ្នំពេញ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានប្រាប់ឲ្យដឹងនៅថ្ងៃនេះថា ពិព័រណ៍នេះគឺជាវេទិការបស់មហាជនទូទៅដែលមានបំណងចង់ដាក់តាំងរូបថត ឬឯកសារពាក់ពន្ធ័នឹងប្រាសាទព្រះវិហារ។
ប្រាសាទព្រះវិហារត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧កក្កដាឆ្នាំ២០០៨ដោយអង្គការយូណេស្កូ។ ការចុះបញ្ជីប្រាសាទព្រះវិហារដែលមានប្រទេសកម្ពុជាជាម្ចាស់កម្មសិទ្ធិបានធ្វើឲ្យរដ្ឋាភិបាលថៃខឹងសម្បារ។ មួយសប្តាហ៍ក្រោយមក ពោលគឺនៅថ្ងៃទី ១៥ កក្កដាឆ្នាំ ២០០៨ កងទ័ពថៃបានបង្កហេតុរហូតដល់ផ្ទុះសង្គ្រាមនៅតាមជាយដែន។
ជម្លោះតានតឹង ស្តីពីប្រាសាទព្រះវិហារបានបង្ខំឲ្យកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដោយសុំឲ្យតុលាការនេះចាត់វិធានការបន្ទាន់ ដើម្បីការពារប្រាសាទចេញពីគ្រោះថ្នាក់។ កម្ពុជាក៏សុំឲ្យតុលាការក្រុងឡាអេបកស្រាយឡើងវិញនូវសាលក្រមឆ្នាំ១៩៦២ ដែលតុលាការនេះបានកាត់ក្តីឲ្យកម្ពុជាឈ្នះភាគីថៃផងដែរ។ ឆ្លើយតបនឹងបណ្តឹងនេះ តុលាការយុត្តិធម៌អន្តរជាតិក៏បានចេញសាលដីកាកាលពីថ្ងៃទី១៨កក្កដាឆ្នាំ២០១១ ដោយតម្រូវឲ្យភាគីទាំងពីរដកទ័ពចេញពីតំបន់មានជម្លោះ។ ប៉ុន្តែ រហូតមកទល់ពេលនេះ ថៃនៅតែមិនព្រមដកទ័ពដដែល បើទោះបីជាថៃប្តូររដ្ឋាភិបាលថ្មី ក៏ដោយ។ យ៉ាងណាក៏ដោយ ប្រាសាទព្រះវិហារបានក្លាយជាមោទនភាពជាតិខ្មែរកាន់តែខ្លាំងឡើងបន្ទាប់ពីប្រាសាទនេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករយៈពេល៤ឆ្នាំកន្លងទៅនេះ៕
————————————————–



រដ្ឋាភិបាលចូរគឹតឲ្យបានច្បាស់។ប្រទេសសៀមវាគ្រាន់តែដូរតែរដ្ឋាភិបាលតែល្បិច
និងមហិច្ឆត្តារបស់វាមិនបោះបង់ទេ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
មិនត្រូវផ្លិចខ្លួនឡើយ!!!
ពាក្យចាស់លោកពោលថាសៀមមិនចោលក្បួនយួនវាមិនចោលពុត!!!
ចូរខ្មែរគ្រប់រូបចងចាំឲ្យច្បាស់!!!