ដោយ ជិន ជេដ្ឋា
2012-07-07
វិទ្យុអាស៊ីសេរី
ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅឃុំជីខលើ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅលោកឧកញ៉ា លី យ៉ុងផាត់ ជាច្រើនឆ្នាំមកហើយនោះ បានជ្រួលច្របល់ និងខ្វល់ខ្វាយខ្លាចបាត់បង់ដីធ្លី ដោយសារតែតុលាការខេត្តកោះកុង សម្រេចពន្យារពេលបើកសវនាការជម្រះក្ដីពួកគាត់ ពីថ្ងៃទី១២ ទៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២ វិញ។
ការពន្យារពេលនេះ ធ្វើឡើងតាមការស្នើសុំរបស់មេធាវីក្រុមហ៊ុន ក្រោមហេតុផលថា ជាប់រវល់សវនាការនៅភ្នំពេញ។
នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២ ប្រជាពលរដ្ឋបានជំរុញឲ្យតុលាការខេត្តកោះកុង បើកសវនាការឲ្យបានឆាប់ ព្រោះខ្លាចអាជ្ញាធរមូលដ្ឋានផ្សំគំនិតជាមួយក្រុមហ៊ុន ប្រើល្បិចផ្សេងៗដើម្បីយកដីពួកគាត់ដោយគ្មានសំណងអ្វីសោះ។
តំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះ អាន ហៃយ៉ា លោកមានប្រសាសន៍ថា ក្រុមប្រជាពលរដ្ឋនឹងលើកគ្នាទៅសាលាឃុំជីខលើ នៅព្រឹកថ្ងៃទី៩ កក្កដា ដើម្បីសួរនាំលើដំណើរសម្រង់ឈ្មោះ និងការកំណត់ផ្ទៃដីរបស់ប្រជាពលរដ្ឋ៖ «គេគ្រាន់តែធ្វើសម្រង់ឈ្មោះប្រជាពលរដ្ឋដែលកាន់កាប់ដី តែមិនមែនជាលក្ខណៈពិតប្រាកដ។ តើហេតុអ្វីបានជាផ្ដិតមេដាយ ហើយចុះអត្តសញ្ញាណប័ណ្ណ ហើយដាក់ទាំងទំហំដី ដាក់ទាំងចំនួនក្បាលស្រែ។ ឥឡូវចំណុចទាំងពីរនេះ ខ្ញុំមិនទាន់ដឹងច្បាស់លាស់ថា អាជ្ញាធរធ្វើហ្នឹងក្នុងគោលបំណងណាមួយទេ»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ថន ខុន បានបន្ថែមថា ក្រោយពីអាជ្ញាធរមូលដ្ឋានប្រាប់ថា ធ្វើប្លង់រឹងឲ្យកាន់កាប់ដីស្របច្បាប់ជូនប្រជាពលរដ្ឋ នៅទូទាំងឃុំ ប្រជាពលរដ្ឋក្នុងភូមិគាត់មានការសប្បាយចិត្ត និងបានទៅផ្ដិតមេដាយ បញ្ជាក់លើក្បាលដីរបស់ខ្លួនជាច្រើនគ្រួសារ ប៉ុន្តែពួកគាត់ព្រួយបារម្ភ និងខ្លាចបាត់បង់ដីទៅវិញ នៅខណៈដែលតុលាការសម្រេចលើកពេលសវនាការជម្រះករណីដីធ្លីរបស់ពួកគាត់៖ «ចុះហើយៗ ផ្ដិតមេដាយហើយ ប៉ុន្តែខ្ញុំភ័យព្រួយខ្លាចតែគេក្រឡាច់ថា ខ្ញុំហ្នឹងគេដោះស្រាយឲ្យហើយ ខ្ញុំព្រួយចិត្តប៉ុណ្ណឹង ព្រួយគ្រប់គ្នាទាំងអស់ ហើយអាជ្ញាធរអត់មានហៅប្រជុំប្រជាពលរដ្ឋសោះ»។
ឆ្លើយតបទៅនឹងការចោទប្រកាន់ និងក្ដីបារម្ភរបស់ប្រជាពលរដ្ឋ មេឃុំជីខលើ លោក ឆាយ វុធ មានប្រសាសន៍ថា ការចោទប្រកាន់មកលើអាជ្ញាធរ គឺមានតែអ្នកប្រឆាំងពីរទៅបីនាក់ប៉ុណ្ណោះ ក្រៅពីនោះប្រជាពលរដ្ឋស្ទើរ ៨០%បានមកចុះឈ្មោះ និងផ្ដិតមេដាយអះអាងលើក្បាលដីរៀងៗខ្លួនអស់ហើយ៖ «អត់មានបង្ខំយកអត្តសញ្ញាណប័ណ្ណអីទេ មានក៏មាន អត់ក៏ហី ផ្ដិតមេដាយដើម្បីគាត់ចង់បញ្ជាក់ថា គាត់មានដីពីរបីកន្លែង អីចឹងដល់ពេលគេធ្វើប្លង់បឋមឲ្យគាត់ គាត់ត្រូវចង្អុលថា ដីគាត់កន្លែងនេះ កន្លែងនោះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានសុរិយោដីខេត្តកោះកុង លោក រស់ វីរ៉ាវុធ និងមេធាវីការពារក្ដីឲ្យក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ គឺលោក ទូច ឆាយ ដើម្បីសុំព័ត៌មានបន្ថែមលើការចោទប្រកាន់ និងក្ដីបារម្ភរបស់ប្រជាពលរដ្ឋបានទេ នៅថ្ងៃទី៦ ខែកក្កដា។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលនៃអង្គការ លីកាដូរ (Malaysia) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២ លោក និងក្រុមការងារ បានចុះទៅជួបពលរដ្ឋ និងមេឃុំផ្ទាល់ ដោយសារតែកន្លងមកលោកមើលឃើញថា អាជ្ញាធរភូមិ និងឃុំមានការរើសអើងប្រជាពលរដ្ឋ និងមិនសូវយកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់នោះទេ៖ «គាត់បានប្រាប់យើងថា គាត់ទទួលការណែនាំឲ្យត្រៀមស្រង់ទិន្នន័យរឿងការប្រើប្រាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ហើយមួយទៀត គឺគាត់ត្រៀមធ្វើការសហការមន្ត្រីជំនាញដូចជា សុរិយោដី ព្រៃឈើ ហើយនឹងបរិស្ថាន ដើម្បីកំណត់និយាមកាថា ដីណាប្រជាជនកំពុងប្រើ ហើយដីណាដីសាធារណៈរបស់រដ្ឋ»។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ថ្មីៗនេះ សាលាខេត្តកោះកុង បានចាត់តាំងក្រុមការងារជំនាញចំនួនបីក្រុម ដើម្បីចុះវាស់វែងដីធ្លី នៅតំបន់មានជម្លោះ និងគ្មានជម្លោះទូទាំងខេត្ត ទើបក្រុមការងារលោកចុះតាមអង្កេតលើដំណើរការនេះជាប្រចាំ និងជំរុញឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
បងប្អូនអូនអើយ សង្ឍឹមផ្កាយលើមេឃទៅ ។ លោកនាយករដ្ឋមន្ត្រីយើងនិយាយ
នៅថ្ងៃទី១៤ និ២៦ ខែ មិថុនា ឲ្យតែល្អមើល និងល្អស្តាប់ប៉ុណ្ណោះ ។ គាត់ធ្វើនេះ
ដើមី្បប្រជាប្រិយភាពរបស់គាត់ សម្រាប់ប្រមូលសម្លេងឆ្នោតនាពេលខាងមុខ
ប៉ុណ្ណោះ ។ ដីនៅតែជាដីរបស់ក្រុមហ៊ុនដដែល គាត់គ្រាន់តែយកពាក្យប្រជា
ជនមកធ្វើជាខែលប៉ុណ្ណោះ សារជាតិរបស់គាត់ គឺការពារឧកញ្ញ៉ាខិលខូច
ប៉ុណ្ណោះ តីអ្នកណា ដែលផ្តល់ប្រាក់ ឲ្យហ៊ុន សែនធ្វើសាលារៀនកន្លងមក ។
សួរខ្ញុំឯណេះទៅ ធ្លាប់ជិះទូកដើរលែងកំសាន្តជាមួយគាត់ កាលពីមិនទាន់ធ្វើ
រដ្ឋមន្ត្រីក្រសួងការបរទេស ។ ម្យ៉ាងទៀតមន្ត្រីថ្នាក់ក្រោមរបស់គាត់មិនដឹងជា
អនុវត្តតាមកម្រិតណាទេ ព្រោះមន្ត្រីនៅខេត្តកោះកុងសុទ្ធតែជាខ្សែរបស់ បង
ហេង បងជា និងបងបាញ់ បាទ ។ សុំទោសដូចជាដឹងរឿងគេច្រើនពេកហើយ។