ពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ ត្អូញត្អែរ​ពី​ការ​ដាច់​ភ្លើង​ញឹកញាប់

ដោយ ជិន ជេដ្ឋា
2012-07-07
​វិទ្យុ​អាស៊ីសេរី

ប្រជាពលរដ្ឋ និង​អាជីវករ​ជា​ច្រើន​នាក់​នៅ​ក្រុង​ព្រះសីហនុ បាន​នាំ​គ្នា​តវ៉ា​ចំពោះ​ការ​ដាច់​ចរន្ត​អគ្គិសនី​ញឹកញាប់ បណ្ដាល​ឲ្យ​ការ​រក​ស៊ី​របស់​ពួក​គាត់​ដូច​ជា ផ្សារដែក សម្អាងការ អ៊ុតសក់ និង​លក់​គ្រឿង​សមុទ្រ​ជា​ដើម ត្រូវ​រាំង​ស្ទះ និង​ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់​ជា​រៀង​រាល់​ថ្ងៃ។

ជាង​ផ្សារដែក​ម្នាក់ ដែល​មាន​ហាង​នៅ​បណ្ដោយ​ផ្លូវ​ស៊ីធី (CT) ជិត​ផ្សារ​ពាណិជ្ជកម្ម ក្រុង​ព្រះសីហនុ ឈ្មោះ ប៊ុន សិន លោក​មាន​ប្រសាសន៍​ថា មុខ​របរ​របស់​លោក គឺ​ពឹង​ផ្អែក​លើ​ភ្លើង​អគ្គិសនី​ប្រើ​ជា​ចាំបាច់។ ការងារ​របស់​លោក​ត្រូវ​រាំង​ស្ទះ និង​បាត់​បង់​ចំណូល​យ៉ាង​ច្រើន គិត​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ ក្រោយ​ពី​មាន​ការ​ដាច់​ភ្លើង​ញឹកញាប់​មក ជា​ពិសេស​នៅ​រយៈពេល ៣​ខែ​ចុង​ក្រោយ​នេះ៖ «តាំង​ពី​គាត់​ត​អា​បណ្ដាញ​មក​ពី​វៀតណាម​ហ្នឹង​មក ភ្លើង​ដាច់​ញឹកញាប់ អត់​ដូច​មុន​ទេ។ កាល​ពី​មុន អត់​អីចឹង​ទេ​បង។ ជា​ទូទៅ​នៅ​ក្នុង​មួយ​ខែ ខ្ញុំ​ទូទាត់​ថ្លៃ​ផ្ទះ​ហើយ អី​ហើយ ខ្ញុំ​អាច​សល់ ២០០​ទៅ​៣០០​ដុល្លារ។ ប៉ុន្តែ បន្ទាប់​ពី​ដាច់​ភ្លើង​ញឹកញាប់​ទៅ ធ្លាក់​រហូត​អស់​ពាក់​កណ្ដាល​ក៏​មាន​ដែរ សល់​តែ ១៥០ ឬ​ក៏​អាច​សល់ ១០០​ដុល្លារ»

សមាជិក​ក្រុមប្រឹក្សា​ខេត្ត នៃ​គណបក្ស សម រង្ស៊ី ខេត្ត​ព្រះសីហនុ លោក លី ឌី មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ជា​តំណាង​ប្រជាពលរដ្ឋ សូម​ឲ្យ​អាជ្ញាធរ​អគ្គិសនី និង​ស្ថាប័ន​ពាក់ព័ន្ធ​គិតគូរ និង​ចុះ​អន្តរាគមន៍​លើ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​ការ​រក​ស៊ី​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត៖ «បន្ទាប់​ពី​សៀមរាប​មក កំពង់សោម ហ្នឹង មាន​ភ្ញៀវ​ទេសចរណ៍​គួរ​សម​ដែរ។ យើង​ដើរ​ទៅ​ឃើញ​អ្នក​ទេសចរ​ដើរ​ងងឹត​អី យើង​អៀនខ្មាស​ណាស់។ រី​ឯ​ផល​ប៉ះពាល់​ទៅ​លើ​អាជីវករ​ទៅ​វិញ អាជីវករ​គ្នា​លក់​អីវ៉ាន់​នៅ​ក្នុង​ផ្សារ ហើយ​ផ្សារ​លើ​នេះ បើ​អត់​ភ្លើង ងងឹត​ដូច​យប់​អីចឹង។ អាជីវករ​មួយ​ចំនួន គ្នា​យក​ភ្លើង​ធ្វើ​អាជីវកម្ម​ដូច​ជា​ផ្សារ បញ្ចូល​បទ​ភ្លេង។ គាត់​ជួល​ផ្ទះ​គេ ហើយ​ជួល​ផ្ទះ​គេ គេ​អត់​គិត​រឿង​ដាច់​ភ្លើង​ទេ គេ​ដឹង​តែ​ខែ​ទេ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ លោក ជា ពុទ្ធី ដើម្បី​សុំ​ការ​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​ដាច់​ភ្លើង​ញឹកញាប់ នៅ​ក្រុង​ព្រះសីហនុ នោះ​បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែ​កក្កដា។

ទោះ​ជា​យ៉ាង​ណា អភិបាល​ខេត្ត​ព្រះសីហនុ លោក ស្បោង សារ៉ាត់ បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ចរន្ត​អគ្គិសនី​ពិត​ជា​មាន​ការ​ដាច់​ញឹកញាប់​មែន ដោយ​សារ​តែ​មាន​កំណើន​អ្នក​ប្រើប្រាស់​ច្រើន​នៅ​តាម​ជនបទ ជា​ពិសេស​រោងចក្រ និង​សហគ្រាស​ធំៗ​នៅ​ក្នុង​ខេត្ត៖ «អគ្គិសនី​របស់​ខេត្ត​ហ្នឹង ខូច​ម៉ាស៊ីន​ពីរ​ទៀត អា​ហ្នឹង​វា​អស់ ៥​មេកាវ៉ាត់​បាត់​ហើយ។ អីចឹង​ទេ ភ្លើង​ដែល​យក​មក​ប្រើ​ហ្នឹង គឺ​មក​ពី​កំពត និង​វៀតណាម។ អីចឹង​ទេ ការ​ផ្គត់ផ្គង់​មក​ពី​នោះ វា​អត់​បាន​ចែកចាយ​ច្រើន អីចឹង​វា​ត្រូវ​ដាច់​ចរន្ត​នៅ​កន្លែង​ខ្លះ វា​ភ្លឺ​នៅ​កន្លែង​ខ្លះ​អីចឹង​ទៅ»

លោក​បញ្ជាក់​ថា ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល និង​អគ្គិសនី​កម្ពុជា កំពុង​ខិតខំ​សម្រួល​ចរន្ត​អគ្គិសនី​ឲ្យ​បាន​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ទូទាំង​ខេត្ត ដោយ​មាន​គម្រោង​ទាញ​យក​ថាមពល​មក​ពី​វារីអគ្គិសនី​ភ្នំ​កំចាយ គិរីរម្យ​ទី​៣ និង​នៅ​ក្នុង​ខេត្ត គេ​កំពុង​រៀបចំ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​មួយ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ ត្អូញត្អែរ​ពី​ការ​ដាច់​ភ្លើង​ញឹកញាប់"

  1. ឡូឡូ says:

    គួរតែរកអ្នមានសមត្ថភាពមកចាត់ការឲ្យទាន់សភាពការណ៍ មិនត្រូវដោះសារទេ…………!!