សហជីព​កម្មករ​រប​ស់លោក ​អាត់​ ធន់ គាំទ្រ​គម្រោង​ធ្វើ​កូដកម្ម ដែល​ដឹកនាំ​ដោយ​លោក ជា ​មុនី​

ថ្ងៃទី 7 កក្កដា 2012
ដោយ: សុខ ភក្តី
CEN

ភ្នំពេញ: ​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ី​ខៅ​ឌូ ដែល​តំណាង​ឲ្យ​កម្មក​រជាង ៥០.០០០ នាក់ មកពី ៦៣ រោងចក្រ​កាត់ដេរ បាន​ប្រកាស​ជំហរ​គាំទ្រ​ការធ្វើ​កូដកម្មដែល​ដឹកនាំ​ដោយ​សហជីព​សេរី​កម្មករ របស់​លោក ជា​មុនី​។​

​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១២ បង្ហាញថា បច្ចុប្បន្ននេះ យើង​ឃើញថា សេរីភាព​សហជីព លក្ខខណ្ឌ​ការងាររបស់​កម្មករ នៅ​មិនទាន់​ល្អ​នៅឡើយ ជាពិសេស​ប្រាក់​ឈ្នួល​កម្មករ មិន​អាច​ធានា​ការរស់នៅ​សមរម្យ​ឡើយ ធ្វើ​ឲ្យ​កម្មករ​មួយ​ចំនួនធ្វើការ​រហូត​ដល់​សន្លប់ និង​ពិបាក​រស់នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

​សេចក្តីប្រកាស​លើក​ឡើង​ថា សម្ព័ន្ធ​សហជីព ស៊ី​ខៅ​ឌូ បាន​ដាក់សំណើពីរដងទៅ​សមាគម​និយោជក GMAC ដើម្បី​ស្នើសុំ​អត្ថប្រយោជន៍​មួយចំនួន​ជូន​កម្មករ ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​លទ្ធផល​នៅឡើយ​។ យើង​ក៏​ឃើញ​កម្មករ​មួយ​ចំនួន​បាន​តវ៉ានៅតាម​បណ្តា​ក្រុមហ៊ុន​មួយចំនួន ហើយ​ក្រុមហ៊ុន​ជាង ១០ ក៏បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ទាំងនេះជូន​កម្មករ​ផងដែរ រហូតដល់​រាជរដ្ឋាភិបាលបាន​ស្នើ​ឲ្យមាន​ការចរ​ចា​នៅ​ថ្ងៃទី​១១​កក្កដា ឆ្នាំ​២០១២​។​

​សេចក្តីប្រកាស​លើក​ឡើង​ថា ថ្មីៗ​នេះសហជីព​សេរី​កម្មករ បានប្រកាសថា នឹង​ដឹកនាំ​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស ប្រសិនបើ​ការដោះស្រាយថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១២ ខាងមុខនេះ មិន​ទទួលបាន​លទ្ធផល​ប្រសើរ​។ សម្ព័ន្ធ​សហជីព ស៊ី​ខៅ​ឌូ របស់លោក អាត់​ធន់ បាន​ប្រកាស​ជា​សាធារណៈ​ថា យើង​នឹង​ចូលរួម​ធ្វើ​កូដកម្ម ប្រសិនបើ​សហជីព​សេរី​កម្មករដឹកនាំ​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​នាពេល​ខាងមុខ​នេះ​។

​សម្ព័ន្ធ​សហជីព ស៊ី​ខៅ​ឌូ បាន​ជំរុញ​ឲ្យ​តំណាង​រដ្ឋាភិបាល តំណាង​ក្រុមហ៊ុន និង​តំណាង​សហជីព ត្រូវ​មាន​ការចរចា​ឲ្យបាន​ជោគជ័យ នា​ថ្ងៃ​ទី​១១​កក្កដា ឆ្នាំ​២០១២ ក្នុង​ក្របខ័ណ្ឌ​ក្រុមប្រឹក្សា​ការងារ ដែល​ជា​យន្តការ​ត្រីភាគី រួមមាន​៖ ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ, ភាគី​សហជីព​តំណាង​កម្មករ និង​ភាគី​រដ្ឋាភិបាល តាមរយៈ​ក្រសួង​ការងារ​។​

​សូម​រម្លឹកថា ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ដែល​តំណាង​ឲ្យ​កម្មក​រកាត់​ដេរ​ជាង ១០​ម៉ឺន​នាក់ ក្នុងចំណោម​កម្មក​រ​កាត់ដេរ​សរុប ៤៧០.០០០ នាក់ បាន​ប្រកាស​ពី​គម្រោង​ធ្វើ​មហា​កូដកម្ម​អហិង្សា​ដ៏​ធំ​មួយ នៅ​ខែ​សីហា​ខាងមុខ បើសិនជា​ការចរចាដំឡើង​ប្រាក់​អត្ថប្រយោជន៍ ប្រាក់​បន្ទាប់បន្សំ​ដល់​កម្មករ ដូចជា ថ្លៃឈ្នួល​ឡាន និង​ថ្លៃ​ស្នាក់នៅ ។​ល​។ និង​។​ល​។ នៅ​ថ្ងៃ​ទី​១១​កក្កដា​ខាង​មុខ មិន​ត្រូវរ៉ូវ​គ្នា​។

​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឲ្យដឹងថា ការសម្រេចចិត្ត​របស់​សហជីព​សេរី​កម្មករ ក្នុង​ការដឹកនាំ​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ខែ​សីហា បាន​ធ្វើឡើងបន្ទាប់​ពី​សហជីព​ធ្វើលិខិត​ជាច្រើន ចាប់តាំងពី​ឆ្នាំ​២០១១ ដាក់​ទៅ​កាន់​សមាគម​រោងចក្រ​កាត់ដេរ និង​ដាក់​ទៅកាន់​សម្តេច​នាយករដ្ឋមន្ត្រី មិន​មាន​ការឆ្លើយតប​។ នោះ​គឺ​ការស្នើ​សុំ​ដំឡើង​ប្រាក់​បន្ទាប់បន្សំដល់​កម្មករ​កាត់ដេរ ដូចជា ប្រាក់​ធ្វើដំណើរ និង​ថ្លៃឈ្នួល​ផ្ទះ ចំនួន ១០​ដុល្លារ ព្រមទាំង​ប្រាក់រង្វាន់​ការងារ​ទៀងទាត់​ចំនួន ១០​ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​កម្មករ​កាត់ដេ​រ ជាដើម​។​

​សំណើ​ទាំងនេះ ក៏​នឹង​ត្រូវ​លើកឡើងក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ដែល​ជា​យន្តការ​ដោះស្រាយ​ទំនាស់​ត្រីភាគី នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ខាងមុខ​។

​កម្មករ​កាត់ដេរ នៅ​កម្ពុជា បច្ចុប្បន្នមាន​ជាង ៤៧ ម៉ឺន​នាក់​។ ចំណែក​ប្រាក់ខែ​គោល របស់​កម្មករ​កាត់ដេ​រ​ម្នាក់ ទទួលបាន ៦១ ដុល្លារ​។ ប្រាក់ខែ​របស់​កម្មករ​កាត់ដេរ ដែល​ភាគច្រើន​ជា​ស្ត្រី មិន​អាច​ចំណាយ​គ្រប់គ្រាន់ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ឡើយ​។​

​មន្ត្រី​ក្រសួង​ការងារ និង​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ នៅ​តែ​រក្សា​ការស្ងៀមស្ងាត់ជុំវិញ​សេចក្តី​ព្រមាន​របស់​សហជីព​កម្មក​រ ធ្វើ​កូដកម្ម នៅ​មុន​ថ្ងៃ​ចូលរួម​តុ​ប្រជុំ​ចរចា នា​ថ្ងៃ​ទី​១១​កក្កដា​សប្តាហ៍​ក្រោយ​៕​ S

What Next?

Recent Articles

3 Responses to "សហជីព​កម្មករ​រប​ស់លោក ​អាត់​ ធន់ គាំទ្រ​គម្រោង​ធ្វើ​កូដកម្ម ដែល​ដឹកនាំ​ដោយ​លោក ជា ​មុនី​"

  1. brasray says:

    ខ្្្ុំគាំ100% ក្នុងនាមជាកម្មករមួយរូបដែរ ក្នុងការដែលលោក ជា មុន្នីដឹកនាំកម្មករធ្វើកូដកម្ម!

  2. BaBaBoo says:

    វិបតិ្តបែបនេះ ជាវិបត្តិងាយស្រួលដោះស្រាយ តែរដ្ឋាភិបាលកម្ពុជានិងអ្នកច្បាប់ស្ងាត់ដូចចោរលួចសេះ ហើយទុកឲ្យការ ប្រឈរមុខដាក់គ្នាសាយភាយហៀរចេញមកក្រៅ ។ បើតាមការសង្កេតមើលទៅ ការនាំគ្នាធ្វើកូដកម្មវៃឆ្នាំបាយឯង (សុំថាអញ្ចឹងចុះ) វាជាការបាត់បង់នូវទំនប់ចិត្ត ហើយអ្នកដែលចង់មករកស៊ីនៅកម្ពុជា គេត្រូវតែគិតសារជាថ្មីម្តងទៀត។

  3. អ្នកគុណនិយមដែនខាងលិច says:

    អរគុណខ្លាំងណាស់ ដែលថៅកែទាំងនោះបាននាំការងារឲ្យប្រជាជនខ្មែរធ្វើ និងទទួលបានប្រាក់ចំណូល ។ កន្លងមកមានតែវិនិយោគិនខិលខូច
    និងទុច្ចរិតប៉ុណ្ណោះ ដែលចង់មករកស៊ីនៅស្រុកខ្មែរ អ្នកវិនិយោគិនពិតប្រាកដ
    គេមិនចង់មករកស៊ីនៅស្រុកខ្មែរឡើយ ។ ព្រោះស្រុកខ្មែរមានម្ត្រីជាន់ខ្ពស់មួយ
    ចំនួនតាមស៊ីពែច្រើនពេក ។ អ្នកគុណនិយមសួមសួរថា តើមានអ្នកវិនិយោគិន
    ជប៉ុនប៉ុន្មាននាក់ ដែលមករកស៊ីនៅស្រុកខ្មែរ ? សូមសួរលោកBaBaBoo បច្ចុប្បន្ន
    មានពលករខ្មែរប៉ុន្មាននាក់ ចេញទៅធ្វើការនៅប្រទេសក្រៅ ? ព្រោះលោកជា
    អនុរដ្ឋលេខាធិការក្រសួងការងារ ។ សូមគាំទ្រដែលលោកBaBaBoo មានការ
    ព្រួយបារម្ភ ខ្លាចបែកឆ្នាំងបាយ ។ បើយើងប្រើឆ្នាំងដី ប្រហែលនឹងអាចបែក។
    ឥញ្ចឹងយើងប្រើឆ្នាំងអគ្គីសនីទៅ វាមិនមិនឆាប់បែក ហើយឆាប់ឆ្អិនបាយផង ។