សាលារៀន​មត្តេយ្យ និង​បឋមសិក្សា ទាំងសាលារដ្ឋ និងឯកជន ទូទាំងប្រទេស ត្រូវ​វ៉ា​កង មុន​កាលកំណត់​

ថ្ងៃទី 18 កក្កដា 2012
ដោយ: សុខ ភក្តី
CEN

ភ្នំពេញ: ​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ស្តីពី ការបញ្ឈប់​ដំណើរការ​សិក្សា​ដំណាច់ឆ្នាំ​២០១១-២០១២ នៅ​ថ្ងៃ​ទី​១៨​ខែកក្កដា ឆ្នាំ​២០១២​។ តាម​កាលវិភាគ វិស្សមកាល ឬ​វ៉ា​កង នឹង​ត្រូវ​ឈប់​សម្រាក ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១២​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១២ ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានបង្ហាញ​ថា ស្របតាម​ខ្លឹមសារ​សេចក្តីណែនាំ លេខ ២១ អយ​ក​-​ស​ណន ចុះ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១១ ស្តី​ពី​ដំណើរ​គ្រឹះស្ថាន​បឋម​សិក្សា និង​មត្តេយ្យសិក្សា មហា​វិស្សមកាល នឹង​ត្រូវ​ឈប់​សម្រាក ចាប់ពី​ថ្ងៃ​ទី​៣១ ខែកក្កដា នៃ​ឆ្នាំ​សិក្សា​នីមួយៗ​។ ដោយឡែក​ក្នុង​ឆ្នាំ​សិក្សា ២០១១-២០១២ នេះ ទាំង​សាលាបឋមសិក្សា និង​មត្តេយ្យសិក្សា ត្រូវ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​មហា​វិស្សមកាល ចាប់ពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១២ តទៅ​។​

​សេចក្តីប្រកាស​ដូច្នេះ ត្រូវ​លោក​រដ្ឋមន្ត្រី អ៊ឹម សិទ្ធី លើកឡើងថា ធ្វើឡើង​ដោយ​យោង​តាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១២​។​

​ក្នុង​លិខិត​ជូន​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត ក៏​ត្រូវបាន​លោក អ៊ឹម សិទ្ធី ក៏​បាន​តម្រូវឲ្យ​ប្រធាន​មន្ទីរ​អប់រំ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ និង​ជា​បន្ទាន់ ដល់​គ្រប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​។​

ក៏ប៉ុន្តែក្នុងសេចក្តីជូនដំណឹងនោះ មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ដែលនាំឲ្យ​មានការបន្ថយពេលវេលាវ៉ាកងធំ ពីថ្ងៃទី៣១កក្កដា មកនៅត្រឹមថ្ងៃទី១៨កក្កដា ឆ្នាំ២០១២ ឡើយ។

​ជា​ការកត់សម្គាល់ សេចក្តីប្រកាស​ឈប់សម្រាក​មហា​វិស្សមកាល សម្រាប់​សិស្ស​បឋមសិក្សា និង​មត្តេយ្យសិក្សា នៅមុន​កាលកំណត់ នាពេលនេះ បាន​ធ្វើឡើង ចំ​ពេល​ដែល​ជំងឺ​ពង​បែក បង្ក​ដោយ​វីរុស EV 71 កំពុង​រាតត្បាត​លើ​កុមារ​តូចៗ​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ចេញផ្សាយ កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១២ បាន​លើកឡើង​ថា ជំងឺ​ចម្លែក រាតត្បាត ដែល​សម្លាប់​កុមារ​កម្ពុជា​នោះ បាន​ឆ្លង​តាមរយៈ​ការប៉ះពាល់​ផ្ទាល់ ទៅ​នឹង​សំបោរ កំ​ហាក ទឹក​មាត់ ទឹករងៃ​ចេញពី​ពង​បែក ឬ​លាមក របស់​អ្នកជំងឺ​។ ជំងឺ​នោះ ឆ្លង​រាតត្បាត​ខ្លាំង​បំផុត ក្នុង​រយៈពេល​តែ​សប្តាហ៍​ទី​១​ប៉ុណ្ណោះ​។

​សេចក្តីប្រកាស​លើក​ឡើង​ថា ជំងឺ​រាតត្បាត​ចម្លែក​លើ​កុមារ​នោះ ត្រូវ​គេ​ស្គាល់​ថា បង្ក​ដោយមេរោគ Enterovirus 71 ( EV 71 ) ដែល​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។ គិត​ចាប់ពី​ខែ​មេសា ដល់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១២ ជំងឺ​រាតត្បាត​ក៏​ចម្លែក​នោះ បាន​កើតមាន ៦១ ករណី និង​សម្លាប់​កុមារ​កម្ពុជា​ចំនួន ៥៨ នាក់​។ កុមារ​ទាំងនោះ មាន​អាយុ​ចាប់ពី ៣​ខែ ដល់ ១១​ឆ្នាំ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​រួម បាន​លើកឡើង​ថា បច្ចុប្បន្ន មិន​មាន​ការព្យាបាល​ជាក់លាក់​ណាមួយ សម្រាប់​ជំងឺ​ពងបែក​ដៃជើង និង​ក្នុង​មាត់ ដែល​ជា​ជំងឺផ្លង​រាតត្បាត​លើ​កុមារ​នោះទេ​។

​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បាន​អំពាវនាវ​ឲ្យ​ឪពុកម្ដាយ គួរ​ស្វែងរក​ដំបូន្មាន​ពី​គ្រូពេទ្យ ប្រសិន​បើ​កូន​គាត់ ក្ដៅខ្លួន ក្អួត និង​ទន់ដៃទន់ជើង​។ អ្នក​ជំងឺ​គួរ​ផឹកទឹក ឬ​វត្ថុ​រាវ​ឲ្យបាន​ច្រើន​។ ចំណែក​បុគ្គលិក​សុខាភិបាល គួរ​ព្យាបាល​អ្នកជំងឺ តាម​រោគសញ្ញា និង​មិន​ត្រូវ​ប្រើ​ថ្នាំ ស្ដេ​រ៉យ ( Steroids ) ឡើយ​៕​

What Next?

Recent Articles

One Response to "សាលារៀន​មត្តេយ្យ និង​បឋមសិក្សា ទាំងសាលារដ្ឋ និងឯកជន ទូទាំងប្រទេស ត្រូវ​វ៉ា​កង មុន​កាលកំណត់​"

  1. ឡេង សុភាវង្ស
    Jul 13, 2012
    តើពេលណាយើងអាចរកវិធីព្យាបាលបាន? ក្នុងពេលដែលយើងមិន
    ទាន់រកឃើញនូវវិធីព្យាបាល សូមបុគ្គលិកពេទ្យទាំងអស់ បន្តថែរក្សា
    នូវក្មេងៗសត់ទាំងនោះដោយយកចិត្តទុកដាក់ផង តែត្រូវប្រុងចំពោះ
    ពេទ្យដែលអសមត្ថភាព ឬខ្វះបទពិសោធ ដែលអាចនាំអោយធ្ងន់ធ្ងរ
    លើសដើម។ តួរយា៉ងដូចមន្ទីរសំរាកព្យាបាលមួយកន្លែងឋិតនៅក្នុង
    ទីរួមខេត្តសៀមរាប(ម្តុំផ្សារក្រឡាញ់) ឈ្មោះ ឆាយ លាង ដែលយក
    តែបុគ្គលិកអសមត្ថភាព ខ្លះមិនមែនជាពេទ្យមកព្យាបាល និងចាក់ថ្នាំ
    ផ្តេសផ្តាសដែលធ្វើអោយប្រពន្ធខ្ញុំស្ទើតែបាត់បង់ជីវិត ចុងបពា្ចប់
    ពេលអាឆ្គួតមួយណឹងចាក់ថ្នាំអស់ចិត្តហើយដល់ម៉ោង10យប់
    វាបានអោយខ្ញុំទៅរកពេទ្យផ្សេង ខ្ញុំក៏បានទៅកន្លែងមួយទៀតឈ្មោះ
    មន្ទីរពេទ្យ ខ្មែរ-ចិន ដែលឋិតនៅជិតផ្សាកណ្តាល នាក្រុុងសៀមរាប
    បន្ទាប់មក ពេទ្យចិនបីនាក់ និងអ្នកបកប្រែខ្មែរពីរនាក់បានពិនិត្យ
    និងដាក់ថ្នាំ 2ម៉ោងក្រោយមកប្រពន្ធក៏ជា។ តាមពិតវាជាអាការះ
    ធម្មតាប៉ុណ្ណោះ ែតបែរជាអាឆ្គួតមួយនោះចេះតែអោយថ្នាំផ្តាស់
    ទៅវិញ។ ខ្ញុំសូមអរគុណចំពោះមន្ទីរពេទ្យ ខ្មែរចិន ដែលព្យាបាល
    ប្រពន្ធខ្ញុំទាន់ពេលវេលា។ ជាចុងក្រោយ សូមអោយមន្ទីរពាក់ព័ន្ធ
    ចុះពិនិត្យមើលមន្ទីរពេទ្យភ្លើរឈ្មោះ ឆាយ លាង នេះផង។