រដ្ឋមន្ត្រីក្រសួងឃោសនាការប្រទេសចិន នៅខេត្តក្វាងស៊ី (Guangxi) លោក ស៊ិន ប៉ៃហៃ (Shen Beihay) បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា និងបានជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២។
ដោយ សុខ សេរី
2012-08-21
វិទ្យុអាស៊ីសេរី

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ (រូបទី៤ ពីឆ្វេងដៃ) និងរដ្ឋមន្ត្រីឃោសនាការរបស់ប្រទេសចិន លោក ស៊ិន ប៉ៃហៃ (Shen Beihai) (រូបទី១ ពីឆ្វេងដៃ) បានមកសម្ពោធន៍កម្មវិធីសប្ដាហ៍ទូរទស្សន៍ចិន ជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) នាក្រសួងព័ត៌មាន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២។
RFA/Sok Serey
ទាំងលោក ខៀវ កាញារីទ្ធ និងលោក ស៊ិន ប៉ៃហៃ បានសម្ពោធកម្មវិធីពិសេសផ្សាយតាមទូរទស្សន៍ជាតិ (ទទក) និងទូរទស្សន៍ចិន នៅខេត្តក្វាងស៊ី នៅរៀងរាល់សប្ដាហ៍ ចាប់ពីពេលនេះតទៅ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រទេសកម្ពុជា លោក ខៀវ កាញារីទ្ធ បានអនុញ្ញាតឲ្យទូរទស្សន៍ជាតិ (ទទក) ចាប់ផ្ដើមចាក់ផ្សាយឯកសារចំនួន៦ នៅវគ្គដំបូង ស្ដីពីវប្បធម៌ ប្រពៃណី និងការរីកចម្រើននានា នៅខេត្តក្វាងស៊ី ប្រទេសចិន ចាប់ពីពេលនេះតទៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមិត្ត ជាបងប្អូន និងជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅរវាងកម្ពុជា និងចិន។
ចំណែកឯភាគីកម្ពុជាវិញ នឹងបញ្ជូនឯកសារមួយចំនួនស្ដីពីសក្ដានុពលវិស័យទេសចរណ៍ កសិកម្ម និងការរីកចម្រើនវិស័យផ្សេងៗទៀត ឲ្យចាក់ផ្សាយដែរ តាមទូរទស្សន៍នៅខេត្តក្វាងស៊ី ប្រទេសចិន នោះ។ ខេត្តក្វាងស៊ី នោះ មានប្រជាជនចិនរស់នៅចំនួនជាង៤៦លាននាក់ និងជាខេត្តល្បីល្បាញនៅប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រទេសកម្ពុជា លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធន៍ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ ថា ខេត្តក្វាងស៊ី គឺជាខេត្តមួយសំខាន់ ដែលញ៉ាំងឲ្យមានការផ្លាស់ប្ដូរវប្បធម៌ រវាងប្រទេសសមាជិកអាស៊ាន ជាមួយនិងខេត្តនេះ៖ «ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព រវាងប្រជាជនយើងទាំងពីរឲ្យកាន់តែជិតស្និទ្ធថែមទៀត។ នេះជាភាពជោគជ័យថ្មីមួយទៀត ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា បានធ្វើជាប្រធានសមាគមអាស៊ាន ដែលទាំងអស់គ្នាកំពុងតែអនុវត្តគោលការណ៍សមាហរណកម្មស៊ីជម្រៅ»។
ដោយឡែក រដ្ឋមន្ត្រីក្រសួងឃោសនាការ នៅខេត្តក្វាងស៊ី ប្រទេសចិន ជាខេត្តស្វយ័ត លោក ស៊ិន ប៉ៃហៃ បានមានប្រសាសន៍ជាភាសាចិន ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា ការផ្លាស់ប្ដូរវប្បធម៌ គឺជាស្ពានផ្លូវចិត្ត រវាងប្រជាជនកម្ពុជា និងប្រជាជនចិន៖ «សង្ឃឹមថា តាមរយៈការផ្សាយនេះ នឹងនាំឲ្យទស្សនិកជនកម្ពុជាគ្រប់មជ្ឈដ្ឋាន បានស្គាល់អំពីវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិក្វាងស៊ី និងស្មារតី តថភាព និងសមិទ្ធផល នៃការកែទម្រង់នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ទស្សនិកជន នៃប្រទេសចិន ក៏នឹងរៀនសូត្រអំពីប្រទេសកម្ពុជា ដែលមានប្រវត្តិសាស្ត្រយ៉ាងយូរលង់ និងវប្បធម៌ដ៏ល្អត្រកាល»។
នៅគ្រាដែលគណបក្សប្រឆាំង បានរិះគន់ថា ប្រទេសចិន កំពុងតែមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជា ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងយោធានោះ ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ កន្លងទៅនេះថា ក្រសួងទេសចរណ៍កម្ពុជា មានផែនការទាក់ទាញភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាឲ្យបានចំនួនជាង១លាននាក់ នៅឆ្នាំ២០២០ នៅគ្រាដែលភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាចំនួន២៦ម៉ឺននាក់ នាពេលបច្ចុប្បន្ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មើលអត្ថបទខាងលើ នឹកឃើញកាលសម័យប៉ុលពត ដែលគេកេណ្ឌមនុស្សអោយទៅជីកទំនប់ ទប់ប្រឡាយបង្ខំអោយធ្វើការយ៉ាងទារុណ ដោយចាក់ចំរៀងបដិវត្តន៍ដែលយកលំនាំសាច់ភ្លេងចិន
ស្តាប់ទៅគួរអោយខ្ពើមណាស់។
តើព្យាយាម MERGE គ្នារឺ?