ប្រជា​សហគមន៍​ព្រៃឡង់​ដាក់​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ​ជូន​រដ្ឋាភិបាល

មន្ត្រី​​សម្រប​សម្រួល​​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១២ ​ប្រជា​សហគមន៍​ព្រៃឡង់ បាន​នាំ​យក​ឯកសារ និង​វត្ថុ​តាង​នៃ​វិនាសកម្ម​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ដាក់​ជូន​រដ្ឋាភិបាល​ពិនិត្យ។

ដោយ ដែន អយុធ្យា
2012-08-21
​វិទ្យុ​អាស៊ីសេរី

ឈើ​ដែល​ប្រជា​សហគមន៍​រក​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ខណៈ​ដែល​ពួក​គេ​ចុះ​ល្បាត​សកម្មភាព​កាប់​ឈើ កាល​ពី​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១២។

ឈើ​ដែល​ប្រជា​សហគមន៍​រក​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ខណៈ​ដែល​ពួក​គេ​ចុះ​ល្បាត​សកម្មភាព​កាប់​ឈើ កាល​ពី​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១២។
រូបថត​បណ្ដាញ​សហគមន៍​ព្រៃឡង់

លោក​ថា ឯកសារ និង​វត្ថុ​តាង​នៃ​បទល្មើស​ព្រៃ​ឈើ​ទាំង​នេះ លោក​បាន​ដាក់​ជូន​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ជូន​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន​ជាដើម។

លោក ឈឹម សាវុធ បាន​អះអាង​ថា បទ​ល្មើស​ព្រៃ​ឈើ​​នៅ​តំបន់​ព្រៃឡង់​ក្នុង​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ មាន​រូបភាព​ធ្ងន់​ធ្ងរ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​ជា​បន្ទាន់៖ «ឈ្មួញ​រក​ស៊ី​ឈើ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ស្ថាប័ន​ជំនាញ​បង់​លុយ​ប្រចាំ​ខែ។ មួយ​ចំនួន​ទៀត​ជា​អាជ្ញាធរ​មូលដ្ឋាន មាន​មន្ត្រី​បរិស្ថាន មាន​ប៉ូលិស មាន​មន្ត្រី​កងរាជអាវុធហត្ថ មាន​ទាហាន ដែល​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង​ផ្ទាល់ គាត់​ជា​អ្នក​បង្កើត​បទល្មើស ហើយ​មាន​កន្លែង​ខ្លះ​ទៀត​មាន​មេ​ឃុំ មាន​ប៉ូលិស​ប៉ុស្តិ៍​ថែម​ទៀត។ ដូច​ជា​នៅ​ឃុំ​ដងកាំបិត មាន​មេ​ឃុំ​ផ្ទាល់ មាន​ម៉ាស៊ីន​អារ​ឈើ​ពី ២ ទៅ ៣​គ្រឿង ច្រៀក​ឈើ​រាល់​ថ្ងៃ មាន​មេ​ប៉ុស្តិ៍​ជាដើម មាន​ម៉ាស៊ីន ៤​គ្រឿង អារ​ឈើ​រាល់​ថ្ងៃ និង​បាន​គំរាម​ពលរដ្ឋ​ថែម​ទៀត»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១២ បណ្ដាញ​សហគមន៍​ព្រៃឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ១​ក្រុម មាន​មនុស្ស​ច្រើន​ជាង ៧០​នាក់ បាន​​​​ធ្វើ​ដំណើរ​ចូល​តំបន់​​​ព្រៃ​​ឡង់​រយៈពេល ៣​ថ្ងៃ ដើម្បី​ប្រមូល​វត្ថុ​តាង​​បទ​ល្មើស​​​ព្រៃឈើ​ដាក់​ជូន​រដ្ឋាភិបាល​ទប់​ស្កាត់។

យុទ្ធនាការ​នេះ ប្រជា​សហគមន៍​ប្រមូល​បាន​វត្ថុ​តាង​នៃ​បទល្មើស​ព្រៃ​ឈើ មាន​ដូចជា​ឈើ​ហ៊ុប​ធំៗ​រាប់​រយ​ម៉ែត្រ​គូប និង​រាប់​រយ​ដើម ត្រូវ​ជន​ល្មើស​កាប់​គរ​ទុក​ក្នុង​ព្រៃ​ថ្មីៗ។ លោក​បាន​ចោទ​មន្ត្រី​ប្រដាប់​អាវុធ​ខេត្ត​កំពង់ធំ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​វិនាសកម្ម​នៃ​បទល្មើស​កាប់​បំផ្លាញ​​ធន​ធាន​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់។

លោក ឈឹម សាវុធ៖ «និយាយ​ឲ្យ​ចំ​ទៅ​បញ្ហា​នៅ​ព្រៃឡង់​បច្ចុប្បន្ន​នេះ ជា​ជា​រឿង​មួយ​ត្រូវ​ប្រកាស​អាសន្ន និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​សាមី​បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់ បើ​សិន​ជា​គិត​ថា មាន​ចេតនា​ចង់​បង្ក្រាប​បទល្មើស​ទាំង​អស់​គ្នា»

លោក ជុំ យីន ជា​តំណាង​បណ្ដាញ​សហគមន៍​ព្រៃ​ឈើ​តំបន់​ព្រៃឡង់។ លោក​បាន​ឲ្យ​ដឹង​ថា ដើម​ឡើយ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ តែង​បដិសេធ​ថា មិន​មាន​បទ​ល្មើស​​​ព្រៃឈើ​ក្នុង​មូលដ្ឋាន​ខ្លួន​ទេ។ ប៉ុន្តែ​បច្ចុប្បន្ន​ពួក​គេ​បាន​ទទួល​ស្គាល់ និង​ស្នើ​ឲ្យ​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​ដើម្បី​ទប់ស្កាត់។

លោក ជុំ យីន៖ «លោក​អភិបាល​រង​ខេត្ត​កំពង់ធំ គាត់​បាន​ចូល​រួម​ផ្ដល់​យោបល់​ជាមួយ​ប្រជា​សហគមន៍​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់។ លោក​ថា បទល្មើស​ព្រៃ​ឈើ​ពិត​ជា​កើត​មាន​ក្នុង​មូលដ្ឋាន​ស្រុក​សណ្ដាន់​ពិត​មែន»

​លោក អ៊ុត សំអន អភិបាល​រង​ខេត្ត​កំពង់ធំ ​នៅ​ក្នុង​ជំនួប​រវាង​តំណាង​សហគមន៍​ព្រៃឡង់ និង​អាជ្ញាធរ​ស្រុក​សណ្តាន់ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​សីហា បាន​ទទួល​ស្គាល់​ថា បទល្មើស​ព្រៃឈើ​ពិត​ជា​បាន​កើត​មាន​ក្នុង​តំបន់​​ព្រៃឡង់​ពិត​មែន។ លោក​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ផ្ដល់​ព័ត៌មាន​ដើម្បី​ឈាន​ដល់​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។

​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្មាន​ឆ្នាំ​មក​នេះ​បាន​ដាក់​ចេញ​បទបញ្ជា​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មន្ត្រី​ដឹក​​​​​នាំ​​តាម​​ខេត្ត​ក្រុង​នានា​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​​មក​ដល់​ពេល​នេះ អនុវត្ត​មិន​ទាន់​មាន​លទ្ធផល​ល្អ​នៅ​ឡើយ​ទេ។
ត្រង់​ចំណុច​នេះ លោក ឈឹម សាវុធ អះអាង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ ក្នុង​១​ថ្ងៃៗ មាន​គោយន្ត រទេះគោ និង​​រថយន្ត​ដឹក​ឈើ​ចេញ​ពី​តំបន់​នេះ​មិន​តិច​ជាង ៣០​គ្រឿង​ទេ​ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ទប់​ស្កាត់​ឡើយ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

5 Responses to "ប្រជា​សហគមន៍​ព្រៃឡង់​ដាក់​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ​ជូន​រដ្ឋាភិបាល"

  1. LY Seanteur says:

    បងជ្រូកអើយ មិនបាច់ទៅប្តឹងយមបាលទេ ពីព្រោះយមបាលក៏ហូបសាច់ជ្រូកដែរ។

  2. visal says:

    មើល៏អារឿងព្រៃឈើនឹង ពិតជាមិនអាចដោះស្រាយបានមែនឬក៏យ៉ាងណា តើអ្នកកានតំបន់នឹង ជួយសូកដល់សម្តេច ប៉ុន្មានបានជានៅកាន់តំណែងបានយូរទោះបីមានការរិះគន់ចំៗៗបែបនេះហើយ ហាក់គ្មានអ្នកអើពើ អីបន្តិចសោះ ទោះបីពលរដ្ឋមានទាំងថតរូបអោយឃើញច្បាស់លាស់ប៉ុណ្ណឹង ហើយនៅប្រហែលមិនជឿទៀត ឬក៏គិតថារូបទាំងនោះសម្តេចថា ជាការច្នៃរប្រឌិតដើម្បីបន្លំ សូមសម្តេច លួចជាតិជួយបកស្រាយផងមើល៏។

  3. Dane says:

    ចាំមើលថាតើរាជរដ្ឋាភិបាលមានវិធានការបែបណាក្នុងរៀងនេះ?

  4. រាស្រ្តខ្មែរ says:

    រដ្ឋាភិបាលនឹងដឹកឈើទាំងអស់នេះទៅលក់បន្ដទៀត រក្សាទុកខ្លាចកណ្ដៀរស៊ី។

  5. Srey Khmer says:

    if the government did not allow to cut those Rainforest, there is no one dare to cut it. So the government is getting involve with this tragedy, and do not tell people that the government did not know about this tragedy lost of our Rainforest.
    If the government lack ability to protect it, why don’t you government get lost?