សង្គម​ស៊ីវិល​ស្នើ​​ក្រសួង​សុខាភិបាល​ចុះ​អប់រំ​បុគ្គលិក​ពេទ្យ​បង្អែក​បាត់ដំបង

បុគ្គលិក​បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង រង​ការ​រិះគន់​ថា ​បាន​ប្រើ​ពាក្យ​សំដី​មិន​សម​រម្យ​ចំពោះ​អ្នក​ជំងឺ នៅ​ពេល​ដែល​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមត្ថកិច្ច បាន​នាំ​ម្ដាយ​និង​ក្មេង​ស្រី​រង​គ្រោះ​ទៅ​សុំ​លិខិត​បញ្ជាក់​ពី​មន្ទីរពេទ្យ ដើម្បី​យក​ទៅ​អម​ជាមួយ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដើម្បី​ចាប់​ជនល្មើស។

ដោយ សួន សុផលមុន្នី
2012-08-21
​វិទ្យុ​អាស៊ីសេរី

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមត្ថកិច្ច បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​សុខាភិបាល ចុះ​ត្រួត​ពិនិត្យ​ដើម្បី​កែ​សម្រួល​ប្រព័ន្ធ​រដ្ឋបាល​ពេទ្យ និង​មាន​វិធាន​ការ​អប់រំ​ចំពោះ​បុគ្គលិក​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង ឲ្យ​ចេះ​ប្រើ​ពាក្យ​សំដី​ឲ្យ​បាន​សមរម្យ ​នៅ​ពេល​មាន​អ្នក​ជំងឺ​នាំ​គ្នា​ទៅ​សុំ​សេវា​សុខាភិបាល។

បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ​ដែល​មាន​បេសកកម្ម​ជួយ​ដល់​ស្ត្រី និង​ក្មេង​ស្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា និង​ការ​ចាប់​រំលោភ​សេពសន្ថវៈ បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​សីហា ថា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា មន្ត្រី​នគរបាល​យុត្តិធម៌​បាន​ជូន​ម្ដាយ និង​ក្មេង​ស្រី​រង​គ្រោះ​អាយុ ៤​ឆ្នាំ ​ក្នុង​ករណី​ចាប់​រំលោភ​សេពសន្ថវៈ ​អោយ​ពេទ្យ​ពិនិត្យ និង​សុំ​លទ្ធផល​បឋម​ដើម្បី​ចាប់​ជនសង្ស័យ។ ពួកគាត់​បាន​ទៅ​អង្គុយ​ចាំ​តាំង​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់ ​រហូត​ដល់​ម៉ោង​ជិត ៦​ល្ងាច​ តែ​ពុំ​មាន​គ្រូពេទ្យ​ធ្វើការ។ ក្រោយ​មក​ពួកគាត់​បាន​ទូរស័ព្ទ​ទៅ​សួរ​ប្រធាន​មន្ទីរពេទ្យ​ ទើប​មាន​គ្រូ​ពេទ្យ​ចេញ​មក​សួរ​នាំ ប៉ុន្តែ​ត្រូវ​ពេទ្យ​ស្ដី​បន្ទោស​ទៅ​វិញ។

បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល៖ «គ្រូពេទ្យ​ខាង​រដ្ឋបាល​គាត់​ថា ជីវិត​គេ​ជិត​ងាប់​ហើយ អ្ហែង​ហ្នឹង​ស្អី? ខ្ញុំ​ថា លោកគ្រូ​ខ្ញុំ​អត់​បន្ទាន់​ថា​ខ្ញុំ​ជិត​ងាប់​ទេ គ្រាន់​តែ​ថា ឥឡូវ​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច ខ្ញុំ​រត់​ឡើង​ប៉ុន្មាន​ដង​ហើយ អោយ​ខ្ញុំ​អង្គុយ​ចាំ គ្មាន​បុគ្គលិក​អី​ម្នាក់ ឬ​ក៏​មន្ត្រី​ណា​មួយ​រង់ចាំ​ផ្ដល់​សេវា​អី​សោះ ឲ្យ​ខ្ញុំ​ទៅ​អង្គុយ​ចាំ​រាប់​ម៉ោង​ហ្នឹង។ គ្រូ​ពេទ្យ​រដ្ឋបាល​ជិះ​ម៉ូតូ​មក​បក់​ដៃ​ហៅ​ខ្ញុំ​ចូល ហើយ​គ្រូពេទ្យ​ឈ្មោះ វ៉ាត់ ខាង​រដ្ឋបាល​ហ្នឹង​ដែរ គាត់​លត់​ខ្ញុំ។ គាត់​ថា ធ្វើ​ការ​ទាល់​តែ​ធ្វើ​ជា​ពេទ្យ​បាន​ដឹង​ថា​គេ​ពិបាក​ប៉ុណ្ណា អត់​ងងុយ យប់​ព្រលប់ ប្រាក់​ខែ​តែ ១០​ម៉ឺន (រៀល) ជាង​ទេ»

បុគ្គល​អង្គការ​ដដែល​បាន​ថ្លែង​ថា រូប​គាត់ និង​មន្ត្រី​នគរបាល​យុត្តិធម៌ រួម​ទាំង​គ្រួសារ​ជន​រងគ្រោះ​ផង មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ​របស់​បុគ្គលិក​ពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង។ នេះ​ពុំ​មាន​ជា​ករណី​ទី​១ ដែល​ពួកគាត់​បាន​ជួប​ប្រទះ​នោះ​ទេ នៅ​មាន​អ្នក​ជំងឺ​ជា​ច្រើន​នាក់​ណាស់​បាន​រង​នូវ​ពាក្យ​សំដី​ពុំ​សមរម្យ៖ «គាត់​ស្ដី​ឲ្យ​ខ្ញុំ​ថា ​រឿង​ហ្នឹង​ជា​រឿង​សង្គម​ទេ យើង​កុំ​មក​ចង់​កែ​ប្រែ​សង្គម។ ខ្ញុំ​ថា​ ពិបាក​ណាស់​មិន​ដឹង​រក​ដំណោះ​ស្រាយ​យ៉ាង​ម៉េច​ឲ្យ​ស្រួល​ទាំង​ពេទ្យ អោយ​ស្រួល​ទាំង​ខ្ញុំ។ គាត់​ថា ជា​រឿង​របស់​សង្គម ខ្ញុំ​ថា ​មិន​មែន​ជា​រឿង​សង្គម​ទេ​ រឿង​របស់​មនុស្ស​ម្នាក់ៗ​នេះ​នាំ​គ្នា​ជួយ​រួម​ចំណែក​ម្នាក់​បន្តិចៗ​ទៅ​បាន​សង្គម​វា​កែ​ប្រែ បើ​រវល់​បន្ទោស​សង្គម​អត់​នាំ​គ្នា​ចូល​រួម​អ៊ីចឹង​ចប់​បាត់​ហើយ»

ប្រធាន​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក សុន តឹក បាន​ថ្លែង​ថា ក្រុម​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង គួរ​ពង្រឹង​ខាង​ផ្នែក​សីលធម៌ និង​ក្រមសីលធម៌​ឲ្យ​បាន​ប្រសើរ​ជាង​នេះ។ លោក​ថា ទោះ​បី​នៅ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ឈប់​សម្រាក​ក៏​ដោយ នៅ​មន្ទីរ​ពេទ្យ​ត្រូវ​មាន​បុគ្គលិក​ប្រចាំការ​ជា​ប្រចាំ។ ករណី​ក្រសួង​សុខាភិបាល មន្ទីរ​សុខាភិបាល​ខេត្ត​ត្រូវ​ចាត់​វិធានការ​ត្រួត​ពិនិត្យ​បញ្ហា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ។

ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​បាត់ដំបង លោក កាក់ សីលា បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​បញ្ហា​ដែល​បាន​កើត​មាន​នៅ​ក្នុង​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៩ សីហា។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ទំនាស់​ពាក្យ​សំដី​នោះ​កើត​ឡើង​ដោយ​ការ​ភាន់ច្រឡំ។ ម្យ៉ាង​វិញ​ទៀត ខាង​គ្រូពេទ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាច​មាន​ការ​លួច​បន្លំ​ដោយ​ចេតនា​មិន​ល្អ​ណា​មួយ ទើប​គ្រូពេទ្យ​ទាមទារ​ឲ្យ​មាន​សំបុត្រ​បញ្ជាក់​ច្បាស់លាស់​មួយ ហើយ​ក៏​បណ្ដាល​ឲ្យ​មាន​សេវា​មិន​ល្អ។

លោក​បាន​បញ្ជាក់​ថា មន្ទីរ​ពេទ្យ​នឹង​កោះ​ប្រជុំ​នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​សីហា ជាមួយ​បុគ្គលិក​នៅ​ផ្នែក​ខាង​រោគ​ស្ត្រី និង​បុគ្គលិក​ផ្នែក​កោសល្យវិច័យ ដើម្បី​ប្រាប់​ឲ្យ​ដឹង៖ «រាល់​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ពិនិត្យ ជា​ពិសេស​ខាង​អង្គការ​ដែល​បាន​បញ្ជូន​មក​សុំ​ឲ្យ​គាត់​បង្ហាញ​កាត​អង្គការ ហើយ​ពេទ្យ​កត់ត្រា​ទុក និង​ពិនិត្យ​ឲ្យ​គាត់ ទោះ​បី​ក្នុង​លក្ខខណ្ឌ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ក៏ដោយ»

មន្ទីរ​ពេទ្យ​មាន​គម្រោង​ធ្វើ​លិខិត​ផ្លូវ​ការ​មួយ​ផ្សេង​ទៀត​ទៅ​អង្គការ​ដៃគូ​ពាក់​ព័ន្ធ ដើម្បី​បញ្ជាក់​ប្រាប់​ឲ្យ​បុគ្គលិក​របស់​អង្គការ​ទាំង​អស់ រាល់​ពេល​បញ្ជូន​ជន​រងគ្រោះ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ ត្រូវ​ឲ្យ​បុគ្គលិក​របស់​អង្គការ​នោះ​បង្ហាញ​ប័ណ្ណ​សម្គាល់​ខ្លួន (ID Card) របស់​អង្គការ​ទៅ​ឲ្យ​គ្រូពេទ្យ នឹង​អាច​ទទួល​ពិនិត្យ​ជន​រងគ្រោះ​បាន​ដោយ​ពុំ​ចាំបាច់​ទាមទារ​ឲ្យ​មាន​លិខិត​បញ្ជាក់​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "សង្គម​ស៊ីវិល​ស្នើ​​ក្រសួង​សុខាភិបាល​ចុះ​អប់រំ​បុគ្គលិក​ពេទ្យ​បង្អែក​បាត់ដំបង"

  1. ឡេង សុភាវង្ស
    August 19, 2012 at 5:26 pm
    មានមួយចំនួនតូចដែលជាពេទ្យគ្មានសីលធម៌ បាតផ្សា ទាំងពេទ្យរដ្ឋ ពេទ្យកុមារ
     និងពេទ្យកុមារអង្គរ ហើយក៏ប្រហែលជាមិនមានចំនេះដឹងវិជ្ជាជីវះក្នុងខ្ខួនទៀតផង។ 
    ពួកពេទ្យបាតផ្សានេះ បានសញ្ញាបត្រមក មិនដឹងជាសូកលុយគេអស់ប៉ុន្មានទេ។
    អ្នកទាំងនេះហើយ ដែលធ្វើអោយអាប់អោនដល់ស្ថាប័នដែលពាក់ព័ន្ធ ជាពិសេស
    តាដែលជាអ្នកគ្រប់គ្រងពេទ្យកុមារ ដែលគាត់ខំជួយទាំងកំលាំងកាយ កំលាំងចិត្ត
     ដោយមិនគិតពីកំរៃ។

  2. អ្នកថាគ្រូពេទ្យជាមនុស្សបាតផ្សា,អ្នកថានោះក៏ជាជំពូកមនុស្សបាតផ្សាដែរ។សូមចងចាំថានៅពេល

    ដែលអ្នកចង្អុលទៅគេនោះម្រាមដែលសេសសល់ទាំងប៉ុន្មាននិងចង្អុលមកចំកណ្តាលដើមទ្រូងខ្លួន

    ឯងតែម្តង។

  3. អញ្ចឹងហ្អែងបាតផ្សាដែររឺ?

  4. អ៊ួ!បាតទន្លេឯណោះ!