កូន​ខ្មែរ​ច្នៃ​ម៉ូដ​ខោអាវ​តម្រូវ​យុវវ័យ​ខ្មែរ

ភ្នំពេញៈ យុវវ័យ​ខ្មែរ​ភាគ​ច្រើន​នាំ​គ្នា​និយម​សម្លៀក​បំពាក់​ស្ទីល​កូរ៉េ និង​ខោអាវ​នាំ​ចូល​ពី​ថៃ ចិន និង​ហុងកុង។

Thursday, 23 August 2012
ឈឹម ស្រីនាង
ភ្នំពេញ ប៉ុស្តិ៍

ម៉ូដសម្លៀក​បំពាក់​របស់​លោក ហុង ឈិន មានលក្ខណៈ​សាមញ្ញ តែ​ទាន់សម័យ​សម្រាប់​យុវវ័យ​​។ រូបថត សហការី

ម៉ូដសម្លៀក​បំពាក់​របស់​លោក ហុង ឈិន មានលក្ខណៈ​សាមញ្ញ តែ​ទាន់សម័យ​សម្រាប់​យុវវ័យ​​។ រូបថត សហការី

ថ្វី​ដ្បិត​តែ​សម្លៀក​បំពាក់​នាំ​ចូល​មក​ពី​បរទេស​នេះ​មាន​តម្លៃ​មិន​សូវ​ជា​ ថ្លៃ​ប៉ុន្មាន​មែន ប៉ុន្តែ​អ្នក​ច្នៃ​ម៉ូដវ័យ​ក្មេង ហុង ឈិន តែង​គិត​ថា យុវវ័យ​ខ្មែរ​នៅ​តែ​ត្រូវ​ការ​ទីផ្សារ​សម្លៀក​បំពាក់​ច្នៃម៉ូដ​ក្នុង​ស្រុក។

ដូច្នេះ​ហើយ​ទើប​ លោក ឈិន បាន​ផ្ដួច​ផ្ដើម​គំនិត​ដ៏​ច្នៃ​ប្រឌិត​មួយ នោះ​គឺ​ការ​បង្កើត​ម៉ាក​សញ្ញា​ផ្ទាល់​ខ្លួន និង​ច្នៃ​ម៉ូដ​ផ្ទាល់​ដៃ​ដើម្បី​តម្រូវ​ទីផ្សារ​យុវវ័យ ជា​ជាង​ឲ្យ​ពួក​គេ​គ្មាន​ជម្រើស​ ហើយ​ចាប់​យក​តែ​ខោអាវ​មក​ពី​ក្រៅ​ប្រទេស​នោះ។

ស្ថិត​ក្នុង​វ័យ​ប្រមាណ​២០​ឆ្នាំ ហុង​ ឈិន ជិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​ពី​សាកល​វិទ្យាល័យ​លីមកុកវីង ហើយ​ជាមួយ​នឹង​មហិច្ឆតា​បង្កើត​ម៉ាក​សញ្ញា​សម្លៀក​បំពាក់​ខ្មែរ ដើម្បី​ឲ្យ​យុវវ័យ​ទាំង​ឡាយ​មាន​មោទនភាព​ក្នុង​ការ​ជ្រើសរើស​សម្លៀក​ បំពាក់​ដែល​ច្នៃ​ម៉ូដ​ដោយ​កូន​ខ្មែរ​ដូច​គ្នា។

តាម​ការ​ពិត​ទៅ អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​ចាប់​ផ្ដើម​ក្ដី​សុបិន​ក្នុង​វិស័យ​ច្នៃ​ម៉ូដ​របស់​ ខ្លួន​តាំង​ពី​ឆ្នាំ​២០១០​មក​ម្ល៉េះ។ ជាទូទៅ ម៉ូដ​ដែល​លោក ហុង ឈិន​ បង្កើត​ឡើង មាន​លក្ខណៈ​សាមញ្ញ ប៉ុន្តែ​ទាន់​សម័យ ដែល​មាន​រូប​លោក​ផ្ទាល់ ជា​អ្នក​គូស​ម៉ូដ​ អ្នក​វាស់វែង កាត់​ក្រណាត់ និង​ដេប៉ាក់។ ប៉ុន្តែ​សព្វ​ថ្ងៃ លោក​បាន​ប្រគល់​ការងារ​ដេរ​សម្លៀក​បំពាក់​នេះ​ទៅ​ឲ្យ​បុគ្គលិក​ហើយ​​ដោយសារ តែ​ភាព​មមាញឹក និង​តម្រូវ​ការ​មាន​កំណើន​ជា​លំដាប់​។

ស្នាដៃ​របស់​លោក ហុង ឈិន មាន​លក់​ដូច​ជា​នៅ ហាង Brono និង Wow shop ដែល​ជា​ហាង​លក់​សម្លៀក​បំពាក់​បុរស។​ ខោអាវ​ទាំង​នោះ​រួម​មាន​ប្រភេទ​ជា​អាវ​យឺត អាវ​ក្រណាត់ ខោ អាវ​ពាក់​ក្រៅ និង​ខោ​ខ្លី​ជា​ដើម។

ចំពោះ​តម្លៃ​វិញ អាវ​យឺត​គឺ​ចាប់​ពី​៨​ដល់​១៤​ដុល្លារ និង​អាវ​ក្រណាត់ ១៣​ដល់​២០​ដុល្លារ អាស្រ័យ​ទៅ​តាម​ម៉ូដ និង​គុណភាព​សាច់​ក្រណាត់។

បច្ចុប្បន្ន ស្នាដៃ​របស់​លោក ហុង ឈិន ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​យុវវ័យ​នៅ​ភ្នំពេញ ហើយ​លោក​ក៏​គ្រោង​នឹង​នាំ​ចេញ​ទៅ​លក់​នៅ​វៀតណាម និង​ប្រទេស​ដទៃ​ទៀត​ផង​ដែរ៕

What Next?

Recent Articles

2 Responses to "កូន​ខ្មែរ​ច្នៃ​ម៉ូដ​ខោអាវ​តម្រូវ​យុវវ័យ​ខ្មែរ"

  1. ពិសិដ្ឋ says:

    ហាងរបស់គាត់នៅម្តុំណាដែរណ៎?

  2. Anonymous says:

    where your shop?