ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃចន្ទទី២៧សីហា នេះ បានទាមទារឲ្យរដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសកម្ពុជា បើកការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់លើករណីដួលសន្លប់ជាបន្តបន្ទាប់របស់កម្មករនៅរោងចក្រ អឹម វ៉េ អន្តរជាតិ (M &V International) ដែលមានទីតាំងក្នុងខេត្តកំពុងឆ្នាំ។
ដោយៈផុន សុភា
August 27, 2012
សារព័ត៌មានសេរី
លោក ជា មុនី បានលើកឡើងនៅក្នុងលិខិតផ្ញើទៅលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា មានកម្មករ-កម្មការិនី ៦៩នាក់ បម្រើការងារនៅរោងចក្រ អឹម វ៉េ អន្តរជាតិបានទទួលរងការដួលសន្លប់ជាបន្តបន្ទាប់ពេលកំពុងបំពេញការងារ នាខែ សីហា ឆ្នាំ ២០១២ នេះ មានជាអាទិ៏ ៖ លើកទី១ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ ចំនួន ៥ នាក់ , លើកទី២ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ ចំនួន ៣៤ នាក់ , លើកទី៣ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ចំនួន ៧ នាក់ និងលើកទី៤ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ ចំនួន ២៣ នាក់។
ជាមួយគ្នាប្រធានសហជីពរូបនេះក៏បានរំឭកផងដែរថា កាលពីអំឡុងឆ្នាំ ២០១១ កន្លងទៅ កម្មករកម្មការិនី បម្រើការងារនៅរោងចក្រនេះ ក៏ធ្លាប់ទទួលរងការដួលសន្លប់ ក្នុងពេលកំពុងបំពេញការងារ ចំនួនច្រើនរយនាក់ផងដែរ។
បើតាមលោក ជា មុនី ការដួលសន្លប់ជាបន្តបន្ទាប់របស់កម្មករនេះ គឺបណ្ដាលមកពីថៅកែ រោងចក្របង្កើតកិច្ចសន្យាការងារគាបសង្កត់ បង្គាប់ឲ្យកម្មករ – កម្មការិនី ធ្វើការថែមម៉ោងលើសលប់ និងតម្រូវឲ្យកម្មករ – កម្មការិនី បម្រើការងារទាំងថ្ងៃឈប់សម្រាកខុសពីគោលការណ៍ស្ម័គ្រចិត្ត ដែលជាការរំលោភបំពានទៅលើច្បាប់ការងារ ៕
——————-

បានអីមិនដួលសន្លប់ បើប្រាក់ខែរបស់កម្មករ-កម្មការី បានតែ60ដុល្លាក្នុងមួយខែ ហើយនៅចំណាយ
លើការហូបចុក ថ្លៃឈ្លួលផ្ទះ ជាពិសេសផ្ញើរទៅស្រុកឲក្រុមគ្រួសារទៀត ម្ហូបមួយពេលមិនហ៊ានទិញ
ច្រៀនទេ គឺចំណាយតែ១៥០០រៀលតែប៉ុណ្ណោះ ចឹងរឿងអីវាមិនសំលាប់ បើញុំាមិនឆ្អែតផងហ្នឹង!!!!!!
រដ្ឋមន្រ្តី វង់ សូត្រ នៅឯណាទៅ? ម៉េចមិនអើពើផង រដ្ឋមន្រ្តីធ្លាប់ឆ្លងកាត់ពីភាពលំបាកដែរ គួរយល់ពី
សុខទុករបស់ពួកគាត់ផងទៅ!!!កុំយកស្រួលខ្លួនតែខ្លួនឯង។
សន្លប់តាមគ្នាដើម្បីបានព្យួរស៊ឺរ៉ូម