ភ្នំពេញ: ក្រុមស្ត្រីអ្នកភូមិបឹងកក់ រួមទាំងកុមារផង បានផ្តើមការតវ៉ាជាថ្មី នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ ដើម្បីជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ ចុះវាស់វែង កំណត់ព្រំដី ទំហំ ១២,៤៤ ហិកតា ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ឲ្យប្រជាពលរដ្ឋ សម្រាប់ដំណើរការអភិវឌ្ឍន៍តំបន់បឹងកក់ដ៏ចំរូងចម្រាស់។

ក្រុមអ្នកបឹងកក់ ប្រមូលផ្តុំតវ៉ា មុខសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)
ថ្ងៃទី 27 សីហា 2012
ដោយ: រតនា
CEN
ការជួបជុំរបស់ស្ត្រីអ្នកភូមិបឹងកក់ នៅមុខសាលារាជធានីភ្នំពេញ នាព្រឹកនេះ មិនទាន់មានការរារាំង ឬក៏បង្ក្រាបនោះទេ។ ក្រុមអ្នកតវ៉ា ពិសេសកុមារតូចៗ បានស្រែកមេក្រូ ទទូចជំរុញឲ្យអាជ្ញាធរសាលារាជធានីភ្នំពេញ ចុះវាស់វែង កំណត់ព្រំដែន នៅតំបន់បឹងកក់ ដែលស្ថិតនៅខាងក្រោយសាលារាជធានីភ្នំពេញ។
ក្នុងពេលកន្លងមក ក្រុមស្ត្រីអ្នកភូមិបឹងកក់ បានតវ៉ាច្រើនលើកច្រើនសារមក និងត្រូវបានបង្ក្រាប ព្រមទាំងត្រូវចាប់ឃុំខ្លួនក៏មាន។ នៅចុងឆ្នាំ២០១១ សម្តេចហ៊ុនសែន បានសម្រេចកាត់ដីទំហំ ១២,៤៤ ហិកតា ចេញពីផ្ទៃដីបឹងកក់ជាង ១៣០ ហិកតា សម្រាប់ឲ្យពលរដ្ឋតវ៉ា រស់នៅផ្ទះរបស់ខ្លួនដដែល។ តែជម្លោះតវ៉ា នៅតែកើតមាន មិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយ។
បន្ទាប់ពីស្រែកតវ៉ានៅមុខសាលារាជធានីភ្នំពេញអស់ចិត្តហើយនោះ ក្រុមស្ត្រីបឹងកក់ បានដឹកនាំកុមារតូចៗ ទៅស្រែកយំ និងលុតជង្គង់អង្វរសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុខវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២។
កាលពីឆ្នាំ២០០៦ អភិបាលសាលារាជធានីភ្នំពេញ បានចុះហត្ថលេខា ប្រគល់ដីបឹងកក់ ទំហំជាង ១៣០ ហិកតា ឲ្យទៅក្រុមហ៊ុនស៊ូកាគូអ៊ិន ដើម្បីអភិវឌ្ឍន៍ជាទីក្រុងរណប។ ប៉ុន្តែគម្រោងអភិវឌ្ឍន៍នោះ នាំឲ្យពលរដ្ឋជាង ៤.០០០ គ្រួសារ ត្រូវរុះរើលំនៅដ្ឋាន។ មកដល់ពេលនេះ នៅសល់តែពលរដ្ឋជាង ៧០០ គ្រួសារ ប៉ុណ្ណោះ ដែលអះអាងថា មិនព្រមរុះរើលំនៅ និងទទួលយកសំណង ដើម្បីចាកចេញពីបឹងកក់ទេ។ ពលរដ្ឋទាំងនោះ បានតស៊ូ ក្រាញននៀល និងតវ៉ា រហូតដល់សម្តេចហ៊ុនសែន សម្រេចកាត់ដី ១២,៤៤ ហិកតា សម្រាប់អភិវឌ្ឍន៍នៅនឹងកន្លែង៕
តាមពិតរដ្ឋាភិបាលគ្មានឆន្ទៈក្នុងការកាត់ដីអោយប្រជាជននៅបឹងកក់នោះទេ គាត់និយាយអោយតែ
បានតែពីមាត់តែប៉ុណ្ណោះដើម្បីអោយប្រទេសម្ចាស់ជំនួយផ្តល់ជំនួយអោយទៀតតែប៉ុណ្ណោះ