ប្រភពព័ត៌មានពីពន្ធនាគារខេត្តបាត់ដំបង បានឲ្យដឹងថា មានភាពមិនប្រក្រតីជាច្រើនបានកើតមាននៅក្នុងពន្ធនាគារខេត្តនោះ។
ដោយ សួន សុផលមុន្នី
2012-09-10
វិទ្យុអាស៊ីសេរី
ពន្ធនាគារខេត្តបាត់ដំបង កំពុងកើតមានរឿងអាស្រូវជាច្រើន ដូចជាការប្រព្រឹត្តអំពើពុករលួយ អ្នកអ្នកទោសជួញដូរថ្នាំញៀន និងអនុញ្ញាតឲ្យអ្នកទោសប្រើប្រាស់ទូរស័ព្ទនៅក្នុងពន្ធនាគារជាដើម។
ករណីទាំងនេះ ត្រូវបានអ្នកទោសចោទថា មានជាប់ពាក់ព័ន្ធទៅនឹងមន្ត្រីពន្ធនាគារពីររូប មានឋានៈជាអនុប្រធានពន្ធនាគារ ទទួលបន្ទុកប្រតិបត្តិ និងប្រធានផ្នែកការិយាល័យប្រតិបត្តិ។
ប្រភពពីអ្នកទោសនៅក្នុងគុក ខេត្តបាត់ដំបង បានថ្លែងដោយសុំលាក់ឈ្មោះថា ប្រធានផ្នែកការិយាល័យប្រតិបត្តិ លោក យ៉ន សុវឿត និងលោក តាម វៃ អនុប្រធានពន្ធនាគារទទួលបន្ទុកប្រតិបត្តិ បានប្រើអំណាចគាបសង្កត់លើអ្នកទោស ដោយបានប្រើពាក្យសំដីមិនសមរម្យ ជេរប្រមាថ។ នៅក្នុងពន្ធនាគារ ពួកគេឲ្យអ្នកទោសប្រើទូរស័ព្ទ។ ការប្រើទូរស័ព្ទរបស់លោក យ៉ន សុវឿត ម្ដងត្រូវបង់ថ្លៃក្បាលបញ្ជីចំនួន ៣.០០០រៀល។
អ្នកទោសបានបញ្ជាក់ថា៖ «ការហៅទូរស័ព្ទចេញម្ដងៗក្នុងមួយនាទីថ្លៃ ២.០០០រៀល និងការហៅទូរស័ព្ទពីក្រៅចូលទៅសួរសុខទុក្ខអ្នកទោសនៅក្នុងពន្ធនាគារ ត្រូវបានលោក យ៉ន សុវឿត យកថ្លៃ ៥០០រៀលក្នុងមួយនាទី។ ទន្ទឹមគ្នានេះ លោក យ៉ន សុវឿត បាន ហាមមិនឲ្យអ្នកទោសប្រើប្រាស់ទូរស័ព្ទមន្ត្រីអនុរក្សផ្សេងនោះឡើយ តែបើហ៊ានប្រើ នៅពេលលោកចាប់បាន គឺត្រូវដកហូតយកទូរស័ព្ទ ដាក់ពិន័យមន្ត្រីនោះ និងកាត់ប្រាក់ខែទៀត»។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងប្រធានផ្នែកការិយាល័យប្រតិបត្តិ លោក យ៉ន សុវឿត ដើម្បីសុំសេចក្តីបញ្ជាក់ពីករណីទាំងនេះបានទេ។ ប៉ុន្តែលោក តាម វៃ អនុប្រធានពន្ធនាគារទទួលបន្ទុកប្រតិបត្តិ បានច្រានចោលការចោទប្រកាន់នេះ។
លោកបញ្ជាក់ថា ការបែកធ្លាយព័ត៌មាននេះ គឺជារឿងមូលបង្កាច់ខុសពីការពិតទាំងអស់៖ «អត់មានអ្នកណាទៅប្រព្រឹត្តបទល្មើសអីរបស់អ្នកទោសខាងលើទេ។ ខ្ញុំសុំបដិសេធ ព្រោះខាងខ្ញុំមិនអាចទៅធ្វើអ៊ីចឹងកើតទេ ខាងខ្ញុំគឺរិតណាស់! បញ្ហាទូរស័ព្ទអីមិនដូចកន្លែងផ្សេងទេ គឺថា អោយតែចូលព្យាយាមចាប់ធ្វើកំណត់ហេតុ បិទ មន្ត្រីប្រើបាន ប៉ុន្តែគាត់មិនអាចយកទៅឲ្យអ្នកទោសប្រើប្រាស់បានទេ ជាការកំណត់របស់យើងវាអ៊ីចឹង។ ប្រហែលជាពួកគាត់មានការខឹងសម្បាអីដោយសារពួកខ្ញុំចាប់ទូរស័ព្ទ។ ប៉ុន្មានថ្ងៃមុនរបស់មន្ត្រី គឺថា មិនអាចយកមកប្រើប្រាស់ គាត់អាចប្រើជាបុគ្គលនៅក្នុងពន្ធនាគារមិនអាចយកឲ្យអ្នកទោសប្រើបានទេ»។
ប្រភពពីអ្នកទោសបានបន្តថា នៅមានរឿងយកលុយពីអ្នកទោសជាច្រើនថែមទៀត។ ប្រភពបានបន្តថា បើសិនជាអ្នកទោសណាធ្វើខុស ហើយមានលុយបង់ពី ៥០ ទៅ ១០០ដុល្លារទៅឲ្យលោក យ៉ន សុវឿត។ អ្នកទោសរូបនោះ និងរួចខ្លួន តែបើពុំមានលុយបង់ទេ គេនឹងដាក់ពិន័យបិទទ្វារគុកឃុំខ្លួនពី ៣ខែ ទៅ ៦ខែ។ មានពេលខ្លះគេបានហៅអ្នកទោសទៅសួរចម្លើយនៅក្នុងបន្ទប់ការិយាល័យដោយបានជេរប្រមាថ និងពេលខ្លះបានធ្វើទារុណកម្មទៅលើអ្នកទោសធ្ងន់ធ្ងរថែមទៀត។
ជាក់ស្ដែងមានជម្លោះមួយបានកើតឡើងនៅក្នុងអគារអា នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ វេលាម៉ោងប្រហែល ៧យប់។ ជម្លោះនោះបង្កឡើងរវាងពិរុទ្ធជនឈ្មោះ សោម ស៊ីណុច ជាអ្នកទោសចូលថ្មី និងអ្នកទោសម្នាក់ទៀតឈ្មោះ ទិត ឧត្ដមគំនិត។ អ្នកទោសឈ្មោះ ឧត្ដមគំនិត បានទៅទាត់ពិរុទ្ធជន ឈ្មោះ សោម ស៊ីណុច មួយជើង បណ្ដាលឲ្យសន្លប់។ នៅគ្រានោះ មេអគារបានហៅអ្នកទោសឈ្មោះ សោម ស៊ីណុច មកដាក់ស្នាក់នៅក្រៅបន្ទប់។
លោក យ៉ន សុវឿត បានចូលទៅក្នុងបន្ទប់នោះ ហើយបានធ្វើទារុណកម្មទៅលើឈ្មោះ ទិត ឧត្ដមគំនិត យ៉ាងទម្ងន់។ បានពីរបីថ្ងៃក្រោយ មកពួកគេបានហៅអ្នកទោសទាំងពីរនាក់នោះមកសម្របសម្រួល ហើយបានបង្គាប់ឲ្យឈ្មោះ ទិត ឧត្ដមគំនិត បង់ប្រាក់ជំងឺចិត្តទៅឲ្យឈ្មោះ សោម ស៊ីណុច ចំនួន ១លានរៀល ប៉ុន្តែជនរងគ្រោះឈ្មោះ សោម ស៊ីណុច ទទួលបានតែ ៤០ម៉ឺនរៀល ប៉ុណ្ណោះ។
ប្រភពបន្តថា៖ «ថ្មីៗនេះ លោក យ៉ន សុវឿត បានយកលុយពីអ្នកទោសចំនួន ៥នាក់ ជាថ្នូរទៅការតែងតាំងឲ្យធ្វើជាមេអគារនៅក្នុងគុក។ ក្នុងម្នាក់ៗយកលុយពី ២០០ដុល្លារ ទៅ ២៥០ដុល្លារ។ អ្នកទោសចំនួន ៥នាក់នោះ មានឈ្មោះ គឹម សុវណ្ណារ៉ា ឈ្មោះ លឿង សុហេង ឈ្មោះ ម៉ើក ចាន់ថន ឈ្មោះ ង៉ាន ស៊ុង និងឈ្មោះ ផេង សេង។ ពេលទទួលបានលុយហើយ ក៏តែតាំងឈ្មោះអ្នកទោសទាំងប្រាំនាក់ឲ្យធ្វើជាមេអគារភ្លាមនៅក្នុងពន្ធនាគារ»។
លោកបន្តថា ក្នុងរយៈកាលកន្លងមកនេះ មានអ្នកទោសប្ដឹងពេទ្យនៅក្នុងពន្ធនាគារលើករណីព្យួរសេរ៉ូមឲ្យអ្នកជំងឺមួយផ្លោកយកថ្លៃ ២០ម៉ឺនរៀល។ អ្នកទោសនោះ គ្រាន់តែដួលរលាត់កែងដៃបន្តិចបន្តួចប៉ុណ្ណោះ។ មានអ្នកទោសម្នាក់ទៀត គ្រាន់តែពេទ្យលាងស្នាមរបួសកើតបូសបន្តិច ទារយកលុយបីម៉ឺនរៀល។ ករណីនេះ អ្នកទោសទាំងពីរនាក់ បណ្ដឹងឲ្យជួយដោះស្រាយ តែគ្មានអ្នកណាជួយដោះស្រាយឲ្យនោះទេ។
អ្នកទោសដដែលបន្តថា មានករណីចាប់បានថ្នាំញៀននៅក្នុងពន្ធនាគារពីអ្នកទោសជាច្រើនទៀត ដែលពួកគេបានបិទបាំងមិនឲ្យបែកធ្លាយចេញមកខាងក្រៅ។ ជាក់ស្ដែងមានអ្នកទោសឈ្មោះ សាន សំបូរ និង ជា សំអាត បានយកថ្នាំញៀនចូលក្នុងពន្ធនាគារ តែមន្ត្រីអនុរក្សចាប់បានហើយ ប៉ុន្តែបែរជាមិនបានធ្វើពាក្យបណ្ដឹងដាក់ទោសទេ បែរជាខិតខំលាក់បាំងមិនឲ្យបែកធ្លាយចេញទៅខាងក្រៅ។ មានអ្នកទោសឈ្មោះ សេង វីរៈ បានទិញទឹកចិត្តមន្ត្រីពន្ធនាគារពីរូប តាមរយៈការទិញម៉ូតូឡានសេរីថ្មីឲ្យ ប៉ុន្តែនៅពេលបែករឿងជួញដូរថ្នាំញៀននៅក្នុងគុក ស្រាប់តែគេប្តូរឈ្មោះ សេង វីរៈ ទៅដាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ដើម្បីការពារកុំឲ្យមានជាប់ពាក់ព័ន្ធដល់មន្ត្រីពន្ធនាគារខេត្តបាត់ដំបង។ ចំណែកឯអ្នកទោសជាស្ត្រី បើសិនជាអ្នកទោសណាក្មេងហើយមានរូបស្អាត គឺគេយកទៅឲ្យបម្រើ តែបើអ្នកមិនព្រមទេ មន្ត្រីពន្ធនាគាររូបនោះ ត្រូវបិទទ្វារគុក។ ដូច្នេះហើយអ្នកទោសខ្លាចក៏ព្រមទៅបម្រើ មិនថា នៅពេលយប់ និងនៅពេលថ្ងៃនោះទេ។
អ្នកទោសមិនបញ្ចេញឈ្មោះ៖ «ជាក់ស្ដែងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ វេលាម៉ោងជាង ៦ល្ងាច ពេលដែលអ្នកទោសចូលអគារអស់ លោក យ៉ង សាវឿត បានហៅស្រីជាអ្នកទោស ឈ្មោះ ងួន ផាវិន ហៅ វីន យកទៅរួមភេទយ៉ាងសប្បាយនៅក្នុងបន្ទប់រោងសិប្បកម្ម ដោយមានឈ្មោះ ទាវ ឆាយ ជាអ្នកមើលចាំផ្លូវ»។
ប្រធានសម្របសម្រួលរបស់អង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង លោក សុន តឹក បានថ្លែងថា ករណីទាំង ៥ចំណុចនេះ គឺខុសច្បាប់៖ «អំពើមិនប្រក្រតីទាំង ៥ចំណុច មានអំពើពុករលួយ មានការឃុំខ្លួន និងការគំរាមកំហែងលើស្ត្រី ហើយនិងប៉ះពាល់ផ្នែកសីលធម៌ខ្លះនៅក្នុងពន្ធនាគារ យើងគិតថា វាជា ការខុសច្បាប់»។
អង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង បានស្នើឲ្យស្ថាប័នអយ្យការសាលាដំបូងខេត្តបាត់ដំបង និង នាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ ត្រូវចាត់វិធានការចុះស្រាវជ្រាវ ស៊ើបអង្កេត និងមាន វិធានការផ្លូវច្បាប់ទៅលើក្រុមមន្ត្រីពាក់ព័ន្ធនៅក្នុងពន្ធនាគារខេត្តបាត់ដំបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ឆ្កែសុីអាច៏នៅតាសីុអាច៏
សប្បាយដល់ករតាមោងហើយនេះ ឃើញស្រីស្អាតៗដែលជាប់គុកទាំងនោះគឺទ្រាំមិនបានទេ ត្រូវតែប្រើល្បិចដើម្បីយកនាងមករួមរក្ស័ឲ្យវាសប្បាយដល់ណាណីម្តងទីបំផុតបានដូចបំណង មែនបើទោះជាមានច្បាប់ការពារអ្នកទោសយ៉ាងណាក៍ដោយក៍យើងមិនខ្វល់ដែរព្រោះយើង ជាមេមើលខុសត្រូវនៅទីនេះហើយ ត្រូវតែធ្វើអ្វីៗតាមចិត្តចង់បាន។ គំរាមនិងធ្វើទន្តកម្មបន្តិច ទៅរឿងអីពួកនាងៗទាំងនោះមិនព្រមស្រាតខោអាវដើម្បីទទួលយើងដោយរីករាយនោះ។ គុកជាកន្លែងឋននរកសម្រាប់អ្នកទោសតែជាកន្លែងឋានសូគ៌សម្រាប់ពួកយើងជាមេគុក។
មិនមែនមានតែនៅបាត្តំបងទេ គឺមាននៅគ្រប់ពន្ធនាគារទាំងអស់!