សម្តេច​ ហ៊ុន ​សែន ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​ព្រះរាជ​ពិធី​អភិសេកព្រះ​រាជបុត្រី​ស្តេច​ព្រុយ​ណេ​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​តាម​យន្តហោះ​ពិសេស Cambodia Angkor Air ចាកចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ម៉ោង ៨ ព្រឹក ថ្ងៃ​សៅរ៍ ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១២ ដើម្បី​ទៅ​ចូលរួម​ព្រះរាជ​ពិធី​អភិ​សេក ព្រះ​រាជបុត្រី​របស់​ស្តេច​ព្រុយ​ណេ​។​

ថ្ងៃទី 22 កញ្ញា 2012
ដោយ: សុខ ភក្តី
CEN

​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១២ បង្ហាញថា តាម​ការអញ្ជើញ​របស់​ព្រះករុណា ស៊ុល​តង់ ហា​ជិ ហា​សា​ណាល់ បុក​គៀស មូ​អ៊ី​ហ្សា​ឌី​ន វ៉ាដ​ឌុល​ឡាស់ ស៊ូតង់ ដាន យ៉ាង​-​ឌី ផឿ​ទាន់ ( Sutan Haji Hassanal Bolkiah Mu’izzaddin Waddulah Sultan Dan Yang-Di Pertuan ) នៃ​ប្រទេស​ព្រុយ​ណេ ដា​រូ​សា​ឡឹម សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដេ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​ព្រះរាជ​ពិធី​អភិសេកព្រះ​រាជបុត្រី ហា​ចា​សហា​ហ្វី​ហ្សា ស៊ូ​រូ​រុល បុល​គៀស ( Princess Hajah Hafizah Surural Bolkiah ) ជាមួយនិង ផិន​ហ្គី​រ៉ាន់ ហា​ជិ មូហា​ម៉ាដ រុសាយ​នី ប៊ិន ផិន​ហ្គី​រ៉ាន់ បណ្ឌិត ហា​ជិ មូហា​ម៉ាដ យ៉ា​គុប ( Pengiran Haji Muhammad Rusaini Bin Pengiran Dr. Haji Mohd Yakub ) ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ប្រទេស​ព្រុយ​ណេ ដា​រូ​សា​ឡឹម​។​

​កាសែត​ប្រទេស​ព្រុយ​ណេ បាន​រាយការណ៍​ថា ចាប់តាំងពី​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១២ ក្នុង​ព្រះរាជវាំង​ស្តេច​ព្រុយ​ណេ បានចាប់ផ្តើម​រៀប​ព្រះរាជ​ពិធី​អភិសេកព្រះ​រាជបុត្រី តាម​បែប​ប្រពៃណី​អ៊ិស្លាម នៃ​រាជវង្ស​របស់​ប្រទេស​ព្រុយ​ណេ​។

​ព្រះរាជ​ពិធី​រៀប​អភិសេកព្រះ​រាជបុត្រី​ស្តេច​ព្រុយ​ណេ ត្រូវ​បន្ត​តាម​បែប​ប្រពៃណី ដោយមាន​ការយាង និង​អញ្ជើញ​ចូលរួម​ពី​ព្រះរាជវង្សានុវង្ស ប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី អ្នកការទូត រួម​ទាំង​ភ្ញៀវ​កិត្តិយស​ជាច្រើន​ផ្សេង​ទៀត មក​ពី​គ្រប់ទិសទី ជុំវិញ​ពិភពលោក​។​

​កាសែត The Brunei Times បាន​រាយការណ៍ កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១២ ថា ដើម្បី​សាទរ​ព្រះរាជ​ពិធី​អភិសេកព្រះ​រាជបុត្រី​ស្តេច​ព្រុយ​ណេ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ កម្មវិធី​វប្បធម៌​ប្រពៃណី​ជា​ច្រើន ត្រូវបាន​ធ្វើ​ឡើង​យ៉ាង​អធិកអធម​តាម​ទីក្រុង ស្រុក​ទីប្រជុំជន សម្រាប់​មហាជន​ចូលរួម​កំសាន្ត​សប្បាយ​ផងដែរ​។​

​កាសែត​បាន​រាយការណ៍​ថា ដើម្បី​ចូលរួម​សាទរ​ដល់​ព្រះរាជ​ពិធី​អភិសេកព្រះ​រាជបុត្រី​របស់​ស្តេច​ព្រុយណេ ក៏​មាន​ការបើក​វេទិកា​ប្រឡង​ចម្រៀង​ជា​គូ​រវាង​ស្វាមីភរិយា​ជាច្រើន​គូ​ផងដែរ​។

​កម្មវិធី​តាម​បែប​ប្រពៃណី​នោះ នឹង​បន្ត​នៅក្នុង​ទីក្រុង ចាប់ពី​ម៉ោង ៨ ដល់​ម៉ោង ១០ យប់ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១២ ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​អភិសេកព្រះ​រាជបុត្រី​ស្តេច​ព្រុយ​ណេ​៕​ S ​

What Next?

Recent Articles

One Response to "សម្តេច​ ហ៊ុន ​សែន ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​ព្រះរាជ​ពិធី​អភិសេកព្រះ​រាជបុត្រី​ស្តេច​ព្រុយ​ណេ​"

  1. នំចាខ្វៃអាហ៊ុនសែន-មីប៊ុនរ៉ានី says:

    មេដឹកនាំយួន (ហូ ជីមិញ) សុខចិត្តស្លាប់ខ្លួនដើម្បីជាតិ,
    ឯមេដឹកនាំខ្មែរសុខចិត្តស្លាប់ជាតិ ដើម្បីបានខ្លួនរស់,….!