ភ្នំពេញៈ ព្រះសង្ឃវ័យ៣៤វស្សាព្រះនាម អ៊ុំ មាន ដែលជាព្រះគ្រូចៅអធិការវត្តទ្រនំជ្រឹង ស្ថិតក្នុងភូមិបឹងសង្កាត់បឹងធំខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ បានអះអាងថា ព្រះអង្គទទួលបានវិជ្ជាសិល្ប៍ និងចេះព្យាបាលជំងឺពូកែស័ក្កិសិទ្ធិស្នងត្រកូល ដោយព្រះអង្គគ្រាន់តែបៀមមេជើងញោមប្រុស(ឪពុក) មុនពេលអស់ជីវិតប្រមាណជា៣០នាទីតែប៉ុណ្ណោះ។
Tuesday, 25 September 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ព្រះសង្ឃជំនាន់ ទី៤ត្រកូល(អ៊ុំ)មានសង្ឃដីកាថា៖«អាត្មាជាជំនាន់ទី៤ នៃត្រកូល អ៊ុំ គ្រប់គ្រងវត្តនេះ និងជាអ្នកទទួលមន្តវិជ្ជាព្យាបាលជំងឺពីត្រកូលអ៊ុំរបស់ អាត្មា ក្រោយពីអាត្មាបួសជាសង្ឃនៅព្រះជន្ម១៨វស្សា និងជាវេលាដែលញោមប្រុសអាត្មាលាលោកនេះទៅ»។
ព្រះអង្គបានឲ្យ ដឹងថា លោកតាទួតអាត្មា ជាចៅអធិការវត្តទ្រនំជ្រឹង ហើយកាលនោះ ព្រះអង្គក៏ជាគ្រូព្យាបាលជំងឺតាមបែបបុរាណដ៏ល្បីល្បាញមួយអង្គ ដែរដូចជា ជំងឺក្រពះ ពោះវៀន ថ្លើម ពិសេសត្រូវអំពើគេ មិនថាអំពើមនុស្ស ឬខ្មោចនោះទេ ពោលគឺលោកព្យាបាលបានទាំងអស់។ លោកអះអាងថា វិជ្ជានោះក៏បន្តផ្ទេររហូតមកដល់អាត្មានាពេលនេះ។
ទាក់ទិនទៅនឹងការផ្ទេរវិជ្ជាសិល្ប៍មន្តអាគមនោះ ព្រះគ្រូចៅអធិការបានមានសង្ឃដីកាថា៖«វិជ្ជាមន្តអាគមនេះ តាំងពីលោកតាទួតអាត្មា គាត់បានប្រើវិធីផ្ទេរយ៉ាងសាមញ្ញ មិនដែលមានគ្រូណាអាចប្រើវិធីផ្ទេរទៅអ្នកជំនាន់ក្រោយដូចគាត់បាន ឡើយ ដោយកូនប្រុសណាក៏ដោយក្នុងត្រកូល(អ៊ុំ) មុនពេលអ្នកមានវិជ្ជាសិល្ប៍នេះផុតរលត់ជីវិតកន្លះម៉ោង គេត្រូវខាំជញ្ជក់មេជើងគាត់រហូតផុតដង្ហើម នោះវិជ្ជាទាំងប៉ុន្មាននឹងបានផ្ទេរមកកូននោះទាំងអស់»។
ការ សាយពីភាពល្បីក្នុងការព្យាបាលជំងឺបែបមន្តអាគមបុរាណស្នងត្រកូល នេះ ព្រះអង្គប្រាប់ថា ទើបតែប្រមាណជាបីឆ្នាំចុងក្រោយនេះទេ ហើយចន្លោះបីឆ្នាំនេះអាត្មាបានជួយព្យាបាលជំងឺមិនក្រោមពី៣ពាន់ នោះឡើយ។ ព្រះអង្គបានប្រាប់ថា អ្នកជំងឺដែលព្យាបាលកបជាងគេ នោះគឺខាងដោះអំពើ មិនថាតែអំពើមនុស្ស ឬអំពើខ្មោចទេឲ្យតែមកដល់ព្រះអង្គនោះធានាថានឹងជាសះស្បើយមួយ រយភាគរយ ដោយមិនកំណត់ថា អ្នកជំងឺនោះគាត់ឈឺច្រើនឆ្នាំយ៉ាងណាក៏ដោយ ពោលគឺព្យាបាលបានទាំងអស់។
ព្រះអង្គឲ្យដឹងថា៖ «សព្វថ្ងៃអ្នកជំងឺដែលមករកអាត្មាព្យាបាល មានគ្រប់ទិសទីទូទាំង២៤ខេត្តក្រុង ក្នុងនោះក៏មានមកពីប្រទេសបារាំង អាមេរិក អូស្រ្តាលី ក៏មានមកដែរ តែពេលនេះពួកគាត់បានជា និងវិលត្រឡប់ទៅវិញអស់ហើយ»។
មុននេះពុទ្ធបរិស័ទជាច្រើនបាន និយាយថា ក្រោយពីព្រះអង្គព្យាបាលកូនក្រមុំជំទាវនៅភ្នំពេញម្នាក់ដែលនាង មានជំងឺខ្វិនរាប់ឆ្នាំជាសះស្បើយនោះ លោកជំទាវនោះក៏លួងលោមឲ្យព្រះអង្គសឹក ដើម្បីឲ្យរៀបការជាមួយនាង។ ប៉ុន្តែឆ្លើយតបនឹងពាក្យដ៏រសើបនេះ ព្រះគ្រូវ័យ៣៤វស្សាអង្គនេះ បានតបវិញថា អាត្មាកន្លងមកព្យាបាលអ្នកជំងឺក្រមុំៗជាច្រើននាក់ តែអាត្មាមិនគិតដល់បញ្ហាហ្នឹងទេ។
ព្រះអង្គទទួលស្គាល់ថា៖« អាត្មាពិតជាបានព្យាបាលឲ្យគាត់ជា និងដើររួចមែន ហើយម្តាយនាងក៏ឧស្សាហ៍និយាយលេងសើចជាមួយអាត្មាថា បើព្យាបាលកូនករុណាជាហើយ សឹករៀបការធ្វើជាកូនប្រសាករុណាតែម្តងទៅ!»។
ព្រះអង្គបាន ប្រាប់ថា៖«អាត្មាមិនមានអ្វីទោរទន់តាមពាក្យសម្តីលេងសើចរបស់ ពុទ្ធបរិស័ទនោះឡើយ ហើយអាត្មាក៏មិនបានយកពាក្យសម្តីនោះមកគិតដែរ ខណៈពេលនេះអាត្មាកំពុងតែស្ថិតលើផ្លូវព្រះពុទ្ធនោះ»។
លោកយាយ លួន វ៉ាយ វ័យ ៧៦ឆ្នាំ រស់នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដែលបានដើរមើលជំងឺរបស់ខ្លួនស្ទើរពេញស្រុកខ្មែរទាំងគ្រូពេទ្យ និងគ្រូខ្មែរ តែមិនសមប្រកបនោះ បានឲ្យដឹងនៅពេលនេះថា គ្រាន់តែ១០ថ្ងៃសោះ លោកយាយហាក់បានធូរស្បើយច្រើននៅពេលនេះ។
យាយ បានបញ្ជាក់ថា៖«ក្រោយពីកូននាំខ្ញុំមកឲ្យព្រះអង្គព្យាបាលនោះ មិនទាន់បានបីថ្ងៃផងជំងឺនោះ ក៏ធូរ ដេកក៏បាន ហូបអ្វីក៏ដឹងឆ្ងាញ់ ហើយអាការនេះពីមួយថ្ងៃទៅមួយថ្ងៃមានភាពធូរស្បើយខ្លាំងមែនទែន។ ជំងឺរបស់ខ្ញុំលោកប្រាប់ថា ខ្ញុំត្រូវអំពើគេ»។
ជាមួយគ្នា នោះបុរសវ័យ២៣ឆ្នាំ ឈ្មោះ សំលាក់ ក៏បានឲ្យដឹងដែរថា៖«ខ្ញុំមកពីភូមិដូង ឃុំព្រៃញាតិ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បងប្អូនខ្ញុំ៥នាក់មានបីនាក់ឈឺឆ្កូត ដើរលេលាមិនដឹងអីទេ ហើយឪពុកម្តាយខ្ញុំបាននាំពួកគេទាំងបីនាក់នេះ ដើរមើលគ្រប់ច្រកល្ហកអស់ទ្រព្យសម្បត្តិមិនតិចទេ តែមិនដែលទទួលបានលទ្ធផលអ្វីទាំងអស់ ពោលគឺនៅតែដើរឡិកឡក់បាយ មិននឹកទឹកមិនស្រេកដដែល។ តែពេលមកឲ្យព្រះអង្គព្យាបាលបានបីថ្ងៃពួកខ្ញុំក៏ជាសះ គ្មាននរណាម្នាក់ក្នុងចំណោមបីនាក់នេះមានបញ្ហាទៀតឡើយ»៕



ពិតជាចង់បានប្ដីមែន សូមបីតែលោកសង្ឍក៏មិនអនុគ្រាះដែរ?
ស្រីអាស!
មិនមែនគាត់អាសទេ តែដូចជាការសងគុណវិញទេតើ ក្នុងសង្គមខ្មែរ
មិនខ្វះទេរឿងបែបនេះ
បើពិបាករកប្តីពេក យកអាpailine armyធ្វើប្តីទាំងម្តាយទាំងកូនតែម្តងទៅ,….!
ទុកព្រះសង្ឈគ្រាន់ចាំវត្ត,…!
Tver jea monus srey kom orn jarek pek douch jea cheap dol hery nor
យាប់
ដូចជាហួសហេតុពេកទេដឺងតេជគុណ។ ព្យាបាលបានគ្រប់ជំងឺនោះ អ្នកវិទ្យាសាស្ត្រគេខំស្រាវជ្រាវ ធ្វើពិសោធន៍រាប់ឆ្នាំទើបអាចរកថ្នាំបាន នៅមានជំងឺខ្លះមិនទាន់រកថ្នាំព្យាបាលបានផង។
ពាក្យចាស់ បាន ពោលថា អាគមន្តផ្សំអយ៉ូស អាច មានពិត នៅ
ក្នុងលោកនេះ ព្រោះ កាលដែល លោកមេទព័ កំពូលៗទាំងឡាយ
របស់ខ្មែរយើង មុននិងចេញទៅច្បាំង ក៏មានមន្តគាថា និងធ្វើ
ក្រុងពាលីដែ. ប៉ុន្តែទោះជាយ៉ាងណា ក៏ត្រូវមានការពិចារណា
ដែរមុននិងជឿអ្វីមួយ ក៏មិនត្រូវជឿទាំងផ្កាប់មុកដែរ ត្រង់ចំណុច
នេះ ត្រូវពិចារណា . ត្រង់ថាការព្យាបាលគ្រប់ជំងឺតាមបែបអា
គម្ត នេះវាហាក់ស្ថិតក្នុង អរូបិយ ប៉ុន្តែបើព្យាបាលតាបបែប
ខ្មែរបុរាណ មាន ឬស្សឈឺមើមឈឺនោះ អាចមានពិត .ខ្ញុំបាទសូម
អាព្យាស្រ័យអភ័យទោសផង បើមានកន្លែមិនសមរម្យ.
សូមបងប្អូនទាំងអស់ មេតា ត្រូវចេះបែងចែកអោយបានច្បាស់ អំពី ជំងឺប្រភេទណា ត្រូវ ទៅ ព្យាបាលនៅមន្ទីរពេទ្យ ហើយ ជំងឺប្រភេទណាត្រូវព្យាបាលគ្រូខ្មែរ មិនមេនថាមិនអោយ មានជំនឿលើការព្យាបាលរបស់គ្រូខ្មែរ មន្តអាគម្ភ ទេ តែ ត្រូវជឿជាក់លើពេទ្យគេមានជំនាញច្បាស់ ជៀសវាង ហួសពេល ។ ខ្ញុំសូម បញ្ជាក់ប្រាប់ថា ក្នុង មួយឆ្នាំៗ នៅកន្លែងខ្ញុំជួបច្រើណាស់ ដែលហួសពេលក្នុការព្យាបាលដោយសាការព្យាបាលដោយគ្រូខ្មែរដែលប្រើអាគម្ភអូមអាម អ្នកខ្លះ កាត់ជើង អ្នកខ្លះ ស្លាប់ អ្នកខ្លះ ពិការ អ្នកខ្លះ មានកំហូចរាងអវយវៈ កែមិនបាន ហើយ បច្ចុប្បន្ន មាន ជំងឺ ម្នាក់កំពុងស្នាក់នៅកន្លែងខ្ញុំ គាត់មានការសោកស្តាយដោយសារគាត់មិនមកពេទ្យ ពេលគាត់មានបញ្ហាដំបូងគាត់ទៅព្យាបាលគ្រូខ្មែរប្រើមន្តអាគម្ភអូមអាម ក្រោយពេលគាត់មកព្យាបាលនៅកន្លែងខ្ញុំវាហួសពេល ក្នុងការជួយរាងកាយគាត់អោយល្អ មានតែការកាត់ជើងដើម្បី ជួយជីវិតរបស់គាត់ ដូច្នេះគាត់ត្រូវពិការជើងម្ខាងអស់មួយជីវិត ។ តើការសោកស្តាយធ្លាក់ទៅលើអ្នកណា? មុននិងអោយគេជួយត្រូវតែជួយខ្លួនឯងសិន។