គ.ជ.ប.​បង្ហាញ​របាយការណ៍​ទូទៅ​នៃ​ការ​ពិនិត្យ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) អះអាង​ពី​ភាព​ជោគជ័យ​​នៃ​យុទ្ធនាការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២។

អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) លោកស្រី ស៊ីន ជុំបូ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​ គ.ជ.ប. នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០១២។

អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) លោកស្រី ស៊ីន ជុំបូ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​ គ.ជ.ប. នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០១២។ RFA/Den Ayuthyea

ដោយ ដែន អយុធ្យា
2012-10-02
វិទ្យុ​អាស៊ីសេរី

លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ របស់ គ.ជ.ប. នៅ​តាម​ឃុំ​ចំនួន ១.៦៣០​ឃុំ-​សង្កាត់ ក្នុង​ចំណោម​ឃុំ​សង្កាត់ ១.៦៣៣​ឃុំ-​សង្កាត់ ទូទាំង​ប្រទេស ចាប់​​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា បាន​បង្ហាញ​ថា ចំនួន​ប្រជាពលរដ្ឋ​អាយុ ១៨​ឆ្នាំ​​ឡើង​ ដែល​បាន​ចុះ​ឈ្មោះ​ថ្មី​​ មាន​ជាង ៥.៨​សែន​នាក់ (៥៨៦.៧៧២)។ កែ​តម្រូវ​ឈ្មោះ​​​មាន​ជាង ៥​ម៉ឺន​នាក់ (៥៦.៦៧៦) និង​លុប​ឈ្មោះ​​ជាង ២​សែន​នាក់ (២០៣.៦៨៤)។

លោកស្រី ស៊ីន ជុំបូ អនុ​ប្រធាន គ.ជ.ប. បាន​អះអាង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ គ.ជ.ប. នៅ​ថ្ងៃ​ទី​២ ខែ​តុលា ថា គ.ជ.ប.​បាន​កែ​លម្អ​នីតិវិធី និង​ការ​អនុវត្ត​ជា​ច្រើន ដើម្បី​ជំរុញ​ឲ្យ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ បាន​ប្រសើរ។

​លោកស្រី​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ គ.ជ.ប. បាន​បន្ថែម​ចំណុច​ថ្មីៗ​មួយ​ចំនួន​ដើម្បី​ជំរុញ​ឲ្យ​សកម្មភាព​ពិនិត្យ និង​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​​មាន​ដំណើរ​ការ​ល្អ។ មាន​ដូចជា៖ សហការ​​ផលិត​ស្ប៉ត​អប់រំ​ជាមួយ​អង្គការ​នានា សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ចេញ​សេចក្ដី​ណែនាំ​ដល់​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បំពេញ​​​ការងារ​បោះ​ឆ្នោត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ស្នើ​ឲ្យ​អភិបាល​​រាជធានី ខេត្ត​ជួយ​សហការ​​ជាដើម។

លោកស្រី ស៊ីន ជុំបូ៖ «តម្លាភាព​មិន​មែន​ឋិត​នៅ​ត្រង់​ថត​ចំលង​ប័ណ្ណ​ខៀវ​ហ្នឹង​ទេ ព្រោះ​ថា ប័ណ្ណ​ខៀវ​ហ្នឹង​វា​ជា​គល់​បញ្ជី មិន​មែន​ជា​សន្លឹក​១ៗ​ទេ គឺ​មាន​បិទ​រូប​ថត​មាន​អី។ ដូច្នេះ​តម្លាភាព​គឺ​នៅ​ត្រង់ គ.ជ.ប. អត់​មាន​ហាម​ឲ្យ​ទៅ​ពិនិត្យ​ប័ណ្ណ និង​គល់​បញ្ជី​ហ្នឹង​ទេ។ បើ​សិន​ជា​ដឹង​ថា មាន​ករណី​រំលោភ​ច្បាស់​លាស់​ហើយ យើង​ទៅ​មើល​ប័ណ្ណ​ខៀវ​ហ្នឹង​ទៅ មើល​តាម​ហ្នឹង តើ​ការងារ​ហ្នឹង​វា​ពិត​ប្រាកដ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច ហើយ​អាច​ប្ដឹង​តវ៉ា​បាន»

យ៉ាង​នេះ​ក្តី លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) បាន​ថ្លែង​ថា សកម្មភាព​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​នេះ គ.ជ.ប. អនុវត្ត​មិន​បាន​ល្អ​ដូច​ការ​អះអាង​ទេ។ លោក​ថា រាល់​អនុសាសន៍​របស់​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ខ្លះ​បាន​លើក​ឡើង​ថា គ.ជ.ប. មិន​យក​ចិត្ត​ទុក​ដាក់​ទេ។

លោក​ថ្លែង​ថា មាន​អនុសាសន៍​ចំនួន ៦​ចំណុច ដែល​ខុមហ្វ្រែល ផ្ដល់​ជូន​ស្ថាប័ន គ.ជ.ប. កែ​តម្រូវ ដើម្បី​បង្កើន​តម្លាភាព​​ក្នុង​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ប៉ុន្តែ​រាល់​អនុសាសន៍​មាន​ដូចជា ស្នើសុំថត​ចំលង​បញ្ជី​ឈ្មោះ ដែល​មេ​ឃុំ ចៅ​សង្កាត់ ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សំរាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជា​ដើម​នោះ គ.ជ.ប. មិន​បាន​ពិចារណា​ទេ។

លោក គល់ បញ្ហា៖ «គួរ​តែ​បើក​ចំហ​ទៅ​ឲ្យ​គេ​មើល​ឃើញ​ពី​បញ្ហា​លុប​ឈ្មោះ ហើយ​និង​រាល់​ការ​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ រាល់​ការ​បោះ​ឆ្នោត​ហ្នឹង​ឲ្យ​គេ​ពិនិត្យ​មើល​ទៅ ព្រោះ​ថា ចេញ​ឯកសារ​ជាង ១​លាន​ជាង​ហើយ ថា​តើ​ឯកសារ​នេះ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច? ដើម្បី​ឲ្យ​គេ​ផ្ទៀងផ្ទាត់​ដែល​មេ​ឃុំ ចៅ​សង្កាត់​ចេញ។ រឿង​នេះ​យក​ទៅ​ពិចារណា​ទៅ ហើយ​អនុសាសន៍​ទុក​សំរាប់​ដល់​ពេល​មាន​បញ្ហា​ពេល​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត គេ​អាច​កែ​ឲ្យ​វា​ល្អ​ទៅ ហើយ​បង្កើន​ការ​ទុក​ចិត្ត​របស់​គណបក្ស​ទៅ គឺ​សំខាន់​ណាស់​ដែល គ.ជ.ប. ត្រូវ​ពិនិត្យ​អនុសាសន៍​នេះ»

ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​នេះ មាន​រយៈពេល ៤២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១២។

យុទ្ធនាការ​នេះ​មាន​មន្ត្រី​សង្គម​ស៊ីវិល ឬ​មន្ត្រី​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ចោទ​ស្ថាប័ន គ.ជ.ប. ថា​មិន​បាន​ទទួល​យក​អនុសាសន៍ ឬ​កែប្រែ​នីតិវិធី​សាំញ៉ាំ​របស់​ខ្លួន​ទេ។ ប៉ុន្តែ​លោកស្រី ស៊ីន ជុំបូ បាន​ថ្លែង​ថា ការ​បដិសេធ​មិន​ទទួល​យក​អនុសាសន៍​របស់​សង្គម​ស៊ីវិល ដោយសារ​តែ​អនុសាសន៍​ទាំង​នោះ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។

មន្ត្រី គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ការ​ពិនិត្យ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ គឺ​ជា​ការ​ធ្វើ​បញ្ជី​ឈ្មោះ​ទុក​សំរាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ឬ​សមាជិក​សភា​នីតិកាល​ទី​៥ ឆ្នាំ​២០១៣។
ប្រជាពលរដ្ឋ​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ឆ្នាំ​២០១២ នឹង​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣ បាន​ទេ។

កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "គ.ជ.ប.​បង្ហាញ​របាយការណ៍​ទូទៅ​នៃ​ការ​ពិនិត្យ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត"

  1. True Khmer says:

    រិះរកមធ្យោបាយបង្ខំឲ្យគេជឿរក្រែងបានធ្វើជាប្រធាន គ ជ ប មួយអាណត្តិទៀត ព្រោះប៉ុន្មាន អាណត្តិនេះបានលុយពុករលួយពីហ៊ុនសែនសុីឆ្ងាញ់ណាស់វើយ។ ឲ្យតែឲ្យលុយអ្វីៗក៍ជួយ សម្រួលឲ្យបានដែរ។