Human Rights Watch អំពាវនាវ​ឲ្យ​មេដឹកនាំ​លើ​ពិភពលោក​លុប​ចោល​ដំណើរ​មក​កម្ពុជា​ខែ​ក្រោយ

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​អំពាវ​នាវ​មួយ​កាល​ពី​យប់​មិញ​ឲ្យ​មេដឹកនាំ​នានា​លើ​ពិភព​លោក​ លុប​ចោល​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​របស់​ខ្លួន​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​គ្រោង​ធ្វើ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​ជា​ការ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដោះ​លែង​លោក ម៉ម សូណង់ដូ។

Wednesday 03 October 2012
The Free Press Magazine

លោក ម៉ម សូណង់ដូ ពេលចេញពីស្តាប់សវនាការ

លោក ម៉ម សូណង់ដូ ពេលចេញពីស្តាប់សវនាការ

Human Rights Watch បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ការ​កាត់​ទោស​ថ្មីៗ​នេះ បាន​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​ប្រទេស​កម្ពុជា​សម​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ​វិច្ឆិកា​ដែរ​ឬ​ទេ?

ស្រប​គ្នា​នេះ Human Rights Watch ក៏​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក បារ៉ាក់ អូបាម៉ា និង​មេដឹកនាំ​លើ​ពិភពលោក​ដទៃ​ទៀត​ដែល​នឹង​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ខែ​វិច្ឆិកា​ខាង​មុខ លុប​ចោល​ដំណើរ​ទស្សនកិច្ច​នេះ​វិញ ប្រសិន​បើ​ការ​ផ្តន្ទា​ទោស​ដោយ​គ្មាន​មូល​ដ្ឋាន​មក​លើ​លោក ម៉ម សូណង់ដូ និង​អ្នក​ផ្សេង​ទៀត​មិន​ត្រូវ​បាន​លុប​ចោល​ទេ​នោះ។

សូម​រំលឹក​ថា កាល​ពី​ដើម​សប្តាហ៍​នេះ តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​លោក ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ​ឲ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ចំពោះ​បទ​ចោទ​ថា​បាន​ដឹកនាំ​ធ្វើ​អបគមន៍​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ ក្នុង​សំណុំ​រឿង​នេះ​ប្រជាពលរដ្ឋ​ចំនួន​១៣នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​១០​ខែ​ដល់​៣០​ឆ្នាំ ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ព្យួរទោស​បន្ទាប់​មក​ត្រូវ​បាន​ដោះ​លែង៕

What Next?

Recent Articles

One Response to "Human Rights Watch អំពាវនាវ​ឲ្យ​មេដឹកនាំ​លើ​ពិភពលោក​លុប​ចោល​ដំណើរ​មក​កម្ពុជា​ខែ​ក្រោយ"

  1. ពេលមានអំនាចពេញដៃហើយ មិនខ្ចីស្តាប់………ជិះសេះលែងដៃយ៉ាងសប្យាយ !!