ភ្នំពេញ: នំអន្សមជ្រូក អន្សមចេក នំគម នំបត់ នំជាល ត្រូវបានធ្វើឡើងយ៉ាងអធឹកអធមនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ហើយត្រូវបានប្រជាជនកម្ពុជាសឹងតែគ្រប់ៗគ្នា បានវេចនំទាំងនោះ សម្រាប់ថ្ងៃភ្ជុំបិណ្ឌ ជាពិសេសគឺ៣ថ្ងៃមុនបិណ្ឌធំ។ តើនំទាំងនោះមានប្រភពមកពីណា? ហេតុអ្វីត្រូវវេចនំទាំងនោះ?
ថ្ងៃទី 4 តុលា 2012
ដោយ: វឿន សាវុធ
CEN
ចំពោះនំអន្សម គឺមានរសជាតិផ្អែម និងមានរសជាតិប្រៃ ទៅតាមអ្វីដែលប្រជាជនខ្មែរយើងនិយមចូលចិត្ត។
ប្រភពមួយបានរៀបរាប់ប្រាប់ថា នំទាំងអស់នោះ គឺកើតចេញពីអ្នកកាន់សាសនាព្រាហ្មណ៍ ចំពោះនំគម តំណាងឲ្យភេទបុរស (លិង្គ) ហើយនំបត់ សម្រាប់តំណាងឲ្យភេទនារី (យោនី) ត្រូវបានខ្មែរយើងធ្វើតាំងពីយូរណាស់រហូតមកដល់សព្វថ្ងៃ។ ខ្មែរយើងយកនំទាំងនោះទៅវត្តនៅថ្ងៃបុណ្យភ្ជុំបិណ្ឌទៀតផង។
លោកតាសុំមិនបញ្ចេញឈ្មោះ បាននិយាយថា “ដោយសារជំនឿសាសនាព្រាហ្មណ៍ ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយ តែបើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះ បាច ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ រួចហើយនំទាំងនោះ ភាគច្រើនត្រូវបានខ្មែរយើងយកទៅសែន បន់សុំនេះសុំនោះទៅវិញទេ”។
លោកតាដដែលបានបន្តថា លុះមកដល់បច្ចុប្បន្ន ទើបខ្មែរយើងយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ នំជាលទាំងនេះ ទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នា ដូចយើងឃើញសព្វថ្ងៃនេះ។ រីឯការវេចនំអន្សមជ្រូក អន្សមចេក នំគម នំបត់ នំជាល ត្រូវបានអ្នកស្រុករៀបចំធ្វើឡើងសម្រាប់ថ្ងៃភ្ជុំបិណ្ឌមកដល់ តែពុំមានចំនួនច្រើនដូចពីពេលមុនទេ។
អ្នកស្រី ហាង ដែលធ្លាប់តែវេចនំអន្សម នំគមច្រើន (២០០នំ) បាននិយាយថា “ខ្ញុំឆ្នាំនេះវេចនំមិនច្រើនទេ គឺបីផ្លូន (១២០នំ) ព្រោះគ្មានអ្នកហូប ហើយសល់ពិបាកឆ្អើរណាស់ ព្រោះគេចូលចិត្តតែនំប៊ឺហ្គ័រច្រើនជាងនំអន្សម ធ្លាប់វេចហើយចេះតែវេចទៀតទៅ”។
លោកយាយ ឈៀង វិញ ធ្លាប់តែវេចនំពី ៣០០ ទៅ ៤០០នំ ព្រោះកូនរបស់លោកយាយច្រើន ហើយជាប់រវល់ ប៉ុន្តែលោកយាយ ពេលនេះបាននិយាយថា “កាលពីមុនកូនៗចូលលុយគ្នាធ្វើនំ តែឥឡូវគេទៅទិញនំស្រាប់ ស្រួលហើយលឿនជាង ខ្ញុំមិនសូវហត់ផង ជូនកាលសល់ដើរឲ្យគេ”។
មានប្រជាពលរដ្ឋជាច្រើននាក់ ពុំបានយល់ច្បាស់ពីការធ្វើនំអន្សមជ្រូក អន្សមចេក នំគម នំបត់ នំជាលទេ ដោយចេះតែធ្វើតាមចាស់ៗពីមុនមក។
ជាប់ពាក់ព័ន្ធនឹងប្រភពដើម និងការវេចនំអន្សមជ្រូក អន្សមចេក នំគម នំបត់ នំជាលនេះ លោក សុខ កុសល ដែលជាអតីតសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបានឲ្យដឹងថា នំទាំងនោះគឺជានំរបស់ខ្មែរយើង ពុំមែនជានំរបស់ជាតិសាសន៍ណាទេ តែដោយឡែក នៅខាងវៀតណាមក៏មានវេចនំអន្សមដូចយើងដែរ តែមិនមានរាងមូលដូចយើងទេ គឺមានរាងជាជ្រុងៗទៅវិញ ដែលគេហៅថា “តាំងជឹង”។
លោក សុខ កុសល បានមានប្រសាសន៍ថា “មកពីខ្មែរយើងមានប្រពៃណី រាល់ការធ្វើបុណ្យទានអ្វីមួយក៏ដោយ គេតែងតែវេចនំអន្សម និងនំគម ជាការសំខាន់។ បើពីសម័យដើម គេវេចនំអន្សមនេះច្រើនណាស់ សម្រាប់ចែកឲ្យភ្ញៀវដែលចូលមកលេង ដោយត្រឡប់ទៅផ្ទះវិញ គេមាននំនេះជារបស់កំដរដៃគ្រប់ៗគ្នា”។
អតីតសាស្ត្រាចារ្យខាងលើ បានបន្តថា គ្រប់ពិធីបុណ្យទាំងអស់ក្នុងស្រុកខ្មែរយើង សុទ្ធតែទាក់ទងទៅនឹងព្រហ្មញ្ញសាសនាច្រើន ព្រោះសាសនានេះជាសាសនារបស់ខ្មែរយើង តាំងតែពីដើមមកដល់សតវត្សរ៍ទី១២ ឬ១៣ ក៏ថយទៅវិញទៅ។ បើទោះបីជាខ្មែរយើងលែងគោរពសាសនានេះក្តី ក៏នៅតែជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងដដែល។ ដូច្នេះហើយបានជាមានពិធីអី្វមួយ ខ្មែរតែងតែយកនំអន្សម និងនំគម ទៅដាក់សែនព្រេន រម្លឹកដល់ព្រហ្មញ្ញសាសនាដែរ។
លោកបានបន្តថា “ម្យ៉ាងទៀតដោយខ្មែរយើងមានបុព្វហេតុគោរពសិវលិង្គរបស់ព្រះឥសូរ និងយោនីនាងឧមា ហើយរបស់ទាំងនេះជាគ្រឿងតំណាងការបង្កើតលោក បង្កើតសេចក្តីសុខដល់មនុស្ស ម្ល៉ោះហើយគេធ្វើនំអន្សម និងនំគម ក្នុងន័យទាំងនេះ និងការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌក្តី មកពីបុណ្យនេះ ក៏ដូចជាបុណ្យផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនាច្រើន”។
បើនិយាយពីមូលហេតុ ដែលនាំឲ្យខ្មែរយើងបច្ចុប្បន្នពុំសូវមានអ្នកវេចនំអន្សមជ្រូក អន្សមចេក នំគម នំបត់ នំជាល ច្រើនដូចពីសម័យដើម អាចមកពីប្រជាជនយើងយល់ឃើញពីពេលវេលា ហើយធ្វើនំច្រើនក៏ហូបមិនអស់ដែរ ហើយពិបាកយកទៅឆ្អើរទៀត និងចំណាយលុយច្រើន។
លោកបានបន្តទៀតថា “ពេលថ្មីៗនេះគេមិនវេចនំច្រើនទេ នៅពេលមនុស្សឃ្លាននំអន្សម គឺទៅទិញភ្លាម មិនចាំបាច់វេចដូចពីពេលមុនទេ ណាមួយអាចថាមិនមានពេលធ្វើនំ បើសិនជាត្រូវការនំទៅវត្តប៉ុន្មាននំ គឺគេទិញតម្រូវតែម្តង និងមិនខ្ជះខ្ជាយសោហ៊ុយលុយកាក់ច្រើនក៏អាចថាបាន”៕ S

ក្នុងសាសនាព្រាហ្មណ៍គ្មាននំអន្សមឬនំគមទេ ជនជាតិឥណ្ឌាមិនបានស្គាល់ទេនំអន្សមឬនំគមនោះ
ពេលបុណ្យដូនតា”Onam”របស់គេមានបាយសដាក់លើស្លឹកចេក, ការី,នឹងបង្អែមផ្លែឈើជាដើម….
បើស្ដាប់តាមប្រសាសន៏របស់់់លោកសាស្រ្តាចារ្យក៏ល្អម្យ៉ាងដែរ មីនសល់នាំឲ្យបោះចោលដូចកាលពីមុន។ បើគិតថាល្មមញ៉ាំប៉ុនណាធ្វើប៉ុន្នឹងទៅ!!!
Time is changed and everything will be different in the next 20 years from now….but do hope that Khmer hero still….
ឆ្ពោះទៅកាន់ពិធីបុណ្យភ្ជុំបិណ្ឌ: បឺហ្គ័រធ្វើអោយអន្សមធ្លាក់កូត? ដល់ពេលមើលអត្ថបទគ្មាននិយាយពីបឺហ្គ័រអីម៉ាតិច ?