ភ្នំពេញ: បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ពុទ្ធសាសនិកជនខ្មែរតែងតែប្រារព្ធធ្វើឡើងមុនព្រះសង្ឃចេញព្រះវស្សាចំនួនមួយខែរៀងរាល់ឆ្នាំ គឺចាប់កាន់បិណ្ឌតាមវេនពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោចខែភទ្របទ។ នៅថ្ងៃ១៥រោច ជាថ្ងៃភ្ជុំបិណ្ឌ គឺជាថ្ងៃសំខាន់ ដោយគេធ្វើពិធីបុណ្យនេះរួមគ្នា គ្រប់វេនទាំងអស់។
ថ្ងៃទី 10 តុលា 2012
ដោយ: រឿន សាវុធ
CEN
ពាក្យថា “បិណ្ឌ” មានន័យថា ពុំនូតបាយ ដែលគេឧទ្ទិសដល់ខ្មោចដែលបានស្លាប់ទៅ។ សព្វថ្ងៃនេះបាយបិណ្ឌ គឺពុំនូតបាយដំណើបចម្អិនជាមួយខ្ទិះដូង ហើយលាយជាមួយគ្រឿងផ្សំផ្សេងទៀតទៅតាមការនិយមរបស់អ្នកស្រុកតាមតំបន់នីមួយៗ។
យោងតាមសម្តីលោកតា សំបុក ដែលជាអាចារ្យវត្ត បានឲ្យដឹងថា ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្ឌភ្ជុំបិណ្ឌនេះ មានដាក់បាត្រ ឬរាប់បាត្រនៅពេលព្រឹក បោះបាយបិណ្ឌនៅពេលទៀបភ្លឺ សូត្រធម៌បរាភវសូត្រ នៅពេលយប់រហូតដល់ទៀបភ្លឺ និងពូនភ្នំខ្សាច់ តែពូនភ្នំខ្សាច់នេះធ្វើឡើងទៅតាមតំបន់ទេ។
លោក អាចារ្យ បានប្រាប់ថា ពូនភ្នំខ្សាច់ឡើង ឧទ្ទិសដល់ព្រះចូឡាមណីចេតិយ និងបំបាត់កម្មពៀរវេរា។ ចំពោះដាក់បាត្រជាការវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់អ្នកដែលស្លាប់ទៅ។ រីឯបោះបាយបិណ្ឌឧទ្ទិសដល់ប្រេតដែលមានញាតិ និងប្រេតដែលអត់ញាតិ។ ឯការសូត្រធម៌បរាភវសូត្រ គឺបង្ហាញប្រាប់ពីហេតុដែលនាំឲ្យវិនាសទាំង១២ យ៉ាងដែលមានជាអាទិ៍ថា អ្នកស្រឡាញ់ធម៌នាំឲ្យចម្រើន អ្នកស្អប់ធម៌នាំឲ្យវិនាស អ្នកសេពគប់អសប្បុរស អ្នកដេកច្រើន និយាយច្រើន មិនចិញ្ចឹមមាតាបិតាដែលចាស់ជរា អ្នកប្រព្រឹត្តល្បែងបីប្រការ គឺល្បែងស្រី ល្បែងស្រា ល្បែងភ្នាល់មាន់ទាំងឡាយជាដើម ទាំងអស់នេះជាប្រធាននៃក្តីវិនាស។
ចំពោះអត្ថន័យនៃបុណ្យនេះ មានន័យសំខាន់មួយគឺការពិចារណានូវវដ្តសង្សារដែលកើតមកតែងតែស្លាប់ទៅវិញ ដែលអាចជំរុញទឹកចិត្តឲ្យលះបង់អំពើបាប ហើយសាងតែអំពើល្អ ព្រោះខ្លាចធ្លាក់ទៅក្នុងអបាយភូមិទាំង៤ ដែលមាននរក តិរច្ឆាន អសុរកាយ និងប្រេតជាដើម។
ទន្ទឹមនឹងការប្រារព្ធបុណ្យភ្ជុំបិណ្យនេះ តាមទស្សនៈមួយចំនួនមានគំនិតជឿថាពិធីបុណ្យនេះ បានទទួលឥទ្ធិពលពីព្រះពុទ្ធសាសនា។
ទាក់ទឹននឹងករណីនេះដែរ លោកសាស្ត្រាចារ្យ យៀង វីរៈបុត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទស្សនៈថា នៅក្នុងព្រះពុទ្ធសាសនា ពុំមានវគ្គណាមួយដែលចែងពិធីបុណ្យភ្ជុំបិណ្យនេះទេ ដោយគ្រាន់តែមានរឿងខ្លះទាក់ទងនឹងបញ្ហាមួយនេះតិចតួចប៉ុណ្ណោះ មិនមែនឲ្យយើងប្រារព្ធធ្វើពិធីបុណ្យនេះឡើងដោយមានបញ្ញត្តិថារយៈពេល១៥ថ្ងៃនោះឡើយ។
លោកសាស្ត្រាចារ្យ បានឲ្យដឹងទៀតថា ក៏ប៉ុន្តែមានអ្នកបកស្រាយពុទ្ធសាសនាមួយចំនួន ដែលយល់ថាពិធីបុណ្យភ្ជុំបិណ្ឌនេះចេញមកអំពីព្រះពុទ្ធសាសនា។ បើយើងក្រឡេកទៅមើលសៀម ដែលកាន់ព្រះពុទ្ធសាសនាដូចយើងដែរ គេពុំមានបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃដូចយើងនោះទេ គឺគេមានធ្វើតែមួយថ្ងៃគត់ គឺប្រហែលនៅបុណ្យភ្ជុំនោះឯង។
រីឯលោកសាស្ត្រាចារ្យ ភីរៈដេឆ ជាគ្រូបង្រៀនភាសាថៃ នៃវិទ្យាស្ថានភាសាបរទេស(IFL) បាននិយាយប្រាប់ថា “នៅប្រទេសថៃ ថ្ងៃបុណ្យភ្ជុំបិណ្ឌ នេះមានធ្វើដូចខ្មែរដែរ តែមានធ្វើតែមួយថ្ងៃទេ នៅថ្ងៃ១៥រោច ខែភទ្របទ”។
តាមទស្សនៈរបស់លោក យៀង វីរៈបុត្រ បានប្រាប់ថា រឿងបញ្ហាបុណ្យភ្ជុំបិណ្ឌនេះ គឺកើតឡើងពីគំនិត ទស្សនៈនៃរដូវទឹកឡើង ដែលទាក់ទងនឹងទឹកហូរចុះ ហូរឡើង ដែលវិលត្រឡប់ទៅត្រឡប់មក នាំឲ្យមានឥទ្ធិពលនៃបុណ្យភ្ជុំបិណ្យនេះឡើង ហើយបានភ្ជាប់រឿងទាំងនេះទៅនឹងការគោរពបូជាដល់ព្រះចន្ទ បន្ទាប់ពីផុតបុណ្យភ្ជុំនេះមក ក៏បន្តដល់បុណ្យកឋិនទៅទៀត។
នេះប្រហែលជាខ្មែរយើងគោរពដូនតាក្នុងរយៈពេលរដូវទឹកឡើងនេះហើយ ដែលគ្មានលទ្ធភាពធ្វើស្រែចម្ការ ខ្មែរយើងក៏ធ្វើពិធីបន់ស្រន់នៅពេលទឹកឡើងតែម្តងទៅ។
លោកសាស្ត្រាចារ្យដដែល បានមានប្រសាសន៍ថា “ខ្ញុំគិតថា នៅរដូវទឹកឡើងនេះប្រហែលគេបញ្ជូនដូនតាមក ដោយសារគាត់ទទួលទុក្ខទោសបាបកម្មណាមួយ ក៏មកទទួលយកបុណ្យកុសលពីយើង។ គេធ្វើពិធីបុណ្យនេះឡើង(ភ្ជុំ) ដោយបុព្វបុរសយើងបានរៀបចំពិធីបុណ្យនេះឡើង(ភ្ជុំ)”។
ប៉ុន្តែក្រោយមក គំនិតគោរពបូជាដូនតាក្នុងរយៈពេលនោះ ដោយយើងបានកាន់ព្រះពុទ្ធសាសនាទៅ យើងក៏បានភ្ជាប់រឿងនេះទៅនឹងព្រះពុទ្ធសាសនាដែរ។ ប្រភពខាងលើបានបន្ថែម។
ដូច្នេះ ការប្រារព្ធពិធីកាន់បិណ្ឌដូចដែលយើងបានឃើញប៉ុន្មានថ្ងៃនេះ មានអុជធូប ថ្វាយបង្គំ មានជាបន្តបន្ទាប់មកជាហូរហែទៅតាមបែបដូនតា។ តែសព្វថ្ងៃយើងធ្វើឡើងជាមួយដូនតាដែរ តែយើងយកចង្ហាន់ទៅវត្តប្រគេនលោកទៅវិញ។
ប្រភពដដែល បានបន្តថា កាលពីពេលមុន ប្រហែលជាគាត់ត្រូវសែនព្រេននៅក្នុងសហគមន៍ ឬកុលសម្ព័ន្ធ ស្រុកភូមិរបស់គាត់ ដែលមានរយៈពេល១៥ថ្ងៃនោះ។ លុះក្នុងព្រះពុទ្ធសាសនាយើងមានថ្ងៃភ្ជុំ ក៏ភ្ជាប់រឿងនេះទៅជាមួយគ្នា បានកើតជាបុណ្យភ្ជុំបិណ្ឌនេះឡើង។
គាត់ បានបន្តទៀតថា “ខ្ញុំនិយាយថា ចំពោះបញ្ហាបុណ្យមានរយៈពេល១៥ថ្ងៃនេះមិនមែនទាក់ទងនឹងព្រះពុទ្ធសាសនាទេ។ បើថ្ងៃភ្ជុំធំជាងគេនោះទើបមានទាក់ទងនឹងព្រះពុទ្ធសាសនា ដែលរឿងបញ្ហានេះប្រហែលជាមានសរសេរនៅក្នុងបញ្ហាវគ្គមួយគឺ “បរាភវសូត្រ” ដោយភ្ជាប់ទស្សនវិជ្ជារបស់ព្រះពុទ្ធត្រង់ចំណុចនេះមកបកស្រាយ ហើយតាំងពេលនោះឯងជាពេលភ្ជុំធំ”។
ស្របនឹងពេលនេះដែរ ខ្មែរយើងចូលចិត្តភ្ជាប់រឿងអ្វីមួយជារបស់សាសនាទៅនឹងរឿងប្រពៃណី ជំនឿទំនៀមទម្លាប់របស់ខ្លួន ដែលបានបកស្រាយចុះឡើងៗ ដូចជាថាពិធីបុណ្យភ្ជុំបិណ្ឌមាននៅក្នុងវគ្គណាមួយ ឬមានក្នុងគម្ពីរ តែតាមពិតពុំមានទេ។
បុណ្យភ្ជុំបិណ្ឌនេះដដែល មានទស្សនៈភាគច្រើនថា ខាតពេលវេលា ព្រោះធ្វើឡើងមានរយៈពេលយូរថ្ងៃ ចំណាយថវិកាច្រើន និងចំណាយម្ហូបអាហារខ្ជះខ្ជាយជាច្រើនយកទៅគ្រវែងចោល។ ផ្ទុយទៅវិញ ទង្វើទាំងនេះពុំមែនបង្ហាញពីការខ្ជះខ្ជាយឥតប្រយោជន៍នោះទេ គឺបង្ហាញអំពីទឹកចិត្តរបស់កូនចៅធ្វើបុណ្យជូនដូនតាមួយឆ្នាំមានតែម្តងឲ្យបបូរណ៌ហូរហៀរដូច្នេះឯង។
លោកសាស្ត្រាចារ្យ យៀង វីរៈបុត្របន្ថែមទៀតថា “យើងមិនមែនធ្វើរាល់ថ្ងៃឯណា ហើយក៏មិនមានពេលជូនគាត់រាល់ថ្ងៃដែរ ឲ្យគាត់ពិសាឲ្យបានឆ្អែតទៅ។ ម្យ៉ាងទៀតបង្ហាញថាខ្មែរយើងមានជីវភាពធូធារ មានទ្រព្យសម្បត្តិហូរហៀរ ពុំមែនជាប្រទេសអ្នកក្រទេ គ្រាន់តែរឿងធ្វើបុណ្យជូនដូនតាម្តងនោះគឺធ្វើឲ្យច្រើនអ៊ីចឹងឯង”៕ S

មានពួកអាំប្រេតណាក្លាហានcomment teth te puk a prat
សូមជនរួមជាតិ អភ័យទោសឲ្យគ្នាទៅវិញ ទៅមកផង។ អស់ពីឪពុកយើងទៅ យើងត្រូវចេះសាមគ្គីគា្ន
ការអភ័យទោសឲ្យមនុស្សដែលមិនជាទីស្រឡាញ់របស់យើង មានន័យថា យើងកំពុងតែអភ័យទោសឲ្យខ្លួនយើង។ ការដែលយើងខឹង នឹងអ្នកណាម្នាក់ហើយ ភាពលំបាកកាយ លំបាក់ចិត្ត តែងកើតមានដល់យើង។សូមជនរួមជាតិ សាកល្បងអភ័យទោសឲ្យគ្នា និងងាកមកចាប់ដៃ ញញឹមដាក់គ្នា តើចិត្តយើង ជាតិយើងទាំងមូលបានសុខយ៉ាងណា ព្រោះសុខ និងទុក្ខ ចាប់ផ្តើម ពីយើង មិនមែនអ្នកដទៃទេ។ធូលីហុយ ក្នុងគេហដ្ឋាន មិងមែនមកពីខ្យល់ទេ ទោសមកពីធូលី។