ប្រតិភូនាវាយុវជនអាស៊ានកម្ពុជា២៩នាក់បានជួបជាមួយថ្នាក់ដឹកនាំកំពូលជាបន្តបន្ទាប់ មុនចេញដំណើរសិក្សាតាមនាវារយៈពេល៥៣ថ្ងៃជាមួយយុវជននៃសមាជិកអាស៊ាន និងជប៉ុន។ នៅព្រឹកថ្ងៃពុធទី១០តុលានេះ ប្រតិភូយុវជនអាស៊ានកម្ពុជា២៩នាក់បានជួបប្រមុខការទូតកម្ពុជា លោក ហោ ណាំហុងដើម្បីស្តាប់អនុសាសន៍ណែនាំរបស់លោករដ្ឋមន្ត្រី។
ថ្ងៃ ពុធ 10 តុលា 2012
ដោយ លាង ដឺលុច
RFI
យុវជនកម្ពុជា២៩នាក់ទៀតនឹងធ្វើដំណើរសិក្សាតាមនាវាជាមួយយុវជននៃប្រទេសសមាជិកអាស៊ាន៩ផ្សេងទៀត និងជាមួយយុវជនជប៉ុន នៅថ្ងៃទី២៣តុលាខាងមុខនេះ។ កម្មវិធីនាវាយុវជនអាស៊ានជប៉ុនដែលបង្កើតឡើងដោយរដ្ឋាភិបាលជប៉ុនត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៧៤មក ក្នុងគោលដៅនៃផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ទៅវិញទៅមកដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពរវាងអាស៊ាននិងជប៉ុន។ ដំណើរសិក្សារយៈពេល៥៣ថ្ងៃនៅលើនាវាយុវជនអាស៊ានកម្ពុជានឹងចេញដំណើរនៅថ្ងៃទី២៣ តុលាខាងមុខនេះ រហូតដល់ថ្ងៃទី១៤ ខែធ្នូ។
ដូចរៀងរាល់ឆ្នាំដែរ ក្រុមយុវជនអាស៊ានកម្ពុជាបានជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងរដ្ឋមន្ត្រីការបរទេសដើម្បីស្តាប់ការណែនាំរបស់ថ្នាក់ដឹកនាំ មុនចេញដំណើរ។ ក្នុងជំនួបជាមួយក្រុមយុវជនកម្ពុជាទាំង២៩នាក់ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងបានស្នើអោយក្រុមយុវជនលើកឡើងអំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច ផ្នែកអប់រំ និងវិស័យផ្សេងៗទៀតប្រាប់ថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ាន នៅពេលដែលនាវាយុវជនអាស៊ានត្រូវចូលចតទស្សនកិច្ចនោះ។ យោងតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេស លោករដ្ឋមន្ត្រីក៏បានពន្យល់ប្រាប់ក្រុមយុវជនអំពីតួនាទីរបស់កម្ពុជាក្នុងភាពជាប្រធានអាស៊ានដែរ។ សម្រាប់លោកហោ ណាំហុង កម្ពុជាមានគោលដៅសម្រេចអោយបានការបង្កើតសហគមន៍អាស៊ានឆ្នាំ២០១៥។
បើតាមប្រសាសន៍របស់អ្នកនាំពាក្យដដែល លោកឧបនាយករដ្ឋមន្ត្រីហោណាំហុងបានរម្លឹកប្រាប់ក្រុមយុវជនអាស៊ានកម្ពុជាផងដែរថា ឆ្នាំ២០១២នេះដល់ឆ្នាំ២០១៤ គឺកម្ពុជាដើរតួជាអ្នកសម្របសម្រួលរវាងជប៉ុន និងអាស៊ានដែលនេះ ជាតួនាទី១សំខាន់ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងជប៉ុន អាស៊ានមានទំនាក់ទំនងកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។ ជាងនេះទៅទៀត ឆ្នាំ២០១៣ គឺជាខួបទី៦០ឆ្នាំរវាងកម្ពុជា ជប៉ុន និងជាខួបទី៤០ឆ្នាំរវាងអាស៊ាន និងជប៉ុនផងដែរ។
គួរបញ្ជាក់ថា ប្រទេសសមាជិកអាស៊ាននីមួយៗបានបញ្ជូនយុវជនតំណាងប្រទេសខ្លួនចំនួន២៩នាក់ដើម្បីជួបជាមួយយុវជនជប៉ុនមានចំនួន៤០នាក់។ ពួកគេនឹងហាត់រៀនផ្លាស់ប្តូរពិសោធន៍លើប្រធានបទជាច្រើននៅលើនាវាដែលនឹងធ្វើដំណើរចូលសំចតនៅតាមប្រទេសមួយចំនួនដូចជា ជប៉ុន វៀតណាម ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ៕

ឧស្សាហ៍មើលទឹកនោមផង