មួយ​ថ្ងៃ​មុន ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ផ្លូវ​ នៅ​ជ្រោយចង្វារ បន្តកកស្ទះ​

ភ្នំពេញ: នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃ​ដាក់​បិណ្ឌ ឬ​កាន់បិណ្ឌ​ទី​១៤ គឺ​មួយ​ថ្ងៃ មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ចរាចរណ៍​តាមផ្លូវ​ចេញពី​ភ្នំពេញ រាង​ធូរស្រាល​បន្តិច ដោយ​មិន​មាន​ការកកស្ទះ​ចរាច​រណ៍​ខ្លាំងពេក ដូច​ប៉ុន្មាន​ថ្ងៃមុន​នេះ​ទេ​។ ក៏​ប៉ុន្តែ​ផ្លូវ​ជាតិ​លេខ​៦ ពី​គល់ស្ពាន​ជ្រោយចង្វារ រហូតដល់​ស្ពាន​ព្រែក​តា​ម៉ាក ចរាច​រណ៍ ហាក់ដូចជា កកស្ទះ ដោយសារ​តែ​ផ្លូវ​នោះ តូចចង្អៀត ហើយ​ការជួសជុល​ពង្រីក​ផ្លូវ មិនទាន់​រួចរាល់​។​

ថ្ងៃទី 14 តុលា 2012
ដោយ: លី សិលា
CEN

ចរាចរណ៍ តាមផ្លូវចេញពីភ្នំពេញ ក្នុងពេលបុណ្យភ្ជុំបិណ្ឌ

ចរាចរណ៍ តាមផ្លូវចេញពីភ្នំពេញ ក្នុងពេលបុណ្យភ្ជុំបិណ្ឌ

ចរាចរណ៍​កកស្ទះ​តាម​ដងផ្លូវ​ដូច្នេះ បាន​កើតឡើង ពីរ​បី​ថ្ងៃមុន​នេះ ដោយសារ​តែ​អ្នក​រស់នៅ​ភ្នំពេញ ទាំង​កម្មករ​រោងចក្រ​កាត់ដេរ ជាដើម បាន​សំរុក ធ្វើដំណើរ​តាម​ម៉ូតូ ឡាន​ឈ្នួល ឬ​ឡាន​ផ្ទាល់ខ្លួន ទៅ​កាន់​ស្រុកកំណើត ដើម្បី​ជួបជុំ​ក្រុមគ្រួសារ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​។​

ប៉ូលិស និង​ប៉េអឹម ជាច្រើន​នាក់ ត្រូវបាន​ដាក់ពង្រាយ ដើម្បី​សម្រួល​ចរាច​រណ៍ ពិសេស​នៅ​តាម​ផ្លូវជាតិ​លេខ ៦ ចាប់​ពី​រង្វង់​មូល គល់​ស្ពាន​ជ្រោយចង្វារ ហូរហែ​តាមផ្លូវ ពិសេស​នៅ​ត្រើយម្ខាង ខាង​ព្រែកលៀប​។​

យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​អាទិត្យ ថ្ងៃទី​១៤​តុលា ឆ្នាំ​២០១២ ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​១ ពិសេស​នៅ​សាឡាង​អ្នក​លឿង គឺ​មិន​កកស្ទះ ដូច​កាលពី​ថ្ងៃ​ទី​១០ ថ្ងៃទី​១១ ឬ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១២ ឡើយ​។ ប៉ុន្មាន​ថ្ងៃមុន​នេះ ជា​ពេលវេលា ដែល​ក្រុម​កម្មករ បាន​សំរុក​ចេញពី​ភ្នំពេញ ទៅ​កាន់​ស្រុកកំណើត ដែល​នាំ​ឲ្យ​កំពង់ចម្លង​អ្នក​លឿង តាម​ផ្លូវជាតិ​លេខ​១ ត្រូវ​កក់ស្ទះ រាប់គីឡូម៉ែត្រ ដើម្បី​ឆ្លង​សាឡាង​។​

ចំណែក​នៅ​ផ្លូវ​ជាតិ​លេខ​២ លេខ​៣ លេខ​៤ និង​ផ្លូវជាតិ​លេខ​៥ ដែល​ជា​ផ្លូវជាតិ​សំខាន់ៗ ចេញពី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ ទី​១៤ ខែតុលា ឆ្នាំ​២០១២ មិនសូវ​ជា​កកស្ទះ​ប៉ុន្មាន​ឡើយ​៕​

What Next?

Recent Articles

One Response to "មួយ​ថ្ងៃ​មុន ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ផ្លូវ​ នៅ​ជ្រោយចង្វារ បន្តកកស្ទះ​"

  1. . says:

    យុទ្ធសាស្រ្ត “បកស្បែកឆ្កែមួយក្បាល ដើម្បីបន្លាចឆ្កែផ្សេងទៀត”