ប្រព័ន្ធ​សារព័ត៌មាន​ផ្សព្វផ្សាយ​ពី​សារ​រំលែក​ទុក្ខ​និង​ព្រះរាជ​សកម្មភាព​ព្រះ​មហា​វីរក្សត្រ

សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន បាន​ចូល​រួម​កាន់​ទុក្ខ​ការ​បាត់​បង់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ដោយ​បោះពុម្ព​ផ្សាយ​នៅ​លើ​សារព័ត៌មាន ឬ​បោះពុម្ព​នៅ​លើ​គេហទំព័រ​ជាដើម។

ដោយ អាន ស៊ីថាវ
2012-10-19
​វិទ្យុ​អាស៊ីសេរី

ព្រះ​បរម​សព​ត្រូវ​បាន​ដង្ហែ​តាម​ព្រះ​ទីន័ង​មក​ដល់​វិមាន​ឯករាជ្យ នៅ​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០១២។

ព្រះ​បរម​សព​ត្រូវ​បាន​ដង្ហែ​តាម​ព្រះ​ទីន័ង​មក​ដល់​វិមាន​ឯករាជ្យ នៅ​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០១២។ RFA/Ven Sawath

ក្នុង​ចំណោម​សារព័ត៌មាន​ក្នុង​ស្រុក​ប្រមាណ​ជិត ៤០០​អង្គភាព បាន​រៀប​រាប់​ស្រដៀង​គ្នា​ការ​កោត​សរសើរ​ការ​ដឹកនាំ​ដ៏​ឆ្នើម រួម​ទាំង​ការ​លះ​បង់​របស់​ព្រះអង្គ ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា។ សារព័ត៌មាន​បាន​បង្ហាញ​អំពី​ព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ ការ​សិក្សា ការ​សោយរាជ្យ រួម​ទាំង​ការ​តស៊ូ​នានា នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​មាតុភូមិ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បណ្ដា​សារព័ត៌មាន​មួយ​ចំនួន ក៏​បាន​ផ្ដោត​សំខាន់​លើ​ការ​បញ្ជូន​ព្រះបរមសព ព្រះអង្គ ពី​ប្រទេស​ចិន ការ​តម្កល់​ព្រះបរមសព រួម​ទាំង​ការ​អុជ​ធូប​បូជា​របស់​មន្ត្រី​ទូត សាធារណជន ចំពោះ​ព្រះបរមសព​ផង​ដែរ។

គេហទំព័រ​កោះ​សន្តិភាព ដែល​បោះពុម្ព​ផ្សាយ​ព្រឹត្តិការណ៍​សង្គម​ប្រចាំ​ថ្ងៃ បាន​ផ្លាស់ប្ដូរ​គេហទំព័រ​របស់​ខ្លួន​ប្រែ​ជា​ស​ខ្មៅ ដើម្បី​បង្ហាញ​ពី​ការ​កាន់​ទុក្ខ ការ​សោយ​ទិវង្គត​ព្រះបាទ​ព្រះ នរោត្ដម សីហនុ។ គេហទំព័រ​ដដែល ក៏​បាន​ចុះ​ផ្សាយ​អំពី​សកម្មភាព​នានា​របស់​ព្រះអង្គ និង​ព្រឹត្តិការណ៍​សាធារណជន​ទាំង​ឡាយ ចំពោះ​ការ​ចូល​រួម​សោក​ស្ដាយ​ព្រះអង្គ​ផង​ដែរ។

គេហទំព័រ​រស្មី​កម្ពុជា ក៏​បាន​បង្ហាញ​អំពី​ភាព​ស្រដៀង​គ្នា​ដែរ ចំពោះ​ការ​បោះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន អំពី​ប្រជាពលរដ្ឋ​ស្រី​ប្រុស បាន​អុជ​ធូប សំពះ ថ្វាយ​ផ្កា​ឈូក ព្រម​ទាំង​បាន​សូត្រធម៌ និង​ឧទ្ទិស​ព្រះរាជ​ពរ ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​មុខ​ព្រះបរមរាជវាំង។

ចំពោះ​គេហទំព័រ​ប្រចាំ​ថ្ងៃ​របស់​កម្ពុជា​ថ្មី បាន​បោះ​ផ្សាយ​អំពី​សារ​រំលែក​ទុក្ខ​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​មាន​ចាប់​តាំង​ពី​អភិបាល​ខេត្ត និង​រដ្ឋមន្ត្រី​ក្រសួង​នានា​ផង​ដែរ ចំពោះ​ការ​សោយ​ទិវង្គត​ព្រះបាទ​ព្រះ នរោត្ដម សីហនុ ដែល​បាន​បោះពុម្ព​ផ្សាយ​នៅ​ខាង​ស្ដាំ​គេហទំព័រ​របស់​ខ្លួន។ ម៉្យាង​វិញ​ទៀត នៅ​លើ​គេហទំព័រ​ក៏​បាន​បង្ហោះ​ព្រះ​ឆាយាល័ក្ខណ៍​ទាក់​ទង​នឹង​ព្រះរាជ​សកម្មភាព​ព្រះអង្គ​ផង​ដែរ។

សារព័ត៌មាន​ដែល​បោះពុម្ព​ផ្សាយ​ប្រចាំ​ថ្ងៃ​ជា​ភាសា​បរទេស​ឈ្មោះ​ថា ឌឹ ខេមបូឌា ដេលី បាន​សរសេរ​អត្ថបទ​អំពី​ការ​បញ្ចប់​យុគសម័យ នរោត្ដម ព្រះសីហនុ ដែល​បាន​បោះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ផ្ទាល់។ អត្ថបទ​នោះ​បាន​បង្ហាញ​អំពី​សកម្មភាព​តស៊ូ​របស់​ព្រះអង្គ ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង បាន​ដោយ​ជោគជ័យ​នៅ​ឆ្នាំ​១៩៥៣។ អត្ថបទ​ក៏​បាន​បញ្ជាក់​អំពី​ការ​តស៊ូ​ដឹកនាំ​បញ្ចប់​សង្គ្រាម​ត្រជាក់​នៅ​ឆ្នាំ​១៩៨០ នៅ​ប្រទេស​កម្ពុជា ហើយ​រយៈពេល ១០ឆ្នាំ​ក្រោយ​មក ប្រជាជន​កម្ពុជា ទាំង​អស់​បាន​ស្គាល់​អំពី​សុខ​សន្តិភាព នៅ​ក្នុង​ប្រទេស​ទាំង​មូល។

សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បោះពុម្ព​ផ្សាយ​ប្រចាំ​ថ្ងៃ បញ្ជាក់​ជា​ចំណង​ជើង​ធំ នៅ​ថ្ងៃ​ទី១៨ តុលា ថា កម្ពុជា​ពោរពេញ​ដោយ​ភាព​ក្រៀមក្រំ។ អត្ថបទ​នោះ​ចង់​បង្ហាញ​អំពី​មនុស្ស​ជាច្រើន ឈរ​រង់ចាំ​ទទួល​ស្វាគមន៍​ព្រះបរមសព រួម​ទាំង​ការ​កាន់​ទុក្ខ​សោក​ស្ដាយ​បំផុត​នៅ​ទូទាំង​ប្រទេស។ សារព័ត៌មាន​ដដែល បាន​បង្ហាញ​អំពី​មតិ​ជាច្រើន ជុំវិញ​ការ​សោយ​ទិវង្គត​ព្រះបាទ​ព្រះ នរោត្ដម សីហនុ ដោយ​មាន​ទាំង​អ្នក​វិភាគ​សង្គម អ្នក​និពន្ធ ស្ថាបត្យករ និង​សាធារណជន​នានា ដែល​មតិ​ទាំង​នោះ​បង្ហាញ​អំពី​ភាព​រីក​ចម្រើន​គ្រប់​វិស័យ ស្ថាបត្យកម្ម​ធំៗ ការ​ដឹកនាំ​ជា​មហា​គំរូ​សម្រាប់​សង្គម​ជាដើម។

ក្រៅ​ពី​សារព័ត៌មាន​ក្នុង​ស្រុក ការ​រាយការណ៍​របស់​វិទ្យុ និង​ទូរទស្សន៍ ក៏​បាន​ចូល​រួម​ចំណែក​ការ​រំលែក​ទុក្ខ​ផង​ដែរ ចំពោះ​ការ​បាត់​បង់​ព្រះបាទ​ព្រះ នរោត្ដម សីហនុ។ ស្ថានីយ​ទូរទស្សន៍​ជាច្រើន បាន​ផ្សាយ​សកម្មភាព​ដល់​សាធារណជន អំពី​ព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ រួម​ទាំង​ព្រះរាជកិច្ច​នានា​នៅ​ប្រទេស​កម្ពុជា និង​អន្តរជាតិ។

ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ប្រកាស​អំពី​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ នៅ​ថ្ងៃ​ទី១៥ តុលា ជា​ថ្ងៃ​កាន់​ទុក្ខ​របស់​ប្រជាជន​កម្ពុជា និង​នៅ​ថ្ងៃ​បន្តបន្ទាប់ បាន​ផ្សព្វផ្សាយ​អំពី​សកម្មភាព​នានា ក្រោម​ការ​ដឹកនាំ​របស់​ព្រះអង្គ ដូចជា​ការ​ជួប​សន្ទនា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​អន្តរជាតិ រួម​ទាំង​ព្រះរាជ​សកម្មភាព​ជួយ​ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សម័យ​កាល​ក្រោម​ការ​ដឹកនាំ​របស់​ព្រះអង្គ​ផង​ដែរ។ ទូរទស្សន៍​ជាតិ ក៏​បាន​ចាក់​ផ្សាយ​អំពី​ការ​បញ្ជូន​ព្រះបរមសព​របស់​ព្រះបាទ​ព្រះ នរោត្ដម សីហនុ ត្រឡប់​មក​ពី​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី១៧ តុលា ផង​ដែរ។

ការ​ផ្សព្វផ្សាយ​របស់​បណ្ដាញ​ស្ថានីយ​ទូរទស្សន៍ បាន​ចាក់​ផ្សាយ​អំពី​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​មាន​ភាព​ស្រដៀង​គ្នា ដូចជា​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន ទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​បណ្ដាញ​ទូរទស្សន៍​ផ្សេង​ទៀត​ជាច្រើន។ យ៉ាង​ណា​ក៏ដោយ ការ​ផ្សព្វផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន បាន​ផ្សាយ​ផ្ទាល់​អំពី​ការ​បញ្ជូន​ព្រះបរមសព​មក​ប្រទេស​កម្ពុជា រួម​ទាំង​សកម្មភាព​នៅ​តាម​ដង​វិថី ទៅ​ព្រះបរមរាជវាំង​ផង។

ចំពោះ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស បាន​បង្ហាញ​អំពី​សារ​រំលែក​ទុក្ខ​ក្រៀមក្រំ​ផង​ដែរ ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ រួម​ទាំង​ការ​សរសើរ​ព្រះរាជ​សកម្មភាព​ដឹកនាំ​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣។ ស្ថានីយ​ទូរទស្សន៍​ដដែល ក៏​បាន​បញ្ជាក់​ថា ការ​តស៊ូ​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ ប្រគល់​ទឹក​ដី និង​ខេត្ត​ព្រះវិហារ មក​ឲ្យ​ខ្មែរ​វិញ​នៅ​ឆ្នាំ​១៩៦២ ហើយ​ព្រះអង្គ​ក៏​ជា​តួអង្គ​សំខាន់​សម្រាប់​ការ​ផ្សះផ្សា​ជាតិ ដែល​ឈាន​ទៅ​រក​ការ​ចុះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១ រួម​ទាំង​ការ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ​១៩៩៣ ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រៅ​ពី​សារព័ត៌មាន​ក្នុង​ស្រុក វិទ្យុ និង​ទូរទស្សន៍ បាន​ផ្សព្វផ្សាយ​អំពី​ការ​រំលែក​ទុក្ខ​ក្រៀមក្រំ ប៉ុន្តែ​បណ្ដាញ​សង្គម​ហ្វែសប៊ុក (Facebook) បាន​រិះគន់​អំពី​ភាព​អវិជ្ជមាន​ក្រោម​ការ​ដឹកនាំ​របស់​ព្រះបាទ​ព្រះ នរោត្ដម សីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ប្រព័ន្ធ​សារព័ត៌មាន​ផ្សព្វផ្សាយ​ពី​សារ​រំលែក​ទុក្ខ​និង​ព្រះរាជ​សកម្មភាព​ព្រះ​មហា​វីរក្សត្រ"

  1. អ្នកលេង says:

    សូម ព្រះ មហាក្សត្រថ្មីនេះ បើក ព្រះ នេត្រ មើល ឃើញ ទឹកចិត្តរាស្រ្តផង ទៅបានទេ

    ក្លាហានផងទៅមើល កុំសូវ​ចេះ

    តែលើកដៃផ្ងក់សំពះគេ មើលតែបង្គួយ នូវ អ្វី ដែល គេ បញ្ជានោះ ។ ពិចារណា មើលទៅ តើ

    ទំហ៊ំ នៃទឹកចិត្តប្រជារាស្រ្តខ្មែរ​មាន ធំ និង ភក្តីភាព ប៉ុណ្ណា ចំពោះព្រះមហាក្សត្រ របស់ខ្លួន

    នៅពេលនេះ នោះ

    សូម្បី តែភាពខ្លោចផ្សារ​នឹងឈឺចាប់ពី អតីតកាល ក៏បានបំភ្លេច ចោល អស់ហើយដែរ ព្រម ទាំង

    នៅតែចាត់

    ទុកថា ព្រះរាជវង្ស នៅ តែមាន សារះសំខាន់បំផុត ចំ​​ពោះរាស្រ្ត ដដែល ។ ដូច្នេះ គួរ តែ ដឺង ថា​

    តើក្នុង ចិត្តរាស្រ្ត របស់ ព្រះ អង្គ ត្រូវ ការ និង ចង់បាន អ្វី ហើយ នោះ ។ បើ ពិបាក ធ្វើ ស្តេច ឬក៏

    ធ្វើ​ជាស្តេច ដូចទីងមោង សំរាប់ តែគេ ខ្ចីឈ្មោះ យក មកប្រើ ដើម្បី អំណាច របស់គេយកធ្វើបាប

    ប្រជារាស្រ្ត ព្រមទាំង វិនាស អន្តរាយ ដល់ ប្រទេសជាតិ ទេ នោះ

    គួរ តែ ឈប់ ទៅ មិនទាន់ហួស​ពេល ទេ ព្រះ​អង្គ ។ ពីព្រោះអ្នក ដែល ត្រូវ រាស្រ្ត ស្តីបន្ទោស នឹង

    ដាក់បណ្តាសា នៅថ្ងៃក្រោយនោះ មិនមែន​ពួក វា ទាំងអស់ នោះ ទេ គឺព្រះ អង្គក៏មាន ចំណែក

    នៅក្នុងនោះដែរ ។ ហើយជឿថា រាជានិយម ឬ រាជវង្ស ពិត ជា គ្មាន ទៀតទេ នៅ ក្នុង ទឹកចិត្ត

    របស់​រាស្រ្តខ្មែរ ។