ពលរដ្ឋ​និង​មន្ត្រី​ខេត្ត​ពោធិ៍សាត់​ប្ដេជ្ញា​ដង្ហែ​តាម​គំរូ​របស់​ព្រះ​មហា​វីរក្សត្រ

ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​នានា ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​សម្ដែង​នូវ​ទុក្ខ​ដ៏​ក្រៀមក្រំ និង​ការ​សោកស្ដាយ​បំផុត​ចំពោះ​ការ​សោយ​ព្រះ​ទិវង្គត នៃ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដោយ​ចាត់​ទុក​ថា នេះ​ជា​ការ​បាត់​បង់​ដ៏​ធំ​ធេង​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល។

ដោយ មណ្ឌល កែវ
2012-10-20
វិទ្យុ​អាស៊ីសេរី

លោក ខូយ សុខា (ឆ្វេង) អភិបាល​ខេត្ត និង​លោក ឆាយ សារេត (ស្ដាំ) ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ នៅ​លើ​កោះ​សំពៅមាស មុខ​សាលា​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១២។

លោក ខូយ សុខា (ឆ្វេង) អភិបាល​ខេត្ត និង​លោក ឆាយ សារេត (ស្ដាំ) ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ នៅ​លើ​កោះ​សំពៅមាស មុខ​សាលា​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១២។ RFA/Mondul keo

ស្រប​ពេល​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់ បាន​ប្ដេជ្ញា​ប្រែ​ក្លាយ​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់​នេះ ឲ្យ​ទៅ​ជា​ការ​ផ្សះផ្សា​បង្រួប​បង្រួម និង​ការ​អភិវឌ្ឍ​ខេត្ត​នេះ​ឲ្យ​បាន​រីក​ចម្រើន​បន្ថែម​ទៀត។

ប្រជាពលរដ្ឋ មន្ត្រី​ជាន់​ខ្ពស់ និង​គណបក្ស​នយោបាយ​ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​ប្ដេជ្ញា​ថា​នឹង​ដង្ហែ​តាម​ព្រះ​ទស្សន និង​គំរូ​នៃ​អង្គ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ដែល​បាន​បន្សល់​ទុក​ដល់​កូន​ចៅ​ជំនាន់​ក្រោយ។

អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ សុខា មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី១៩ តុលា ថា ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ក្នុង​ខេត្ត ប្ដេជ្ញា​ដើរ​តាម​គំរូ​វីរភាព​របស់​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ដែល​ជានិច្ចកាល​ព្រះអង្គ​តែង​ឈរ​លើ​គោលការណ៍​នៃ​ការ​ផ្សះផ្សា និង​បង្រួប​បង្រួម ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ។

លោក​ថា លោក​នឹង​យក​គោលការណ៍​នេះ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ខេត្ត​ពោធិ៍សាត់ ផង​ដែរ៖ «ក្នុង​ដំណាក់​កាល​នៃ​ការ​កាន់​អំណាច​របស់​លោក ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ។ នៅ​ពេល​ចុង​ក្រោយ​នេះ លើ​បញ្ហា​បង្រួប​បង្រួម​ជាតិ ព្រះអង្គ​ក៏​ជា​តួអង្គ​សំខាន់​មួយ។ ឯ​ការ​លើក​ឡើង​ទាំង​ឡាយ​ពី​វីរភាព​របស់​ព្រះអង្គ​នោះ គឺ​ពិត​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ឲ្យ​យើង​ធ្វើ​តាម​នៅ​ពេល​អនាគត»

មាន​ប្រសាសន៍​ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​លើ​កោះ​សំពៅមាស មុខ​សាលា​ខេត្ត​ពោធិ៍សាត់ លោក ខូយ សុខា តាំង​នាម​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បាន​សម្ដែង​នូវ​ការ​សោកស្ដាយ និង​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ​ជា​ទី​គោរព​សក្ការៈ​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប។

ដូច​គ្នា​នេះ​ដែរ ប្រធាន​គណបក្ស សម រង្ស៊ី ខេត្ត​ពោធិ៍សាត់ គឺ​លោក សុខ អ៊ុំស៊ា មាន​ប្រសាសន៍​ថា ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ គឺ​ជា​ការ​បាត់​បង់​មួយ​ដែល​គ្មាន​អ្វី​អាច​យក​មក​ជំនួស​បាន​សម្រាប់​ប្រជាជាតិ​ខ្មែរ។ តាំង​នាម​ឲ្យ​គណបក្ស និង​សមាជិក​គណបក្ស សម រង្ស៊ី ទូទាំង​ខេត្ត លោក​ប្ដេជ្ញា​ថា​នឹង​ដឹកនាំ​សមាជិក​គណបក្ស​ឲ្យ​ដើរ​តាម​គំរូ​វីរភាព និង​មរតក​ដែល​ព្រះ​មហា​វីរក្សត្រ​បាន​បន្សល់​ទុក៖ «ទោះ​បី​ជា​លោក​មាន​ព្រះជន្ម ៩០វស្សា​ហើយ​ក៏ដោយ ក៏​យើង​ចង់​ឲ្យ​ព្រះអង្គ​មាន​ព្រះជន្ម​វែង​ជាង​នេះ​ទៀត ដើម្បី​ឲ្យ​ព្រះអង្គ​ជួយ​មើល​សុខ​ទុក្ខ​ប្រជារាស្ត្រ ដូច​ដែល​ព្រះអង្គ​ធ្លាប់​បាន​ធ្វើ​នា​ពេល​កន្លង​ទៅ ដែល​ចាត់​ទុក​ជា​គំរូ និង​ជា​មហា​វីរភាព​ដ៏​ឧត្ដុង្គឧត្ដម»

ទន្ទឹម​នឹង​ការ​សោកស្ដាយ និង​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ​ជា​ទី​គោរព​សក្ការៈ​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ខេត្ត​ពោធិ៍សាត់ ជា​គណបក្ស​បង្កើត​ឡើង​ដោយ​ស្នា​ព្រះហស្ត​នៃ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ដែល​លោក​បាន​បន្សល់​ទុក​នោះ បាន​ប្ដេជ្ញា​ដើរ​តាម​គន្លង​មាគ៌ា​ដែល​ព្រះ​មហា​វីរក្សត្រ​បាន​ត្រួសត្រាយ​ទុក​នា​ពេល​កន្លង​ទៅ។

លោក ពេជ ហន តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ខេត្ត​ពោធិ៍សាត់ មាន​ប្រសាសន៍​ថា លោក​នឹង​ដឹកនាំ​គណបក្ស​ខេត្ត​នេះ មិន​ឲ្យ​ល្អៀង​ពី​ព្រះ​គំនិត​ដើម​របស់​ព្រះ​មហា​វីរក្សត្រ​ឡើយ៖ «ក្នុង​នាម​ជា​សមាជិក ហើយ​ក៏​ជា​ថ្នាក់​ដឹកនាំ​មួយ​រូប​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ខ្ញុំ​សូម​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ថា នឹង​ដើរ​តាម​មាគ៌ា​ដែល​អង្គ​ព្រះ​មហា​វីរក្សត្រ​ធ្លាប់​ត្រួសត្រាយ​ទុក និង​ប្ដេជ្ញា​រក្សា​ការពារ​រាជបល្ល័ង្គ និង​ដង្ហែ​តាម​នយោបាយ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ប្រទេស​យើង​បាន​ថ្កុំថ្កើង​រុងរឿង»

នៅ​ព្រឹក​ថ្ងៃ​ទី១៨ តុលា ប្រជាពលរដ្ឋ​ប្រមាណ ៥ពាន់​នាក់ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្ត បាន​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ពោរពេញ​ដោយ​ក្ដី​ខ្សឹកខ្សួល​រំជួល​ចិត្ត និង​ទុក្ខ​ក្រៀមក្រំ​រក​ទី​បំផុត​គ្មាន​នៅ​លើ​កោះ​សំពៅមាស មុខ​សាលា​ខេត្ត​ពោធិ៍សាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​និង​មន្ត្រី​ខេត្ត​ពោធិ៍សាត់​ប្ដេជ្ញា​ដង្ហែ​តាម​គំរូ​របស់​ព្រះ​មហា​វីរក្សត្រ"

  1. រាស្រ្តខ្មែរ says:

    -តើស្ដេចសីហនុជាអ្នកស្ថាបនាជាតិ ឬជាអ្នកបំផ្លាញជាតិ?
    តើគុណសម្បត្តិស្ដេចសីហនុ ស្មើរនឹងជវិតជិតបីលាននាក់ដែរឬទេ?
    Crime of Norodom Sihanouk against Khmer People
    សូមចុចទីនេះ…..
    http://www.youtube.com/watch?v=W6WBN4gp4qo&feature