នគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស ៥នាក់ ដែលសង្ស័យថាជាមេខ្យល់នាំប្រជាពលរដ្ឋជិត ១០០នាក់ ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់។
ដោយ មណ្ឌល កែវ
2012-10-21
វិទ្យុអាស៊ីសេរី

លោកស្រី ប្រាក់ សៅនី ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តកំពង់ឆ្នាំង ផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី២១ តុលា ឆ្នាំ២០១២។ RFA/Mondulkeo
ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង គឺលោកស្រី ប្រាក់ សៅនី បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែតុលា ថា កាលពីថ្ងៃទី២០ តុលា មានប្រជាពលរដ្ឋប្រមាណ ១០០នាក់ មានបំណងធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ។
លោកស្រីបន្តថា តាមការស្រាវជ្រាវបឋម សមត្ថកិច្ចប៉ូលិសបានឃាត់ខ្លួនមនុស្ស ៥នាក់ ដែលប៉ូលិសសង្ស័យថា ជាមេខ្យល់នាំពលករធ្វើចំណាកស្រុកទៅប្រទេសថៃ៖ «តាមចម្លើយមាន ២នាក់ ទទួលស្គាល់ថា ខ្លួនបាននាំអ្នកភូមិទៅធ្វើការនៅប្រទេសថៃមែន។ ឯ ៣នាក់ទៀតបដិសេធ តែតាមការស្រាវជ្រាវទៅឃើញថា ពួកគេលាក់បាំងការពិត ព្រោះដល់យើងសាកសួរទៅតំបន់ដែលពួកគេថា គ្រោងទៅធ្វើការនៅទល់ដែននោះពុំមានការងារដូចពួកគេថានោះទេ។ ចំណែកឈ្មោះមនុស្សដែលគេប្រាប់ថា នៅទល់ដែននោះតាមពិតទៅគឺនៅឯប្រទេសថៃ ប្រពន្ធទើបនៅទល់ដែនមែន…»។
ទោះបីជាយ៉ាងនេះក្ដី ភាគច្រើនក្នុងចំណោមប្រជាពលរដ្ឋដែលត្រៀមធ្វើចំណាកស្រុកទៅរកការងារធ្វើនេះ បានឲ្យដឹងថា ពួកគេពុំមានបំណងទៅធ្វើការងារនៅប្រទេសថៃទេ ពួកគេទៅរកការងារធ្វើនៅត្រឹមទល់ដែនខ្មែរ-ថៃ ប៉ុណ្ណោះ។
ស្ត្រីឈ្មោះ យា ចាន់ណា អាយុ ១៨ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ស្ត្រីរូបនេះបានបដិសេធថា នាងគ្មានបំណងធ្វើចំណាកស្រុកទៅប្រទេសថៃ នោះទេ។
នាងអះអាងថា សាច់ញាតិនៅសំឡូត បានបបួលនាងឲ្យទៅស៊ីឈ្នួលកាប់អំពៅនៅទីនោះ៖ «អត់ទេ! ខ្ញុំទៅត្រឹមសំឡូតហ្នឹង។ ខ្ញុំទៅស៊ីឈ្នួលកាប់អំពៅឲ្យគេ ខ្ញុំមានអ៊ំខ្ញុំនៅហ្នឹង។ ខ្ញុំទៅធ្វើរាល់ឆ្នាំ មិនដែលខានទេ…»។
បុរសឈ្មោះ វិន វៃ អាយុ ២២ឆ្នាំ អះអាងប្រហាក់ប្រហែលនឹងស្ត្រីឈ្មោះ យា ចាន់ណា ដែរថា នាយមានបំណងទៅរកការងារធ្វើនៅត្រឹមទល់ដែនប៉ុណ្ណោះ៖ «ខ្ញុំទៅកាប់អំពៅត្រឹមជាយដែនទេបង! ខ្ញុំខ្វះខាតជីវភាពពេកទើបទៅរកការងារធ្វើ អត់ទៅដល់ថៃ ទេបង!»។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ពេញ វិបុល មានប្រសាសន៍នៅរសៀលថ្ងៃទី២១ តុលា ថា តុលាការកំពុងដំណើរការសាកសួរតាមនីតិវិធី។ លោកថា ពុំទាន់មានការសម្រេចណាមួយចំពោះជនទាំង ៥រូប ដែលប៉ូលិសបានសង្ស័យថា ជាមេខ្យល់នោះទេ៖ «យើងកំពុងប្រមូលផ្ដុំឲ្យគ្រប់ជ្រុងជ្រោយសិនមុននឹងធ្វើការចោទប្រកាន់គេយើងស្រាវជ្រាវឲ្យច្បាស់លាស់សិន…»។
ប្រភពពីសមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ តុលា នៅចំណតរថយន្តផ្សារលើក្រុងកំពង់ឆ្នាំង មានប្រជាពលរដ្ឋប្រមាណ ១០០នាក់ ត្រៀមខ្លួនធ្វើចំណាកស្រុកទៅរកការងារធ្វើ។ តែបន្ទាប់ពីដឹងថា ប៉ូលិសហៅទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរពួកគេខ្លះបានគេចខ្លួន។ នៅសល់តែប្រមាណ ៥០នាក់ប៉ុណ្ណោះ ដែលបានមកដល់ស្នងការដ្ឋានប៉ូលិសខេត្ត។
ប្រភពក៏បានឲ្យដឹងដែរថា បន្ទាប់ពីធ្វើការអប់រំណែនាំរួច ពួកគាត់ទាំងអស់ត្រូវបានប៉ូលិសអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ លើកលែងតែមនុស្ស ៥នាក់ ដែលប៉ូលិសសង្ស័យថា ជាមេខ្យល់ដែលត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
វាជាការទទួលខុសត្រូវរបស់រដ្ឋភិបាលក្នុងការបង្កើតមុខរបរអោយប្រជាជន និង ធានាលំនឹងសេដ្ឋកិច្ច។ មិនអាចឃាត់ពួកគេមិនអោយដើររកលុយទេ។ អ្នកដែលចេញទៅរកលុយនៅក្រៅ គឺដឹងច្បាស់ណាស់ថា វាមានគ្រោះថ្នាក់ខ្លាំងណាស់ ប៉ុន្តែគ្មានជំរើស។
គេទៅរកការងារធ្វើ ថាគេទៅដោយខុសច្បាប់ ខ្ញុំក៏ទទូលស្គាល់ថាខុសច្បាប់ដែរ ហើយចុះបើគេនៅ
ស្រុកខ្មែរអត់ការងារធ្វើហើយអត់មានប្រាក់ទ្រទ្រង់ជីវភាព អញ្ចឹងតើរដ្ឋាភិបាលមានវិធានការ
សម្រាប់រឿងនឹងទេ?
និយាយឲ្យចំទៅគឺ រាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋបន្តិចឡើយ!!!
មនុស្សយើងបើទ័លច្រកដល់អត់បានដាច់ពោះហើយនោះ គ្មានអ្វីត្រូវខ្វល់ទៀតទេ មានតែ
ខ្លួនឯងទេដែលអាចពឹងខ្លួនឯងបាន ក្រៅពីនោះគឺគ្មានសោះ!!!
មិនបាច់និយាយទេ មើលតែមុខវាំងក្នុងពិធីគោរពវិពា្ញាណខ័ណ្ឌសម្តេចតា ទៅដឹងហើយ រកតែកន្លែងជ្រកសំរាប់ចាស់ៗ បន្ទប់អនាម័យអោយមានផាសុខភាព អាហារហូបចុកឬ នំចំណីដែលជាបន្ទុករបស់រដ្ឋាភិបាល ក៏មិនសូវឃើញបានល្អដែរ ។.
On the news always positive report bu the reality is different….
The police should have not charged the poor five men as a crime.
They may have to sell their farms for bail out themselves from jail.
Their family will not have a place for crop-raising to make the living.
The life of suspects and families is on the police hands.
They should give them only a warning to protects the innocents from trickery.