មួយរយៈនេះ ម៉ាក សែនសូនីតា ហៅ តូតា មានការ មមាញ្ញឹក ជាខ្លាំង ក្នុងការថត សម្តែងរឿង បន្តបន្ទាប់ ដោយថតចប់ មួយរឿង ចូលដល់ មួយរឿងទៀត ដូចជា ពេលនេះនាង កំពុងថតរឿង “ស្រមោល” ឱ្យ ផលិតកម្ម ខេមរា ហ៊្វីម ។
Written by ភ្នំពេញដេលីញូវ
Friday, 30 November 2012
ជួបជាមួយ ម៉ាក សែនសូនីតា ហៅតូតា តាមទូរស័ព្ទ កាលពី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ នាងបាន បង្ហើបប្រាប់ ឱ្យដឹងថា ចាប់តាំងពី ដើមខែ វិច្ឆិកាមក នាងមមាញ្ញឹក ថតរឿង “ស្រមោល” ឱ្យផលិតកម្ម ខេមរា ហ៊្វីម ដែលតាម គម្រោង រឿងនេះគេ ថតរយៈពេល មួយខែ ចប់ ហើយនឹងយក ទៅដាក់បញ្ចាំង ជូនទស្សនិកជន ទស្សនាតាមរោង នាពេល ខាង មុខ ។
ក្នុងរឿង “ស្រមោល” តូតា សម្តែងជា តួអង្គឈ្មោះ នីកា ជាមួយ អេឡិច ចាន់ត្រា ដែលជាតួប្រុស មានឈ្មោះ ត្រា នៅក្នុងរឿង ព្រមទាំង មានតួអង្គ សំខាន់ៗ ពីរគូទៀតគឺ តារារ៉ាយ ព្រះកាយច័ន្ទ ដៃគូជាមួយ លោក អ៊ុន សុធា និង នៅ សូនីតា ដៃគូជាមួយ សូ លីវណ្ណ ។
បើតាម ខ្លឹមសាររឿង តួអង្គទាំងបីគូ ជាមិត្តភក្តិ បានរៀនសូត្រ ជាមួយ គ្នា ។ ថ្ងៃមួយពួកគេ ទាំងបីគូ បាននាំគ្នា ដើរលេង តាមខេត្តឆ្ងាយ ចៃដន្យ រថយន្ត ដែលពួកគេ ជិះបែកកង់ គាប់ជួន យប់ផង ក៏នាំគ្នារក កន្លែងសម្រាក រង់ចាំ ភ្លឺឡើង ទើបបន្ត ដំណើរទៀត ។ យប់នោះ ហើយដែល ពួកគេបាន ធ្លាក់ក្នុងភព ស្រមោល ពោរពេញដោយ ក្តីភ័យខ្លាច រន្ធត់ និង ព្រឺព្រួច ហើយទី បំផុតមាន តែមួយគូ ប៉ុណ្ណោះគឺ តូតា និង អេឡិច ចាន់ត្រា ដែលក្នុងនោះ ត្រា បាន ពាក់ខ្សែក មានបារមី ខ្លាំងពូកែ ស័ក្តិសិទ្ធិ ទើបមាន ភ័ព្វសំណាង បានឆ្លង ផុតពី គ្រោះថ្នាក់ ព្រោះតែខ្មោច ព្រាយបិសាច វិនាសអន្តរាយ ទៅវិញ នៅពេលដែល ព្រះអាទិត្យ ចាប់ផ្តើមរះ បញ្ចោញ ពន្លឺឡើង នាព្រឹកព្រលឹម ។
តូតា បានប្រាប់ឱ្យ ដឹងផងដែរថា រឿង “វិញ្ញាណម្ចាស់ទូក” របស់ ផលិតកម្ម ភ្នំពេជ្រ ភាពយន្ត សហការ ជាមួយ ក្រុមហ៊ុន អ៊ិចប្រេស ដែលនាង បានថតសម្តែង ចប់នាពេល កន្លង ទៅ ក្នុងនោះរូបនាង ជាតួអង្គឈ្មោះ រចនា ជាកូនរបស់ ទេព រិន្ទដារ៉ូ និង ស្វែង សុជាតា ត្រូវបានយក ទៅដាក់ បញ្ចាំង តាមរោង នៅខេត្ត សៀមរាប ចាប់ពីពាក់ កណ្តាលខែ វិច្ឆិកា ទៅ និង នៅដើម ខែធ្នូទើបរឿង នោះត្រូវយកមក បញ្ចាំងនៅ រាជធានី ភ្នំពេញវិញ ។
គិតតាំងពីនាង ប្រឡូកសិល្បៈ សម្តែងនាឆ្នាំ ២០០៨ មក សរុបគឺមាន ជិត ១០ រឿងហើយ ដែលរូបនាង បានថតសម្តែង ក្នុងនោះ មានរឿងខ្លះ នាងជាតួអង្គស្លូត និង មានរឿងខ្លះ បានសម្តែង ជាតួអង្គ កាចឆ្នាសឆ្នើម ។ មិន ថាតែ ការសម្តែង ជាតួស្លូត ឬ កាចនោះទេ គឺឱ្យ តែអ្នកដឹកនាំរឿង តម្រូវ សម្តែងជាតួអង្គ មានចរិតលក្ខណៈ បែបណាក៏នាង អាចធ្វើ តាម បានគ្រប់យ៉ាង គ្រាន់តែក្នុងនោះ គេថាមើល តាមរូបភាព ជាក់ស្តែង ខាងក្រៅ ភ្នែករបស់នាង ធំៗបើសម្តែង ជាតួកាច ឆ្នាសឆ្នើម ទើបសម ជាងធ្វើជា តួស្លូត ។
ចំពោះរឿង ដែលនាងបាន សម្តែងនាពេល កន្លងមក សង្កេតឃើញថា មានរឿង “កំលោះឡឺកឺ” បានទទួលការ ចាប់អារម្មណ៍ ពីសំណាក់ ទស្សនិកជន នៅរាជធានី ភ្នំពេញ ។
សព្វថ្ងៃ តូតា គឺជាពិធីការិនី មួយរូបនៃ កម្មវិធី “សុក្រសប្បាយ” នាង ក៏ជាអ្នក សម្តែង ជាអ្នកចម្រៀង និង ជាអ្នកដើរ បង្ហាញម៉ូដម្នាក់ ក្នុងក្រុម ខេមបូឌា ស៊ុបភើរ ម៉ូដែល ។
ដោយធ្លាប់ ចេញទៅ ច្រៀងក្នុង កម្មវិធី សប្បុរសធម៌ នាឆ្នាំ ២០១១ នៅ ប្រទេសកូរ៉េ និង ចេញទៅច្រៀង ព្រមទាំង ដើរម៉ូដនៅ ប្រទេស អូស្ត្រាលី នា ឆ្នាំ ២០១២ ទើបនាងបង្ហាញ ពីបំណងផ្ទាល់ ខ្លួនថា ចង់ចេញទៅ ក្រៅប្រទេសទៀត បើមានឱកាស ព្រោះថា នៅពេល ចេញច្រៀង ក្រៅប្រទេស ធ្វើ ឱ្យគេរឹតតែ ស្គាល់នាង ច្រើនឡើង និង ឆាប់ល្បី ទៀតផង ៕

Mi Srey choch ………