ភ្នំពេញ: សកម្មជនអង្គការសិទ្ធិមនុស្ស បានផ្សព្វផ្សាយថា ស្ត្រីបឹងកក់ និងស្ត្រីបុរីកីឡា ២ នាក់ ដែលជាប់ចោទក្នុងរឿងក្តីព្រហ្មទណ្ឌ ដែលគេសន្មតថា កើតចេញពីជម្លោះដីធ្លី នឹងត្រូវតុលាការសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២។ ស្ត្រីទាំងពីររូប គឺអ្នកស្រី ទឹម សាក់មុនី និងអ្នកស្រី យ៉ោម បុប្ផា ត្រូវបានចាប់ឃុំខ្លួន ក្រោមបទចោទប្រកាន់ផ្សេងពីគ្នា ដែលអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៥ ឆ្នាំ។
ថ្ងៃទី 19 ធ្នូ 2012
ដោយ: លី សិលា
CEN
អ្នកស្រី យ៉ោម បុប្ផា អ្នកមានបញ្ហាដីធ្លីនៅបឹងកក់ ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ពីបទប្រើអំពើហិង្សាដោយចេតនាវាយលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់។
នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអ្នកស្រី ទឹម សាក់មុនី ដែលជាអ្នកតវ៉ាដីធ្លីដ៏សកម្មម្នាក់នៅបុរីកីឡា។ អ្នកស្រី ទឹម សាក់មុនី ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ផានអ៊ីម៉ិច។
ស្ត្រីសកម្មជនអ្នកតវ៉ាដីធ្លីទាំងពីរ ត្រូវបានឃុំឃាំងនៅពន្ធនាគារព្រៃស។ តុលាការបានកំណត់ថា នឹងបើកសវនាការលើស្ត្រីទាំងពីរនាក់នៅម៉ោង ២ រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ នៅបន្ទប់កាត់ក្តីផ្សេងគ្នា និងក្នុងសំណុំរឿងដាច់ដោយឡែកពីគ្នា។
ជាបន្តបន្ទាប់ អង្គការសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សជាច្រើន បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយថ្កោលទោសនឹងការចាប់ខ្លួនស្ត្រីអ្នកភូមិបឹងកក់ និងបុរីកីឡាទាំងពីរ ហើយបានទាមទារឲ្យដោះលែងស្ត្រីទាំងពីរនាក់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។
ចំណែកក្រុមអ្នកភូមិបុរីកីឡា និងអ្នកបឹងកក់ ក៏បានប្រមូលផ្តុំតវ៉ា និងដាក់ញត្តិទៅកាន់ស្ថានទូតនានា ព្រមទាំងស្ថាប័នរដ្ឋាភិបាល រដ្ឋសភា ដើម្បីឲ្យអន្តរាគមន៍ដោះលែងស្ត្រីទាំងពីរនាក់ចេញពីពន្ធនាគារព្រៃស។ អន្តរាគមន៍ពីប្រមុខការទូត និងប្រធានាធិបតីប្រទេសមហាអំណាច ដូចជា អាមេរិក សហភាពអឺរ៉ុប ជាដើម ក៏ត្រូវបានអ្នកភូមិដាក់ញត្តិ ស្នើសុំផងដែរ។
យ៉ាងណាក៏ដោយ ក្នុងរឿងឃុំខ្លួនស្ត្រីនៅបឹងកក់ និងនៅបុរីកីឡានេះ ត្រូវបានមន្ត្រីតុលាការអះអាងថា មិនជាប់ពាក់ព័ន្ធនឹងការតវ៉ាដីធ្លីទេ តែជារឿងព្រហ្មទណ្ឌ ដែលស្ត្រីទាំងពីរបានប្រព្រឹត្តបទល្មើសច្បាប់ប៉ុណ្ណោះ៕ S
សម័យតេចោរ បើជឿតុលាការគឺឆ្កួតសុទ្ធ ប្រហែលតុលាការខ្មែរក្រហមផងគង់មានអ្នកឆ្កួត!