លទ្ធផល​នៃ​កិច្ច​ប្រជុំ​ស្តីពី​ការ​អនុវត្ត​ដីកា​បង្គាប់​របស់​ ICJ

លទ្ធផល​នៃ​កិច្ច​ប្រជុំ​លើក​ទី៣ នៃ​ក្រុម​ការងារ​រួម​រវាង​កម្ពុជា-ថៃ ស្តីពី​ការ​អនុវត្ត​ដីកា​បង្គាប់ របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ចុះ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ កាល​ពី​ថ្ងៃទី​១៧-១៩ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​ទីក្រុង បាង​កក ប្រទេស​ថៃឡង់ដ៍

Wednesday, 19 December 2012
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

លោកនាយឧត្តមសេនីយ៍ នាង ផាត ប្រធាន​ក្រុម​ការងារ​រួម​ដើម្បី​អនុវត្ត​ដីកា​បង្គាប់​តុលាការ​យុត្តិធម៌​អន្តរជាតិ ធ្វើ​សន្និសិទ្ធ​កាសែត​ក្រោយ​ពី​ត្រលប់​មក​ពី​កិច្ច​ប្រជុំ។រូបថតម៉ៃ វីរៈ

លោកនាយឧត្តមសេនីយ៍ នាង ផាត ប្រធាន​ក្រុម​ការងារ​រួម​ដើម្បី​អនុវត្ត​ដីកា​បង្គាប់​តុលាការ​យុត្តិធម៌​អន្តរជាតិ ធ្វើ​សន្និសិទ្ធ​កាសែត​ក្រោយ​ពី​ត្រលប់​មក​ពី​កិច្ច​ប្រជុំ។ រូបថតម៉ៃ វីរៈ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី លទ្ធផល​នៃ​កិច្ច​ប្រជុំ​លើក​ទី៣ នៃ​ក្រុម​ការងារ​រួម​រវាង​កម្ពុជា-ថៃ ស្តីពី​ការ​អនុវត្ត​ដីកា​បង្គាប់ របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ចុះ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ កាល​ពី​ថ្ងៃទី​១៧-១៩ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​ទីក្រុង បាង​កក ប្រទេស​ថៃឡង់ដ៍ បាន​ឲ្យ​ដឹង​ថា ក្រុម​បច្ចេក​ទេស​បាន​ជួប​ប្រជុំ​ចំនួន​៥វគ្គ និង​បាន​សម្រេច​លទ្ធផល​ចំនួន ៧​ចំណុច ដូចជា៖

ទី១-យោង​លើ​កិច្ច​ប្រជុំ​ក្រុម​ការងារ​រួម (JWG) លើកទី១ និង​លើក​ទី២ ដែល​បាន​រៀប​ចំ​ធ្វើ​ឡើង នៅ​ប្រទេស​ថៃ-​កម្ពុជា ភាគី​ទាំង​ពីរ អះ​អាង​យ៉ាង​មុត​មាំ ចំពោះ​ការ​អនុវត្ត​ដីកា​បង្គាប់ តុលាការ​យុត្តិធម៌​អន្តរជាតិ ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១១។

ទី២-ភាគី​ទាំង​ពីរ​គាំទ្រ លទ្ធផល​ជំនួប​កំពូល កាល​ពី​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ​២០១២ រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ជំទាវ យីង​ឡាក់ ស៊ីណាវ៉ាត្រា នាយក​រដ្ឋ​មន្រ្តី​ថៃ ព្រម​ទាំង​ជំនួប​រវាង​រដ្ឋ​មន្រ្តី ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ បាន​សម្រេច​ទៅ​ដល់​ការ​កែ​សម្រួល​កងទ័ព ជា​ឯក​តោភាគី ជំហាន​ទី១ តាម​នីតិ​វិធី​រៀងៗ​ខ្លួន កាល​ពីថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ២០១២ ចេញ​ពី​តំបន់ គ្មាន​កង​ទ័ព​បណ្តោះ​អាសន្ន (PDZ)។

ទី៣-ភាគី​ទាំង​ពីរ​ស្វាគមន៍​លទ្ធផល នៃ​កំណត់​ហេតុ ស្តីពី កិច្ច​ពិភាក្សា​ផែន​ការ​បោស​សំអាត​មីន រួមគ្នា លើក​ទី១ រវាង​មជ្ឈមណ្ឌល​សកម្មភាព កម្ចាត់​មីន​កម្ពុជា (CMAC) និង​មជ្ឈមណ្ឌល​កម្ចាត់​មីន​ថៃ (TMAC)​នៅ​ទី​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​៣០-៣១ ខែ​សីហា ឆ្នាំ​២០១២។

ទី៤-ភាគី​កម្ពុជា​បាន​ជូន​ព័ត៌មាន ដល់​ភាគីថៃ​អំពី​ការ​រក​ឃើញ ចំណុច A B C D លើដី ជាក់​ស្តែង​នៃ​តំបន់​គ្មាន​កង​ទ័ព បណ្តោះ​អាសន្ន (PDZ) តាម​និយាម ការ​កំណត់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។ ភាគី​ទាំង​ពីរ សម្តែង​នូវ​សេចក្តី​ចាំ​បាច់ ដើម្បី​ធ្វើ​ការ​សម្គាល់​ទីតាំង​ជាក់​ស្តែង​នៃ A B C D តំបន់​គ្មាន​កង​ទ័ព​បណ្តោះ​អាសន្ន​(PDZ) ដែល​កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ(ICJ) តាម​សំណើ របស់​ក្រុម​ការងារ​រួម​(JWG)។

ទី៥-ភាគី​ទាំង​ពីរ​ឯក​ភាព ប្រគល់ភារកិច្ច​ជូន CMAC និង TMAC រៀប​ចំ​ផែន​ការ​ដោះ​មីន​រួម ក្នុង​តំបន់​ចាំបាច់​នៃ​តំបន់​គ្មាន​កង​ទ័ព​បណ្តោះ​អាសន្ន PDZ មិន​ឲ្យ​ហួស​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដើម្បី​គាំទ្រ​ដល់​ការ​កែ​សម្រួល កង​ទ័ព​ពី​តំបន់​គ្មាន​កង​ទ័ព បណ្តោះ​អាសន្ន ព្រម​ទាំង​ធានា​ឲ្យ​បាន នូវ​សុវត្ថិភាព​របស់ អ្នក​សង្កេត​ការណ៍​រួម​(JOT)។

ទី៦-ភាគី​ទាំងពីរ​បាន​ឯក​ភាព ផ្តល់​ព័ត៌មាន​ទៅ​វិញ​ទៅ​មក អំពី​ផែន​ការ​កែ​សម្រួល​កង​ទ័ព ចេញ​ពី​តំបន់​គ្មាន​កង​ទ័ព​បណ្តោះ​អាសន្ន​(PDZ) តាម​នីតីវិធី​រៀងៗ​ខ្លួន ក្នុង​កំឡុង​ត្រី​មាស​ទី១ ឆ្នាំ​២០១៣។

ទី៧-ភាគី​ទាំង​ពីរ សម្តែង​នូវ​ការ​រីករាយ ចំពោះ​លទ្ធផល​កិច្ច​ប្រជុំ​លើក​ទី៣ ក្រុម​ការងារ​រួម កម្ពុជា​-ថៃ និង​ឯក​ភាព​បន្ត​ពិភាក្សា អំពី​ការ​អនុវត្ត​ដីកា​បង្គាប់ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​កិច្ច​ប្រជុំ​លើក​ក្រោយ នៅ​ប្រទេស​កម្ពុជា។

What Next?

Recent Articles

3 Responses to "លទ្ធផល​នៃ​កិច្ច​ប្រជុំ​ស្តីពី​ការ​អនុវត្ត​ដីកា​បង្គាប់​របស់​ ICJ"

  1. អ្នកលេង says:

    អាចម៏ក្តអញ ! ចាំមើលតើសៀមវាគោរពតាមដែលឬអត់ ? នៅមិននៅចូលអន្ទាក់សៀម

    ដោយខ្លួនអែង ថោកទាបណាស់ ។

  2. Ratha says:

    ជម្លោះទាំងឡាយដែលកើតមានឡើងតាំងពីណាមក
    អាចមានច្រកដោះស្រាយបានជាច្រើន តែច្រកដែលល្អជាងគេ
    ទីបំផុតជៀសវាងមិនផុតពីការចរចារ ហើយលទ្ធផលទាំង៧ ចំណុចខាងលើជាផ្លែផ្កាមកពីការចរចារដែរ ម្ល៉ោះហើយ
    ការលើកយកអាវុធទំនើបៗមកប្រឈមដាក់គ្នាវាគ្មានប្រយោជន៍
    អីទេ យើងជាប្រទេសដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍មកហើយ
    នាពេលនេះមានសន្តិភាព មានសេរីភាពយ៉ាងពេញលេញហើយ
    ជម្រើសដែលខ្មែរយើងត្រូសជ្រើសរើសយក មានតែការចរចារតែមួយគត់ប៉ុណ្ណោះ។

  3. cheath says:

    ខ្មែរយើងឲ្យតែប្រជុំជាមួយសៀមម្តងណា ក៏ជោគជ័យដែរ តែឆ្ងល់ណាស់រឿងអីត្រូវដោះមីនរួមគ្នា? បើមិនទាន់ដកទ័ពថយផងហ្នឹង ជាពិសេសមិនទាន់ដឹងថាកន្លែងណាជាខ្សែបន្ទាត់ព្រំដែនដែរ??

    បើគិតទៅ ចាញ់ប្រៀបសៀមរហូតមក ដោះមីនរួចស្រួលវាយកទ័ពមកដាក់ថែម?​ចាំឲ្យច្បាស់វាមិនដកទ័ពទេ គឺមានតែបន្ថែម។
    ពួកសៀមវាពូកែខាងផ្នែកការទូតណាស់ ណាមួយប្រទេសវាល្បីឈ្មោះជាងខ្មែរ ព្រោះអន្តរជាតិគេស្គាល់ថៃជាងខ្មែរត្រូវដឹង។ ម៉្យាងទៀត មេដឹកនាំគេខុសពីយើងបែបប្រជាធិតេយ្យ មិនមែនផ្តាច់ការ និងប្រឆាំងអង្គការសហប្រជាជាតិនោះទេ រំលោភសិទ្ធិមនុស្សព្រៃផ្សៃ។