អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនបានបើកយុទ្ធនាការបង្ក្រាប និងរឹបអូសគ្រឿងញៀនដ៏ធំមួយនៅពេលថ្មីៗនេះ ក្រោយពីសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតសំងាត់រយៈពេលជាច្រើនខែកន្លងមក។
ដោយ សុខ សេរី
2012-12-24
វិទ្យុអាស៊ីសេរី

គ្រឿងញៀនដែលមន្ត្រីកងរាជអាវុធហត្ថក្រុងភ្នំពេញ រឹបអូសបានពីឈ្មួញកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១១។ RFA/Sok Serey
នគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា បានចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ កាលពីថ្ងៃទី២១ ខែធ្នូ ក្រោមបទសង្ស័យថា បានរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនរាវ ចំនួន ២៤គីឡូក្រាមពីតំបន់ត្រីកោណមាសចូលមកប្រទេសកម្ពុជា ដើម្បីនាំចេញបន្តទៅបរទេស។
ជនសង្ស័យចំនួន ២នាក់នោះ មានស្ត្រីជនជាតិវៀតណាមម្នាក់ និងបុរសជនជាតិខ្មែរម្នាក់ ដែលកំពុងស្ថិតក្នុងការឃុំខ្លួនដើម្បីសាកសួរចម្លើយ និងធ្វើកំណត់ហេតុពិស្ដារនៅមុនការបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ។
ជាមួយគ្នានេះដែរ នគរបាលប្រឆាំងគ្រឿងញៀនដដែលបានចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ទៀត គឺជនជាតិឡាវ ២នាក់ និងជនជាតិខ្មែរចំនួន ២នាក់ កាលពីថ្ងៃទី២៣ ខែធ្នូ ក្រោមបទសង្ស័យថា បានរត់ពន្ធថ្នាំញៀនមេតំហ្វេតាមីន ចំនួន ២ម៉ឺនគ្រាប់ចូលមកកម្ពុជា។
ជនសង្ស័យចំនួន ៤នាក់នេះ គឺកំពុងស្ថិតក្នុងការឃុំខ្លួន ដើម្បីសាកសួរចម្លើយ និងធ្វើកំណត់ហេតុពិស្ដារនៅមុនការបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ។
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ឧត្ដមសេនីយ៍ឯក មាស វីរិទ្ធ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី២៤ ខែធ្នូ ថា សមត្ថកិច្ចប្រើប្រាស់កម្លាំងជំនាញ និងស៊ើបអង្កេតរយៈពេលច្រើនខែ ដើម្បីបំបែកសំណុំរឿងនេះ៖ «មានទម្រង់ជាវត្ថុរាវហ្នឹង គឺប្រមាណជាង ២៤គីឡូក្រាម នេះគឺយើងមិនទាន់បានធ្វើការវិភាគរកភាពសុទ្ធនៅឡើយទេ ហើយវត្ថុតាងទាំងនោះ និងជនល្មើស គឺកំពុងតែស្ថិតនៅក្រោមការឃ្លាំមើលរបស់សមត្ថកិច្ច ដើម្បីស្រាវជ្រាវអ្នកដែលមានការជាប់ពាក់ព័ន្ធ និងស្រាវជ្រាវអំពីប្រភពដើមរបស់គ្រឿងញៀន ហើយនិងលំហូរនៃគ្រឿងញៀន តើមានប្រភពទៅទីណា? ទាក់ទងហេរ៉ូអ៊ីន សារធាតុញៀនរាវនេះ គឺប្រភពវាគឺបញ្ជូនទៅក្រៅប្រទេសកម្ពុជា»។
ទាក់ទងនឹងស្ថានការណ៍គ្រឿងញៀននៅកម្ពុជា នេះដែរ អភិបាលរងក្រុងភ្នំពេញ លោក ប៉ា សុជាតិវង្ស និងជាប្រធានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀននៅទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា លោកព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានការណ៍រត់ពន្ធ និងជួញដូរគ្រឿងញៀននៅទីក្រុងភ្នំពេញ។
លោក ប៉ា សុជាតិវង្ស៖ «ចាប់ម្ដងរាប់ម៉ឺនគ្រាប់ ចុះបើសិនជាមិនចាប់? មួយម៉ឺនគ្រាប់ ពីរម៉ឺនគ្រាប់ វាទៅចែកចាយទៅគ្រប់គ្នា តើមានមនុស្សប៉ុន្មាននាក់ប្រើគ្រឿងញៀន? អ្នកចែកចាយម៉េចបានមានលទ្ធភាពចែកចាយបាន? បើគ្មានទីផ្សារនាំចូលមកធ្វើអី ផលិតធ្វើអី?»។
របាយការណ៍មួយចំនួនឲ្យដឹងថា នៅកម្ពុជាមានអ្នកញៀនគ្រឿងញៀនចំនួនរវាង ៤ម៉ឺននាក់ ទៅ ៦ម៉ឺននាក់ ប៉ុន្តែនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ចំនួនមិនពិត គឺអ្នកញៀនគ្រឿងញៀនមានចំនួន ៦ពាន់នាក់ទេ។
របាយការណ៍របស់អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកម្ពុជា រយៈពេល ៩ខែ ឆ្នាំ២០១២ បានឲ្យដឹងថា នគរបាលប្រឆាំងគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៥៥៣ករណី និងបានចាប់ខ្លួនជនសង្ស័យចំនួន ១.២៦៤នាក់។
គ្រឿងញៀនដែលត្រូវបានរឹបអូសបាននោះ មានដូចជា មេតំហ្វេតាមីន WY ចំនួន ៥.៣៤៧គ្រាប់ មេតំហ្វេតាមីនក្រាម ម្សៅទឹកកកចំនួនជាង ១៩គីឡូក្រាម អ៊ិចស្តាស៊ីចំនួន ១.៣១៥គ្រាប់ កូកាអ៊ីនចំនួនជាង ៤០គីឡូក្រាម ប្រេងម្រះព្រៅភ្នំចំនួន ៨តោន និងសារធាតុគីមីផ្សំគ្រឿងញៀនចំនួនជាង ៥៣តោន។
របាយការណ៍នេះនៅមិនទាន់បានរាប់បញ្ចូលករណីរឹបអូសគ្រឿងញៀនថ្មីៗនេះ និងករណីចាប់ខ្លួនលោកឧកញ៉ា តាន់ សេងហាក់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ប្រហែលជាត្រូវធ្វើពន្ធនាគារច្រើនថែមទៀត។សូមគាំទ្រការបង្ក្រាបឈ្មួញជួញដូរនិង
ផលិតគ្រៀងញៀន។ដោយឡែកអ្នកសេពគ្រឿងញៀនគឺជាជនរងគ្រោះ ដែលគួររក
វិធីសង្គ្រោះឱ្យបានទាន់ពេលផងដែរ។ប្រហែលមិនដូចគេរិះគន់ទេមើលទៅ ព្រោះឮ
គេថាមានជនរងគ្រោះខ្លះក្លាយជាអ្នកទោសជួញគ្រៀងញៀនដោយសារល្បិចខូច
របស់សមត្ថកិច្ច។