ភ្នំពេញ: នាយ ពែរមី ជាតារាកំប្លែងរបស់ទូរទស្សន៍ ស៊ីធីអិន (CTN) ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ក៏ដូចជាមហាជន ទាំងចាស់ ទាំងក្មេងតាមរយៈទេពកោសល្យនិយាយកំប្លុកកំប្លែងដ៏ប៉ិនប្រសប់ពីធម្មជាតិ។
ថ្ងៃទី 11 កុម្ភៈ 2013
ដោយ: វឿន សាវុធ
CEN
អ្នកកំប្លែងរូបនេះ បានរាប់រៀបពីដំណើរជីវិត ធ្លាប់តស៊ូ ធ្វើជាកម្មករសំណង់ លំបាកតោកយ៉ាក វេទនា រហូតបានក្លាយជាតារាកំប្លែង ល្បីល្បាញ មួយរូប ជាមួយវេបសាយ CEN (www.cen.com.kh)។
កាលពីវ័យកុមារ លោក ចែម ចាន់ដារ៉ា ជួបការលំបាកច្រើន ដែលពុំសូវទទួលបាននូវសេចក្តីស្រណុកសុខស្រួលនោះទេ ព្រោះថា ក្រុមគ្រួសារក្រក្រី។ ក្រៅពីក្រេបយកចំណេះដឹងនៅសាលារៀន គាត់ត្រូវទៅរកត្រីយកទៅលក់ដើម្បីជួយយិតយោងជីវភាពគ្រួសារទាំងមូល។ គាត់បាននិយាយថា “កាលណោះនៅតូចៗមិនដឹងទៅរកអីបានទេ មានតែចាប់កង្កែប រកត្រី ក្តាមខ្យងតាមបឹង ពីរនាក់អាគ្រឿន ព្រោះមានតែពីរនាក់ហ្នឹងទេដែលធំជាងគេ ក្រៅពីនេះនៅតូច ធ្វើអីមិនកើតទេ”។
មួយវិញទៀត បើតាមការឲ្យដឹង កុមារារូបនេះជាក្មេងឧស្សាហ៍ព្យាយាម និងមាននិស្ស័យរប៉ិលរប៉ូច ធ្វើឲ្យអ្នកផងទាំងពួងស្រឡាញ់ចូលចិត្ត ហើយត្រូវបានគេសរសើរថាជាក្មេងឆ្លាតផងដែរ។ គាត់បាននិយាយថា “កាលខ្ញុំនៅតូចៗរពឹស ”។
ប្រវត្តិសិក្សា
ចែម ចាន់ដារ៉ា ត្រូវបានម្តាយឪពុក បញ្ជូនចូលសិក្សានៅសាលាបឋមសិក្សាថ្នល់កែង ចាប់តាំងពីអាយុ៧ឆ្នាំ ហើយនៅឆ្នាំ១៩៩៣ នាយក៏បានបន្តសិក្សានៅអនុវិទ្យាល័យជីភូ ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ប៉ុន្តែដោយសារសាលារៀននៅឆ្ងាយពីផ្ទះជាង១០គីឡូម៉ែត្រ និងគ្មានមធ្យោបាយធ្វើដំណើរផងនោះ នាយក៏សម្រេចចិត្តបញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី៩ ដោយងាកមកបម្រើខាងព្រះពុទ្ធសាសនា បួសជាព្រះសង្ឃនៅវត្តសុវណ្ណរង្សី ហៅវត្តព្រែក ឯស្រុកកំណើតរបស់ខ្លួននៅឆ្នាំ១៩៩៧។
បន្ទាប់ពីបួសបានបីវស្សា(៣ឆ្នាំ) ដោយយល់ឃើញថាស្ថានភាពគ្រួសារកាន់តែដុនដាបខ្លាំងទៅៗនោះ គាត់ក៏បង្ខំចិត្តលាចាកសិក្ខាបទឈានមករកការងារធ្វើនៅទីក្រុង ភ្នំពេញ ក្នុងក្តីរំពឹងជួយសម្រាលបន្ទុកគ្រួសារបានខ្លះ។
ជីវិតតស៊ូ
អំឡុងពេលឆ្នាំ២០០០ ចែម ចាន់ដារ៉ា បានកំណត់ទិសដៅរបស់ខ្លួនមកស្វែងរកការងារធ្វើនៅទីក្រុងភ្នំពេញ ជាមួយនឹងអាវខោមួយបង្វេច និងមានប្រាក់តែបន្តិចបន្តួចសម្រាប់ធ្វើដំណើរតាមផ្លូវតែប៉ុណ្ណោះ។ ការងារដែលគាត់ចាប់ផ្តើមធ្វើក្នុងឆាកជីវិតលើកដំបូងនោះ គឺធ្វើជាកម្មករសំណង់ ដោយទទួលបានប្រាក់កម្រៃតិចបំផុត ដែលតម្រូវឲ្យអត់ធ្មត់ក្នុងការចាយវាយ ត្បិតត្បៀត ដើម្បីសន្សំប្រាក់ជួយទំនុកបម្រុងគ្រួសារ។ នាយពែរមីបាននិយាយថា “ខ្ញុំធ្វើកម្មករសំណង់១០ឆ្នាំនៅភ្នំពេញ ក្នុងមួយថ្ងៃបាន៦.៥០០រៀល ហើយការចាយវាយអត់គ្រប់គ្រាន់ទេ បើនៅចុងខែសល់តិចតួចបាន៧ ទៅ៨ម៉ឺនអីហ្នឹង”។
ជំហានចូលសិល្បៈ
នាយ ពែរមី មានឧបនិស្ស័យខាងសិល្បៈតាំងតែពីក្មេងមក គឺស្រឡាញ់ចូលចិត្តផ្នែកចម្រៀង ហើយក៏ធ្លាប់ដាក់ពាក្យប្រឡងចម្រៀងនៅទូរទស្សន៍ប៉ុស្តិ៍លេខ៩ កាលពី អំឡុងឆ្នាំ២០០០ម្តងដែរ តែសំណាងមិនល្អត្រូវហាលអាវដោយស្វ័យប្រវត្តិ ពោលគឺចាប់តាំងពីធ្វើតេស្តលើកដំបូង។ ចាប់តាំងពីពេលនោះមក ពែរមី មិនធ្លាប់រំពឹងគិតថា នឹងបានក្លាយជាអ្នកសិល្បៈតាមការស្រមើស្រមៃនោះទេ។ ក្រោយមកនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០៩ ស្ថានីយទូរទស្សន៍ ស៊ីធីអិន បានប្រកាសជ្រើសរើសតារាកំប្លែងតាមរយៈកម្មវិធី “មហាកំប្លែង” ហើយគាត់ក៏មានឱកាសដាក់ពាក្យប្រឡងប្រជែងរហូតឆ្លងកាត់ការជម្រុះ៥ វគ្គ និងបានជាប់ដោយជោគជ័យ រួចក៏បានក្លាយជាតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន។
ពែរមី បានបញ្ជាក់ទៀតថា “កាលខ្ញុំដាក់ពាក្យប្រឡងហ្នឹងនៅធ្វើកម្មករសំណង់នៅឡើយទេ ទាល់តែជាប់បានពានរង្វាន់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១០ ហើយបានធ្វើជាតារាកំប្លែង ក៏ឈប់ធ្វើកម្មរសំណង់ចាប់តាំងពីថ្ងៃហ្នឹងមក”។
គាត់បានបន្ថែមថា “ពេលមកដាក់ពាក្យប្រឡងកំប្លែងដំបូង ខ្ញុំមិនសង្ឃឹមថានឹងបានជាប់អីផង គ្រាន់តែគិតថាដាក់លេងៗ ព្រោះយើងអត់មានខ្សែរយៈអីនឹងគេ ឲ្យតែបានចេញមុខតាមកញ្ចក់ទូរទស្សន៍ម្តងក៏អស់ចិត្តដែរ។ តែខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ពេលខ្ញុំបានឆ្លងផុតវគ្គទី ១”។
នាយបន្តថា បន្ទាប់មកលោកក៏មិនរំពឹងថាអាចបានជាប់នៅវគ្គផ្តាច់ព្រ័ត្រនោះដែរ ត្បិតតែត្រូវឆ្លងកាត់ឧបសគ្គជាច្រើនដំណាក់កាលទៀត ដែលមានបេក្ខជនប្រឡង រាប់រយនាក់ តែលោកក៏ទទួលបានជោគជ៏យនៅវគ្គទី២។ ខណៈនោះគាត់ចាប់ផ្តើមជឿជាក់លើខ្លួនឯង និងគិតថាត្រូវតែប្រឹងប្រែងដើម្បីយកពានរង្វាន់ឲ្យបាន។ ជាចុងបញ្ចប់លោកក៏ទទួលបានជោគជ៏យ ដែលមិនអាចស្មានដល់នោះឡើយ។
ពែរមី បាននិយាយថា “ខ្ញុំនៅចាំទាំង៥ដំណាក់កាលនោះ ទី១ដើរតួជាអ្នកបម្រើគេ ទី២ខ្ញុំធ្វើជាអាចារ្យដុតខ្មោច ទី៣ធ្វើជាអ្នកផឹកស៊ីប្រមឹក ទី៤ធ្វើជាអ្នករត់និងជូតតុ និងទី៥ធ្វើជាមេចោរមានពែរមី ”។
គាត់បានលើកឡើងថា នាយមិនបានដឹងថា ខ្លួនឯងមានទេពកោសល្យខាងផ្នែកកំប្លែងនោះទេ ត្បិតតាំងពីតូចចូលចិត្តតែខាងច្រៀង។ ប៉ុន្តែតារាកំប្លែងរូបនេះក៏ជាមនុស្សម្នាក់ចូលចិត្តខាងតែងនិពន្ធផងដែរ។ បន្ថែមពីលើនេះទៅទៀត នាយជាមនុស្ស រប៉ិលរប៉ូច ចូលចិត្តនិយាយព្រោកប្រាជ្ញឲ្យគេសើច ។ នាយពែរមី ចាប់ផ្តើមមានឈ្មោះបោះសំឡេងជាតារាតាមរយៈរឿងកំប្លែង “ថាងចេង” និង “ចោរមានពែរមី” នេះហើយដែលនាំឲ្យលោកមានងារថា “នាយពែរមី” មកដល់បច្ចុប្បន្ន។
ចំពោះអ្វីដែលនាំគាត់កាន់តែឡើងកូដជាងនេះទៅទៀតនោះ នៅពេលនាយបាននិពន្ធកំណាព្យកំប្លែងជាច្រើនដែលត្រូវបានអ្នកគាំទ្រ បាញ់ Bluetooth តៗគ្នា រួមមានកំណាព្យ “អង្វរម៉ែក្មេក” “លក់ថ្នាំស្រែង” “ច្បាប់ផឹកស៊ី” “ច្បាប់សុំទាន” “ទំនួញឆ្កែ” ជាដើម។
ប្រការឈានចាប់បាននូវភាពល្បីរន្ទឺនៅលើមាគ៌ាសិល្បៈនេះ នាយពែរមី បានប្រើពេលវេលាតិចបំផុត បើប្រៀបធៀបនឹងតារាកំប្លែងដទៃទៀត។ គាត់បានថ្លែងឲ្យដឹងថា “កត្តាដែលជំរុញឲ្យខ្ញុំឆាប់បានទទួលប្រជាប្រិយភាពយ៉ាងឆាប់រហ័សហ្នឹងមាន៣ចំណុច ទី១ដោយសារខ្ញុំស្ថិតនៅក្នុងស្ថាប័នដែលល្បី ខ្ញុំបានកំប្លែងក្នុងកម្មវិធីល្បីៗ។ ទី២មានអ្នកដឹកនាំល្អៗត្រឹមត្រូវ និងទី៣រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ខ្ញុំទៀតនោះ ទើបធ្វើឲ្យខ្ញុំមានឱកាសច្រើនក្នុងការទាក់ទាញសំឡេងគាំទ្រ”។
តារាកំប្លែងរូបនេះបានបញ្ជាក់ផងដែរថា “បើគ្មានការជួយជ្រោមជ្រែងពីប៉ុស្តិ៍ CTNទេនោះ នាយក៏មិនមានថ្ងៃនេះដែរ”។
ចំណងអាពាហ៍ពិពាហ៍
នាយ ពែរមី បានរៀបការនៅឆ្នាំ២០០៨ ជាមួយនារីជាកម្មការិនីកាត់ដេរម្នាក់ឈ្មោះ ជា សុធីម ហៅ ច្រិប បច្ចុប្បន្នមានវ័យ២៥ឆ្នាំ។ នាងជាកូនអ្នកចម្ការ មានស្រុកកំណើតនៅអ្នកលឿង ខេត្តព្រៃវែង។ នាយមានកូនពីរនាក់ជាចំណងដៃនៃអាពាហ៍ពិពាហ៍កម្សត់កម្ររបស់លោក ដែលកូនស្រីច្បងឈ្មោះ រឹម សុរ៉ាស៊ី ហៅស្រីខួច វ័យ៣ឆ្នាំ និងកូនប្រុសម្នាក់ទៀតទើបមានអាយុ៧ខែឈ្មោះ រឹម សុភារី ហៅអាតួ។
បច្ចុប្បន្នភាព
សព្វថ្ងៃនេះ តារាកំប្លែងដែលជាប់កុងត្រា៣តង់ នៅប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអិន រូបនេះបានកំប្លែងនៅក្នុងកម្មវិធីមួយចំនួនដូចមានកម្មវិធី “រាត្រីកម្សាន្ត” “សំណើចតាមភូមិ” “សុខគាលក្ខិណាប៊ីអាយជី” “Sunday concert” និងកំប្លែង Show នៅក្នុងកម្មវិធី “A1 Concert”។
គាត់ក៏មមាញឹកយ៉ាងខ្លាំងនឹងការចេញកំប្លែងតាមកម្មវិធី Concert នានា ក៏ដូចជាកម្មវិធី មង្គលការផ្សេងៗ ដែលទទួលបានប្រាក់ចំណូលយ៉ាងច្រើនគួរសមផងដែរ។
ពែរមីបានទទួលស្គាល់ថា អាជីពកំប្លែងពិតជាបានជួយឲ្យជីវភាពរបស់នាយគេចផុតពីភាពទីទ័លក្រ ខ្វះខាតដូចពេលមុន។ គាត់បាននិយាយថា “ចាប់តាំងពីខ្ញុំចូលប្រឡូកសិល្បៈ ខ្ញុំជួយគ្រួសារបានច្រើន ត្បិតអីខ្ញុំទទួលបានប្រាក់ចំណូលច្រើនគួរសមដែរ។ ម្យ៉ាងទៀតនោះបានជួយសម្រាលបន្ទុកភរិយាមិនឲ្យគាត់ធ្វើការលំបាកដូចមុនទេហើយខ្ញុំមានលទ្ធភាពជួយយឹតយោងប្អូនប្រុស (នាយគ្រឿន) ម្នាក់ឲ្យចូលកំប្លែងជាមួយខ្ញុំដែរ។ តែវាមិនមែនថាយើងមានខ្សែរយៈនោះទេ ស្ថិតលើសមត្ថភាពដែរ បានទៅរួច បើគ្មានដុងទេ ជួយយោងដល់ងាប់ទៀតក៏ទៅអត់រួចដែរ”។
ការប្រមើលមើលទៅថ្ងៃអនាគត
គោលបំណងទៅថ្ងៃអនាគត ពែរមី បានឲ្យដឹងថា គ្មានអ្វីក្រៅពីការងារសិល្បៈនោះទេ។ តារាកំប្លែងរូបនេះប្រាប់ថា “សព្វថ្ងៃរវល់នឹងអាជីពកំប្លែងស្ទើតែគ្មានពេលសម្រាកទៅហើយ។ ណាមួយត្រូវបន្តអភិវឌ្ឈន៍គំនិត ខិតខំរិះរកនូវអ្វីថ្មីៗប្លែកដើម្បីបម្រើទស្សនិកជន និងបង្កើនប្រជាប្រិយភាពឲ្យកាន់តែប្រសើរជាងហ្នឹង។ តែថ្មីៗនេះខ្ញុំកំពុងសាកល្បងនិពន្ធបទចម្រៀងថតដាក់ស៊ីឌីដើម្បចេញលក់នៅលើទីផ្សារ”។
ប្រវត្តិរូបសង្ខេប
លោក ចែម ចាន់ដារ៉ា ហៅនាយ ពែរមី កើតនៅថ្ងៃអាទិត្យ ខែកក្កដា ឆ្នាំរកា ដែលត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៨២ នៅឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រមទាំងមានកម្ពស់១,៧០ម៉ែត្រ និងមានទម្ងន់៧៣គីឡូក្រាម។ នាយមានបងប្អូន៧នាក់ និងជាកូនច្បងក្នុងចំណោមបងប្អូនទាំង៧នាក់ ក្នុងនោះមានប្រុស៥នាក់ ហើយស្រី២នាក់ ដែលមានឪពុក ឈ្មោះ ងួន សារឹម និងម្តាយឈ្មោះ ស៊ឹម ស៊ីម៉ាន ជាកសិករទាំងពីរនាក់។ ម្យ៉ាងទៀត នាយពែរមីក៏មានប្អូនប្រុសម្នាក់ឈ្មោះ ចែម សារឿន ហៅនាយ គ្រឿន ដែលមាននិស្ស័យខាងសិល្បៈ និងបានចូលរួមកំប្លែងនៅក្នុងក្រុមរបស់នាយទៀតផង។
លោក ចែម ចាន់ដារ៉ា ហៅនាយ ពែរមី ជាតារាកំប្លែងមុខស្ងួត ពោរពេញដោយភាពប៉ិនប្រសប់ និងទេពកោសល្យក្នុងការនិយាយស្តី។ មួយទៀត លោកជាតារាកំប្លែងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន បន្ទាប់ពីបានក្លាយជាសមាជិក ក្រុមកំប្លែងនៅទូរទស្សន៍ CTN។
បុព្វហេតុនាំឲ្យមានថ្ងៃនេះ លោកឆ្លងកាត់ការលំបាកគ្រប់សព្វសារពើសម្រាប់យុវភាពរបស់លោកដែលបានធ្វើជាកម្មករសំណង់៕ S

គួរសរសើរកោត តែកុំឱ្យល្បោត ហួសទំហំប្រាណ
ពែរមីមានគេ គាំទ្រហៅហាន កុំភ្លេចដើមដាន
កាលខ្លួនក្រខ្សត់។
ត្រកូលឯងខ្មែរ ត្រូវរក្សាថែ កុំឱ្យរលត់
សិល្ប:និយម គឺដូចសំពត់ បាំំងប្រាណគត់មត់
ដោយសារមារយាទ។
កុំជោរជ្រុលពេក ពាក្យដែលជជែក គួរមានក្រឹត្យខ្នាត
ឱ្យអ្នកស្តាប់ហើយ សរសើរថាឆ្លាត កុំពោលដូចស្រាត
នៅកណ្តាលវាល។
ឱ្យកាន់ឫក្សល្មម ឱ្យសមទាំងព្រម កុំចេញឫក្សពាល
សមចិត្តអ្នកមើល កុំឱ្យញាតិដៀល អ្នកនឹងត្រកាល
ត្រដឹមរុងរឿង។
កំប្លែងក្រុមលោកប៉ែកមីនេះដូចជាពិបាកស្តាប់,ស្រែកយកៗមិនដឹងជាចង់ថាម៉េច។បើមិនដែលមើលនាយកុយឬនាយក្រឹមហ្នោះ
ប្រាកដជាល្អហើយ។ខ្ញុំនិយាយនេះមិនមែនបង្អាប់ទេគឺទិទានក្នុងការកែប្រែ។
អ្នកកំប្លែងស្រុកយើងតែប៉ុណ្ណឹង មើលយូរបន្ដិចធ្វើឲ្យធុញ ដូចអាកុយ អាក្រឹមនឹងនាយខ្លះពុទៀត ដូចមី ខាត់សុឃីម,មីកាតុ ចេញសំដីដូចជះអាចម៍ ស្តាប់មិនបានទេ ធុញណាស់!!!!!!!!!
បើចេះប្រើពាក្យបានប្រហែលនាយ ព្រុំម៉ាញនឹងនាង សារីគួរចង់មើលនឹងស្ដាប់ខ្លះ។