អ្នកចម្រៀងទាំងបុរសនិងស្ត្រីបានចាប់ផ្តើមច្រៀងបទចម្រៀងមួយ របស់សម្តេចឪនរោត្តម សីហនុ គឺបទ«លាហើយកម្ពុជា» ឬ «Goodbye Cambodia»។ បទចម្រៀងទើបតែទទួលបានការគាំទ្រខ្លាំង នៅក្រោយពេលដែលព្រះមហាវីរក្សត្រយាងសោយទិវង្គត។ អតីតព្រះរាជលេខាផ្ទាល់របស់សម្តេចឪ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលអោយដឹងថា បទចម្រៀងមួយនេះត្រូវបានសម្តេចតានិពន្ធ នៅក្នុងដើមទស្សវត្សរ៍៧០។ ទន្ទឹមគ្នានេះដែរ រាជរដ្ឋាភិបាលកំពុងបន្តពិភាក្សាអំពីគម្រោងសាងសង់ព្រះបរមរូបសម្តេចឪ។
ថ្ងៃ ចន្ទ 11 កុម្ភៈ 2013
ដោយ លាង ដឺលុច
RFI
ក្រោយពីព្រះរាជពិធីបុណ្យព្រះបរមសព ព្រះបរមរតនកោដ្ឋត្រូវបានបញ្ចប់ អ្នកចម្រៀងប្រុសស្រីបានយកបទចម្រៀងរបស់អតីតព្រះមហាវីរក្សត្រសម្តេចឪ នរោត្តម សីហនុ ដែលមានចំណងជើងថា «លាហើយកម្ពុជា» មកបកស្រាយ នៅលើឆាកនៃការប្រគុំតន្ត្រី កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅតាមស្ថានីយទូរទស្សន៍មួយចំនួន ដូចជា ទូរទស្សន៍បាយ័ន ទូរទស្សន៍រាជធានីភ្នំពេញ និងនៅក្នុងកម្មវិធី ជីវិត និងចម្រៀងរបស់ទូរទស្សន៍ជាតិកម្ពុជា។
បទចម្រៀង ”លាហើយកម្ពុជា” ដែលសម្តេចឪនរោត្តម សីហនុ និពន្ធនៅដើមទស្សវត្សរ៍៧០ ពីព្រះរាជដំណាក់ក្រុងប៉េកាំងប្រទេសចិននោះ មិនសូវមានពលរដ្ឋខ្មែរស្គាល់ មុនព្រះអង្គយាងសោយទិវង្គតនោះឡើយ។ ប៉ុន្តែក្រោយការសោយទិវង្គតរបស់ព្រះអង្គ ពលរដ្ឋខ្មែរជាច្រើនបានផ្សព្វផ្សាយបទចម្រៀងនេះ នៅតាមបណ្តាញព័ត៌មានសង្គមកាន់តែច្រើន។ មានអ្នកផ្សព្វផ្សាយបន្តពីគេហទំព័រYoutube ដែលជាវីដេអូចម្រៀងរបស់ព្រះអង្គ និងអ្នកខ្លះទៀតបានធ្វើជាចម្រៀងKaraoke ទៀតផង។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះរាជលេខាផ្ទាល់របស់សម្តេចឪ បានមានបន្ទូលរម្លឹកអោយដឹងថា បទចម្រៀងមួយនេះត្រូវបានសម្តេចតាយកលំនាំទំនុកបទពីបទចម្រៀងជប៉ុនមួយ ហើយព្រះអង្គតែងអត្ថបទចម្រៀងជាភាសាខ្មែរដោយព្រះអង្គឯង។
ព្រះអង្គម្ចាស់ធម្មិកោ បានមានបន្ទូលប្រាប់វិទ្យុបារាំងបន្តថា ក្រោយពីព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៧០ សម្តេចឪបាននឹករលឹក និងស្រណោះប្រទេសកម្ពុជាជាខ្លាំង ហើយព្រះអង្គតែងបទចម្រៀងមួយនេះ។ មុនបទចម្រៀង«លាហើយកម្ពុជា»នេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅតាមគេហទំព័រ Youtube អតីតព្រះមហាវីរក្សត្រសម្តេចឪ នរោត្តម សីហនុ បានយកបទចម្រៀងនេះមកច្រៀងឡើងវិញ សម្រាប់អាល់ប៊ុម Royal Signing របស់ព្រះអង្គ។ ព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូលរំលឹកថា បទចម្រៀងនេះត្រូវបានព្រះអង្គថត នៅខែធ្នូ ឆ្នាំ២០០៣ សម្រាប់អាល់ប៊ុមទី៨។
ឥឡូវនេះ នៅសល់តែបទចម្រៀងអនុស្សាវរីយ៍។ អនុស្សាវរីយ៍មួយទៀត គឺព្រះបរមរូបរបស់ព្រះអង្គដែលរាជរដ្ឋាភិបាលកំពុងបន្តពិភាក្សា សម្រេចអំពីគម្រោងសាងសង់។ អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី លោកទិត សុធា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា គណៈកម្មការទទួលបន្ទុកសាងសង់ព្រះបរមរូបសម្តេចឪ នរោត្តម សីហនុ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ត្រូវជួបប្រជុំពិភាក្សាគ្នាជាមួយអ្នកជំនាញនានា នៅល្ងាចថ្ងៃចន្ទនេះ។ លោកទិត សុធា បញ្ជាក់ថា សមាសភាពនៃគណៈកម្មការនោះរួមមានមន្ត្រីក្រសួងវប្បធម៌ មន្ត្រីសាលារាជធានីភ្នំពេញ និងក្រុមវិស្វករជាដើម។
មិនទាន់មានការផ្សព្វផ្សាយលំអិតផ្លូវការ អំពីគម្រោងនៃសំណង់ព្រះបរមរូបសម្តេចឪនៅឡើយទេ។ ប៉ុន្តែមន្ត្រីរាជរដ្ឋាភិបាលធ្លាប់ប្រាប់អោយដឹងខ្លះៗថា ព្រះបរមរូបសម្តេចឪនឹងត្រូវសាងសង់ នៅលើសួនច្បារខាងកើតវិមានឯករាជ្យ។ ហើយថាជំហររូបសំណាកអាចមានកំពស់៧ម៉ែត្រ ដែលដាក់ក្នុងស្តូបមួយ ដែលមានកំពស់រហូតដល់២៧ម៉ែត្រ។
បើយោងតាមព្រះរាជសាររបស់សម្តេចម៉ែ មុនីនាថ សីហនុ ចុះថ្ងៃទី៦ កុម្ភៈ ការសាងសង់ព្រះបរមរូបសម្តេចឪ គឺជាគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយសម្តេចម៉ែបានមានព្រះរាជបន្ទូលអរគុណលោកនាយករដ្ឋមន្ត្រីចំពោះគំនិតផ្តួចផ្តើមនេះ ដើម្បីទុកជាការចងចាំនិងនឹកឃើញជាដរាបនូវព្រះភ័ក្រ្តរបស់ព្រះអង្គសម្រាប់ប្រជារាស្ត្រ៕
————————————-




ដោយព្រះអង្គទ្រង់ច្រៀងដោយព្រះសូរសៀងផ្ទាល់នូវបទចំរៀងនេះ
ទើបខ្ញុំយល់ថាការចាក់ផ្សាយចំរៀងរបស់ព្រះអង្គគឺពិតជាមានអត្ថន័យ
ខ្លាំងក្លាណាស់ ហើយបានអង្រួនទឹកចិត្តយើងជានិច្ចនិងមិនអាចមាន
សិល្បករ តារាចំរៀងណាមកជំនួសបានឡើយ។