បណ្តាញប្រជាសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ ប្រមាណជា ៣០០ នាក់នឹងគ្រោងជួបជាមួយអាជា្ញធរស្រុកសណា្តន់ នៅថ្ងៃទី ១៣ ខែគុម្ភៈ ឆ្នាំ ២០១៣ ។
ដោយ៖ តុលា
Tuesday 12 February 2013
The Free Press Magazine
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់បណា្តញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ ដែលទស្សនាវដ្តីសារព័ត៏មានសេរីយើងទទួលបាន នៅថ្ងៃថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ បានបញ្ជាក់ថា ៖ បណា្តញប្រជាសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ មានគោលបំណងជួបជាមួយអាជា្ញធរស្រុកសណា្តន់ គឺជំរុញឲ្យអាជា្ញធរស្រុកសណា្តន់ បញ្ឈប់សកម្មភាពឈូសឆាយរបស់ក្រុមហ៊ុន ស៊ី អរ ស៊ី ខេ ដែលកំពុងឈូសឆាយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្មសិទ្ធិរបស់យើងខ្ញុំ ក្នុងនោះមាន ដីស្រែ ចម្ការ ដើមច្បោះជ័រទឹក ជាពិសេសដីបម្រុងទុករបស់យើងខ្ញុំ។
លិខិតបញ្ជាក់បន្តថា ៖ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ តំណាងសហគមន៍យើងខ្ញុំ បានដាក់លិខិតជូនសាលាស្រុកសណ្តាន់ ដើម្បីសុំជួបជាមួយលោកអភិបាលស្រុកសណា្តន់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៣។ ជាលទ្ធផលត្រូវបានលោក ស៊ឹម វណា្ណ អភិបាលស្រុកសណា្តន់ ទទួលលិខិត និងបានចារលើលិខិតរបស់ប្រជាសហគមន៍ ហើយក្នុងនោះដែរ សាលាស្រុកបានចេញលិខិតតបវិញ ដែលនៅក្នុងខ្លឹមសារលិខិតមានការសន្យា និងលក្ខខណ្ឌ ដូចខាងក្រោម ៖
១-សាលាស្រុកសំណូមពរឲ្យតំណាងសហគមន៍ចំនួន ៧ នាក់ ដើម្បីចូលជួបនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ ប៉ុន្តែត្រូវបានប្រជាសហគមន៍មិនយល់ព្រម ហើយពួកគាត់ នឹងគ្រោងប្រមូលមនុស្សយ៉ាងច្រើនដូចក្នុងផែនគ្រោងទុកខាងលើ។
២-សំណូមពរឲ្យសហគមន៍ស្រង់ឈ្មោះអ្នករងផលប៉ះពាល់ពិតប្រាកដ។
៣-សាលាស្រុកសណា្តន់សន្យានឹងធើ្វលិខិតជូនដំណឹងដល់ក្រុមហ៊ុនស៊ី អរ ស៊ី ខេ ដើម្បីផ្អាកសកម្មភាពរបស់ខ្លួន រង់ចាំការដោះស្រាយជាមួយប្រជាពលរដ្ឋ ទើបអាចធើ្វសកម្មភាពទៀតបាន៕

ការរំលោភយកដីរបស់ប្រជាជនពីអាជ្ញាធរនិងក្រុមហ៊ុន
ក្នុងស្រុកជាបញ្ហាដែលរដ្ធាភិបាលយើងបានផលប្រយោជន៍
ប៉ុន្តែធ្វើឲ្យប្រជាជនបានរងគ្រោះពីទង្វើរបស់បក្ខពួករដ្ធាភិបាលនេះ៕