ព្រះសីហនុៈ មនុស្ស៦នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តធុនតូចបុកជាមួយនឹងរថយន្តធុនធំដឹកប្រេងសាំងរបស់ក្រុមហ៊ុនសូគីម៉ិច ស្ថិតក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីថ្ងៃម្សិលមិញ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៩ និង១៦០ ម្តុំចម្ការដូងប្រេងឧកញ៉ា ម៉ុង ឫទ្ធី។
Tuesday, 12 February 2013
គឹម យុទ្ធណា
ភ្នំពេញ ប៉ុស្តិ៍
លោក ឃាង ប៊ុណ្ណា អធិការរងនគរបាលស្រុកព្រៃនប់ ដែលបានចុះពិនិត្យផ្ទាល់កន្លែងកើតហេតុបានថ្លែងឲ្យដឹងតាមទូរស័ព្ទថា រថយន្តកាមរីបាឡែនពណ៌សមួយគ្រឿងដែលមានមនុស្សជិះ៦នាក់នៅខាងក្នុង បានបុកជាមួយនឹងរថយន្តដឹកប្រេងសាំងចំណុះ ៣៦.០០០លីត្ររបស់ក្រុមហ៊ុនសូគីម៉ិចដោយធ្វើឲ្យរថយន្តកាមរីក្រឡាប់ធ្លាក់ចុះចិញ្ចើមផ្លូវម្ខាង និងបានផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យមនុស្សដែលជិះក្នុងរថយន្តតូចនោះស្លាប់ទាំងអស់ ក្នុងនោះមានស្ត្រីម្នាក់។
លោកបន្តថា រថយន្តជនរងគ្រោះដែលទំនងចេញដំណើរមកពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ក្នុងល្បឿនលឿនបានបើកជែងនឹង រថយន្តមួយទៀតនៅពីមុខក្នុងទិសដៅស្របគ្នា ប៉ុន្តែវ៉ាមិនផុតក៏បុកនឹងរថយន្តស៊ីទែនសាំងមួយគ្រឿងធំមក ពីខាងមុខ ដែលចេញដំណើរពីក្រុងកំពង់សោម បណ្តាលឲ្យរថយន្តដឹកសាំងបុកចំហៀងរថយន្តជនរងគ្រោះ បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ ហើយក៏ផ្ទុះឆេះឡើងតែម្តង។
លោកបញ្ជាក់ថា៖«គ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើករថយន្តកាមេរី ខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍។
ខ្ញុំឃើញសាកសពជនរងគ្រោះ៤នាក់នៅក្នុងរថយន្តឆេះ ខ្លោចរោលរាលមើលស្ទើរមិនយល់ខណៈសាកសពពីរនាក់ផ្សេងទៀតបានខ្ទាតចេញពីក្នុងរថយន្តឆេះរោលបន្តិចបន្តួច។ មើលទៅវាគួរឲ្យរន្ធត់ខ្លាំងណាស់»។
លោកបន្ថែមថា រថយន្តដឹកប្រេងសាំងមិនបានផ្ទុះឆេះនោះទេ ខណៈអ្នកបើកបរបានរត់ចោលរថយន្ត ក្រោយកើតហេតុភ្លាម។ ប៉ុន្តែរថយន្តត្រូវបានកម្លាំងនគរបាលនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំតំណាងក្រុមហ៊ុនចូលមកដោះស្រាយតាមច្បាប់ ខណៈសាកសពរបស់ជនរងគ្រោះត្រូវបានប្រមូលយកមកតម្កល់ទុកនៅវត្តវាលមាស ចម្ងាយប្រហែល ១០គីឡូម៉ែត្រពីកន្លែងកើតហេតុ ដើម្បីរង់ចាំក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ លោកបានបន្តទៀតថា៖«នេះជាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លើកដំបូង ដែលបានកើតឡើងនៅក្នុងស្រុកព្រៃនប់ នាដើមឆ្នាំ២០១៣»។
ទោះយ៉ាងណា លោក ឃាង ប៊ុណ្ណា បានថ្លែងបញ្ជាក់ថា អត្តសញ្ញាណរបស់ជនរងគ្រោះដែលស្លាប់ទាំង៦នាក់ រួមមានទាំងស្ត្រីម្នាក់ផងនោះ នៅមិនទាន់ដឹងលម្អិតនៅឡើយនោះទេ ប៉ុន្តែលោកថាពួកគេទំនងជាទៅកម្សាន្តនៅកំពង់សោម ក្នុងពេលចូលឆ្នាំចិននេះ។
លោក ព្រំ ពៅ ប្រធាននគរបាលចរាចរជើងគោក ខេត្តព្រះសីហនុបានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលមិញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលបីថ្ងៃ អំឡុងពេលពិធីបុណ្យចូលឆ្នាំចិន នៅទូទាំងខេត្តព្រះសីហនុមាន បីករណី រាប់ទាំងករណីកើតឡើងកាលពីថ្ងៃម្សិលមិញនៅស្រុកព្រៃនប់ផង។ លោកបន្តថា ករណីទាំងបីលើកនេះ បណ្តាលឲ្យមនុស្សស្លាប់៨នាក់ និងរបួសបីនាក់។ លោកថ្លែងបញ្ជាក់ថា៖«ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុក ព្រៃនប់កាលពីថ្ងៃម្សិលមិញ ជាករណីធ្ងន់ធ្ងរជាងគេ បណ្តាលឲ្យស្លាប់៦នាក់»។
លោកបន្ថែមឲ្យដឹងថា ដោយឡែក កាលពីឆ្នាំ២០១២កន្លងទៅគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តព្រះសីហនុមាន២០១ករណីដែលបណ្តាលឲ្យមានមនុស្សចំនួន៥៩នាក់ស្លាប់និង៤០៥នាក់រងរបួស។
លោក ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ អគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងកាលពីថ្ងៃម្សិលមិញថា របាយការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនៅទូទាំងប្រទេស ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីចិនកំពុងត្រូវបានបូកសរុប នៅមិនទាន់រួចរាល់នៅឡើយទេ។ ប៉ុន្តែយោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ ដែលបានស្រង់របាយការណ៍ពីនាយកដ្ឋានសណ្ឋាប់ធ្នាប់បានរាយការណ៍ឲ្យដឹងថា មានមនុស្ស១៥នាក់បានរងគ្រោះបាត់បង់ជីវិតនិង៥៩នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសនាថ្ងៃចូលឆ្នាំចិនដំបូងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៣នេះ។
របាយការណ៍បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មាន ៣៨លើក បានបង្កឲ្យខូចខាតយានយន្តសរុប ៦៨គ្រឿង ក្នុងនោះម៉ូតូ ៥១គ្រឿង រថយន្តធុនតូច១២គ្រឿង រថយន្តធុនធំ២គ្រឿង និងយានផ្សេងៗ៣គ្រឿង។
បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០១២កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ចំនួន៤៣០៥ករណី ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន១៨៨៤នាក់ របួសធ្ងន់៤៣៨៨នាក់ និងស្រាល៣០ ៧៩នាក់។ ចំនួននេះបើធៀបនឹងឆ្នាំ២០១១ដែល ករណីគ្រោះថ្នាក់បានកើតមានឡើង៥០៩៦ករណី ក្នុងនោះអ្នកស្លាប់មានចំនួន១៩០៥នាក់ របួសធ្ងន់៥៨០៧នាក់ និងរបួសស្រាល៧៦៦១នាក់៕

គ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើករថយន្តកាមេរី ខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍
This is not the violation of traffic law, but because of all kind of laws have never been fully implimented. Cambodia is no doubt, a country of lawlessness with high fatality rate associated with traffic accident, aggravated assault, brutally murdered to cover up the evidences, ect…