​ការដ្ឋាន​សាងសង់ រូបសំណាកព្រះមហាវីរក្សត្រ នឹងបើក សាងសង់នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​

ភ្នំពេញ: រាជរដ្ឋាភិបាល ​គ្រោង​បើក​ការដ្ឋានសាងសង់​រូបសំណាក ព្រះមហាវីរក្សត្រ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ​ខាងលិច​នាគ​បាញ់​ទឹក និង​ខាងកើត​វិមានឯករាជ្យ​។ ការ​សម្រេចដូច្នេះ បានធ្វើឡើង បន្ទាប់ពី​មាន​កិច្ចប្រជុំ​អនុគណៈកម្មការ​ចម្រុះសាងសង់​ព្រះ​បរម​រូប ព្រះ​បរមរតន​កោដ្ឋ កាលពី​ល្ងាចថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៣ ដែល​ដឹកនាំ​ដោយ​លោក សុខ អាន ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋ​មន្ត្រី​។​

ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: រតនា
CEN

មន្ត្រី​ដែល​ជឿទុកចិត្ត បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​នោះ មានការ​ចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួង​វប្បធម៌ លោក កែប ជុតិមា អភិបាល​សាលា​រាជធានី​ភ្នំពេញ តំណាង​ក្រុមហ៊ុន​សិលា និង​ក្រុម​វិចិត្រករ ដែលមាន​ទឹកដៃ​សាងសង់​រូបសំណាក​។

​ប្រភពពី​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹងថា ទីតាំង​សាងសង់​រូបសំណាក​ព្រះមហាវីរក្សត្រ ​ស្ថិតនៅ​ចម្ងាយ ​២០០ ម៉ែត្រ ខាងកើត​វិមានឯករាជ្យ (​ខាងលិច​នាគ​បាញ់​ទឹក​) លើ​សួន​វិមាន​ឯករាជ្យ​។

​នៅក្នុង​កិច្ចប្រជុំ​នោះ ក៏បានលើកឡើងថា សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះអង្គក៏​ចង់​ចូល​រួមចំណែកព្រះរាជទ្រព្យ ដើម្បីសាងសង់ រូបសំណាក សម្តេច​ព្រះ​មហាវីរក្សត្រនោះដែរ ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបានគេលើកឡើង​ថា បានទូលថ្វាយសម្តេចម៉ែថា ទុក​ភារកិច្ច​នេះ ​ឲ្យ​រាជរដ្ឋាភិបាល​ ធ្វើការ​សាងសង់​។​

​ប្រភពពី​មន្ត្រី​ដដែល​បាន​បន្តថា ក្រុម​ន្ត្រី​ជំនាញ​សាងសង់ បានបង្ហាញ​រូបសំណាក គឺ​សំរេច​ធ្វើ​អំពី​ស្ពាន់​សុទ្ធ​។ រូបសំណាក​ មាន​កំពស់ ​៤,៥០ ម៉ែត្រ ហើយពី​ជើង​ទម្រ ទៅ​ដល់​​ព្រះ​បរម​រូប​កំពស់ ​៧,២០ ម៉ែត្រ​។ ចំណែក​ពីក្រោម​បុស្បុក​ទាំងមូល ​មាន​កំពស់​ ២៧ ម៉ែត្រ ដែលមាន​ដំបូល​គ្របពីលើ​។ ចំណែក​ជើង​ទម្រ​ ធ្វើ​ពី​ថ្មភក់​។

​ចំណែក​បុស្បុក​ ត្រូវបាន​សាងសង់​តាម​រចនាបថ​ខ្មែរ​។ មាន​ទីធ្លា​សួនច្បារ​ ព័ទ្ធជុំវិញ​សំរាប់់​ធ្វើ​ពិធី​គោរព​វិញ្ញាណ​ក្ខ​ខន្ធ នឹង​ក្រាល​កាឡា ហើយ​ភ្ញៀវ​បរទេស ដែល​មក​គោរព​វិញ្ញាណក្ខន្ធ​ នៅ​វិមានឯករាជ្យ នឹងត្រូវ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​ទី​នោះដែរ​។​

​នៅក្នុង​ពិធី​បើក​ការ​សាង​នោះដែរ តាម​គំ​រោង ​នឹងមាន​ការធ្វើ​ក្រុង​ពាលី នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ២០១៣ ប៉ុន្តែ​រង់ចាំ​ការសុំ​ព្រះរាជ​យោបល់ និង​យោបល់​ពី​សម្តេចម៉ែ និង​​សម្តេច​តេ​ជោ ហ៊ុន សែន សិន​។

​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា រាជរដ្ឋាភិបាល​បានសំរេច ​ឲ្យ​ក្រុមហ៊ុន​សិលា ជា​អ្នក​សាងសង់ ព្រះ​បរម​រូប ​ព្រះមហាវីរក្សត្រ​នោះ ពីព្រោះ​ក្រុមហ៊ុន​នេះ មាន​ស្នាដៃ​សាង​សង់រូបសំណាក់ សម្តេច​តេ​ជោ​យ៉​ត និងសម្តេច​តេ​ជោ​មាស​៕​

What Next?

Recent Articles

2 Responses to "​ការដ្ឋាន​សាងសង់ រូបសំណាកព្រះមហាវីរក្សត្រ នឹងបើក សាងសង់នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​"

  1. “នៅក្នុង​កិច្ចប្រជុំ​នោះ ក៏បានលើកឡើងថា សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះអង្គក៏​ចង់​ចូល​រួមចំណែកព្រះរាជទ្រព្យ ដើម្បីសាងសង់ រូបសំណាក សម្តេច​ព្រះ​មហាវីរក្សត្រនោះដែរ”

    ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបានគេលើកឡើង​ថា បានទូលថ្វាយសម្តេចម៉ែថា “ទុក​ភារកិច្ច​នេះ ​ឲ្យ​រាជរដ្ឋាភិបាល​ ធ្វើការ​សាងសង់​”។

    ហាស ហា ចង់ធ្វើអាជីវកម្មតាំងពីរូបសំណាកឡើងទៅ!!!! បន្ទូលរបស់ព្រះនាង សោមា ដែលសរសេរក្នុងភ្នំពេញប៉ុស្ត៏​ កាន់តែបញ្ជាក់ពីភាពត្រឹមត្រូវ!!! ធ្វើម៉េចទេ នេះជាកម្មរបស់ខ្មែរដែលមានចោរជាអ្នកកាន់កាប់រដ្ឋាភិបាល!!

  2. chourn says:

    សង់ខាងស្តូបមិត្តភាពកម្ពុជាវៀតណាមឡាវវិញទើបមានទីធ្លារធំទូលាយជាង