ស្វាយរៀង: កូដកម្មបានឈានចូលដល់ថ្ងៃទី៣ កម្មករ កម្មការិនី មានការកើនឡើងប្រមាណជា២ម៉ឺននាក់ ធ្វើឲ្យរោងចក្រទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ បានផ្ទុះធ្វើកូដកម្មទាមទារលក្ខខណ្ឌអត្ថប្រយោជន៍ការងារមួយចំនួនពីបណ្តាថៅកែរោងចក្រទាំងអស់តែម្តង។
ថ្ងៃទី 13 កុម្ភៈ 2013
ដោយ: ចន្រ្ទា
CEN
នៅក្នុងពេលនេះ ក្រុមកម្មករទាំងអស់បានប្រមូលផ្តុំគ្នាថានឹងជិះរថយន្តដង្ហែក្បូន ពីក្រុងបាវិត មកសាលាខេត្តស្វាយរៀង ដើម្បីឲ្យអាជ្ញាធរខេត្តស្វាយរៀង ជួយដោះស្រាយ។
ក្នុងការទាមទារនោះ មានកម្មករនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន មានកម្មកររោងចក្រ ឡុងប្រាយ, រោងចក្រ Top Sport, រោងចក្រ Best Way, រោងចក្រ កៅវ៉េ, រោងចក្រស៊ីកូ, រោងចក្រធីងមេកឃ័រ។ ចំណែករោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង មានរោងចក្រ A and J ,រោងចក្រស្មាតធិច ,រោងចក្រ Towa, រោងចក្រឌីខេ ។ វេលាម៉ោង៨និង៤០នាទីនេះ កម្មករនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន បានផ្ទុះធ្វើកូដកម្មទាំងអស់ ដោយចេញមកធ្វើកូដកម្មព្រមៗគ្នា បណ្តាលឲ្យរោងចក្រផ្អាកដំណើរការទាំងស្រុងតែម្តង។
ការផ្ទុះកូដកម្មទាមទារលក្ខខណ្ឌអត្ថប្រយោជន៍ការងារជាថ្មីនេះ បន្ទាប់ពីមានការចរចាមួយកាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលធ្វើឡើងដោយមានភាគីថៅកែរោងចក្រ ជាមួយតំណាងកម្មករ សហជីព និងភាគីពាក់ព័ន្ធ ដែលពុំទទួលបានលទ្ធផលអ្វីទាំងអស់។ ប៉ុន្តែក្នុងជំនួបនោះ ភាគីថៅកែរោងចក្របានលើកឡើងមាន៤ចំណុច ទី១ តើកូដកម្មខុសច្បាប់អ៊ីចឹង តើរាជរដ្ឋាភិបាលគិតយ៉ាងម៉េច, ទី២ កូដកម្មគប់រោងចក្រអាជ្ញាធរមានវិធានការយ៉ាងម៉េច, ទី៣ មានចែងក្នុងច្បាប់ការងារក្នុងស្រុកខ្មែរយ៉ាងម៉េច គឺគេអនុវត្តតាម និងទី៤ ផ្តល់ជម្រើសទៅបងប្អូនកម្មករជ្រើសរើស បើយល់ថាល្អបងប្អូនធ្វើការទៅ បើយល់ថាមិនល្អបងប្អូនដាក់ពាក្យឈប់ធ្វើការទៅ ហើយទៅរកកន្លែងណាដែលល្អជាងរោងចក្រចាស់ទៅ។ ចំណែកឯភាគីតំណាងនៅតែប្រកាន់គោលជំហរដដែលក្នុងការទាមទារលក្ខខណ្ឌអត្ថប្រយោជន៍ការងាររបស់ខ្លួនទាំង៥ចំណុចដដែល។ បន្ទាប់ពីប្រជុំយ៉ាងតឹងសរសៃកដាក់គ្នារួចមក គឺពុំបានលទ្ធផលអ្វីទាំងអស់។
ក្រុមកម្មករបានធ្វើកូដកម្មទាមទារលក្ខខណ្ឌអត្ថប្រយោជន៍ការងារដូចជា ៖ ទី១ ប្រាក់ខែគោលពី១២០ដុល្លារទៅ១៥០ដុល្លារ ប៉ុន្តែកន្លងមកខាងក្រុមហ៊ុនបានឲ្យប្រាក់ខែគោលកម្មករពី៥៩ដុល្លារទៅ៦៤ដុល្លារតែប៉ុណ្ណោះ។ ទី២ លុយជំនាញពេញច្បាប់៣០ដុល្លារ។ ទី៣ ទាមទារលុយថ្លៃរថយន្តឈ្នួលចំនួន១៥ដុល្លារ ក្នុងកម្មករម្នាក់រយៈពេល១ខែ។ ទី៤ ករណីសុំច្បាប់ ក្រុមហ៊ុនបានឲ្យភ្លាមៗនាពេលកន្លងមក ក្រុមហ៊ុនឲ្យសុំច្បាប់រយៈពេល៣ថ្ងៃមុន ហើយបន្តមកទៀតឲ្យខាងរដ្ឋបាល ឬក្រុមហ៊ុនកុំឲ្យបាត់ប្រាក់ខែកម្មករច្រើនពេក។ ទី៥ សុំឲ្យខាងរដ្ឋបាលកុំឲ្យកាត់លុយពន្ធច្រើនពេក។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ មានកម្មករ កម្មការិនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើកូដកម្មទាមទារលក្ខខណ្ឌអត្ថប្រយោជន៍ការងារមួយចំនួនពីបណ្តាថៅកែរោងចក្រ ប៉ុន្តែការចរចាពុំទទួលបានលទ្ធផលទេ៕ S

មានតែចាំឱ្យបក្សប្រឆាំងបង្កើតរោងចក្រទេ ទើបស្រួលទាមទារដំឡើងប្រាក់ខែ។
នាំគ្នាកាប់បំពង់ រង់ចាំទឹកភ្លៀងទៅ។
We need to have a well-known education, to run the country, and reinforce the law, to protect our workers and innocent people, from the riches who is taking advantage from our poor people. Think about help and stop hurting people, there is no one can’t live forever!