ភ្នំពេញ : កំពូលតារាចម្រៀងចាស់វស្សាក្នុងផលិតកម្មរស្មីហង្សមាស នាង ពេជ្រ សោភា បានចេញមុខមកប្រកាសព័ត៌មានជាសាធារណៈប្រាប់ដល់ទស្សនិកជនពិសេសអ្នកគាំទ្រនាងថា នៅក្នុងឱកាសកម្មវិធីប្រគំតន្ត្រី Best Of The Best ដែលរៀបចំឡើងចំទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា នេះ នាងមិនអាចអវត្តមានឡើយថ្វីដ្បិតតែរបួសជើងរបស់នាងនៅមិនទាន់ជាសះយ៉ាងណាក៏ដោយ។
Friday, 08 March 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
អ្នក នាង ពេជ្រ សោភា ក៏បានរំឭកពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះឲ្យដឹងផងដែរថា៖ «កាលពីព្រលឹមថ្ងៃទី០៤ខែមីនា ខណៈដែលខ្ញុំក្រោកហាត់ប្រាណរួចក៏ឆ្លងផ្លូវមុខផ្ទះទៅម្ខាងទៀតដើម្បីទិញកាហ្វេ។ រំពេចនោះនៅក្នុងស្ថានភាពផ្លូវទូលាយល្វឹងក៏ស្រាប់តែមានម៉ូតូឌុបមួយគ្រឿងបើកមកកៀរបណ្តាលឲ្យខ្ញុំដួលនិងរងបួសជើងធ្ងន់គួរសមដែរ»។
កំពូលតារាចម្រៀងដែលអះអាងថាមិនដែលភ្លេចដើមកំណើតជាអ្នកលក់អំពៅសាងនាង ពេជ្រ សោភា បានបន្តថា៖ «ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កពីសំណាក់ម៉ូតូឌុបមកលើខ្ញុំទាំងព្រលឹមអុរនោះ បានបណ្តាលឲ្យខ្ញុំនេះរងរបួសជើងស្ដាំរបស់ខ្ញុំចំនួនពីរកន្លែងធ្ងន់គួរសមដែរ។ មួយកន្លែងក្រោមជង្គង់និងមួយកន្លែងទៀតស្មងជើងតែក៏មិនដល់ថ្នាក់ចូលទៅគេងពេទ្យនោះដែរ។ ប៉ុន្តែភ្លាមៗនោះខ្ញុំស្មានតែជើងរបស់ខ្ញុំបាក់ផងព្រោះវាបោកខ្ទប់ទៅនឹងផ្លូវហើយឈាមក៏ហូរច្រើនដែរ»។
យ៉ាងណាក៏ដោយ បើទោះជាគ្រោះអកុសលនោះបង្កឡើងដោយអ្នករត់ម៉ូតូឌុបទាំងស្រុងក៏ដោយប៉ុន្តែកំពូលតារាចម្រៀង ដែលតែងផ្ញើសាររំឭកឲ្យបងប្អូនគោរពអ្នកមានគុណ គោរពច្បាប់ចរាចរណ៍នាង ពេជ្រ សោភា ក៏បានអះអាងថា មិនទាមទារកម្រៃព្យាបាលរបួសមួយកាក់មួយសេនពីអ្នកមានរបរតូចតាចរត់ម៉ូតូឌុបនោះឡើយ។
តារាចម្រៀងដែលមានចិត្តមនុស្សធម៌ ចំពោះអ្នកបង្កគ្រោះថ្នាក់ដល់នាង រូបនេះបានបញ្ជាក់ទៀតថា៖ «ដ្បិតថា ការបង្កគ្រោះថ្នាក់មកលើខ្ញុំនេះ ដល់ថ្នាក់មានរបួសស្នាមយ៉ាងណាក៏ដោយប៉ុន្តែខ្ញុំក៏មិនបានទាមទារសោហ៊ុយព្យាបាលពីអ្នកម៉ូតូឌុបអ្នកបើកម៉ូតូកៀរខ្ញុំមួយរៀលដែរ។ ខ្ញុំមានតែពាក្យប្រាប់គាត់ថា នេះពូបង្កឡើងប៉ះខ្ញុំ ខ្ញុំមិនទាមទារសំណងជំងឺចិត្តនោះទេ តែខ្ញុំសូមឲ្យពូបង្កើនការប្រុងប្រយ័ត្ន ថ្ងៃក្រោយប៉ះអ្នកណាផ្សេងពីខ្ញុំនោះខ្ញុំមិនដឹងថាគេយោគយល់ដូចខ្ញុំឬយ៉ាងណានោះទេ»។
ប៉ុន្តែយ៉ាងណាការបង្កគ្រោះថ្នាក់កើតឡើងដោយចៃដន្យចំពោះនាង ពេជ្រ សោភា ដែលបង្កឲ្យមានរបួសស្នាមលើជើងដែលជាជន្ទល់ដ៏សំខាន់និងដ៏រឹងមាំក្នុងការប្រើប្រាស់កាយវិការច្រៀងរាំនោះ មិនត្រូវបាននាងគិតថាអាចបង្កឲ្យនាងអាក់ខានក្នុងការឡើងច្រៀងរាំក្នុងកម្មវិធីប្រគំតន្ត្រីធំប្រចាំឆ្នាំរបស់ផលិតកម្មនាងឡើយប៉ុន្តែនាងក៏មិនបានប្រាកដថាខ្លួនឯងថាអាចធ្វើបានល្អប៉ុនណាដែរ។
នាង ពេជ្រ សោភា បានប្រាប់ថា៖ «ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីធំប្រចាំឆ្នាំ២០១៣ Best Of The Best ដែលចាប់ផ្តើមនៅថ្ងៃ៨ មីនានេះដែលរៀបចំឡើងដោយផលិតកម្មរស្មីហង្សមាសនោះ ខ្ញុំក៏មិនទម្រន់ខ្លួនព្រោះតែរបួសស្នាមតិចតួចនេះឡើយហើយនាំឲ្យវត្តមានខ្ញុំខកខានមិនបានឡើងឆាកតន្រ្តីធំនេះបានដែរ។ វត្តមានខ្ញុំនឹងស្ថិតក្នុងកម្មវិធីនេះជាធម្មតាដូចជាតារាចម្រៀងរបស់ផលិតកម្មហង្សមាសឯទៀតដែរ»។
តារាចម្រៀងដែលខំប្រឹងហាត់ក្បាច់រាំប្លែកៗដើម្បីផ្ដល់ចំណីអារម្មណ៍ប្លែកភ្នែកដល់ទស្សនិកជនរូបនេះ បានប្ដេជ្ញាទៀតថា៖ «ខ្ញុំនឹងព្យាយាមធ្វើខ្លួនខ្ញុំដូចជាមិនរបួសស្នាមញាំញីឡើង ហើយការច្រៀងនិងរាំសម្រាប់ការប្រគំតន្ត្រីធំប្រចាំឆ្នាំនេះក៏នៅរក្សាទុកដូចដើមមិនមែនខ្ញុំឈឺជើងត្រូវលុបមិនឲ្យច្រៀងបទញាក់ ហើយងាកមកច្រៀងបទស្លូតៗនោះឡើយ គឺខ្ញុំនឹងច្រៀងទាំងអស់»។
តារាចម្រៀងកំណើតពីទឹកដីខេត្តខាងកើតទន្លេមេគង្គដែលកំពុងបង្កើនក្បាច់រាំមិនឲ្យទោរទន់តាមវ័យអ្នកនាង ពេជ្រ សោភា ក៏បានបញ្ជាក់ទៀតថា៖ «សម្រាប់ការឡើងច្រៀងក្នុងការប្រគំតន្ត្រីធំប្រចាំឆ្នាំ២០១៣នេះ ខ្ញុំបានសម្រាំងបទថ្មីៗច្រើន ហើយបទនោះខ្ញុំក៏បានបង្កើនក្បាច់រាំប្លែកៗផងដែរ។ តែពេលនេះខ្ញុំមិនដឹងថា អាចធ្វើបានល្អប៉ុនណាដូចការគ្រោងទុកឬយ៉ាងណាទេ ខណៈជើងខ្ញុំនេះក៏មិនទាន់បាត់ឈឺដែរ»។
ប៉ុន្តែតារាចម្រៀងវ័យក្បែរ៣០ឆ្នាំ ដែលតែងយកខ្សែជីវិតដ៏តោកយ៉ាករបស់ខ្លួនផ្ដល់ជាមេរៀនប្រាប់ទស្សនិកជននោះក៏បានអះអាងបន្ថែមថា៖ «ខ្ញុំនឹងព្យាយាមធ្វើវាមិនឲ្យទស្សនិកជនខកចិត្តដោយសារខ្ញុំព្រោះតែរបួសស្នាម ត្រឹមតែដាច់រលាត់សើស្បែកនេះដែរ»។
ដូចគ្នានឹងការតាំងចិត្តរបស់នាង ពេជ្រ សោភា លោក ស្វា ឡងឌី ដែលជាមនុស្សស្និទ្ធស្នាលបំផុតរបស់តារាចម្រៀងរូបនេះបានបង្ហើបប្រាប់អ្នកយកព័ត៌មានក្នុងស្រុកមួយថា៖ «ពេជ្រ សោភា ពេលនេះមិនទាន់បានធូរស្បើយនៅឡើយទេហើយក៏មិនច្បាស់រឿងរាំ ឬមិនរាំដែរប៉ុន្តែសម្រាប់ពេជ្រ សោភា មិនមែនជាមនុស្សដែលខ្ជិលច្រអូស ទម្រន់ ហើយគេចវេះពីបញ្ហាចំពោះមុខនោះទេនាងនៅតែប្រឹងប្រែងក្នុងការងារហើយពេលនេះនាងកំពុងតែហាត់សមក្បាច់រាំដោយយកចិត្តទុកដាច់បំផុតរបស់នាង »៕


រូបរាងគួរអោយស្រលាញ់ទាស់តែពាក់មូកដូចបិសាចពីងពាង ពិតជាចំលែកមែន