ទោះបីប្រទេសកម្ពុជា បានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ (HIV) ពីចំនួនខ្ពស់ប្រហែល ២ភាគរយ នៅឆ្នាំ១៩៩៨ មកត្រឹមប្រហែល ០.៨ភាគរយ នៅឆ្នាំ២០១១ ក៏ដោយ ក៏បច្ចុប្បន្នបញ្ហាឆ្លងមេរោគដ៏សាហាវមួយនេះនៅតែប្រឈមក្នុងកម្រិតខ្ពស់នៅឡើយ។
ដោយ វោហារ ជាតិ
2013-03-10
RFA
របាយការណ៍សិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការប្រឈមនេះស្ថិតក្នុងចំណោមអ្នកបម្រើការងារកម្សាន្ត ឬនារីបម្រើស្រាបៀ អ្នកបម្រើសេវាផ្លូវភេទផ្ទាល់ ក្រុមបុរសស្រឡាញ់បុរស។
របាយការណ៍ស្រាវជ្រាវមានចំណងជើងថា «ការពិនិត្យអំពីបទពិសោធន៍ជីវិត និងការប្រឈមមេរោគអេដស៍របស់ក្រុមយុវវ័យបម្រើការងារនៅកន្លែងសេវាកម្សាន្ត» ដែលក្រុមមន្ត្រីសុខាភិបាលពិភាក្សាគ្នាក្នុងសិក្ខាសាលានៅភ្នំពេញ កាលពីសប្ដាហ៍មុនបង្ហាញថា អត្រាឆ្លងមេរោគអេដស៍ថ្មីកំពុងឆ្លងចំពោះក្រុមមនុស្សវ័យក្មេង។
ការស្រាវជ្រាវដែលរៀបចំឡើងដោយអង្គការសុខភាពគ្រួសារអន្តរជាតិ ៣៦០ ហៅកាត់ភាសាអង់គ្លេសថា អិន.ជី.អូ អេហ្វ.អេច្ឆ.អាយ (NGO FHI) សហការជាមួយអង្គការមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ ឬហៅថា យូនីសេហ្វ (UNICEF) បានសម្រេចជ្រើសរើសយកក្រុង ៤ ដើម្បីសិក្សា គឺទីក្រុងភ្នំពេញ សៀមរាប ព្រះសីហនុ និងប៉ោយប៉ែត។ ការជ្រើសយកក្រុងទាំង ៤ នេះ ដោយហេតុថា ក្រុងទាំងនោះមានចំនួនអ្នកបម្រើការក្នុងកន្លែងសេវាកម្សាន្តច្រើនជាងគេ។
មនុស្ស ៨២នាក់ ត្រូវបានក្រុមការងារសាកសួរក្នុងការសិក្សាស្រាវជ្រាវនេះ ក្នុងនោះមានស្ត្រី ៤៥នាក់ បុរស ២៤នាក់ និងអ្នកភេទទីបី ១៣នាក់។ ក៏ប៉ុន្តែមានតែមនុស្សចំនួន ៧៧នាក់ទេដែលត្រូវបានសម្ភាសស៊ីជម្រៅ។ ជាលទ្ធផលក្រុមមនុស្សវ័យក្មេងគេមិនសូវយល់ដឹងអំពីការអប់រំបង្ការមេរោគអេដស៍ ខណៈក្រុមបុរសបម្រើការងារក្នុងកន្លែងសេវាកម្សាន្តមានកម្រិតយល់ដឹងគ្រោះថ្នាក់ អេច្ឆ.អាយ.វី ខ្ពស់។
ចំពោះការចម្លងថ្មីលើក្រុមមនុស្សវ័យក្មេង មិនត្រឹមតែឆ្លងនៅក្នុងប្រទេសកម្ពុជាទេ គឺឆ្លងទូទាំងពិភពលោកតែម្ដង ដែលរបាយការណ៍នេះ បង្ហាញអត្រាឆ្លងមានប្រហែល ៤០ភាគរយលើសកលលោក។ ចំពោះក្រុមមនុស្សវ័យក្មេងត្រូវបានអង្គការសហប្រជាជាតិកំណត់អាយុចាប់ពី ១៥ឆ្នាំ ដល់ ២៤ឆ្នាំ។
ចំពោះអត្រាឆ្លងថ្មីចំពោះក្រុមមនុស្សវ័យក្មេងនេះ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ទា ផល្លា មានប្រសាសន៍ថា បើចែកជាភាគរយនៃតួលេខនេះ ប្រទេសកម្ពុជាមានអត្រាឆ្លងថ្មីលើមនុស្សទូទៅប្រហែល ១.២០០នាក់ និងក្រុមមនុស្សវ័យក្មេងមានអត្រាឆ្លងប្រហែល ៤០០ ទៅ ៥០០នាក់ ក្នុងមួយឆ្នាំៗ គិតពីឆ្នាំ២០១២-២០១៣៖ «យើងអាចថា ក្នុងបច្ចុប្បន្នគឺកម្រិតឆ្លងថ្មី គឺ ១.២០០នាក់ក្នុងមួយឆ្នាំ ហើយស្លាប់ប្រហែលជិត ២ពាន់ក្នុងមួយឆ្នាំ គឺបើគិតជានាក់ ក្នុងឆ្នាំឆ្លងថ្មី ៣នាក់ ហើយស្លាប់ ៣នាក់ក្នុងមួយថ្ងៃ»។
ទោះយ៉ាងណា លោកថាចំនួនអត្រាឆ្លងនេះ បានថយចុះច្រើនប្រៀបធៀបឆ្នាំមុនៗ។
កម្ពុជាមានអត្រាឆ្លងមេរោគអេដស៍ខ្លាំងនៅអំឡុងឆ្នាំ១៩៩៦ ដល់ ១៩៩៨ គឺមានចំនួន ១,៧ភាគរយនៃក្រុមមនុស្សអាយុពី ១៥ ដល់ ៤៩ឆ្នាំ។
របាយការណ៍វិទ្យាស្ថានជាតិសុខភាពសាធារណៈបង្ហាញថា មនុស្សជិត ៨ម៉ឺននាក់ឆ្លងមេរោគអេដស៍ ក្នុងនោះមានកុមារប្រហែល ៥.៣០០នាក់។ មេរោគអេដស៍បានសម្លាប់មនុស្សប្រហែល ២.៣០០នាក់នៅឆ្នាំ២០១២។
លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព ប្រធានអង្គការខាណា (Khana) មានប្រសាសន៍ថា សព្វថ្ងៃអ្នកផ្ទុកមេរោគអេដស៍ភាគច្រើនរស់នៅវេទនាគ្មានការងារធ្វើ គ្មានប្រាក់ធ្វើដើមទុនបង្កើតរបររកស៊ីចិញ្ចឹមជីវិត បន្ទាប់ពីអង្គការសហប្រជាជាតិ និងអន្តរជាតិផ្ដាច់ប្រាក់ជំនួយផ្នែក អេច្ឆ.អាយ.វី អេដស៍ បន្ទាប់ពីកម្ពុជា បានប្រកាសថា កម្ពុជាលែងប្រឈមនឹងមេរោគអេដស៍ជំងឺអេដស៍រួចមក។
លោកថា សព្វថ្ងៃមានស្ត្រីបម្រើសេវាកម្សាន្តប្រហែល ៤ម៉ឺននាក់ ក្នុងនោះមានអ្នកផ្ទុកមេរោគអេដស៍ផង។ លោកថា អ្នកផ្ទុកមេរោគអេដស៍សព្វថ្ងៃកំពុងប្រឹងជួយខ្លួនឯង ដោយនាំគ្នាបង្កើតសមាគមសន្សំប្រាក់យកដើមទុនរកស៊ី។
ក្រៅពីនេះលោក អ៊ុំ សុភាព បញ្ជាក់ថា កន្លែងបម្រើសេវាកម្សាន្តតាមហាងនានា អាចជួយអ្នកផ្ទុកមេរោគអេដស៍រកប្រាក់ចិញ្ចឹមជីវិតប្រចាំថ្ងៃបានបង្គួរ ដោយលោកថា តាមរយៈការងារបម្រើសេវាកម្សាន្តនេះ អ្នកផ្ទុកចំណាយតែកម្លាំង មិនចាំបាច់ឲ្យពួកគាត់ចំណាយដើមទុនអាចរកប្រាក់ចិញ្ចឹមជីវិតបានដែរ។
ប្រទេសកម្ពុជាសព្វថ្ងៃសម្បូរទៅដោយការផ្សាយពាណិជ្ជកម្មស្រា និងស្រាបៀច្រើនប្រភេទ និងសម្បូរហាងស្រា រង្គសាលកម្សាន្ត ដែលភាគច្រើនគេសង្កេតឃើញក្រុមបុរសនាំគ្នាទៅលេងកម្សាន្ត ឬរកដៃគូរួមភេទ អាចប្រឈមឆ្លងមេរោគអេដស៍ខ្លាំង។
លោក ទា ផល្លា រំលឹកថា បុរសដែលចូលចិត្តដើរលេងមានដៃគូស្នេហាច្រើននៅខាងក្រៅ គួរបែរមកផ្ដល់ក្ដីស្រឡាញ់ និងផ្ដល់ភាពកក់ក្ដៅឲ្យប្រពន្ធកូនក្នុងផ្ទះវិញ ដើម្បីជាការរួមចំណែកកាត់បន្ថយការចម្លងមេរោគអេដស៍ផង និងដើម្បីសង្គមថ្លៃថ្នូរផង៖ «យើងនិយាយតែពីរឿងដើរលេងខាងក្រៅ ក៏ប៉ុន្តែយើងអត់បានជួយជំរុញថា ធ្វើម៉េចឲ្យស្រឡាញ់កូនស្រឡាញ់គ្រួសារ។ យើងឮតែពាក្យថា ថើបអូនមក ប៉ុន្តែអត់ដែលឮថាថើបកូនមក…»។
លទ្ធផលនៃការស្រាវជ្រាវនេះ គឺដើម្បីធ្វើជាឯកសារសម្រាប់អ្នកធ្វើគោលនយោបាយ និងជាព័ត៌មានសម្រាប់អង្គការនានាដែលធ្វើការពាក់ព័ន្ធ អេច្ឆ.អាយ.វី អេដស៍ ដើម្បីរួមគ្នាចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាលទៅអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ប្រធានបទនេះ ល្អ សំរាប់ ដាស់ស្មារតី យុវជន កម្ពុជា យើង ។ ប៉ុន្តែ ខ្ញុំគិតថា យុវជន ខ្លាចតែ មួយគ្រា ទេ ដល់ពេលស្រវឹង លែងខ្លាច ហើយ ។
ខ្ញុំជឿថាវាមិនជាការងាយស្រួលឡើយនូវការកាត់បន្ថយការឆ្លងមេរោគនេះនៅស្រុកខ្មែរដោយសារតែភាពក្រីក្រពួកនារីៗបំរើការងាទាំងនេះមួយភាគធំអាចយល់ព្រមធ្វើអ្វីៗគ្រប់បែបយ៉ាងតាមតែបំណងភ្ញៀវព្រោះតែដុល្លា ។
It’s normal thing:
Driver face up most accident
Electrician face up most shocking
Constructor face up most incident
Those boy in club face up most AIDS hery.
All base on ourselves know how to protect those things.